អ្នកវិភាគ​ថា ការ​លាក់​ព័ត៌មាន​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ដែល​ផ្ទុក​កូវីដ​-១៩ យូរ គឺ​ជា​នយោបាយ​ក្បត់​ពលរដ្ឋ

ដោយ មួង ណារ៉េត
2020-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​នយោបាយ និង​សង្គមថា ​ការ​លាក់​ព័ត៌មាន​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ ដ៏​យូរ​បែប​នេះ គឺជា​នយោបាយ​ក្បត់​ប្រជាពលរដ្ឋ​ខ្លួនឯង។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រង់ចាំ​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ទើប​ហ៊ាន​ចេញមុខ​ប្រកាស​ជា​លើកដំបូងថា ​ពិត​ជា​មាន​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ម្នាក់ ផ្ទុក​ជំងឺ​នេះ​មែន បើ​ទោះបី​ក្រសួង​សុខាភិបាល រក​ឃើញ​គាត់​ផ្ទុក​មេរោគ​នេះ ជាង​មួយ​សប្ដាហ៍​ទៅ​ហើយ​ក្ដី។

អ្នកវិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ​ឥត​សំចៃ​មាត់ និង​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ ថា ការ​ចេញ​មក​បក​ស្រាយ​របៀប​យឺត​ពេល​បែបនេះ គឺ​គ្រាន់តែ​ជា​ការ​ដោះ​សារ កុំ​ឲ្យ​បាក់មុខ​ប៉ុណ្ណោះ​។ ជាងនេះ​ទៅ​ទៀត លោក​ថា​ការណ៍​នេះ មិន​ត្រឹមតែ​មិន​អាច​ជួយ​ស្ដារ​មុខមាត់​របប​ក្រុង​ភ្នំពេញ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​រឹត​តែ​បង្ហាញ​ពី​ភាព​ខ្វះ​តម្លាភាព និង​ភាព​មិន​ស្មោះត្រង់​របស់​របប​ក្រុងភ្នំពេញ ជុំវិញ​របាយការណ៍​ពិត នៃ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​នេះ​ទៅទៀត។

លោក គឹម សុខ ថា​លេស​បែបនេះ ពិបាក​ទទួល​យក​បាន​ណាស់៖ «តើ​ទទួលយក​យ៉ាងម៉េច​នឹង​បាន​? បើ​អះអាង​ថា​ មន្ត្រី​រូប​នោះ មាននៅ​ក្នុង​បញ្ជី​យូរហើយ ហើយក៏​ដឹង​ថា គាត់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​ដែរ។ ក៏ប៉ុន្តែ បែរជា​មិនបាន​បញ្ចេញ​ព័ត៌មាន​ពិត ឲ្យ​ប្រជាពលរដ្ឋ​ដឹង​។ នេះ​មានន័យថា មានបំណង​អាក្រក់​ជាមួយ​ប្រជាពលរដ្ឋ​ទូទៅ​ហើយ​។ មិន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដឹង និង​មន្ត្រីរាជការ​ជា​មិត្តភ័ក្ដិ​នៅ​ក្បែរៗ​ គាត់​ដឹង គឺ​ដូច​ទុក​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ដល់​អ្នក​ផ្សេងៗ​ ទៀត និង​ប្រជាពលរដ្ឋ​អ៊ីចឹង​! ដូច្នេះ​វា​ទៅ​ជា​នយោបាយ​ក្បត់​ប្រជា​ពលរដ្ឋ ប៉ង​សម្លាប់​ប្រជាពលរដ្ឋ​ដូច ​ប៉ុល ពត ទៅ​ហើយ»

ព័ត៌មាន​អំពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស ឆ្លង​ជំងឺ​កូវីដ​-១៩​នេះ ទើបតែ​ត្រូវ​បែក​ការណ៍​ក្រោយ​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន និង​ជា​ប្រធាន​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ​គឺ​លោក ហ៊ុន ម៉ានិត កាលពីដើម​សប្ដាហ៍​កន្លងទៅ បាន​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួងការបរទេស​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​នេះ ប៉ុន្តែ​គ្មាន​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល ដើម្បី​​ចុះ​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​ផ្ទុក​ជំងឺ​នេះ​ទេ​៖ «​អគ្គនាយក​ម្នាក់​នៅ​ក្រសួងការបរទេស​បាន​ឆ្លង ហើយ​មុន​គាត់​មក​ហ្នឹង គាត់​ជួប​ជាមួយ​ទូត​យើង​និង​បាយ​ជាមួយគ្នា បន្ទាប់មក​គាត់​ជួយ​ជាមួយ​នឹង​ក្រសួងការពារជាតិ​ម្នាក់​ដែល​គាត់​ការងារ​សកម្ម​ដែរ​។ ដូច្នេះ​ការ​រាលដាល​ច្រើន​ដែរ​។ ការ​រាលដាល​ច្រើន»

ក្រោយ​ការ​បែក​ធ្លាយ​សារ​សំឡេង​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន ទទួល​ស្គាល់​ថា ពិតជា​មាន​មន្ត្រី​ក្រសួងការបរទេស​ម្នាក់ ផ្ទុក​មេរោគ​នេះ​មែន​។ ប៉ុន្តែ​របាយការណ៍​បច្ចុប្បន្ន​ភាព​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅតែ​គ្មាន​រៀបរាប់​អំពី​មន្ត្រី​នេះ​ដដែល។

ក្រោយ​ការផ្សាយ​របស់​អាស៊ីសេរី ដែល​ទាមទារ​ឲ្យ​មានការ​ស្រាយ​បំភ្លឺ​ជុំវិញ​រឿង​មិន​បញ្ចូល​ឈ្មោះ​មន្ត្រី​រូប​នោះ ទៅក្នុង​បញ្ជី​រួម​នៃ​អ្នក​ផ្ទុក​មេរោគ ទើប​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កាលពី​ថ្ងៃទី២២ ខែ​មីនា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន នាយកដ្ឋាន​នេះ​អះអាង​ថា បាន​បញ្ចូល​ទិន្នន័យ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នេះ នៅ​ក្នុង​បញ្ជី​រួម​តាំងពី​ថ្ងៃ​ទី​១៨ ខែ​មីនា​មក​ម្ល៉េះ​។ នាយកដ្ឋាន​​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រៀបរាប់​ថា មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នោះ គឺជា​ជនជាតិ​ខ្មែរ ធ្វើដំណើរ​ពី​ស្រុក​បារាំង​។ នាយកដ្ឋាន​នេះ ក៏បាន​ស្នើ​ឲ្យ​សាធារណជន​ពិនិត្យមើល​តារាង​ទិន្នន័យ​រួម នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ​ដែល​ដាក់​ថា នៅ​ភ្នំពេញ មាន​អ្នក​ផ្ទុក​ជំងឺ​នេះ​ម្នាក់​ជា​ខ្មែរ និង​ឲ្យ​ពិនិត្យ​ក្នុង​តារាង​ចាស់​គូស​រង្វង់​ក្រហម ដែល​ភ្ជាប់​មក​ជា​មួយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​នោះ​។ នាយកដ្ឋាន​នេះ​បន្ថែម​ថា ខ្លួន​គ្មាន​ហេតុផល​​លាក់​ទិន្នន័យ​នោះ​ទេ ហើយ​ខ្លួន​ធ្វើតាម​ជំនាញ​បច្ចេកទេស ដោយមាន​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ផ្នែក​ប្រយុទ្ធ​ជំងឺឆ្លង​អាមេរិក និង វិទ្យាស្ថាន​​ប៉ាស្ទ័រ​កម្ពុជា។

ជា​ការ​ពិត អាស៊ីសេរី​បាន​ផ្ទៀងផ្ទាត់​តារាង​ករណី​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី១៨ ខែមីនា​នោះ ឃើញ​រង្វង់​ក្រហម​ដែល​នាយកដ្ឋាន​នេះ​គូស​លើ ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ផ្ទុក​ជំងឺ​នេះ ទាំង ៩នាក់​ដែល​រក​ឃើញ​នៅ​ថ្ងៃ​នោះ​។ ក្រៅពី​ជន​ជាតិ​ខ្មែរ​ម្នាក់​នោះ គឺ​មាន​ជនជាតិ​ចាម ដែល​នាយកដ្ឋាន​នេះ​ដាក់​ថា ខ្មែរឥស្លាម ៤នាក់ ជនជាតិ​ប៊ែលហ្សិក​ម្នាក់ ជនជាតិ​កាណាដា​ម្នាក់ និង​ជនជាតិ​បារាំង ២​នាក់។

ទោះជា​យ៉ាង​នេះ​ក្តី នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង មិន​បាន​បញ្ជាក់​ថា ជនជាតិ​ខ្មែរ​ម្នាក់​នោះ ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ឬ​ជា​មន្ត្រី​នៅ​ក្រសួង​ណា​នោះ​ដែរ។

អាស៊ីសេរី ក៏បាន​ផ្ទៀងផ្ទាត់​ទិន្នន័យ​នេះ ទៅ​នឹង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា ស្ដីពី​ការ​រក​ឃើញ​ករណី​ថ្មី​ទៀត នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ ដោយ​កាលណោះ​ក្រសួង​សុខាភិបាល រៀបរាប់​អ្នក​ផ្ទុក​ជំងឺ​ជា​ជនជាតិ​ខ្មែរ​នោះ ត្រឹមតែ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ក្រោយ​ពី​ត្រលប់​មក​ពី​ប្រទេស​បារាំង​វិញ មាន​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​មេរោគ​កូរ៉ូណា​ថ្មី ដែល​តម្រូវ​ឲ្យ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

ក្រសួងសុខាភិបាល​នៅ​ពេល​នោះ ក៏​មិន​បាន​បញ្ជាក់​ថា បុរស​ខ្មែរ​ម្នាក់​នោះ ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ឬ​ជា​មន្ត្រី​នៅ​ក្រសួង​ណា​នោះ​ដែរ​។ ទោះ​តែ​ក្រោយ​ការ​បែក​ធ្លាយ​សារ​លោក ហ៊ុន ម៉ានិត និង​ក្រោយ​ការផ្សាយ​របស់​អាស៊ីសេរី ជា​បន្តបន្ទាប់ ជុំវិញ​ការ​ទាមទារ​សុំ​ឲ្យ​បំភ្លឺ​រឿង​នេះ​ប៉ុណ្ណោះ ទើប​នៅ​ពេល​នេះ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង ប្រាប់​ជា​លើកដំបូង​ថា​បុរស​ខ្មែរ​ម្នាក់​នោះ គឺជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ហើយក៏​មិន​ប្រាប់​ថា​មន្ត្រី​នេះ ធ្វើការ​នៅ​ក្រសួង​ណា​នៅ​ដែរ បើ​ទោះ​បី​លោក ហ៊ុន ម៉ានិត ថា ជា​ប្រធាន​នាយកដ្ឋាន​មួយ​នៃ​ក្រសួងការបរទេស និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់​ប្រាប់​អាស៊ីសេរី ក្រោយ​យើង​សុំ​កា​រប​ភ្លឺ​ថា ​មន្ត្រី​នោះ​ពិតជា​ធ្វើការ​នៅ​ក្រសួង​ការបរទេស​មែន​ក៏​ដោយ។

ជា​គោលការណ៍​សាកល នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ របាយការណ៍​អំពី​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នេះ ឬក៏​ជំងឺ​អ្វី​ទៀត​ផ្សេង គឺ​មិន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​របស់​អ្នកជំងឺ​នោះ​ទេ​។ អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ដែល​មិន​ត្រូវ​បង្ហាញ​នោះ រួមមាន​ឈ្មោះ តួនាទី និង​អាសយដ្ឋាន​របស់​អ្នកជំងឺ។

ប៉ុន្តែ ក្រមសីលធម៌​នេះ មិនបាន​ហាមឃាត់ ក្នុង​បង្ហាញ​អំពី​ព័ត៌មាន​ទូទៅ អំពី​អ្នកជំងឺ ដូចជា​គាត់​មាន​សញ្ជាតិ​អ្វី គាត់​មក​ពី​ខេត្ត​ណា ឬ​ធ្វើការ​នៅ​ស្ថាប័ន​ណាមួយ​នោះ​ទេ ដរាបណា​មិន​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន ដូចជា​ឈ្មោះ តួនាទី និង​អាសយដ្ឋាន​របស់​ជន​នោះ។

ក្រសួង​សុខាភិបាល បាន​បង្ហាញ​ព័ត៌មាន​ច្រើន​អំពី​អ្នកជំងឺ​ដទៃ ដែល​ឆ្លង​ជំងឺ​នេះ ដោយ​ដាក់​រហូតដល់​ភូមិ​របស់​អ្នកជំងឺ​ទៀត​ផង ដូចជា ​បុរស​ខ្មែរ​ម្នាក់​នៅ​ភូមិ​ឬស្សី ក្រុង​សេរីសោភ័ណ​ជាដើម។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មន្ត្រី​ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បាន​ដឹង​រឿង​មន្ត្រី​ជាន់ខ្ពស់​ឆ្លង​ជំងឺ​នេះ លួច​ខ្សឹប​ខ្សៀវ​គ្នា និង​ចែក​ផ្សាយ​រូប​របស់​មន្ត្រី​រូប​នោះ នៅ​ក្នុង​បណ្តាញ​របស់​ខ្លួន ដើម្បី​ប្រាប់​ទៅ​សហការី បងប្អូន និង​ក្រុម​គ្រួសារ​ពួកគាត់​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំ​ឲ្យ​ទៅ​ក្បែរ​មនុស្ស ដែល​បុរស​នោះ​បាន​ជួប​ផ្ទាល់។

លោក គឹម សុខ ថា ការណ៍​ដែល​របប​ក្រុងភ្នំពេញ មិន​ហ៊ាន​បង្ហាញ​ប្រាប់​ថា បុរស​ជនជាតិ​ខ្មែរ​នៅ​ភ្នំពេញ ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​នេះ គឺជា​គ្រោះថ្នាក់​ធំ​បំផុត និង​បង្កើត​ការភ័យខ្លាច​កាន់តែ​ខ្លាំង ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង​រឿង​រាតត្បាត​នៃ​ជំងឺ​នេះ​ស្រាប់៖ «ដោយសារតែ​ក្រុម​លោក ហ៊ុន សែន លាក់បាំង​ព័ត៌មាន​ហ្នឹងហើយ ឧទាហរណ៍​សូម្បីតែ​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួងការបរទេស គេ​អត់​បញ្ចេញ​ឲ្យ​ដឹង​ផង​ថា គាត់​បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​។ ហើយ​អ្នក​ទាំងនោះ មិន​ដឹង​ឆ្លង​ទៅ​អ្នកណា​ផ្សេងទៀត ប៉ុន្មាន​អ្នក​ទៀត​។ ដូច្នេះ​ទំហំ​នៃ​ការ​ឆ្លង​នេះ ខ្ញុំ​គិត​ថា វា​​ធំ​​ជាង​អ្វី​ដែល​ជា​របាយការណ៍​របស់​រដ្ឋាភិបាល​។ ដោយសារតែ​ក្រុម​លោក ហ៊ុន សែន អត់​បាន​បង្ហាញ​នូវ​មូលដ្ឋាន​ទំនុក​ចិត្ត​ណាមួយ​នៃ​វិធានការ​បង្ការ​ផង ដើម្បី​កម្ចាត់​ផង ដើម្បី​ព្យាបាល​​ផង រក្សា​​នូវ​ស្មារតី និង​ទឹកចិត្ត​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​សកម្ម​ផង ដូច្នេះ​ប្រជា​ពលរដ្ឋ​ខ្លាច​ហើយ»

អ្នកវិភាគ​នយោបាយ និង​សង្គម​នេះ​ថា ក្រសួង​សុខាភិបាល​កម្ពុជា អនុវត្ត​ស្តង់ដារ​ពីរ​ជុំវិញ​ការ​បង្ហាញ​ព័ត៌មាន​អំពី​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ ជាពិសេស​ព័ត៌មាន​ដែល​ប៉ះពាល់​នឹង​មន្ត្រី​រដ្ឋាភិបាល និង​​ជន​ជាតិ​​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល