ក្រសួង​សុខាភិបាល​ហ៊ាន​ប្រកាស​ថា មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩

ដោយ មួង ណារ៉េត
2020-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។
មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០

ក្រសួងសុខាភិបាល​ហ៊ាន​ប្រកាស​ជា​ផ្លូវការ​ថា មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់ ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ បាន​សះស្បើយ​ពី​ជំងឺ​នេះ​។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថ្ងៃ​ទី​៤ ខែ មេសា​នេះ ក្រសួងសុខាភិបាល ថា​បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៩ ឆ្នាំ ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មួយ រស់នៅ​រាជធានី​ភ្នំពេញ បានជា​សះស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ០២ លើក និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

កាលពី​ដំបូង ពេល​បុរស​នេះ​ផ្ទុក​ជំងឺ​កូវីដ​-១៩ ក្រសួងសុខាភិបាល បាន​លាក់​ព័ត៌មាន​នេះ ដោយ​ត្រឹមតែ​ប្រាប់​ថា បុរស​នោះ ជា​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​មកពី​បារាំង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ការ​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​ផ្ទុក​ជំងឺ​នេះ ត្រូវ​បាន​បែក​ធ្លាយ​នៅ​ក្នុង​សារ​សំឡេង​របស់​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​បញ្ជាក់​ថា នៅ​ក្រសួងការបរទេស មាន​ប្រធាន​នាយកដ្ឋាន​ម្នាក់ ផ្ទុក​ជំងឺ​នេះ ហើយ​បុរស​នេះ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​ទូត​ខ្មែរ និង​មន្ត្រី​ក្រសួងការពារជាតិ​ផង​ដែរ។ក្រោយ​ការ​បែក​ធ្លាយ​សារ​សំឡេង​នេះ ទើប​ក្រសួងសុខាភិបាល ប្រកាស​ថា ខ្លួន​មិនបាន​លាក់​ព័ត៌មាន​នោះ​ទេ គឺ​ខ្លួន​ធ្វើ​អ្វីៗ​ទៅតាម​បច្ចេកទេស​សុខាភិបាល ជាពិសេស​ក្រមសីលធម៌​ក្នុង​ការ​មិន​ប្រាប់​អត្តសញ្ញាណ នៃ​អ្នកជំងឺ​។ ក្រសួង​ធ្លាប់​អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នោះ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​រួម នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ តាំងពី​ថ្ងៃ​ទី១៨ ខែ​មីនា មក​ម្ល៉េះ។

ទោះជា​ក្រសួង​អះអាង​យ៉ាង​នេះ​ក្តី ក៏​ពេល​ក្រសួង​ជូនដំណឹង​អំពី​ការ​រក​ឃើញ​មន្ត្រី​នេះ​ផ្ទុក​ជំងឺ​កូវីដ​-១៩ កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា គឺ​មិនបាន​បញ្ជាក់​ថា បុរស​នោះ ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ឡើយ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អំពី​មូល​ហេតុ​ថា តើ​ហេតុអ្វី បានជា​កាលពី​បុរស​នេះ​មាន​ផ្ទុក​ជំងឺ​នេះ ក្រសួង​លាក់​ព័ត៌មាន មិន​ហ៊ាន​ប្រាប់​ថា អ្នកជំងឺ​នោះ ជា​មន្ត្រី​នោះ​ជាន់ខ្ពស់​រដ្ឋាភិបាល ប៉ុន្តែ​ដល់​តែ​ពេល​គាត់​ជាសះស្បើយ​ពី​ជំងឺ​នេះ ទើប​ហ៊ាន​ប្រកាស​ការពិត​។ ប៉ុន្តែ មិនទាន់​អាច​ទាក់ទង​បាន។

រហូតមកដល់​ពេលនេះ ក៏​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណាមួយ ដែល​ថា​មន្ត្រី​ទាំងអស់ ដែល​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​រូប​នេះ បាន​ជួប​ប្រាស្រ័យ​ទាក់ទង ត្រូវ​បាន​ធ្វើតេស្ត​រកមើល​មេរោគ​កូរ៉ូណា​ថ្មី ឬ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ដើម្បី​តាមដាន​សុខភាព​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល