ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ម្នាក់ និង​មាន​អ្នក​ជា​ពី​ជំងឺ ៩នាក់​បន្ថែម​ទៀត

ដោយ អាស៊ីសេរី
2020-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ជំនាញ​សុខាភិបាល​កំពុង​បំពេញ​ការងារ​ក្នុង​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ។
អ្នក​ជំនាញ​សុខាភិបាល​កំពុង​បំពេញ​ការងារ​ក្នុង​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ។
រូប៖ ក្រសួង​សុខាភិបាល

ក្រសួងសុខាភិបាល ប្រកាស​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​មាន​ចំនួន ៩នាក់​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី២ ខែ​មេសា។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​ បន្ត​ខិតខំ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ដើម្បី​ធ្វើតេស្ត​សុខភាព​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៅ​ក្នុង​សហគមន៍ ព្រោះ​ករណី​វិជ្ជមាន​កូវីដ-១៩ ចុង​ក្រោយ​នេះ​ភាគ​ច្រើន គឺ​ជា​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​មុនៗ។

ក្រសួងសុខាភិបាល​ប្រកាស​ថា ករណី​ថ្មី​នេះ កើត​លើ​បុរស​ជន​ជាតិ​ខ្មែរ អាយុ ៥៨ឆ្នាំ រស់​នៅ​ក្នុង សណ្ឋាគារ​មួយ​នៃ​ខេត្ត​ព្រះសីហនុ។ បុរស​រូប​នេះ គឺ​ជា​អ្នក​គ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ដោយ​ផ្ទាល់​ព្រម​ទាំង​ជា​អ្នក​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជា​មួយ​ភ្ញៀវ​ទេសចរ​បារាំង​ចំនួន ២៩នាក់ ដែល​ផ្ទុក​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​ទី២២ ខែ​មីនា​កន្លង​ទៅ។ បច្ចុប្បន្ន​បុរស​នេះ កំពុង​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អ្នក​ស្រី​ឱសថការី លឹម សាមាន ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា បុរស​វិជ្ជមាន​កូវីដ-១៩ នេះ គឺ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ចាប់​តាំង​ពី​ថ្ងៃ​ទី២២ ខែ​មីនា​មក បន្ទាប់​ពី​ដឹង​ថា គាត់ គឺ​ជា​អ្នក​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​ជនជាតិ​បារាំង។ អ្នកស្រី បន្ត​ថា បុរស​នេះ មិន​បាន​ទៅ​ប៉ះ​ពាល់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​បន្ត​ទៀត​នោះ​ទេ ចាប់​តាំង​ពី​ពេល​នោះ​មក៖ «ក្រោយ​គាត់​ប៉ះពាល់​ហើយ​ពីរ​ថ្ងៃ គឺ​យើង​បាន​ធ្វើតេស្ត​គាត់​ម្តង​ហើយ តែ​វា​អវិជ្ជមាន ទើប​តែ​ថ្មីៗ នេះ​គាត់​ក្ដៅ​ខ្លួន និង​ក្អក ក៏​គាត់​ធ្វើតេស្ត​ម្ដង​ទៀត ហើយ​គាត់​មាន​ជំងឺ​នេះ។ គាត់​នៅ​ក្នុង​សណ្ឋាគារ​នេះ​តែ​ម្ដង ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក អត់​មាន​អ្នក​ណា​ចេញ​ពី​ក្នុង (សណ្ឋាគារ) នេះ​ទេ។ សុខភាព​គាត់​អត់​មាន​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ គាត់​មាន​ក្អក និង​មាន​ក្ដៅ​ខ្លួន​តិចតួច»

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សាទរ​ចំពោះ​អ្នក ដែល​អ្នក​ជា​សះ​ស្បើយ ប៉ុន្តែ​លោក​នៅ​តែ​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ ដោយ​ផ្ទាល់ និង​ប្រយោល​ជា​មួយ​អ្នក​ជំងឺ និង​ធ្វើតេស្ត​សុខភាព​ពួក​គេ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៅ​ក្នុង​សហគមន៍។ ទន្ទឹមគ្នា លោក យល់ថា មនុស្ស​ដែល​ធ្វើ​ការ​តាម ខារ៉ាអូខេ កាស៊ីណូ និង​តាម​សណ្ឋាគារ ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ និង​តាមដាន​សុខភាព​របស់ ពួក​គេ​ឲ្យ​បាន​ដិតដល់​ដែរ ព្រោះ​កន្លែង​ការងារ​របស់​ពួក​គេ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ៖ «ករណី​នេះ ខ្ញុំ​គិត​ថា បើ​ក្រសួង​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ទាំង​អស់ គឺ​អាច​ទប់​ស្កាត់​ការ​រីក​រាល​ដាល​បាន តែ​បើ​ថា បើ​រក​អ្នក​ពាក់ព័ន្ធ​មិន បាន​ទាំង​អស់​ទេ គឺ​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ និង​ហានិភ័យ​ពី​ការ​គំរាម​កំហែង​ពី​កូវីដ-១៩ នៅ​តែ​មាន​នៅ​ឡើយ ដោយសារ​យើង​ឃើញ​ថា អ្នក​ពាក់ព័ន្ធ​ផ្សេងៗ នៅ​មាន​ការ​ឆ្លង​ជា​បន្ត​បន្ទាប់»

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង ៧ព្រឹក​ថ្ងៃ​ទី២ ខែ​មេសា នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុបចំនួន១១០នាក់ហើយក្នុងនោះ មាន​ចំនួន៧៦ករណី​ កំពុង សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ខណៈ​ចំនួន ៣៤ករណី បានជា​សះ ស្បើយ​ពី​ជំងឺ។ ក្រសួង​អះអាង​ថា ក្រុម​ការងារ​របស់​ខ្លួន​កំពុង​ស្រាវជ្រាវ​ករណី​ថ្មី​បន្ត​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល