លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៤ វិច្ឆិកាថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទី៣ ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញ លោកមានជំងឺកូវីដ-១៩ (Covid-19) នោះទេ។ លោកថា ទោះបីជាលោក និងភរិយា រួមទាំងអ្នកនៅជុំវិញលោកគ្មានជំងឺ កូវីដ១៩ នៅពេលនេះក្តី ប៉ុន្តែ លោកនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ ជាថ្ងៃដែលលោកត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដើម្បីបញ្ជាក់ថា លោកមាន ឬគ្មានជំងឺកូវីដ-១៩។ ស្របពេលដែលលោក ហ៊ុន សែន អះអាងដូច្នោះ ក្រសួងសុខាភិបាលក៏អះអាងថា មនុស្សជិត ១.១៩៥នាក់ ក៏បានធ្វើតេស្តលើកទី៣ ហើយក៏រកមិនឃើញមានជំងឺកូវីដ-១៩ ដែរ។ ក្រសួងនឹងបន្តពិនិត្យសំណាកនៅសល់ចំនួន ១០៥ទៀត ថ្ងៃនៅអាទិត្យទី១៥ ខែវិច្ឆិកានេះ។
ចាប់តាំងពី រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Péter Szijjártó) មកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ វិច្ឆិកាមក មានមន្ត្រី តំណាងរាស្ត្រ និងអង្គរក្ស ចំនួន ៤នាក់ ដែលប៉ះពាល់ផ្ទាល់នឹង លោក ភីធើស៊ីចាតូ បានកើតជំងឺកូវីដ-១៩។ ពលរដ្ឋ និងគណបក្សប្រឆាំង បានរិះគន់របបលោក ហ៊ុន សែន ដែលបានស្នើគណៈប្រតិភូបរទេស កុំពាក់ម៉ាស់ ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា ទើបបណ្ដាលឲ្យ កើតជំងឺនេះនៅកម្ពុជា។ ទោះបីជាយ៉ាងណា ក្រសួងការបរទេសហុងគ្រីថា គ្មាននរណាអាចបញ្ជាក់បានថា អ្នកណាចម្លងជំងឺកូវីដ១៩ នេះ ពីអ្នកណាឲ្យប្រាកដនោះទេ។
នៅថ្ងៃទី១៤ វិច្ឆិកា ក្រសួងសុខាភិបាល ក៏បានធ្វើតេស្តរកឃើញ បុរសជនជាតិអាមេរិក ម្នាក់អាយុ ៦៩ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី។ បុរសរូបនេះ គឺជាអ្នកដំណើរមកពីអាមេរិក ហើយមកដល់កម្ពុជាថ្ងៃទី១៣ វិច្ឆិកា។ ចំណែកអ្នករួមដំណើរចំនួន ៧០នាក់ផ្សេងទៀត ធ្វើតេស្តមិនមានជំងឺកូវីដ១៩ ទេ ហើយក្រសួងកំពុងដាក់ពួកគេ ឲ្យធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារ ២៣កន្លែង និងនៅមណ្ឌលទ័ពអាកាស។
គិតត្រឹមថ្ងៃទី១៤ វិច្ឆិកានេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩កើនដល់ ៣០២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ២៨៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន ១៣នាក់ ហើយមិនទាន់មានករណីស្លាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។