គ្រឹះស្ថាន​​សិក្សា​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល បើក​ឡើង​វិញ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​កូវីដ ៣ វិច្ឆិកា

ដោយ មួង ណារ៉េត
2020-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឹះស្ថានសិក្សា​ចាត់​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស​​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២០ ដោយ​ឱ្យ​សិស្ស និង​គ្រូ​ពាក់​ម៉ាស់​គ្រប​ច្រមុះ និង​មាត់​ ដាក់​សាប៊ូ​លាង​ដៃ និង​ពិនិត្យ​កម្ដៅ​ខ្លួន។
គ្រឹះស្ថានសិក្សា​ចាត់​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស​​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២០ ដោយ​ឱ្យ​សិស្ស និង​គ្រូ​ពាក់​ម៉ាស់​គ្រប​ច្រមុះ និង​មាត់​ ដាក់​សាប៊ូ​លាង​ដៃ និង​ពិនិត្យ​កម្ដៅ​ខ្លួន។
រូប៖ ហ្វេសប៊ុក​ក្រសួង​អប់រំ​

គ្រឹះស្ថាន​សិក្សា​​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល បាន​បើក​ដំណើរ​ការ​វិញ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ក្រោយ​ពេល​រដ្ឋាភិបាល ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​ ៣​ វិច្ឆិកា។ មន្ត្រី​ក្រសួង​អប់រំថា ដំណើរ​បើក​សាលា​​ឡើងវិញ​នេះ ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន។ សង្គម​ស៊ីវិល​ថា អាណាព្យាបាល​សិស្ស ​​សប្បាយ​ចិត្ត ចំពោះ​ការ​បើក​សាលា​ឡើងវិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​នៅ​តែ​តម្រូវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​​ស្តង់ដារ​របស់​ក្រសួង​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច ក្នុង​ពេល​បើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ​នេះ។

លោក​បញ្ជាក់​ថា ក្នុង​នោះ ថ្នាក់​រៀន​ទាំង​អស់ មិន​ត្រូវ​ឲ្យ​មាន​សិស្ស​លើស​ពី​ ២៥​នាក់​ឡើយ ហើយ​កាល​បរិច្ឆេទ​ប្រឡង​ឌីប្លូម និង​បាក់ឌុប​​ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ចុង​ខែ​វិច្ឆិកា និង​ចុង​ខែ​ធ្នូដដែល៖ «ដោយ​ឡែក​វិធានការ​ជាក់លាក់ ដែល​មាន​ចែង​ជា​ធរមាន​នោះ មាន​ដូចជា​ ការ​រក្សា​គម្លាត​​សុវត្ថិភាព​បុគ្គល​ ដោយ​​មាន​រៀបចំ​បរិស្ថាន នៅ​ក្នុង​សាលា​រៀន​ ក៏​ដូចជា​ នៅ​ក្នុង​ថ្នាក់​រៀន ដាក់​ចំនួន​សិស្ស មិន​ឲ្យ​លើស​ ២៥នាក់។ និយាយ​ជា​រួម ការ​បើក​ដំណើរ​ការ​នៅ​ទីតាំង ២នេះ នៅ​បន្ត​អនុវត្ត​គោលការណ៍ ដែល​មាន​ជា​ធរមាន​ នៅ​ក្នុង​​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា»

ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ទី៨ វិច្ឆិកា បាន​សម្រេច​ផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​​ខេត្ត​កណ្ដាល​បណ្ដោះអាសន្ន ​រយៈ​ពេល ២សប្តាហ៍ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ (Covid-19)

ការ​បិទ​សាលា​​ជា​លើក​ទី២ កាល​នោះ​ ដោយសារ​មាន​ការ​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៤នាក់ ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ដំណើរ​ទស្សនៈ​កិច្ច​របស់​​គណៈប្រតិភូ​​​ក្រសួង​ការបរទេស​​នៃ​ប្រទេស​ហុងគ្រី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

កាល​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា​​រក​ឃើញ​​អង្គភាព​ក្រោម​ឱវាទ​​ ចំនួន២៤​ បាន​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍ ៣ វិច្ឆិកា។ ក្នុង​នោះ​មាន​ គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចំនួន៩ គ្រឹះស្ថាន​សិក្សា​ឯកជន​ចំនួន១០ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ចំនួន៤ និង​ក្លឹប​ហាត់​កីឡា ១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

ទោះ​យ៉ាង​ណា ក្នុង​​អំឡុង​ពេល​បិទ​សាលា​ជា​លើក​ទី​២​នេះ​ ក្រសួង​អប់រំ​ បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ ​បន្ត​​បង្រៀន​សិស្ស​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើងវិញ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី សង្កេត​ឃើញ​ថា អាណាព្យាបាល​ខ្លះ​​​សប្បាយ​ចិត្ត ចំពោះ​ការ​បើក​សាលា​រៀន​ឡើងវិញ តែ​អាណាព្យាបាល​ខ្លះ មិន​ទាន់​បញ្ជូន​កូន​ទៅ​រៀន​ភ្លាមៗ​ នៅ​ថ្ងៃ​ដំបូង​ទេ ដោយ​ឲ្យ​រង់ចាំ​​​ថ្ងៃ​ចាប់​ផ្ដើម​រៀន​ស៊ប់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

អ្នកស្រីបន្ត​ថា ម្ដាយ​ឪពុក និង​សិស្ស​នាំ​គ្នា​រអ៊ូពី​ការ​លំបាក ក្នុង​ការ​រៀនតាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​​ដែល​សិស្ស​ខ្លះនៅ​តំបន់​ដាច់​ស្រយាល ​គ្មាន​ទូរស័ព្ទ​ទំនើប និង​គ្មាន​សេវា​អ៊ីនធឺណិត​រៀន​សូត្រ ដូច​ នៅ​តំបន់​ទី​ប្រជុំ​ជន។

អ្នកស្រីមិន​រំពឹង​ថា សិស្ស​មាន​សមត្ថភាព​​​​ប្រឡង​ជាប់ ឌីប្លូម និង​បាក់ឌុប នៅ​ពេល​ខាងមុខ​ទេ​ ព្រោះ​ការ​រៀន​សូត្រ​ មិន​បាន​ដិតដល់​នៅ​ឆ្នាំ​នេះ។ អ្នកស្រីបន្ត​ថា​ លើក​លែង​តែ​ក្រសួង​អប់រំ​​បន្ធូរ​បន្ថយ ចេញ​​​​វិញ្ញាសា​ប្រឡង​ឲ្យ​ស្រួល​បំផុត​​ ទើប​សិស្ស​ប្រឡង​ជាប់​ច្រើន៖ «អ្វី​ដែល​យើង​បាន​សិក្សា​​ថា ពួកគាត់ (សិស្ស) ទទួល​បាន គឺ​នៅ​ទាប​នៅ​ឡើយ។ អ៊ីចឹង បន្ធូរ​វិញ្ញាសា​ ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា ពួកគាត់​អាច​ប្រឡង​បាន​ជាប់​គ្រាន់​បើ ហើយ​បើ​បន្តឹង អា​ហ្នឹង​ច្បាស់​ណាស់ ពួក​គាត់​ជាប់​យ៉ាង​ច្រើន បាន ៣០% អ៊ីចឹង​ណា»

កម្ពុជា​​មាន​សាលារៀន​រដ្ឋ​​ទូទាំង​ប្រទេស ពី​កម្រិត​​មត្តេយ្យសិក្សា ដល់​វិទ្យាល័យ ជាង​មួយ​ម៉ឺន (១៣.៤៨២) សាលា​រៀន និង​​មាន​សិស្ស​​​​កំពុង​​សិក្សា​​សាលា​រដ្ឋ​ ពី​កម្រិត​មត្តេយ្យ ដល់​វិទ្យាល័យ​ ជាង​បី​លាន (.២១០.២៨៥)​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល