ពលរដ្ឋ​ខ្លះ​នាំគ្នា​ហូប​សាច់​ជ្រូក​ឡើងវិញ ក្រោយ​ស្ងប់ស្ងាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក

ដោយ វ៉ែន សុមេធ
2019-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។
សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។
រូប​​ហ្វេសប៊ុក​ក្រសួង កសិកម្ម

ពលរដ្ឋ នាំគ្នា​ហូប​សាច់​ជ្រូក​ឡើងវិញ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ពេល​ស្ងប់ស្ងាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជឿ​ថា ជំងឺ​នេះ មិន​ឆ្លង​រីក​រាលដាល​ដល់​មនុស្ស​ទេ។ ទោះ​យ៉ាងណា អាជ្ញាធរ នៅតែ​បន្ត​បំផុស​ការ​ហូប​សាច់​ជ្រូក​តាម​បណ្ដា​ទីប្រជុំជន​។ តែ​អ្នក​ជំនាញ​កសិកម្ម ប្រាប់​ថា កសិករ​មិនទាន់​ហ៊ាន​ចិញ្ចឹម​ជ្រូក​ឡើងវិញ​ទេ ព្រោះ​មិនទាន់​ដោះ​បំណុល​ចាស់​ដែល​ខាត កាល​ពី​ពេល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក នៅ​កំឡុង​ខែ​កក្កដា។

អាជីវករ​នៅ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ អ្នកស្រី ម៉ៅ លក្ខណា ប្រាប់​ថា អ្នកស្រី​ចាប់ផ្ដើម​លក់​សាច់ជ្រូក ដាច់​វិញ​ខ្លះៗ​ហើយ នៅ​ក្នុង​សប្ដាហ៍​នេះ​។ អ្នកស្រី​បន្ត​ថា បើ​ទោះ មានការ​លក់ដាច់​ឡើង​វិញ តែ​អ្នកទិញ រក​ទិញ​តែ​ជ្រូក​ណា​ដែល​មាន​វាយ​ត្រា​ពីលើ​របស់​អាជ្ញាធរ​ពេទ្យសត្វ​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ជឿ​ថា ជ្រូក​មាន​វាយ​ត្រា​ពីលើ ជា​ជ្រូក​ទទួល​បាន​ការពិនិត្យ​ត្រឹមត្រូវ​ពី​អាជ្ញាធរ មុន​អនុញ្ញាត​ឱ្យ​លក់៖ «លែង​តម​ហ្នឹង​ឥឡូវ​ហ្នឹង​។ លក់ដាច់ លក់ដាច់​ណាស់​ព្រឹក​មិញ​។ (​ដោយសារ​)​គេ​ប្រកាស​ថា អត់​ឆ្លង​មក​មនុស្ស​ទេ​។ ឆ្លង​ទៅ​តែ​សត្វ​ទេ វា​អត់​ឆ្លង​មក​មនុស្ស​ទេ​។ អ៊ីចឹង​ជំងឺ​ហ្នឹង​អត់​ឆ្លង​មក​មនុស្ស​ទេ អាច​ហូប​បាន ហើយ​និង​ជ្រូក​ដែល​គេ​លក់​ហ្នឹង ភាគច្រើន គេ​អូស​ត្រា​ត្រឹមត្រូវ​ហើយ បាន​គេ​នាំចូល​ផ្សា​រណា ព្រោះ​ពេទ្យសត្វ​គេ​ពិនិត្យ​ត្រឹមត្រូវ​ហើយ អ៊ីចឹង​ណា»

អាជីវករ​រូប​នេះ បន្ត​ថា ទោះ​បែប​ណា ពលរដ្ឋ​ខ្លះ នៅតែ​មាន​ភាព​ញញើត និង​មិនទាន់​ហូប​សាច់​ជ្រូក​ទេ។ អ្នកខ្លះ នៅ​បន្ត​បរិភោគ សាច់​មាន់ សាច់​ទា សាច់​ត្រី ដដែល​សិន រង់​ចាំ​មើល​ស្ថានភាព​ជំងឺ​ប៉េស្ត​ជ្រូក បាត់​ទាំងស្រុង ទើប​ជឿជាក់ ហ៊ាន​បរិភោគ​ឡើងវិញ។

ពលរដ្ឋ​បាន​នាំគ្នា​ផ្អាក​ហូប​សាច់​ជ្រូក ដោយ​ខ្លួនឯង នៅ​ទូទាំង​ប្រទេស តាំង​ពី​ដើម​ខែ​កក្កដា​មក ដោយសារ​ជ្រូក នៅ​កសិដ្ឋាន និង​តាម​ទ្រុង​ចិញ្ចឹម របស់​ពលរដ្ឋ​ចំនួន​៥​ខេត្ត កើត​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ខេត្ត​ទាំង​៥ ដែល​មាន​ជ្រូក​កើត​ជំងឺ​ប៉េស្ត សុទ្ធតែ​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម គឺ ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ កណ្ដាល តាកែវ និង​ខេត្ត​ស្វាយរៀង។

នៅ​កំឡុង​ពេល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​កម្ពុជា គឺ​ដើមខែ​កក្កដា អាជ្ញាធរ​បាន​រឹបអូស​ជ្រូក​ជ្រូក​ជាង​២​ពាន់ (.១៤០)​ក្បាល របស់​កសិករ ទៅ​សម្លាប់ចោល​ដោយ​គ្មាន​សំណង ព្រោះ​សំអាង​ថា របប​ក្រុងភ្នំពេញ មិនបាន​យកពន្ធ​ពី​អ្នក​ចិញ្ចឹម​ជ្រូក ដូច្នេះ​របប​នេះ គ្មាន​សំណង​ឱ្យ​កសិករ​វិញ​ទេ។

បើ​ទោះ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ មិន​ហ៊ាន​ប្រាប់​ថា មូលហេតុ​ជំងឺ​ប៉េស្ត​ជ្រូក​នេះ បាន​ឆ្លង​មកពី​ប្រទេស​វៀតណាម​ក៏ដោយ តែ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន នៅ​ខែ​កក្កដា បាន​សរសេរ​លិខិត​ស្នើ​ឱ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ចាត់វិធានការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ជ្រូក និង​ផលិតផល​សាច់​ជ្រូក នាំចូល​ពី​ប្រទេស​វៀតណាម។

ពលរដ្ឋ និង​អ្នក​ជំនាញ​កសិកម្ម បាន​ទម្លាក់កំហុស​នៃ​ការ​ឆ្លង​រាលដាល ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ពី​ប្រទេស​វៀតណាម​ថា ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថ​កិច្ចការពារ​ព្រំដែន​។ ពួកគេ​ចោទ​ថា ឥទ្ធិពល​នៃ​អំពើពុករលួយ គឺជា​មូលហេតុ​ចម្បង បង្ក​ឱ្យ​ជំងឺ​សាហាវ​នេះ ឆ្លង​ចូល និង​គំរាមកំហែង​ពលរដ្ឋ​ទូទាំង​ប្រទេស។

ទោះ​ពលរដ្ឋ​ខ្លះ ចាប់ផ្ដើម​ហូប​សាច់​ជ្រូក​ឡើងវិញ ក៏​មន្ត្រី​របប​ក្រុងភ្នំពេញ នៅ​បន្ត​ធ្វើ​កម្មវិធី ហូប​ជ្រូក​ខ្វៃ តាម​ទី​សាធារណៈ ឱ្យ​ពលរដ្ឋ​មើល​ដដែល​ដែរ​។ អភិបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត កាប់​ជ្រូក​ខ្វៃ​១០​ក្បាល ចែក​គ្នា​ហូប នៅ​ទីតាំង​រង្វង់​មូល​ទុរេន ក្នុង​ក្រុង​កំពត ដើម្បី​លើកទឹកចិត្ត​ឱ្យ​កសិករ​ខិតខំ​ចិញ្ចឹម​ជ្រូក​ឡើងវិញ។

ចំណែក​ប្រតិភូ​របប​ក្រុងភ្នំពេញ ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក តាន់ ផាន់ណារ៉ា ក៏​ដឹកនាំ​មន្ត្រី​ថ្នាក់​ជាតិ ចូលរួម​ស្ទើរ​គ្រប់​កម្មវិធី​ពិសា​សាច់​ជ្រូក​ខ្វៃ និង​ចែក​សម្ភារ ថ្នាំ​សម្លាប់​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​តាម​ខេត្ត​នានា​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កសិកម្ម​កម្ពុជា លោក ហេង ជឿន សង្កេត​ឃើញ​ថា បើ​ទោះ​ពលរដ្ឋ​ខ្លះ​នាំគ្នា​បរិភោគ​សាច់​ជ្រូក​ឡើងវិញ​មែន តែ​ការ​បរិភោគ​នៅ​មាន​កម្រិត និង​មិនទាន់​ជឿជាក់​ទាំងស្រុង​ទេ​។ ចំណែក​កសិករ​ចិញ្ចឹម​ជ្រូក​វិញ មួយ​ចំនួន​លែង​ហ៊ាន​ចិញ្ចឹម​ជ្រូក​ឡើងវិញ​ហើយ ដោយសារ​ខាតដើម​ខាតចុង​ច្រើនពេក​។ លោក​ថា កសិករ​ខ្លះ កំពុង​វ័ណ្ឌក នឹង​បំណុល​ធនាគារ​នៅឡើយ ព្រោះ​បាន​ខ្ចី​លុយ​ធនាគារ យក​ទៅ​ធ្វើ​ទ្រុង ទិញ​ជ្រូក​ពូជ យក​មក​ចិញ្ចឹម និង​ចំណាយ​ទៅលើ​ថ្លៃ​ចំណី​ជាដើម​។ តែ​លទ្ធផល គឺ​ពួកគេ មិនបាន​លក់​ជ្រូក​ចេញ​ទេ ដោយសារ​ជ្រូក​ឆ្លង​ជំងឺ​។ លោក​បន្ត​ថា តាម​ការ​ចុះ​ស៊ើបអង្កេត​ជាក់ស្ដែង លោក​រក​ឃើញ​ថា នៅតែ​មានការ​លួច​នាំចូល​ជ្រូក តាម​ច្រក​របៀង ដោយ​ខុសច្បាប់​ដដែល៖ «យើង​ដូចជា​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ជាក់លាក់​។ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ ឃើញ​ហ្នឹង ឃើញ​ជ្រូក​នៅតែ​នាំ​ចូល​មក​ទាំង​ឡានៗ ដដែល​ណា។ យើង​ឃើញ​ផ្ទាល់​តែម្ដង​ណា»

លោក ហេង ជឿន យល់ថា ការ​នាំគ្នា​បរិភោគ​ជ្រូក​ខ្វៃ​ឱ្យ​ពលរដ្ឋ​មើល ជា​ចលនា​បំផុស​មួយ​ល្អ តែ​អាជ្ញាធរ​គួរ​នាំគ្នា ធ្វើ​យុទ្ធនាការ​ត្រួតពិនិត្យ ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ឈឺ ពី​ប្រទេស​វៀតណាម តាម​ច្រក​ស្របច្បាប់ និង​ច្រក​ខុសច្បាប់ ទើប​ជា​ការ​ល្អ​ប្រសើរ និង​ជា​ដំណោះស្រាយ​ល្អ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត បរិភោគ​សាច់​ជ្រូក​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល