ពលករ​ខ្មែរ​នៅ​កូរ៉េ​បារម្ភ​ពី​បញ្ហា​សុខភាព ក្រោយ​ពី​មាន​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​តំបន់​ខាងត្បូង​ប្រទេស

ដោយ អូន ភាព
2020-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បារម្ភ​ពី​បញ្ហា​សុខភាព ក្រោយពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ជា​សំឡេង​និង​អក្សរ ពី​អាជ្ញាធរ​កូរ៉េ ឱ្យ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន ដើម្បី​ជៀសវាង​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីដ-១៩ (Covid-19)

រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្ដី​ប្រកាស​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្លួន និង​ពលករ​បរទេស​ទាំងអស់ ឱ្យ​ចេះ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន និង​ហាម​មិន​ឱ្យ​ដើរ​ចេញទៅ​ក្រៅ នៅ​ពេល​មិន​ចាំបាច់ ក្រោយពី​មានការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីដ-១៩ ជាង​១០០​ករណី កាលពី​ថ្ងៃទី​២០ កុម្ភៈ ដែល​ភាគច្រើន​កើត​មាននៅ​ទីក្រុង​ដេវូ (Daegu) ភាគ​ខាងត្បូង​ប្រទេស។

ពលករ​ខ្មែរ​ម្នាក់ ដែល​ធ្វើ​ផ្នែក​ច្រៀក​ជ័រ​ជាង​១៤​ឆ្នាំ នៅ​តំបន់​អ៊ូសាន់ ក្បែរ​តំបន់​ស៊ូវ៉ុន លោក ឡេង ចាន់រី បង្ហាញ​អារម្មណ៍​ភិតភ័យ​អំពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយពី​ទទួល​បាន​ដំណឹង​នេះ តាម​ទូរស័ព្ទ​ដៃ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ៖ «គេ​ផ្ញើ​សារ​មក​ប្រកាស​អាសន្ន​អំពី​វីរុស​កូរ៉ូណា​ហ្នឹង ឆ្លង​របៀប​ណា ឆ្លង​ប៉ុន្មាន​នាក់ ។ ខ្ញុំ​បាន​មើល​ដែរ ហើយ​មាន​អារម្មណ៍​ថា​ភ័យ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពិតជា​មិន​អី​ទេ នៅ​ខាង​មួយ​ប៉ែក​ខាង​ដេវូ​នោះ មាន​មនុស្ស​ឆ្លង​បន្តបន្ទាប់​ច្រើន​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ចេះ​តែ​មាន​អារម្មណ៍​ភ័យ តែ​នៅ​ខាង​នេះ​វិញ ដូច​មិន​អី​ទេ»

ទោះជា​យ៉ាងណា លោក ឡេង ចាន់រី ឱ្យ​ដឹង​ថា មក​ពេលនេះ ខាង​ក្រុមហ៊ុន​នៅ​ដំណើរការ​ធម្មតា នៅ​មិន​ទាន់​មាន​ការ​ជូនដំណឹង​ឱ្យ​កម្មករ​ផ្អាក​ការងារ​។ ទន្ទឹម​គ្នា​នេះ លោក ក៏​បារម្ភ​ពី​សុវត្ថិភាព ប្រពន្ធ​និង​កូនប្រុស​២​នាក់ ដែល​រស់នៅ​ប្រទេស​កម្ពុជា​ដែរ ដោយសារ​ជំងឺ​នេះ​ឆ្លង​រាលដាល​ជាច្រើន​ប្រទេស​លើ​ពិភពលោក​។ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យ​ដឹង​ថា មក​ពេលនេះ ពលករ​ខ្មែរ​ដែល​ធ្វើ​នៅ​កូរ៉េ មិន​មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ១៩ នៅ​ឡើយ​ទេ​។​

ទោះបីជា​យ៉ាងណា លោក​បញ្ជាក់​ថា ពលករ​ខ្មែរ និង​ស្ត្រី​ខ្មែរ​ដែល​មាន​ស្វាមី​ជនជាតិ​កូរ៉េ នៅ​មាន​ការ​ព្រួយបារម្ភ​បញ្ហា​នេះ​ដូចគ្នា​។ លោក​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់ បង្ការ​ខ្លួន​ជានិច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នេះ៖ «ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នេះ គឺ​ខ្ញុំ​ស្នើ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ក្នុង​ប្រទេស​កូរ៉េ មាន​ការ​ប្រុងប្រយ័ត្ន​ហើយ​ហាម​ដាច់ខាត ការ​ដើរ​ហើរ បើ​មិន​មាន​ការចាំបាច់​សូម​កុំ​ចូល​តំបន់​ដេវូ ឬ​តំបន់​ផ្សេងទៀត​ដែល​អាជ្ញាធរ​បាន​ផ្ញើ​សារ​ប្រាប់​តាម​ទូរស័ព្ទ​ហ្នឹង​។ បើ​មិន​មានការ​ចាំ​សូម​កុំ​ចាក​ចេញ​ពី​ផ្ទះ ឬ​ដើរលេង​កន្លែង​ណាមួយ​។ ឥឡូវនេះ​ឈាន​ដល់​បិទ​ជើង​យន្តហោះ​ហោះហើរ​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ប៊ូសាន​ទៀត។ ដូច្នេះ​នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​ដើម្បី​កុំ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ»

មក​ដល់​ថ្ងៃ​ទី២១ កុម្ភៈ ប្រទេស​កូរ៉េខាងត្បូង ឈរ​លេខ​រៀង​ទី​២ ដែល​មាន​មនុស្ស​ជាង ២​រយ​នាក់​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ប្រទេស​ចិន និង​វ៉ា​ដាច់​ប្រទេស​សិង្ហបុរី ដែល​ធ្លាប់​ឈរ​លេខ​រៀង​ទី​២។ អភិបាលក្រុង​ដេវូ លោក វ៉ុន យ៉ុង​ជីន (Kwon Young-jin) កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កុម្ភៈ ប្រាប់​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ចំនួន​ជាង ២​លាន ៥​សែន​នាក់ ស្នាក់​នៅផ្ទះ និង​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ករ​ឆ្លង​ជំងឺ​កូវីដ-១៩។ អាជ្ញាធរ​កូរ៉េ ក៏​សម្រេច​បិទ​ឧទ្យាន​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង និង​មិន​ឱ្យ​មាន​ពលរដ្ឋ​ជួបជុំគ្នា​ជា​សាធារណៈ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ឆ្លង​មេរោគ​ដល់​មនុស្ស​ជាច្រើន​នាក់​ទៀត។

ចំណែក​នៅ​កម្ពុជា​វិញ ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ-១៩ នោះ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

ទោះបីជា​យ៉ាង​នេះ​ក្ដី អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ស្នើ​ឱ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយតប​រហ័ស និង​ទាន់​ពេល​វេលា ចំពោះ​លទ្ធភាព​នៃ​កា​រ​រីករាលដាល​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កវីត-១៩ (CoVid-19) ដែល​អាច​កើត​មាន​នៅ​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19) នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​ជាង ៧​ម៉ឺន ៦​ពាន់​នាក់ (៧៦.៧២៧) គឺ​លើស​ពី​ម្សិលមិញ​ចំនួន ១​ពាន់​នាក់ (.០០០​នាក់​)​។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ២​ពាន់ ២​រយ​នាក់ (.២៤៧) លើស​ពី​ម្សិលមិញ​ចំនួន​ជាង ១​រយ​នាក់ (១១៨​នាក់​) ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ អ្នក​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់ (១៨.៦៥៧​នាក់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល