លោក ហ៊ុន សែន អំពាវនាវ​​ដល់​​គ្រូពេទ្យ​កុំ​ឱ្យ​​គិត​​អំពី​លុយ​ ធំ​ជាង​អាយុ​ជីវិត​មនុស្ស

ដោយ ហេង រស្មី
2019-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​នៃ​គម្រោង​ប៉ាស៊ីហ្វិក អេនជឺល ២០១៦ (Pacific Angel 2016) ពិនិត្យ​ជំងឺ​កុមារ ឋិត​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​នៅ​ឯ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
គ្រូពេទ្យ​នៃ​គម្រោង​ប៉ាស៊ីហ្វិក អេនជឺល ២០១៦ (Pacific Angel 2016) ពិនិត្យ​ជំងឺ​កុមារ ឋិត​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​នៅ​ឯ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំង​អស់​ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ត្រូវ​គោរព​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូ​ពេទ្យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ក្នុង​ការ​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ទូទៅ ដោយ​មិន​ត្រូវ​រើសអើង និង​គិត​លុយ​ជា​ធំ​ជាង​អាយុ​ជីវិត​មនុស្ស​នោះ​ទេ។ សង្គម​ស៊ីវិល យល់​ថា សារ​អំពាវនាវ​របស់​លោក ហ៊ុន សែន នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​កែ​ទម្រង់​ជា​ប្រព័ន្ធ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ឥរិយាបថ​មិន​ល្អ និង​​ការ​មិន​​គោរព​​ក្រម​សីលធម៌​ពី​សំណាក់​គ្រូពេទ្យ​មួយ​ចំនួន គឺ​ជា​រឿង​ដែល​ត្រូវ​តែ​គិត និង​ត្រូវ​តែ​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ពេទ្យ​នៅ​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ធ្នូ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គ្រូពេទ្យ មិន​កែប្រែ​ឥរិយាបថ និង​ពាក្យ​សម្ដី ដែល​គ្មាន​ក្រម សីលធម៌ និង​វិជ្ជាជីវៈ ឬនៅ​តែ​មើល​ឃើញ​លុយ​ធំ​ជាង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ ទោះបី​ជា​បំពាក់​សម្ភារៈ​ឧបករណ៍​បច្ចេកទេស​ទំនើបៗ រាប់​ពាន់​លាន​ដុល្លារ​ថែមទៀត ក៏​តែ​គ្មាន​ប្រសិទ្ធភាព ហើយ​វិស័យ​​សុខាភិបាល​នៅ​តែ​ទទួល​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ដដែល«ខ្ញុំ​អំពាវនាវ​ឲ្យ​មន្ត្រី​សុខាភិបាល ឲ្យ​គ្រូពេទ្យ​របស់​យើង​យក ចិត្ត​ទុក​ដាក់​ទៅ​លើ​ពាក្យ​សំដី ឥរិយាបថ​ដែល​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ ហើយ​គ្មាន​ការ​រើសអើង​បែង ចែក​នោះ​ទេ។ ជីវិត​មនុស្ស​មិន​ថា មាន​មិន​ថា​ក្រ គឺ​ជា​ជីវិត​មួយ​ដូច​គ្នា។ ហើយ​អ្នក​ក្រ​យើង​ត្រូវ​តែ យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ដោយសារ​តែ​គាត់​ក្រ​ហើយ​ទើប​គាត់​មក​រក​យើង»

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​តម្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ករណី​មន្ទីរពេទ្យ​ឯកជន​ខ្លះ ដែល​ដឹង​ថា ខ្លួន​គ្មាន​លទ្ធភាព​ព្យាបាល​អ្នក​ជំងឺ​ហើយ ប៉ុន្តែ​នៅ​តែ​ព្យាយាម​ទុក​អ្នក​ជំងឺ​ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​​ខ្លួន ដើម្បី​យក​លុយ​ពី​អ្នក​ជំងឺ​អស់​ជា​ច្រើន រហូតដល់​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ព្យាបាល​លែង​ជា ទើប​សម្រេច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​។ លោក ថា អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​ចេញពី​មន្ទីរ ពេទ្យ​ឯកជន​ទៅ​ពេទ្យ​រដ្ឋ​នេះ ភាគច្រើន​ស្លាប់​ ឬ​ជួន​កាល​ស្លាប់​តាម​ផ្លូវ​ក៏​មាន ហើយ​ទី​បំផុត​មន្ទីរពេទ្យ​រដ្ឋ​ ត្រូវ​ប្រឈម​មុខ​ការ​ស្តី​បន្ទោស​ទៅ​វិញ។ លោក​នាយករដ្ឋមន្ត្រី ស្នើសុំ​ឲ្យ​មន្ទីរពេទ្យ ឯកជន​ទាំង​អស់ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ព្យាបាល​អ្នក​ជំងឺ​តាំង​ពី​ដើម​ដល់​ចប់៖ «បើ​និយាយ​ឱ្យ​ចំ មន្ទីរពេទ្យ​ឯកជន​ដណ្ដើម​អ្នកជំងឺ​យក​ទៅ​មើល ដល់ពេល​សង្គ្រោះ​លែង​បាន បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ហើយ​ថា ទើប​អាច​រស់ តែ​ពេល​ទៅ​ដល់​ងាប់​នៅ​មន្ទីរពេទ្យ (ពលរដ្ឋ) ជេរ​រដ្ឋ​បណ្ដោយ​។ ហើយ​ពេទ្យ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​កាល់ម៉ែត​តែម្ដង ព្រោះ​មន្ទីរពេទ្យ​ឯកជន​ដទៃ ដោះស្រាយ​បញ្ហា (អ្នកជំងឺ​)​មិន​ចេញ គេ​ថា​បញ្ជូន​ទៅ​កាល់ម៉ែត​សង្គ្រោះ​បាន ដល់​ទៅ​កាល់ម៉ែត​ងាប់​បណ្ដោយ»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ជា រឿង​សោក​ស្ដាយ​ដែល​វិស័យ​សុខាភិបាល​កម្ពុជា នៅ​តែ​មិន​ទាន់​អាច​កែ​លម្អ​បាន ពាក់ព័ន្ធ​នឹង​បញ្ហា ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា រួមមាន វៀតណាម និង​ថៃ បាន​ដោះស្រាយ​រួចរាល់ និង​ថែម​ទាំង​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់​វណ្ណៈ​ទៅ​ព្យាបាល នៅ​ប្រទេស​ទាំង​នោះ​ទៀត​ផង។ លោក​បន្ត​ថា ការ​អំពាវនាវ​ជា​រឿយៗ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​កែ​ទម្រង់ ឬ​ដោះ​ស្រាយ​ជា​ប្រព័ន្ធ និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។ អ្នកជំនាញគណនេយ្យ​ភាព​សង្គម​រូប​នេះ យល់​ថា រដ្ឋាភិបាល គួរ​តែ​ចាប់​ផ្ដើម​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ធានា​កុំ​ឲ្យ​និស្សិត​ពេទ្យ​ចំណាយ​ថ្លៃ​សិក្សា​ខ្ពស់ ប៉ុន្តែ​រឹត​បន្តឹង ការ​អប់រំ​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ​ក្នុង​សាលា​ឲ្យ​បាន​ខ្លាំង ព្រមទាំង​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង ពេល​ប្រឡង​ចេញ។ លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល ត្រូវ​មាន​យន្តការ​តាម​ដាន​ការងារ​របស់​វិស័យ សុខាភិបាល និង​ផ្ដល់​ឱកាស​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ការ​ចូលរួម និង​វាយ​តម្លៃ​ពី​មហាជន ព្រម​ទាំង​មាន​យន្តការ​ដោះ​ស្រាយ​ភ្លាមៗ ចំពោះ​បញ្ហា​ដែល​បាន​លើក​ឡើង៖ «យើង​នៅ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​សុខាភិបាល កុំ​និស្សិត​រៀន​អស់​លុយ​ច្រើន​ពេក នៅ​ពេល​ប្រឡង​អី ក្រែង​លោ​មាន​ណេះ​ណោះ​អី​ទៅ​ដាក់ លុយ​ដាក់​កាក់​អី​ទៅ ធ្វើ​ឲ្យ​សូក​គេ​ផង រៀន​អស់​លុយ​ច្រើន​ផង ដូច្នេះ​ពេល​ចេញ​មក​ធ្វើ​ការ​មាន​តែ​ស្រង់​ដើម។ ខ្ញុំ​ចង់​ឲ្យ​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​នេះ ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់»

បច្ចុប្បន្ន​ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ជីវភាព​ធូរធារ​ រួម​ទាំង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​ធំៗ ច្រើន​រក​សេវា​ព្យាបាល​សុខភាព​នៅ ​អឺរ៉ុប សិង្ហបុរី ចិន ជាដើម។ ចំណែក​អ្នក​មាន​ជីវភាព​មធ្យម​ ច្រើន​រក​សេវា​សុខាភិបាល​នៅ​ប្រទេស​ថៃ និង​វៀតណាម។ អ្នក​មាន​លទ្ធភាព​បន្តិច​បន្តួច ​នៅ​ទ្រាំ​រក​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​ធំៗ នៅ​ភ្នំពេញ និង​អ្នក​មាន​ជីវភាព​ទីទ័ល ​ក្រ​ បង្ខំ​ចិត្ត​​រក​សេវា​សុខភាព នៅ​តាម​មណ្ឌល​សុខភាព​ ដែល​រង​ការ​រិះគន់​ថា ខ្វះ​ទាំង​ឧបករណ៍ ថ្នាំ​សង្កូវ និង​គ្រូ​ពេទ្យ​ជំនាញ។

ទោះ​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន ប្រកាស​កាល​ពី​ពេល​ថ្មីៗ នេះ​ថា លោក នឹង​ពិចារណា​ប្រើ​សេវា ព្យាបាល​ជំងឺ​ក្នុង​ស្រុក​វិញ នៅ​ពេល​មន្ទីរ​ពេទ្យ​កាល់ម៉ែត បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ បន្ថែម​ទៀត​រួច​រាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល