លោក ​ហ៊ុន ​សែន ​បញ្ជា​​អាជ្ញាធរ​​រាជធានី​ខេត្ត ឱ្យ​​ត្រៀម​ទីតាំង​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩

ដោយ សេក បណ្ឌិត
2020-03-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌល​សុខភាព​ចាក់​អង្រែ ដែល​​ក្រសួង​សុខាភិបាល​ជ្រើសរើស​ជា​មណ្ឌល​ថែទាំ​អ្នក​ជំងឺ​កូវីដ-១៩។
មណ្ឌល​សុខភាព​ចាក់​អង្រែ ដែល​​ក្រសួង​សុខាភិបាល​ជ្រើសរើស​ជា​មណ្ឌល​ថែទាំ​អ្នក​ជំងឺ​កូវីដ-១៩។
រូប៖ ពលរដ្ឋ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បញ្ជា​​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត ឱ្យ​ត្រៀម​ទីតាំង​មួយ​ចំនួន សម្រាប់​ធ្វើ​ជា​កន្លែង​ព្យាបាល ​និង​ថែទាំ​អ្នក​ជំងឺ​កូវីដ-១៩ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី២៣ ខែ​មីនា ​ក្រសួងសុខាភិបាល​ រក​ឃើញ​អ្នក​ជំងឺ​នេះ​ជាបន្តបន្ទាប់​ដែល​កើន​ឡើង​ជិត​ដល់ ១០០​នាក់​ហើយ។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា ក្រៅ​ពី​វិធានការ​ត្រៀមលក្ខណៈ​ព្យាបាល​អ្នក​ជំងឺ​នោះ​ រដ្ឋាភិបាល ​ត្រូវតែ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ​ដូច​ជា ហាម​កុំឲ្យ​មាន​ការ​ជួបជុំ កុំ​ឲ្យ​មាន​ការ​បំផ្លាស់​ទី និង​យក​សំណាក​ទៅ​ពិនិត្យ​រក​មេ​រោគ​ឆ្លង​នេះ​ឲ្យ​បាន​ច្រើន។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដាក់​បទ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ​​ សហការ​ជាមួយ​អភិបាល​រាជធានី-​ខេត្ត​ទាំង​អស់​ ស្វែង​រក​ទីតាំង​នានា ជាបន្ទាន់​ ដើម្បី​ធ្វើ​ជា​កន្លែង​ត្រៀម​ដាក់​អ្នក​ជំងឺ​កូវីដ-១៩ ដោយ​លោក ​អះអាង​ថា អ្នក​ជំងឺ​អាច​នឹង​កើន​ឡើង​ជា​បន្ត​ទៀត​នៅ​តាម​ខេត្ត​មួយ​ចំនួន ជាក់​ស្តែង ដូច​ជា​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។ លោក ហ៊ុន សែន បញ្ជាក់​ថា ទីតាំង​ដែល​ល្អ​សម្រាប់​ដាក់​អ្នក​ជំងឺ​នោះ គឺ​អាជ្ញាធរ​ខេត្ត ​អាច​ប្រើប្រាស់​ថវិកា​រដ្ឋ ​ដើម្បី​ជួល​សណ្ឋាគារ​ធំៗ នៅ​ក្នុង​ខេត្ត​របស់​ខ្លួន ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា​ បច្ចុប្បន្ន​ មាន​សណ្ឋាគារ​ជា​ច្រើន​បាន​បិទ​ទ្វារ ​ដោយសារ​គ្មាន​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ។ លោក​បន្ត​ថា ចំពោះ​ខេត្ត​ណា​ដែល​ខ្វះ​សណ្ឋាគារ​ គឺ​អាច​ប្រើប្រាស់​អាគារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សាលា​រៀន​ជា​ដើម«អ៊ីចឹង​បើ​មាន​សណ្ឋាគារ ឬ​ក៏​មជ្ឈមណ្ឌល​ណា​ដែល​វា​ល្អ​យើង​យក​អា​ហ្នឹង ដោយ​មិន​បាច់​យក​សាលា​រៀន​ទេ។ ដូច​ជា​នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម ឬ​ខេត្ត​ដទៃ​ទៀត ដែល​មាន​សណ្ឋាគារ​ស្រាប់​យើង​ជួល​យក​សណ្ឋាគារ​ហ្នឹង​តែ​ម្តង ព្រោះ​វា​មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង មាន​ម៉ាស៊ីន​ត្រជាក់ មាន​កង្ហារ​អី​គ្រប់​គ្រាន់​តែ​ម្ដង។ អ៊ីចឹង​យើង​ជួល​យក ហើយ​គ្រប់គ្រង​មាន​គ្រែ មាន​អី​ហើយ​ស្រេច អ៊ីចឹង​វា​ជា​ការ​ងាយ​ស្រួល។ចំណុច​សូម​ឲ្យ​ខាង​ខេត្ត​ធ្វើ​ការងារ​នេះ​ជា​បន្ទាន់។ ឯ​សាលា​រៀន គឺ​យើង​យក​យើង​ធ្វើ​តែ​ពេល​ណា មិន​អាច​រក​សណ្ឋាគារ មិន​អាច​រក​អគារ​បាន ចាំ​យើង​ទៅ​យក​សាលា​រៀន»

ដំបូង​ឡើយ ​លោក ហ៊ុន សែន ដាក់​បញ្ជា​ឲ្យ​យក​សាលា​រៀន ធ្វើ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយមក​ លោក ហ៊ុន សែន ផ្លាស់​ប្ដូរ​បទ​បញ្ជា​វិញ ដោយ​តម្រូវ​ឲ្យ​ពិនិត្យ​មើល​សណ្ឋាគារ និង​អគារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជំនួស​សាលា​រៀន។

បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នេះ ​ធ្វើឡើង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​មាន​ក្រុម​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ​ហើយ​បាន​បែក​ធ្លាយ​សារ សំឡេង​នេះ នៅ​ថ្ងៃ​ទី២៣​ ខែ​មីនា។

ទន្ទឹម​នឹង​ការ​ដាក់​ចេញ​បទ​បញ្ជា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ថា ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ចិន​ចំនួន ៧នាក់​​ ត្រូវ​បាន​រដ្ឋាភិបាល​ចិន បញ្ជូន​មក​ដល់​កម្ពុជា​ហើយ ​នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩ ហើយ​រដ្ឋាភិបាល​ចិន ក៏​បាន​ផ្ដល់​នូវ​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីត-១៩ដែរ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​មន្ត្រី​នាំ​ពាក្យ​ ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ និង​អ្នកស្រី ឱ វណ្ណឌីន បានទេ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក ទទួល។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​វេជ្ជបណ្ឌិត កែវ វណ្ណៈ មានប្រសាសន៍ថា បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ លោក​រួម​ទាំង​អភិបាល​ខេត្ត បាន​ត្រៀម​សណ្ឋាគារ​រួច​ហើយ សម្រាប់​ដាក់​អ្នក​ជំងឺ​ក្នុង​ករណី​មាន​ការ​កើន​ឡើង​ជា​យថាហេតុ។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា មន្ទីរ​សុខាភិបាល បាន​ត្រៀម​កម្លាំង​ឆ្លើយ​តប​បន្ទាន់​គ្រប់គ្រាន់​ ចាប់​តាំង​ពី​ថ្នាក់​មន្ទីរ​ដល់​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត ហើយ​សម្ភារ​បរិក្ខារ​ពេទ្យ ក៏​ទទួល​បាន​គ្រប់គ្រាន់​ពី​ក្រសួង​សុខាភិបាល​ដែរ។ ទោះ​យ៉ាង​ណា លោក បញ្ជាក់​ថា​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ គឺ​មាន​ការ​ពិបាក​ខ្លះៗ ក្នុង​ការ​តាម​ស្វែង​រក​ករណី សង្ស័យ​នៅ​តាម​ជន​បទ​ឬ​តាម​សហគមន៍៖ «ព្រឹក​មិញ​នេះ អភិបាល​ខេត្ត​ក្នុង​នាម​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូវីដ​នេះ បាន​ប្រជុំ​ដាក់​នូវ​វិធានការ​មួយ​ចំនួន​ធំ ដូច​ជា ការ​អប់រំ ដូច​ជា ការ​ស្រង់​តួ​លេខ ដែល​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពិត​ប្រាកដ ដើម្បី​ឲ្យ​សុខាភិបាល​ចុះ​អប់រំ និង​ស្វែង​រក​ជំងឺ​ដែល​គាត់​មាន​បញ្ហា​សុខភាព ហើយ​យើង​បាន​ចាត់​ចែង​រក​អូតែល​មួយ ឈ្មោះ China Town នៅ​ក្នុង​ស្រុក​មេមត់ ដែល​សរុប​បន្ទប់ ៥០បន្ទប់ និង​គ្រែ​មាន ៧០គ្រែ»

លោក​វេជ្ជបណ្ឌិត ​កែវ​ វណ្ណៈ​ ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ខេត្ត​ត្បូង​ឃ្មុំ គិត​ត្រឹម​ថ្ងៃ​ទី២២ ខែ​មីនា ក្រុម​ការងារ​របស់​លោក ​បាន​បញ្ជូន​សំណាក​របស់​អ្នក​មាន​ប្រវត្តិ​ប៉ះ​ពាល់​ជា​មួយ​អ្នក​ជំងឺ ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រចំនួន២១០នាក់​ ហើយ​លទ្ធផល បង្ហាញ​ថា វិជ្ជមាន​ចំនួន ៤នាក់ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​មាន​សុខភាព​ធម្មតា។

អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​ពួក​គេ​មួយ ចំនួន​មិន​លើក​ទូរស័ព្ទ ហើយ​អ្នក​ខ្លះ​ទៀត បដិសេធ​ដោយសារ​ជាប់​រវល់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា​ ការ​ត្រៀម​កន្លែង​ទុក​ដាក់ និង​សង្គ្រោះ​អ្នក​ជំងឺ គឺ​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​លោក ​នៅ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៅ​ក្នុង​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព បំផុត។ លោក​បញ្ជាក់​ថា វិធានការ​បង្ការ និង​ទប់​ស្កាត់​ទាំងនោះ ​ដូច​ជា ទប់​ស្កាត់ និង​គ្រប់គ្រង​តួ​លេខ​ ពលករ​ពី​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្បាស់លាស់​ កាត់​បន្ថយ​ការ​ជួប​ជុំ និង​ការ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ លើស​ពី​នេះ ក្រុម​គ្រួ​ពេទ្យ​កម្ពុជា គួរតែ​យក​សំណាក​ទៅ​ពិនិត្យ​មេរោគ​ឆ្លង​នេះ​ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «វិធានការ​បង្ការ​នៅ​តែ​មាន​ប្រយោជន៍​ច្រើន ហើយ​វិធានការ​នៃ​ការ​អនុវត្ត​ច្បាប់​ក៏​ត្រូវ​តែ​មាន​ដែរ ជា​ពិសេស រក​វិធានការ​គ្រប់គ្រង​ទៅ​លើ​ពលករ​ខ្មែរ ដែល​មក​​ពី​ប្រទេស​ថៃ។ នេះ​គឺ​ជា​ចំណុច​បារម្ភ​ខ្លាំង។ ត្រូវ​ប្រុង​ប្រយ័ត្ន​ពួក​គេ​តាំង​ពី​នៅ​ព្រំដែន ពួក​គេ​ជិះ​តាក់​ស៊ី ជិះ​ម៉ូតូ​ឌុប តើ​គេ​អាច​ទៅ​ណា ហើយ​បើ​គេ​ទៅ​ផ្ទះ​នោះ គឺ​អាច​នឹង​ប្រាស្រ័យ​ទាក់ទង​នឹង​ឪពុក ម្ដាយ​គេ ដែល​ខ្វះ​ចំណេះ​ដឹង ខ្វះ​ការ​បារម្ភ​ស្រាប់​ពី​រឿង​កូវីដ-១៩នេះ ពេល​នោះ​ហើយ​យើង​បារម្ភ​ពី​ភាព​ច្របូកច្របល់​នៃ​ការ​ទំនាក់ទំនង និង​ការ​ប៉ះពាល់ ហើយ​មួយ​ទៀត​មិត្តភ័ក្ដិ ដែល​នឹក​រលឹក​​គ្នា បបួល​គ្នា​ស៊ី​ផឹក រឹត​តែ​បញ្ហា​វែង​ឆ្ងាយ​ទៀត។ រឿង​សំខាន់​ត្រូវ​មាន​វិធានការ​ឲ្យ​ខ្ពស់ ហើយ​មក​ដល់​ពេល​នេះ សូម្បី​តែ​មេ​ភូមិ​មេ​ឃុំ នៅ​ខ្វះ​ព័ត៌មាន​ពី​រឿង​កូវីដ-១៩ នេះ​ដែរ»

លោក សន ជ័យ បន្ថែម​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩នេះ ​ក៏​ទាមទារ​ឲ្យ​មាន​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដូច​ជា ក្រុម​គណបក្ស​នយោបាយ​ជា​ដើម គួរ​តែ​ខិតខំ​អំពាវនាវ​ដល់​សមាជិក ​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ក្រសួងសុខាភិបាល ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ២ករណី បន្ថែម​ទៀត កើត​លើ​ពលរដ្ឋ​ខ្មែរ​ដោយ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម និង​ម្នាក់​ទៀត​នៅ​ខេត្ត​កោះកុង។ ចំនួន​នេះ បាន​ធ្វើ​ឲ្យ​តួ​លេខ​អ្នក​កើត​ជំងឺ​កូវីដ​នៅ​កម្ពុជា​កើន​ដល់ ៨៦នាក់ ក្នុង​នោះ​មាន​ស្រី ២១នាក់ និង​ប្រុស​ចំនួន ៦៥នាក់។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​នេះ មាន​ខ្មែរ ៣៣នាក់ ក្រៅ​ពី​នេះ​សុទ្ធតែ​ជា​ជន​បរទេស។ គិត​មក​ដល់​ពេល​នេះ មានអ្នកជំងឺចំនួន៤នាក់ហើយ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ គឺ​មាន​ជន​ជាតិ​ចិន ១នាក់ ជន​ជាតិ​អង់គ្លេស ១នាក់ និង​ពលរដ្ឋ​ខ្មែរ ២នាក់​នៅ​ខត្ត​ព្រះវិហារ។ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី២៣ មីនា​ថា ក្រុម​គ្រូ​ពេទ្យ​ខេត្ត បាន​យក​សំណាក​របស់​ពលរដ្ឋ​ខ្មែរ​ទាំង២ ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី៣ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ហើយ​លទ្ធផល​បង្ហាញ​ថា ពួក​គេ ពិត​ជា​លែង​មាន​វីរុស​កូវីដ-១៩ មែន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ កម្ពុជា នៅ​តែ​រក​ឃើញ​អ្នក​ជំងឺ​ឆ្លង​នេះ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ក៏​រដ្ឋាភិបាល នៅ​មិន​ទាន់​ប្រកាស​ហាម​ឃាត់ ឬ​ស្នើសុំ​កុំ​ឲ្យ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ ឬ​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព អាសន្ន ដូច​នៅ​ប្រទេស​ដទៃ​ទៀត​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល