ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ មួយករណីថ្មីទៀត កើតលើស្ត្រីខ្មែរម្នាក់ អាយុ ៣៣ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី១៦ កញ្ញា។ បច្ចុប្បន្ន ស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រសួងបញ្ជាក់ទៀតថា អ្នកដំណើរតាមយន្តហោះជាមួយស្ត្រីរូបនោះ មានចំនួន ៤០នាក់ ហើយអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន០៧ នាក់។ អាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺបន្តទៀត ហើយនឹងប្រកាសជាសាធារណៈនៅពេលបញ្ចប់ការស្រាវជ្រាវនេះ។
គិតត្រឹមថ្ងៃទី២ តុលា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២៧៨នាក់ ក្នុងនោះជាសះស្បើយចំនួន ២៧៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣នាក់ ដោយមិនទាន់មានករណីស្លាប់នៅឡើយទេ។
ទាក់ទងនឹងរឿងកូវីដ-១៩ នេះដែរ ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី០១ តុលា បានប្រកាសផ្ដល់ជំនួយ ៧ លានយូរ៉ូ ស្មើនឹងប្រមាណ ៨ លានដុល្លារ ដល់កម្ពុជា ដើម្បីឆ្លើយតបជាបន្ទាន់ ចំពោះផលប៉ះពាល់នៃជំងឺរលាកសួតដ៏កាចសាហាវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។