ពលរដ្ឋ​ត្អូញ​ថា ម៉ាស់​នៅ​តែ​ថ្លៃ និង​ពិបាក​រក​ទិញ

ដោយ ម៉ៅ សុធានី
2020-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម៉ាស (Mask) ការពារធម្មតា (ពណ៌​ខៀវ និង​ខ្មៅ) ដាក់​លក់​នៅ​រាជធានី​ភ្នំពេញ និង​ម៉ាស​របស់​គ្រូពេទ្យ​ប្រភេទ អិន៩៥ (N95) ការពារ​មាត់ និង​ច្រមុះ ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ការពារ​មេរោគ និង​ធូលី​ផង់​ល្អិត​ក្នុង​ខ្យល់​កខ្វក់។
ម៉ាស (Mask) ការពារធម្មតា (ពណ៌​ខៀវ និង​ខ្មៅ) ដាក់​លក់​នៅ​រាជធានី​ភ្នំពេញ និង​ម៉ាស​របស់​គ្រូពេទ្យ​ប្រភេទ អិន៩៥ (N95) ការពារ​មាត់ និង​ច្រមុះ ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ការពារ​មេរោគ និង​ធូលី​ផង់​ល្អិត​ក្នុង​ខ្យល់​កខ្វក់។
រូប៖ ពលរដ្ឋ និង RFA

ពលរដ្ឋ​ ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​កាន់​តែ​ប្រឈម​នឹង​ការ​គ្មាន​ម៉ាស់​ពាក់ នៅ​ក្នុង​កាលៈទេសៈ​ ដែល​ជំងឺ​កូវីដ​១៩ (Covid-19) កាន់​តែ​រាតត្បាត​ខ្លាំង​ទៅៗ។ ពួក​គាត់​ស្នើសុំ​​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ម៉ាស់ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​​​ចែក​ម៉ាស់ ដល់​ពលរដ្ឋ​ក្រីក្រ។

អ្នក​លក់​ចេក​ចៀន នៅ​ម្ដុំ​ផ្សារ​ដើម​គ ម្នាក់ លោកស្រី ណឹប សឿន ឲ្យ​ដឹង​ថា ម៉ាស់​នៅ​តែ​មាន​តម្លៃថ្លៃ​ដដែល បើ​ទោះ​ជា​​លោកស្រី ឃើញ​រដ្ឋាភិបាល​ព្រមាន​ចាត់​វិធាន​ការ​លើ​អ្នក​​លក់​ម៉ាស់​ច្រើន​ដង​មក​ហើយក្តី​។ លោក​ស្រី ឲ្យ​ដឹង​ថា អ្នក​លក់​ដូរ​តូចតាច​តាម​ដង​ផ្លូវ​​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ទិញ​ម៉ាស់​ពាក់​ទេ ព្រោះ​តែ​ម៉ាស់​មាន​តម្លៃ​ថ្លៃ​ពេក និង​ពិបាក​រក​ទិញ។ លោកស្រី ឲ្យ​ដឹង​​ទៀត​ថា អ្នក​លក់​ខ្លះ នៅ​​​ផ្សារ​ដើម​គ​​ រួម​ទាំង​លោកស្រី​ផង ទើប​ចាញ់​បោក​គេ​ថ្មីៗ​ រឿង​​កុម្ម៉ង់​ទិញ​ម៉ាស់​តាម​អនឡាញ (Online) ហើយ​ត្រូវ​គេ​បោក​ប្រាស់ ដោយ​​ឲ្យ​ផ្ញើ​ប្រាក់​ទៅ​មុន ​ហើយ​​អ្នក​លក់​មិន​ព្រម​​ដឹក​ជញ្ជូន​ម៉ាស់​​មក​ឲ្យ​តាម​ការ​សន្យា។

ស្ត្រី​ចំណាស់​លក់​ចេក​ចៀន​តាម​ដង​ផ្លូវ​​រូប​នេះ​ បន្ត​​ថា ​ក្រុម​​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ ច្រើន​តែ​នាំ​គ្នា​​​​ពាក់​មួក​ដែល​មាន​ក្រណាត់​​រុំ​មុខ ឬ​ ប្រើ​ក្រណាត់​រុំ​មុខ​ ជំនួស​​ម៉ាស់។ ចំណែក​នៅ​ច្រក​ទ្វារ​ផ្សារ​ដើម​គ មាន​​ដាក់​អាកុល​សម្រាប់​លាង​ដៃ នៅ​តាម​ច្រក​ចេញ​ចូល​ផ្សារ និង​មាន​សន្តិសុខ​​​ផ្សារ ចាំ​បាញ់​អាកុល​ដាក់​លើ​ដៃ ឲ្យ​លាង៖ «ម៉ាស់ នៅ​យើង​ពិបាក​រក​ណាស់​អូន។ ជួន​ណា​វា​ថ្លៃ​ ​អ៊ីចឹង​ទៅ​ ជួន​កាល​គ្នា​អ្នក​អត់​ទៅ អត់​មាន​លុយ​ទិញ​បាន​​ពាក់​ទេ ហើយ​បើ​សិន​អ្នក​ក្រ​អ្វី គ្មាន​លុយ​ទិញ​ពាក់​ទេ​ណា បើ​ម៉ាស់​មួយ​សុទ្ធ​តែ ជួនណា អា​ម៉ាស់​រៀង​ល្អ​បន្តិច ១​សុទ្ធ​តែ ៦.០០០​អ៊ីចឹង​ទៅ។ ដល់​អ៊ីចឹង​ទៅ អ្នក​ខ្លះ មាន​ពាក់ អ្នក​ខ្លះ អត់​ពាក់​អ៊ីចឹង​ទៅ អ្នក​ក្រ​អត់​លុយ ស្ដាយ​លុយ​ អត់​ទិញ​ពាក់​អ៊ីចឹង​ទៅ ដូច​ជា​ខ្ញុំ​អ្វី​ហ្នឹង។ ក៏​ប៉ុន្តែ​ខ្ញុំ​ទិញ​មួក​មួយ អា​មួក​បិទ​ពី​មុខ​ហ្នឹង មួក​ក្បាំង ហើយ​វា​មាន​ក្រណាត់​វា បិទ​ពីមុខ​ហ្នឹង ខ្ញុំ​ទិញ​មួក​ហ្នឹង​ពាក់​មួយ»

បុរស​ម្នាក់​ទៀត ជា​កម្មករ​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី (Cintri) នៅ​រាជធានី​ភ្នំពេញ លោក ឆេង វិចិត្រ ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​​បាន​ឲ្យ​ស្រោម​ដៃ ១គូ និង​សាប៊ូ ១កញ្ចប់ សម្រាប់​លាង​សំអាត​ដៃ នៅ​ពេល​ដើរ​ប្រមូល​សំរាម។ តែ​មិន​បាន​ឲ្យ​ម៉ាស់ និង​អាកុល​លាង​ដៃ​ទេ។ លោក​ថា ម្ចាស់​ផ្ទះ ដែល​មាន​​ជីវភាព​ធូរធារ បាន​ឲ្យ​ម៉ាស់​ ដល់​លោក ព្រោះ​លោក​គ្មាន​លទ្ធភាព​ទិញ ម៉ាស់​ប្រើប្រាស់។ យ៉ាង​ណា លោក​ថា តែង​បាន​លាង​ដៃ​ជានិច្ច នៅ​ពេល​ត្រលប់​មក​ពី​ប្រមូល​សំរាម​វិញ។ ឯ​ក្រុម​គ្រួសារ​វិញ លោក​បាន​បញ្ជូន​កូន​​របស់​លោក ទៅ​ស្រុក​កំណើត​អស់​ហើយ ដើម្បី​បង្ការ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ នេះ៖ «ជួន​កាល​ខ្ញុំ ទៅ​ប្រមូល​សំរាម​នៅ​តាម​គោល​ដៅ​ទៅ ម្ចាស់​ផ្ទះ​គេ​ឲ្យ​​អា​ម៉ាស់​ហ្នឹង រួច​ទិញ​ខ្លួន​ឯង​ខ្លះ​ទៅ អ្វី​ខ្លះ​ទៅ​បង​អើយ។ ក្រុមហ៊ុន​ ឃើញ​ចែក​ស្រោម​ដៃ​ឲ្យ​តែ​មួយ​គូរ ហើយ​នឹង​សាប៊ូ។ បាន​តែ​ប៉ិន​ហ្នឹង បើ​យើង​មិន​ការពារ​ខ្លួន​ឯង​​អត់»

រហូត​មក​ដល់​ពេល​នេះ តម្លៃ​ម៉ាស់​នៅ​ប្រទេស​កម្ពុជា នៅ​តែ​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ថា មាន​តម្លៃ​ថ្លៃ​ខ្លាំង មាន​តម្លៃ​ចាប់​ពី ២.០០០​រៀល ទៅ ៨.០០០​រៀល​ក្នុង​ម៉ាស់​មួយ និង​តាម​ប្រភេទ​នៃ​ម៉ាស់​នោះ។ ចំណែក​អាកុល សម្រាប់​​លាង​ដៃ​កម្ចាត់​មេរោគ​ ក៏​​មាន​តម្លៃ​ខ្ពស់​ដែរ ចំណុះ​កន្លះ​លីត្រ ២ម៉ឺន​រៀល (២០.០០០) ឬ ៥​ដុល្លារ​អាមេរិក ឬ​ថ្លៃ​ជាង​នេះ និង​ពិបាក​រក​ទិញ​គ្រប់​កន្លែង។

យ៉ាង​ណា អាជ្ញាធរ​កាំកុងត្រូល​ បាន​ព្រមាន​ថា អាកុល​ដែល​គ្មាន​ម៉ាក​យីហោ ទីតាំង​ផលិត និង​គ្មាន​បង្ហាញ​ពី​រយៈ​ពេល​ផុត​កំណត់​ប្រើប្រាស់ គ្មាន​ការ​ទទួល​ស្គាល់​ពី​ប្រព័ន្ធ​សុខាភិបាល គឺ​ជា​អាកុល​ក្លែងក្លាយ ឬ​អាកុល​មាន​ជាតិ​​មេតាណុល ដែល​បណ្ដាល​ឲ្យ​​ខូច​សុខភាព​អ្នក​ប្រើប្រាស់។ សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​អាកុល​ក្លែង​ក្លាយ​នេះ ច្រើន​ករណី​មក​ហើយ។

ចំណែក​វិធាន​ការ​ទប់​ស្កាត់​ ម៉ាស់ មាន​តម្លៃ​​ថ្លៃ​ និង​ការ​ពិបាក​រក​ទិញ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ទាំង​ពីរ​នាក់​ របស់​ក្រសួង​សុខាភិបាល​ទេ។

ទោះ​យ៉ាង​ណា ទាំង​នៅ​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ផង លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ធ្លាប់​បាន​ព្រមាន​ប្រើ​កណ្ដាប់​ដៃ​ដែក​ចាត់​ការ​ទៅ​លើ​អ្នក​លក់​ម៉ាស់​ទាំង​ឡាយ​ណា ដែល​លក់​ម៉ាស់​ក្នុង​តម្លៃ​ថ្លៃ៖ «ប៉ុន្តែ​ម៉ាស់​ពិបាក​រក​ទិញ​ហើយ។ ខ្ញុំ​នឹង​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ម៉ាស់ ចេញ​ពី​ហាង​ទាំង​អស់។ ខ្ញុំ​កំពុង​សិក្សា​ពិនិត្យ​មើល​អំពី​ផ្លូវ​ច្បាប់។ បើ​អ្នក​ឯង​នៅ​តែ​បន្ត​ឡើង​ថ្លៃ ដាក់​បញ្ជា​រឹប​អូស​យក​តែ​ម្ដង។ ដាក់​បញ្ជា​រឹប​អូស​យក​តែ​ម្ដង។ កុំ​ឲ្យ​វា​រក​ស៊ី​ត​ទៅ​ទៀត ហើយ​បិទ​អា​ឱសថ​ស្ថាន​ហ្នឹង​ចោល​តែ​ម្ដង។ ទម្លាក់​ថ្លៃ មិន​ទាន់​ពេល​ដែល​រាជ​​រដ្ឋាភិបាល ប្រើ​កណ្ដាប់​ដៃ​ដែក។ បិទ​លើក​នេះ បិទ​មិន​ឲ្យ​អ្នក​ឯង​រកស៊ី មិន​ត្រឹម​តែ​ដក​ម៉ាស់​ទេ។ បិទ​មិន​ឲ្យ​រក​ស៊ី មួយ​ជីវិត​ ដើម្បី​ឲ្យ​រាងចាល។ ឥឡូវ​ក្រសួង​សុខាភិបាល​ពិនិត្យ​មើល​មាន​ប៉ុន្មាន​ ប្រជាពលរដ្ឋ​រាយការណ៍ មាន​ប៉ុន្មាន​ឱសថដ្ឋាន ដើម្បី​បិទ​ហើយ ​បិទ​មួយ​ជីវិត​ហ្មង កុំ​ឲ្យ​រកស៊ី អា​ហ្នឹង​ទៀត។ និយាយ​គ្នា​ មិន​ស្ដាប់​ឆ្លៀត​រក​ចំណេញ ឆ្លៀត​រក​ចំណេញ»

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​​អង្គការ​ខុមហ៊្វ្រែល លោក កន សាវាង្ស យល់​ថា ការ​ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ ​មិនមែន​ហាម​អ្នក​លក់​មិន​ឱ្យ​ឡើង​ថ្លៃ​នោះ​ទេ តែ​រដ្ឋ​ត្រូវ​មាន​ផែនការ​នាំចូល ​និង​ផែនការ​ដាក់​លក់​ក្នុង​តម្លៃ​ទាប សម្រាប់​សាធារណៈ​ជន ទើប​មាន​ប្រសិទ្ធ​ភាព ដល់​ជន​ក្រីក្រ និង​ទប់ស្កាត់​ក្រុម​ឱកាស​និយម​បាន។

អគ្គ​លេខាធិការ​​សមាគម​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​វិញ លោក កៅ ពឿន​ សង្កេត​ឃើញ​ថា វិធាន​ការ​របស់​រដ្ឋាភិបាល​កន្លង​ទៅ​ មិន​សូវ​មាន​ប្រសិទ្ធិ​ភាព​ទេ ដូច​​ជា​ការ​ចាត់​វិធានការ​ឡានឈ្នួល​ឡើង​ថ្លៃ​ជាដើម។​ ដូច្នេះ​ លោក​យល់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មាន​លទ្ធភាព​ ទិញ​ម៉ាស់​បាន​ប្រើប្រាស់​គ្រប់​គ្នា រដ្ឋាភិបាល​គួរ​តែ​បើក​លក់​ម៉ាស់ ក្នុង​តម្លៃ​ថោក ឬ​សមរម្យ នៅ​តាម​មន្ទីរ​ពេទ្យ និង​ស្ថាប័ន​រដ្ឋ​ ឲ្យ​បាន​ច្រើន នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​លក់​ម៉ាស់​ឯកជន​ ទម្លាក់​តម្លៃ​ហើយ៖ «គួរ​តែ​មាន​វិធានការ​ ដោយ​ផ្ទាល់ ឃើញ​ស្រុក​គេ​ គេ​ចំណាយ​លុយ​ច្រើន ដើម្បី​​ជួយ​ពលរដ្ឋ​គេ​។ អ៊ីចឹង​ទៅ រដ្ឋ​ជៀសវាង​ ជា​បន្ទុក​មួយ​ដែរ បើ​​រដ្ឋ​ចង់​ជួយ​ពលរដ្ឋ​ពិត​ប្រាកដ​មែន ដាក់​លក់​ទៅ នាំ​ចូល​ ហើយ​ដាក់​លក់​ខ្លួន​ឯង​ទៅ។ តាម​ស្ថាប័ន​រដ្ឋ​មួយៗ​ហ្នឹង តាម​មន្ទីរ​ពេទ្យ តាម​អ្វី​ហ្នឹង ហើយ​ដាក់​លក់​ទៅ ប្រជាពលរដ្ឋ​ទៅ​ទិញ​ទៅ។ ដល់​ពេល​មាន​ជម្រើស ឯកជន​នឹង​ធ្លាក់​ថ្លៃ​ហើយ»

មក​ដល់​ពេល​នេះ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ សង្កេត​ឃើញ​​ថា រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ និង​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​មេរោគ​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីដ១៩​ រួម​ទាំង​វិធានការ​បង្កើន​ការ​ផ្សព្វផ្សាយ​តាម​ភូមិ ឃុំ​ ជាដើម ​បាន​ច្រើន​គួរ​សម។ តែ​យ៉ាង​ណា ពលរដ្ឋ ស្នើសុំ​រដ្ឋាភិបាល​ បង្កើន​វិធាន​ការ​ចែក​ ម៉ាស់ សាប៊ូ​លាងដៃ និង​ ដាក់​អាល់កុល​នៅ​ទី​សាធារណៈ ឲ្យ​បាន​ច្រើន​សម្រាប់​ឲ្យ​ពលរដ្ឋ​លាង​សម្អាត​ដៃ សម្លាប់​មេរោគ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល