មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាម​ទារ​​​របប​ក្រុង​ភ្នំពេញ​​ឱ្យ​ត្រួតពិនិត្យ​សុខភាព​​ពលរដ្ឋ​ទូទាំង​ប្រទេស​​ដើម្បី​​​រក​​មេរោគ​បង្ក​ជំងឺ Covid-19

ដោយ ហេង រស្មី
2020-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ (ឆ្វេង) អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ (ស្ដាំ) ក្រុម​អ្នក​ជំនាញ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កម្ពុជា កំពុង​ត្រួតពិនិត្យ និង​ស្គែន​រក​មេរោគ​បង្ក​ជំងឺ​ កូវីដ-១៩ លើ​​​អ្នក​ដំណើរ​​អន្តរជាតិ​មកតាម​ប៉ាល់​ វេស្ទើរដាម (Westerdam) ចូលចត​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
អ្នកស្រី មូរ សុខហួរ (ឆ្វេង) អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ (ស្ដាំ) ក្រុម​អ្នក​ជំនាញ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កម្ពុជា កំពុង​ត្រួតពិនិត្យ និង​ស្គែន​រក​មេរោគ​បង្ក​ជំងឺ​ កូវីដ-១៩ លើ​​​អ្នក​ដំណើរ​​អន្តរជាតិ​មកតាម​ប៉ាល់​ វេស្ទើរដាម (Westerdam) ចូលចត​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​សុខភាព​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី Covid-19 ក្រោយ​ពី​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ទៅ​ទទួល​ភ្ញៀវ​ទេសចរ ដែល​បាន​ចាក​ចេញ​ពី​នាវា​ទេសចរ វេស្ទើដាម (Westerdam) ពេល​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន។

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​រក​ឃើញ​ថា ស្ត្រី​ជន​ជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ឆ្នាំ មាន​ផ្ទុក​មេរោគ សារ-ស៊ី​អូ​វី-២ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 ក្រោយ​ពី​បាន​ចេញ​ពី​នាវា​ចូល​ចត​នៅ​កំពុង​ផែ​ក្រុង​ព្រះសីហនុ ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ទីក្រុង​កូឡាឡាំពួរ។

អ្នកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លើក​ឡើង​ថា​ ការ​ត្រួត​ពិនិត្យ​សុខ​ភាព​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​សម្រាប់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក៏​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព ​ដើម្បី​ស្វែង​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ដែរ។​

ការ​លើក​ឡើង​របស់​អ្នក​ស្រី​ មូរ សុខហួរ​ មាន​កើត​មាន​ឡើង​ក្រោយ​ពី​​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​ចាំបាច់​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​ មុន​ពេល​ចូល​ធ្វើ​ការ​ងារ ឬ​ចូល​ក្នុង​អង្គ​ប្រជុំ​នានា។​

អ្នក​ស្រី​មូរ សុខហួរ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចាប់​ផ្ដើម​ភ័យ​​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ក្រោយ​ពី​បាន​អនុញ្ញាត​អោយ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ជាង​១ពាន់​នាក់​ចូល​ចត​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ដែល​អាច​សង្ស័យ​ថា មាន​ឆ្លង​វីរុស​ថ្មី​នេះ៖ «ពីព្រោះ​កូរ៉ូណា​វីរុស ឬ Covid-19 នេះ​កំពុង​តែ​រាតត្បាត​ហើយ ដែល​ប្រទេស​ដ៏​ទៃ​ទៀត​កំពុង​ចាត់​វិធាន​ការ​ដ៏​ម៉ឺងម៉ាត់​ណាស់»

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បាន​រក​ឃើញ​រោគ​សញ្ញា ជំងឺ​​រលាក​​ផ្លូវ​​ដង្ហើម កូវីដ-១៩ (Covid-19) នេះ នៅ​លើ​ស្ត្រី​ជន​ជាតិ​អាមេរិក វ័យ ៨៣ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​អ្នក​ដំណើរ​ចម្រុះ​ជាតិសាសន៍​ចំនួន​ ១៤៤ នាក់​ផ្សេង​ទៀត តាម​ជើង​​យន្តហោះ​​ពី​​ភ្នំពេញ​​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​កន្លង​ទៅ។

មនុស្ស​ទាំង ១៤៤នាក់​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥នាក់ និង​បុគ្គលិក ៨០២នាក់​នៅ​លើ​កប៉ាល់ វ៉េស្ទើរដាម (Westerdam) ដែល​របប​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ និង​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ មាន​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​មាន​ផ្ទុក​មេរោគ កូវីដ-១៩ (Covid-19) ក្រោយ​ពី​បាន​ចាក​ចេញ​ពី​កម្ពុជា​នោះ។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​​បែក​ធ្លាយ​ដែល​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ​ថា លោក​ទាមទារ​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​ដល់​មន្ត្រី​រដ្ឋាភិបាល ហើយ​បើ​រក​ឃើញ​ថា មាន​កម្ដៅ​លើស ៣៧អង្សា ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេឯង។ សារ​ជា​សំឡេង​លោក សរ ខេង ដដែល​នោះ​និយាយ​ទៀត​ថា ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​រើស​អើង​ទេ តែ​ជា​វិធានការ​បង្ការ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ទាក់ទង​គ្នា៖ «ពេល​មុន​ចូល​ធ្វើ​ការ​ព្រឹក​យើង​ឆែក​ទៅ​ក្នុង​រយៈ​ពេល​ជំងឺ​ហ្នឹង​វា​មិន​ទាន់​ស្រកស្រុត អ៊ីចឹង​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ ពិសេស​រាល់​ការ​ប្រជុំ​ និង​មុន​ពេល​ចូល​ប្រជុំ​គួរតែ​មាន​ការ​ត្រួតពិនិត្យ​ត្រួតពិនិត្យ​២ ឬ ៣ កន្លែង​ បើ​ថា​ពិនិត្យ​ទៅ​មាន​ការ​សង្ស័យ​មាន​ឡើង​កម្ដៅ ៣៧អង្សា​ឡើង អា ហ្នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​រួច​យក​ទៅ​ទុក​កន្លែង​ណា​ ឬ ក៏​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទៅ។ នេះ​គ្រាន់​តែ​ជា​យោបល់​ ខ្ញុំ​ចូល​រួម​យោបល់​ទេ​ សុំ​អោយ​ពិនិត្យ​បើ​ធ្វើ​បាន​ជា​ការ​ល្អ»

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់​ទង លោក សរ ខេង និង មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សូម​បំភ្លឺ​ជុំវិញ​សារ​ជា​សំឡេង​ដែល​បែក​ធ្លាយ​ និង​ត្រូវ​បាន​ចែកចាយ​ត​គ្នា​តាម​បណ្ដាញ​សង្គម​នេះ​ដែរ នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ។

ចំណែក លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សារ​សំឡេង​បែក​ធ្លាយ ឬ​បទ​បញ្ជា​របស់​លោក ស ខេង នោះ​ទេ ដោយ​ថា​លោក​ជាប់​រវល់៖ «អូន​ឯង​សួរ​អ្នក​នាំ​ពាក្យ។ ពូ​កំពុង​ប្រជុំ»

អាស៊ី​សេរី​ក៏​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ លី សុវណ្ណ​ ដើម្បី​សុំ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ដែរ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

បទ​បញ្ជា​របស់​លោក​ ស ខេង ឱ្យ​មន្ត្រី​រាជការ​ទាំង​អស់​ត្រួត​ពិនិត្យ​សុខភាព​ដើម្បី​រក​មេរោគ Covid-19​នេះ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​គោល​ជំហរ​របស់​លោក​ ហ៊ុន សែន​។​ លោក​ ហ៊ុន សែន​មិន​បាន​ណែ​នាំ​អោយ​មន្ត្រី និង​ពលរដ្ឋ​ភ័យ​ខ្លាច និង​ត្រូវ​ពាក់​ម៉ាស​ការពារ​ពេល​ទៅ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​នាវា​ទេសចរណ៍ Westerdam នោះ​ថែម​ទៀត​ផង។

លោក​ ហ៊ុន សែន​ មិន​ត្រឹម​តែ​មិន​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ទេ។ លោក​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ​ថា នឹង​មាន​បំណង​រៀបចំ​ពិធី​ជប់លៀង​ជូន​ភ្ញៀវ​ទេសចរ ដែល​ជាប់​ក្នុង​នាវា MS Westerdam ដើម្បី​ឱ្យ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ហ៊ាន​និយាយ​រិះ​គន់​ឥត​សំចៃ​ចំពោះ​របប​ក្រុង​ភ្នំពេញ​ដែល​កំពុង​រស់​នៅ​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក គឹម សុខ​ មាន​ប្រសាសន៍​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​លោក​ ស ខេង ទំនង​ជា​ចង់​វាយបក​ទៅ​លោក​ ហ៊ុន សែន ជុំវិញ​បញ្ហា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​កំពុង​រីក​រាល​ដាល​ធ្វើឲ្យ​ពិភព​លោក​ភ័យ​ខ្លាច៖ «តាម​ខ្ញុំ​យល់​គឺថា​ លោក ស ខេង ក៏​មាន​ការ​សង្ស័យ​ថា​លោក​ ហ៊ុន សែន​ និង​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​ លោក​ ហ៊ុន សែន​ ក៏​កំពុង​ឆ្លង​មេរោគ​កូរ៉ូណា។ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ដាច់​ខាត​ដូច​ដែល​ពាក្យ​លោក​ ស ខេង គាត់​មាន​ប្រសាសន៍​ថា​កន្លែង​ប្រជុំ​ និង​កន្លែង​ធ្វើ​ការ​ជា​ដើម​គួរ​តែ​មាន​ការ​ត្រួតពិនិត្យ​អ្នក​ដែល​មាន​ការ​សង្ស័យ​គឺ​មិន​ឲ្យ​ចូល​ប្រជុំ​និង​មិន​អោយ​ចូល​ធ្វើ​ការ​ទេ ហើយ​គួរតែ​បញ្ជូន​ទៅ​កន្លែង​តាម​ដាន​ពិនិត្យ​សុខភាព​ឲ្យ​បាន​ម៉ដ្ឋ ចត់»

គិត​មក​ដល់​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​នេះ អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ចំនួន​ជាង ២ពាន់ ៥រយ​នាក់ (.៥៤៣នាក់) ថែម​ទៀត។ តួលេខ​នេះ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ១ពាន់​នាក់ (៧១.៨១០-៦៩.២៦៧)។ ទន្ទឹម​គ្នា​នឹង​ការ​ឆ្លង​កើន​ឡើង ចំនួន​អ្នក​ស្លាប់ ក៏​កើន​ឡើង​ដល់​ជិត ២ ពាន់ (.៧៧៥​នាក់)
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល