សមត្ថកិច្ច​ថៃ​ពិនិត្យ​តឹងតែង​លើ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ បន្ទាប់​ពី​មាន​បុរស​ខ្មែរ​ម្នាក់​​ផ្ទុក​មេរោគ​កូវិដ​១៩

ដោយ ទីន ហ្សាការីយ៉ា
2020-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពេទ្យ​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​វាស់​កម្ដៅ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខាង​ទឹក​ដី​ថៃ​ទល់​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ២០២០។
ពេទ្យ​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​វាស់​កម្ដៅ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខាង​ទឹក​ដី​ថៃ​ទល់​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ២០២០។
រូប៖ ប្រជាពលរដ្ឋ

សមត្ថកិច្ច​ថៃ​​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​លើ​អ្នក​ធ្វើ​ដំណើរ​នៅ​ព្រំដែន​ខាង​ទឹក​ដី​ថៃ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បន្ទាប់​ពី​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ឆ្លង​ ជំងឺ​កូវិដ​១៩​ នៅ​ខេត្ត​សៀមរាប។ អ្នក​ធ្វើ​ដំណើរ​អះអាង​ថា ការ​ត្រួតពិនិត្យ​នេះ​ ប្រសិន​បើ​​​​គេ​រក​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ណា​​​គ្រុន​កម្ដៅ​ខ្លាំង​ខុស​ប្រក្រតី​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រទេស​ថៃ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក ឌិន ពុទ្ធី ថ្លែង​រសៀល​ថ្ងៃ​ទី៨ មីនា​ថា​ អាជ្ញាធរ​ថៃ​​បាន​ដាក់​មន្ត្រី​ពេទ្យ​និង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ជា​ច្រើន​នាក់​​​​ប្រចាំ​ការ​ត្រួតពិនិត្យ​អ្នក​ដំណើរ​នៅ​មាត់​ច្រក​ព្រំដែន​ខាង​ទឹកដី​ថៃ​ ទល់​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។លោក​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ​​​លោក​បាន​ធ្វើ​ដំណើរ​​ទៅ​ស្រុក​អារញ្ញ​ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​​របស់​ថៃ ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​កាន់​​​ឧបករណ៍​ពេទ្យ​​ពិនិត្យ​នៅ​លើ​ថ្ងាស​របស់​លោក​​ ដើម្បី​រក​មេរោគ​កូវិដ​១៩​ មុន​នឹង​​អនុញ្ញាត​ឱ្យ​ចូល​ទៅ​​​ប្រទេស​ថៃ៖ «បើ​និយាយ​ទៅ​វា​កាន់​តែ​តឹង​ទៅ​ កាល​ពី​មុន​អត់​សូវ​តឹង​តែង​អីចឹង​ទេ​ ដល់​តែ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​មក​ ដូច​នេះ​ជាក់​ស្ដែង​គឺ​គេ​បន្តឹង​ខ្លាំង។​ចង់​និយាយ​ថា​គេ​ស្កេន​​គ្រប់​មនុស្ស​ទាំង​អស់​ អ្នក​ដែល​ជិះ​ម៉ូតូ​និង​ឡាន​គឺ​គេ​ស្កេន​គ្រប់​គ្នា​ទាំង​អស់ ព្រោះ​ចូល​ទៅ​ថៃ​មាន​ផ្លូវ​ដើរ​និង​មាន​ផ្លូវ​ឡាន​និង​ម៉ូតូ»

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ លោក ឃុន ឃៀន ​​ប្រាប់​អាស៊ី​សេរី​ថា ​​សមត្ថកិច្ច​ថៃ​ពិនិត្យ​តឹងតែង​​​ច្រក​ព្រំដែន​នេះ​​ ប្រហែល​១០​ថ្ងៃ​ហើយ ​ក៏​ប៉ុន្តែ​​ទើប​តែ​ថ្ងៃ​ទី​៨​នេះ​ទេ​ មាន​ការ​​តឹង​តែង​ជាង​មុន​ ពីព្រោះ​អ្នក​ជិះរថយន្ត​និង​ម៉ូតូ​ត្រូវ​ត្រួតពិនិត្យ​​ម្ដង​ម្នាក់​គ្រប់​គ្នា រីឯ​អ្នក​​ដើរ​ថ្មើរជើង​ គឺ​​គេ​មាន​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​ ហើយ​មាន​សមត្ថកិច្ច​ថៃ​អង្គុយ​ចាំ​មើល ប្រសិន​បើ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ឡើង​កម្ដៅ​ខ្លាំង​នោះ​គេ​នឹង​មិន​ឱ្យ​ចូល​ទៅ​ប្រទេស​ថៃ​ឡើយ​ ព្រោះ​ខ្លាច​មាន​មេរោគ​ផ្លូវ​ដង្ហើម​ ឬ​ កូវិដ​១៩៖ «នៅ​ខាង​ថៃ​នេះ​ក៏​គេ​មាន​ថ្នាំ​បាញ់​សម្លាប់​មេរោគ​ទៅ​លើ​រថយន្ត​ឆ្លងដែន​ដែរ​ ​គឺ​គេ​មិន​ឱ្យ​​មេរោគ​ផ្លូវ​ដង្ហើម​​ចូល​ទៅ​ដល់​ប្រទេស​គេ​ទេ។ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់​នៅ​ខាង​គេ​មាន​ការ​ត្រួតពិនិត្យ​តឹងតែង​ ខ្លាច​មេរោគ​នេះ​មាន​អីចឹង​ទៅ​គេ​អាច​យក​យើង​ទៅ​ព្យាបាល​យើង​កុំ​ឱ្យ​ឆ្លង​ទៅ​គ្នា​ច្រើន​ទៀត​ ដល់​ពេល​ខាង​ខ្មែរ​អត់​មាន​ទេ​ អីចឹង​ខ្ញុំ​ខ្លាច​ណាស់​ខ្លាច​ឆ្លង​តគ្នា​ពី​មួយ​ទៅ»

ពលរដ្ឋ​ទាំង​២​នាក់​នេះ​បន្ត​ថា ពួក​គេ​មិន​តូច​ចិត្ត ចំពោះ​សមត្ថកិច្ច​ថៃ​ពិនិត្យ​តឹងតែង​នោះ​ទេ ក៏​ប៉ុន្តែ​ពួកគេ​សោកស្ដាយ ដែល​​អាជ្ញាធរ​ខ្មែរ​មិន​បាន​ពិនិត្យ​​សុខ​ភាព​អ្នក​ដំណើរ​ឱ្យ​បាន​តឹងតែង​​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ដូច​ខាង​ប្រទេស​ថៃ​ ហើយ​បណ្ដោយ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពីប្រទេស​ថៃ​ចូល​មក​កម្ពុជា​បាន​ដោយ​សេរី។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អនុប្រធាន​នគរ​បាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ឆោម ភ័ព្វ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៨ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អាស៊ី​សេរី​ក៏​បាន​ព្យាយាម​ទាក់​ទង​ប្រធានគណៈកម្មការ​ត្រួតពិនិត្យ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​លោក​ វួច​ អូន ទៀត​​​ ក៏​នៅ​តែ​​ពុំ​មាន​ការ​ឆ្លើយ​តប​ដដែល ដោយ​លោក​ប្រាប់​​ថា ស្ដាប់​មិន​បាន៖ «បាទៗ! ខ្ញុំ​ស្ដាប់​អត់​សូវ​បាន​ទេ​បង ឮ​ដាច់ៗ ខ្ញុំ​នៅ​ឯ​ណេះ​បាទ

​​ថ្មីៗ នេះ​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុន​ហេង​ និង​ ក្រសួង​ទេសចរ​ លោក ថោង ខុន​សុទ្ធតែ​បាន​អះអាង​ថា​ កម្ពុជា​បាន​ដាក់​​ម៉ាស៊ីន​ត្រួតពិនិត្យ​​​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ប្រលានយន្តហោះ​ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​សំខាន់ៗ​រួច​ហើយ​ ដើម្បី​ពិនិត្យ​រក​មេរោគ​កូវិដ​១៩ នោះ។

កាសែត​ថៃ​រ័ត្ន​របស់​ថៃ ចុះ​ផ្សាយ​នៅ​​ថ្ងៃ​ទី​៨​មីនា​ថា សមត្ថកិច្ច​ថៃ​​​បាន​យក​ម៉ាស៊ីន​ពិនិត្យ​មេរោគ​ផ្លូវ​ដង្ហើម​ និង​ឧបករណ៍​វាស់​កម្ដៅ​​លើក​ខ្លួន​មនុស្ស​ ដើម្បី​​​​ត្រួតពិនិត្យ​​​យ៉ាង​តឹងតែង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​​នៅ​ផ្សារ​រ៉ុង​ក្លឿ​ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងដែន​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​ក្លង​លឹក (Khlorng leuk) ជាប់​ព្រំដែន​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ពិនិត្យ​ឃើញ​ អ្នក​​ណា​ម្នាក់​មាន​កម្ដៅ​ឡើង​ខុស​ប្រក្រតី គឺ​សមត្ថកិច្ច​ថៃ​នឹង​​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រទេស​ថៃ​ឡើយ ហើយ​បញ្ជូន​ពួក​គេ​ឱ្យ​ត្រឡប់​ទៅ​​ពិនិត្យ​សុខភាព​​​​នៅ​កម្ពុជា​វិញ រហូត​មាន​លិខិតបញ្ជាក់​ពី​មន្ទីរ​ពេទ្យ​ខ្មែរ​មក គ្មាន​មេរោគ​ផ្លូវ​ដង្ហើម​ ឬ​ជំងឺ​កូវិដ​១៩​ នោះ​ទេ ទើប​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រទេស​ថៃ​បាន ។ ​​ប្រភព​ដដែល​បន្ត​ថា​ ​ការ​ពិនិត្យ​តឹងតែង​នេះ​ ដោយសារ​តែ​​​​ក្រសួង​សុខាភិបាល​របស់​កម្ពុជា​ បាន​រក​ឃើញ​​បុរស​ខ្មែរ​ម្នាក់ វ័យ ៣៨ឆ្នាំ មាន​មេរោគ​បង្ក​ជំងឺ​កូវិត១៩ (COVID19) ដែល​ឆ្លង​ពី​​ជនជាតិ​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៧​មីនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល