ពលរដ្ឋ​ខេត្ត​កំពត និង​ខេត្ត​តាកែវ រិះគន់​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យ​មាន​ជ្រូក​នាំចូល​ពី​វៀតណាម​រាប់​សិប​ក្បាល​ជា​រៀងរាល់ថ្ងៃ

ដោយ វ៉ែន សុមេធ
2020-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ជ្រូក​នាំចូល​ពី​វៀតណាម​តាម​ខេត្ត​កំពត នៅ​យប់​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។
រថយន្ត​ដឹក​ជ្រូក​នាំចូល​ពី​វៀតណាម​តាម​ខេត្ត​កំពត នៅ​យប់​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពត​ រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​ បណ្ដោយ​ឱ្យ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ ខណៈ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅ​ថា អាហ្វ្រិកខេន ស្វាញ ហ្វ៊ីវើ (African Swine Fever (AFS)។ ពួកគេ​បារម្ភ​ថា​ ជំងឺ​នេះ​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ធ្វេស​ប្រហែស​ មិន​ទប់​ស្កាត់​ការ​នាំ​ចូល។

ពលរដ្ឋ​រស់នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ មករា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន​មិន​យកចិត្ត​ទុកដាក់​ បញ្ឈប់​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​នោះ​ទេ​ ហើយ​សកម្មភាព​នាំ​ជ្រូក​ទាំងនោះ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​រថ​យន្ត​ធំៗ និង​រ៉ឺម៉ក​នៅ​ពេល​យប់​ ចូល​ប្រទេស​កម្ពុជា។

ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ស្រុក​ទឹកឈូ​ ថ្លែង​សុំ​លាក់​ឈ្មោះ​ ឱ្យ​ដឹង​ថា​ ស្ទើរ​ជា​រៀងរាល់​យប់​ មាន​រថយន្ត​ និង​រ៉ឺម៉ក​ដឹក​ជ្រូក​ក្បាល​ពណ៌ក្រហម​រាប់​សិប​ក្បាល​ ពី​ប្រទេស​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​របៀង​ព្រែក​តន់​ហន់​ ក្នុង​ស្រុក​កំពង់ត្រាច​ ច្រក​របៀង​ព្រែក​ចាក​ និង​ច្រក​របៀង​បន្ទាយមាស។ លោក​ថា កៀក​រដូវ​បុណ្យចូលឆ្នាំ​ចិន​ ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ មានការ​កើន​ឡើង​ច្រើន​ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​ជាថ្មី​ទៀត​ នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​សុខភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ៖ «ព្រំដែន​ជាប់​គ្នា​កម្ពុជា និង​វៀតណាម​នៅ​ខេត្ត​កំពត។ វា​ដឹក​ជ្រូក​ដាក់​ឡាន ជូន​កាល​ដាក់​ឡាន​តូច និង​ជូន​កាល​ដឹក​ដាក់​ឡាន​ធំ​ដូច​យប់​មិញ​អ៊ីចឹង ខ្លះ​ដឹក​រ៉ឺម៉ក​វែង​ដូច​ឡាន​ដែរ។ វា​ដឹក​រ៉ឺម៉ក​មក»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពត​ លោក យន់ ផល្លី ថ្លែង​ថា អាជ្ញាធរ​ខ្វះ​ការ​ត្រួត​ពិនិត្យ​ និង​អនុវត្ត​ច្បាប់​ធូររលុង​ច្រើន​ករណី​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ ដែល​អាច​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​បន្ថែម​ទៀត​មក​កម្ពុជា​។ លោក​ថា​ ការនាំចូល​ជ្រូក​ពី​វៀតណាម​ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​មុខ​របប​ចិញ្ចឹម​ជ្រូក​របស់​កសិករ​កម្ពុជា ព្រោះ​ជ្រូក​វៀតណាម​មានតម្លៃ​ថោក​ជាង៖ «នេះ​វា​ជា​កង្វះ​ខាត​របស់​អាជ្ញាធរ​យើង​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ខ្សែ​បណ្ដោយ​ព្រំដែន។ អ៊ីចឹង​មាន​ការ​បណ្ដែត​បណ្ដោយ​ធ្វើ​ឱ្យ​ជ្រូក​វៀតណាម​នាំ​ចូល​មក​កម្ពុជា​យើង»

កាល​ពី​ឆ្នាំ២០១៩ ជំងឺ​ប៉េស្ត​ជ្រូក​ បាន​ឆ្លង​រាលដាល​ ដល់​ខេត្ត​ចំនួន ៥ សុទ្ធ​សឹង​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួមមាន ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​តាកែវ ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង។ កាលពី​ចុងខែ​មីនា ឆ្នាំ២០១៩ ជំងឺ​ប៉េស្ត​ជ្រូក​ បាន​ឆ្លង​ជា​លើក​ដំបូង ចូល​ក្នុង​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី ហើយ​មាន​ជ្រូក​ជាង ២ពាន់​ក្បាល (.១៤០) ត្រូវ​បាន​សម្លាប់​ចោល។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ និង​អ្នកនាំពាក្យ​សួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី១៤ មករា។

ចំណែក​អភិបាលខេត្ត​កំពត លោក ជាវ តាយ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក ងិន ឆាយ ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​ កាលពី​ថ្ងៃ​ទី១០ មករា​ថា កម្ពុជា​ហាក់​ខ្វះ​ចន្លោះ​ច្រើន​ ពាក់ព័ន្ធ​និង​ការពិនិត្យ​ និង​គ្រប់គ្រង​ផលិតផល​នាំចូល។ លោក​ថា ប្រទេស​ជិតខាង​ បាន​ប្រើប្រាស់​របាំង​បច្ចេកទេស និង​គុណភាព ដើម្បី​ការពារ​ផលិតផល​ក្នុង​ស្រុក​របស់​គេ​ ក៏ប៉ុន្តែ​កម្ពុជា​មិនទាន់​បាន​ប្រើ​របាំង​នេះ​ទេ​ ហើយ​ទំនិញ​នាំចូល​ពី​ប្រទេស​ជិត​ខាង​ មាន​តែ​មន្ត្រី​គយ​ និង​នគរបាល​ប៉ុណ្ណោះ​ ដែល​ឈរជើង​តាម​ព្រំដែន ខ្វះ​មន្ត្រី​បច្ចេកទេស​ពិនិត្យ​គុណភាព​ទំនិញ៖ «យើង​មុន​នឹង​នាំ​ចូល​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ណា​ផ្សេងៗ ពិនិត្យ​អស់​អាចម៍​អស់​នោម តែ​ដល់​គេ​ចូល​មក​យើង​វិញ អា​ណា​ចង់​ចូល​អី​ចូល​ទៅ។ បច្ចុប្បន្ន​នេះ​កាំកុងត្រូល ដូចជា ចេញ​ពី​ទល់​ដែន​ទៀត​ហើយ អត់​មាន​នៅ​ទេ​ឈរ​ជើង​ទេ។ ខាង​ខ្ញុំ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈរ​ជើង​នៅ​ហ្នឹង​ទេ។ រាល់​ថ្ងៃ​នេះ​មាន​តែ​ពីរ​ទេ ស្ថាប័ន​គយ​ហើយនិង ប៉ូលិស​អន្តោប្រវេសន៍។ អ៊ីចឹង​ការ​ហូរ​ចូល​ទំនិញ​មក មាន​តែ​គយ​លោក​មើល ប៉ូលិស​អន្តោប្រវេសន៍​លោក​មើល ប៉ុន្តែ​អ្នក​បច្ចេកទេស​អត់​បាន​ឈរ​ជើង​នៅ​មើល​ហ្នឹង។ នេះ​ជា​ចំណុច​មួយ​ទៀត ដែល​យើង​នឹង​មាន​របាំង​បច្ចេកទេស​នេះ»

កន្លង​ទៅ​ក្រសួង​កសិកម្ម​ សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ ការ​ចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ លើស​ពី​នេះ​ ក្រសួង​បាន​បញ្ជា​ឱ្យ​បិទ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក។

សារព័ត៌មាន​វៀតណាម (VN Express) បាន​ចុះផ្សាយ​ថា​ ក្រោយពី​វៀតណាម​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ធ្ងន់ធ្ងរ មិន​អាច​នាំ​ជ្រូក​ទៅ​ប្រទេស​ក្រៅ​បាន​ វៀតណាម​សម្រេច​នាំចូល​ជ្រូក​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ និង​សហរដ្ឋ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់​ ពៅ​ សង្កេតឃើញ​ថា​ ថ្វី​ដ្បិត​តែ​ក្រសួង​មាន​យន្តការ​ទប់ស្កាត់​មិន​ឱ្យ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ក្ដី​ ក៏​អាជ្ញាធរ​តាម​ច្រក​ព្រំដែន​នី​មួយៗ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​បណ្ដោយ​ឱ្យ​ពាណិជ្ជករ​វៀតណាម​ នាំ​ជ្រូក​ចូល​មក​កម្ពុជា​ដែរ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ព្រំដែន​ នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​វៀតណាម​ នាំ​ជ្រូក​ចូល​កម្ពុជា​ ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ៖ «ទី១ ខាត​ប្រយោជន៍​ដល់​កសិករ​ខ្មែរ ដែល​ខិតខំ​ចិញ្ចឹម​ជ្រូក​នៅ​តាម​ស្រុក​ស្រែ​ចម្ការ ទី២ ខាត​ប្រយោជន៍​ដល់​ឈ្មួញ​ដែល​រក​ស៊ី​លក់​សាច់​ជ្រូក​ហ្នឹង​ទៀត។ នៅ​ពេល​ដែល​ពលរដ្ឋ​ក្នុង​ស្រុក​គាត់​លែង​ទុក​ចិត្ត​យន្តការ​របស់​អាជ្ញាធរ​ដែល​ធូរ​រលុង នាំ​ចូល​ជ្រូក ដែល​មាន​កើត​មេរោគ​ប៉េស្ត​ធ្វើ​ឱ្យ​អតិថិជន​ពលរដ្ឋ​ទាំង​អស់​គាត់​ខ្លាច​រអា មិន​ដឹង​ថា អា​ណា​ជ្រូក​ខ្មែរ មិន​ដឹង​អា​ណា​ជ្រូក​វៀតណាម? សូម​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​ដោយ គ្រប់​ក្រសួង​ត្រូវ​មាន​យន្តការ​ជាក់លាក់ កុំ​ធ្វើ​ឱ្យ​តែ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​តែ​ល្អ​មើល គ្មាន​យន្តការ​ច្បាស់លាស់ អា​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ទុក​ចិត្ត​លើ​ក្រសួង​ទាំង​អស់​ហ្នឹង»

ពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា​ មិន​ត្រឹមតែ​នៅ​ខេត្ត​កំពត​ទេ​ ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ នៅ​ខេត្ត​តាកែវ​ ក៏​មាន​សេចក្ដី​រាយការណ៍​ថា​ អាជ្ញាធរ​ខ្មែរ​ ក្នុង​ស្រុក​បុរី​ជលសារ​ បាន​អនុញ្ញាត​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ មិន​ក្រោម​ ១០០ក្បាល​ទេ​ ក្នុង​មួយ​ថ្ងៃៗ។ ជ្រូក​ដែល​នាំចូល​ពី​វៀតណាម​ ភាគច្រើន​ពុំ​មាន​ការត្រួត​ពិនិត្យ​បច្ចេកទេស​ ពី​អាជ្ញាធរ​ជំនាញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល