ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ដំណើរ​ជនជាតិ​អង់គ្លេស​ពីរ​នាក់​បន្ថែម​ទៀត​ផ្ទុក​ជំងឺ​កូវីដ-១៩

ដោយ អាស៊ីសេរី
2020-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាវា វីគីង គ្រូស ជ្យូណី (Viking Cruise Journey) ដែល​ដឹក​អ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម ហើយ​ក្រសួងសុខាភិបាល​ធ្វើតេស្ត​រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​វីរុស​បង្ក​ជំងឺ​កូវីដ-១៩ ចំនួន ៣នាក់ គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។
នាវា វីគីង គ្រូស ជ្យូណី (Viking Cruise Journey) ដែល​ដឹក​អ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម ហើយ​ក្រសួងសុខាភិបាល​ធ្វើតេស្ត​រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​វីរុស​បង្ក​ជំងឺ​កូវីដ-១៩ ចំនួន ៣នាក់ គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពី​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល

ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ពីរ​ករណី​បន្ថែម​ទៀត ​ក្នុង​ចំណោម​អ្នក​ដំណើរ ៦០នាក់ ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) ដែល​ចាក​ចេញ​ពី​ប្រទេស​វៀតណាម ហើយ​បាន​ចូល​ចត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម។ អ្នក​ជំងឺ​ទាំង​ពីរ​នាក់​នោះ​ជា​ជន​ជាតិ​អង់គ្លេស និង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ជា​ប្តី មាន​អាយុ ៧៣ឆ្នាំ និង​ប្រពន្ធ​មាន​អាយុ ៦៩ឆ្នាំ ។ ការ​រក​ឃើញ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩ បន្ថែម​ទៀត​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​វត្ថុ​វិភាគ​របស់​អ្នក​ដំណើរ​លើ​នាវា វ៉ាយឃីង គូ្រស ជ្យូណី ចំនួន ៥៩នាក់ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ ជា​លទ្ធផល​គេ​រក​ឃើញ​មាន​វិជ្ជមាន​មេរោគ​កូរ៉ូណា​ថ្មី​ពី​នាក់​ប្ដី​ប្រពន្ធ​នេះ​បន្ថែម​ទៀត​។ បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម ដើម្បី​តាម​ដាន​សុខភាព​បន្ត ​ទៀត។

ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម លោក​វេជ្ជបណ្ឌិត គឹម សួរភិរុណ ​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​ អ្នក​ជំងឺ​ទាំង​ពីរ​នាក់ ​នៅ​មាន​សុខភាព​ធម្មតា ​ហើយ​លោក​ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ ឬ​ការ​ស្នើ​សុំ​ឲ្យ​ បញ្ជូន​អ្នកជំងឺ​ទាំងពីរ​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ៖ «ស្ថានភាព​ធម្មតា ហើយ​អត់​មាន​រោគ​សញ្ញា​អី​ប្លែក​ទេ ហើយ​ពួក​គាត់​កំពុង​តែ​សម្រាក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម ហើយ​មាន​សម្ភារៈ​ការពារ​រួច​ហើយ»

គិត​មក​ដល់​ពេល​នេះ​ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​លើ​នាវា វ៉ាយឃីង គូ្រស ជ្យូណី (Viking​ Cruise​ Journey) សរុបចំនួន ៣នាក់ហើយ សុទ្ធតែ​ជា​ជនជាតិ​អង់គ្លេស។ ស្ត្រី​ជនជាតិ​អង់គ្លេស ដែល​រក​ឃើញ​វិជ្ជមាន កូវីដ-១៩ ដំបូង​គេ កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា គឺ​អាយុ​៦៥​ឆ្នាំ ហើយកាលពីល្ងាចថ្ងៃទី១១ ខែ​មីនា ក្រសួង​សុខាភិបាល​បាន​បញ្ជូន​ស្ត្រី​ម្នាក់​នោះ  ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​ម្នាក់​ជា​ស្រ្តី​អ្នក​បក​ប្រែ និង​ម្នាក់​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី ធ្លាប់​ដឹក​ស្ត្រី​អង់គ្លេស​រូប​នោះ លទ្ធផល​ធ្វើ​តេស្ត​របស់​ពួក​គេ​បង្ហាញ​ថា អវិជ្ជមាន ហើយ​គ្រូ​ពេទ្យ​អនុញ្ញាត​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន​ជា​​បន្ត​ទៀត​ផង​ដែរ។

(កណ្ដាល​ឆ្វេង) លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង (កណ្ដាល​ស្ដាំ) អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ២០២០។
(កណ្ដាល​ឆ្វេង) លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង (កណ្ដាល​ស្ដាំ) អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ២០២០។ Photo Provided

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​លោក ​លី ​សូវ៉ាន់ ​និង​អ្នកស្រី ឱ វណ្ណឌីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

នាវា​ទេសចរណ៍ ​ វ៉ាយឃីង ​គូ្រស​ជ្យូ​ណី​ (Viking​ Cruise​ Journey​)​ ​ផ្ទុក​ភ្ញៀវ​ទេសចរណ៍ ​និង​បុគ្គលិក​នាវា​ចំនួន ​៦០​នាក់ ដោយ​ធ្វើដំណើរ​ចេញ​មកពី​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ហើយ​​មក​​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា និង​បាន​ហួស​ទៅ​ចូល​ចត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​។

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម និង​ត្បូង​ឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា ​ក្រោយ​ពី​អាជ្ញាធរ​ជំនាញ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​លើ​អ្នក​ទេសចរណ៍​បរទេស​ក្នុង​ខេត្ត​កំពង់ចាម​ជា​បន្តបន្ទាប់ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​សុខភាព​ដូច​ពលរដ្ឋ​ក្នុង​ខេត្ត​ផ្សេងៗ ដែរ។ លោក ​សង្កេត​ឃើញ​ថា ​គ្រួសារ​នីមួយៗ បាន​នាំ​គ្នា​ទិញ​ស្បៀង​អាហារ​ស្តុក​ទុក ​ដើម្បី​ចៀសវាង​ការ​ទៅ​ផ្សារ​ញឹកញាប់ និង​កាត់​បន្ថយ​ហានិភ័យ​ ប៉ុន្តែ​ពួក​គេ ​រអ៊ូរទាំ​ថា​ ទំនិញ​គ្រប់​យ៉ាង​ឡើង​ថ្លៃ ​ហើយ​អាជ្ញាធរ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​គ្នា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត ​ដល់​ពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ ​និង​របៀប​ការពារ​សុខភាព ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ៖ «ឥឡូវ​នេះ​ក្នុង​ក្រុង​ក្នុង​ខេត្ត​អី គឺ​គាត់​បាន​ជ្រួតជ្រាប​អស់​ហើយ តែ​នៅ​តាម​មូលដ្ឋាន​តំបន់​ដាច់​ស្រយាល គឺ​យើង​បារម្ភ​ខ្លាច​គាត់​អត់​ធ្វើ​អនាម័យ​ខ្លួន​ឯង ឲ្យ​បាន​ល្អ​ប្រសើរ​ទៅ​តាម​អ្វី​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ ។ មួយ​ទៀត​កុមារ​តូចៗ នៅ​តាម​សាលា​រៀន ក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ជូន​កាល​បាន​ណែនាំ​តាម​សាលា​ដល់​អ្នក​គ្រូ លោក​គ្រូ​ហើយ ប៉ុន្តែ​ក្មេងៗ មិន​សូវ​ចាប់​អារម្មណ៍។ សូម​ក្រសួង​អប់រំ និង​ឪពុក​ម្តាយ ជួយ​បង្ហាត់​ក្មេង​ឲ្យ​ចេះ​អនាម័យ​លាង​ដៃ​ពេល​ទៅ​សាលា ក្រោយ​ចេញ​ពី​សាលា និង​ពេល​ចេញ​ពី​បង្គន់»

មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន ​៥​ករណី​ហើយ​ ក្នុង​នោះ​មាន ១ករណី​កើត​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ​ ៣៨​ឆ្នាំ កំពុង​ដាក់​ព្យាបាល​ក្នុង​មន្ទីរ​បង្អែក​ខេត្ត​សៀមរាប។

កាល​ពី​ថ្ងៃ​ទី១១ ​ខែ​មីនា ​អង្គការ​សុខភាព​ពិភព​លោក​ បាន​ប្រកាស​ចាត់​ទុក​ជំងឺ​កូវីដ-១៩ ថា ជា​ជំងឺ​រាតត្បាត​សកល ​។

គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​លើ​ពិភពលោក​សរុប​ឡើង​ដល់​ជាង ១២ម៉ឺន ៦ពាន់​នាក់ (១២៦.៣៩២​នាក់) រីឯ​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ៤ពាន់ ៦រយ​នាក់ (.៦៣៩​នាក់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

stya far away from tmil Hun Sen and his cronies....remember PREVENTION RATHER THAN TREATMENT and blessing u all safe...

All Cambodian pple must stay far away from tmil Hun Sen and his cronies and among hug human population,because this deadly virus contracted from person to person,if u pple stay far away from each other,there is very less chance for virus infectious.Don't risk yourself to hang around with any tmil Hun Sen's govm'ts,take care yourself and your family first and spread all this news in your messenger live pass to everybody else must take a high red alert and stay safe.This tmil govm't can't help u and your pple,so everybody have to take by their own hands to prevent this deadly virus that comrade Hun Sen exported from Wuhan city of coronavirus outbreak.

Mar 13, 2020 01:55 PM

គេហទំព័រ​ទាំងមូល