លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្នែករៀងៗខ្លួន ជាបន្តបន្ទាប់នៅគ្រាដែលអង្គរក្សម្នាក់របស់លោក ហ៊ុន សែន ដែលបានការពាររដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី (Hungary) កើតជំងឺកូវីដ-១៩។ ចំណែក អ្នកដែលប៉ះពាល់ផ្ទាល់ ឬពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីជិត ៩០០នាក់ ទៀត កំពុងធ្វើចត្តាឡឺស័ក និងធ្វើតេស្តតាមដានជំងឺនេះជាបន្តបន្ទាប់។
ក្ដីបារម្ភនេះ បន្ទាប់មានសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ វិច្ឆិកា ថា អង្គរក្សរបស់លោកម្នាក់ដែលបានការពាររដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ត្រូវបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែតែលោកមិនបានបញ្ជាក់ថា មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាផ្សេងទៀត ឬរួមទាំងលោកផងដែលបានចាប់ដៃជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ហុងគ្រី នោះ មានជំងឺកូវីដ-១៩ ទេ។ បើទោះជាបែបនេះក្ដី លោក ហ៊ុន សែន ថា លោកនឹងមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ន ឬរាំងខ្ទប់ដំណើរចេញចូលរបស់ពលរដ្ឋនៅឡើយទេ ក្រៅពីនេះ លោកអំពាវនាវឲ្យប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស ហុងគ្រីជិត ៩០០នាក់ បន្តធ្វើចត្តាឡឺស័កនិងធ្វើតេស្ត ឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកនៅជុំវិញខ្លួន ដើម្បីបង្ការការផ្ទុះរីករាលដាលចូលក្នុងសហគមន៍៖ «សូមរួមគ្នាពាក់ម៉ាស់ រៀបចំអនាម័យ ក្នុងរយៈពេល២អាទិត្យខាងមុខនេះ មុនពេលចេញលទ្ធផលបន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់ ដែលខ្ញុំចាត់ទុកថា នេះជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសរបស់យើង។ ខ្ញុំសង្ឃឹមថា យើងនឹងជម្នះបាននូវការលំបាក នៅក្នុងកាលៈទេសៈ ដែលសភាពការណ៍តម្រូវឲ្យយើងត្រូវចាត់វិធានការចាំបាច់ដោយខានមិនបាន»។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វ៊េសបុកនៅថ្ងៃទី៧ វិច្ឆិកាថា មកដល់ថ្ងៃទី៤ នៃការធ្វើចត្តាឡឺស័ករបស់លោក និងគ្រួសារ លោកផ្ទាល់ពុំមានឃើញមានសញ្ញាណាមួយខុសប្រក្រតីនៅឡើយ។ តែទោះយ៉ាងនេះក្តី លោកបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តតាមការកំណត់ផ្នែកសុខាភិបាលដែលលោកនឹងធ្វើតេស្តជាលើកទី២ ទៀត នៅថ្ងៃទី៩ វិច្ឆិកា។ លោកសង្ឃឹមថា លទ្ធផលតេស្តនឹងអវិជ្ជមានបន្តទៀត។
អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា ចំនួនជិត ៩ រយ (៨៨៩)នាក់ ដែលរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារផង ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡឺស័ក ដើម្បីតាមដានអាការៈ និងតេស្តសុខភាព។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ផ្ញើសារតាមប្រព័ន្ធតេឡេក្រាមប្រាប់អាស៊ីសេរីថា លោកមានសុខភាពធម្មតា មិនមានអាការប្លែកអ្វីនោះទេ ក្នុងពេលលោកដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនេះ។ លោកថា អ្នកធ្វើការក្នុងផ្ទះលោកក៏មានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ ស្រោមដៃ លាងដៃ ជាមួយសាប៊ូ និងអាល់កុល ញឹកញាប់ រួមទាំងរក្សាគំលាតត្រឹមត្រូវ។ លោកបញ្ជាក់ថា មកដល់ពេលនេះគ្មានមន្ត្រី ឬបុគ្គលិកណាក្នុងក្រសួងលោក មានបញ្ហាទេ។
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៧ វិច្ឆិកា បន្ទាប់ពីសារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន ថា អង្គរក្សម្នាក់ដែលបានការពាររដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ត្រូវបានរកឃើញថា វិជ្ជមាននូវជំងឺកូវីដ-១៩ នោះ ស្រាប់តែប្រកាស កំណត់យកទីតាំងធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃ សម្រាប់អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលទាំងអស់ ដែលពុំមានលទ្ធភាពធ្វើចត្តាឡឺស័កដោយខ្លួនឯង អាចទៅធ្វើចត្តាឡឺស័កចាប់ពីនៅថ្ងៃទី៨ វិច្ឆិកា នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមដែរ ដោយបញ្ជាឲ្យឪពុកម្ដាយ ឬអាណាព្យាបាលដែលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយគណៈប្រតិភូហុងគ្រី ដែលមានកូនចៅរៀននៅតាមគ្រឹះស្ថានសិក្សា ត្រូវផ្អាកបញ្ជូនកូនទៅរៀនជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីធ្វើចត្តាឡឺស័ក និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច រួមទាំងផ្ដល់ព័ត៌មានទៅគ្រឹះស្ថានអប់រំដើម្បីមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ជុំវិញបញ្ហានេះ ពលរដ្ឋម្នាក់រស់នៅខេត្តព្រះសីហនុ លោក សុន សុផាត ព្រួយបារម្ភថា ពីករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយសារតែប្រជាពលរដ្ឋឥឡូវគឺធ្វេសប្រហែសជាងមុន ពុំយកចិត្តទុកដាក់ក្នុងការការពារនោះទេ។ ម្យ៉ាងវិញទៀត លោករិះគន់ថា ក្រុមមន្ត្រីរដ្ឋាភិបាលគួរតែធ្វើជាគំរូដល់ពលរដ្ឋចំពោះការអនុវត្តស្តង់ដារអនាម័យ មិនគួរធ្វើផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលដូច្នេះឡើយ៖ «យើងតាមប្រជាសហគមន៍ក្រីក្រ យើងព្រួយបារម្ភណាស់ ពីបញ្ហារឿងទាំងអស់ហ្នឹង ពីព្រោះយើងនៅតាមជនបទហ្នឹង វាមិនមានគេហៅថា ការការពារ ការអីឲ្យបានគ្រប់គ្រាន់ទេ ពីព្រោះប្រជាពលរដ្ឋនៅតាមសហគមន៍ គាត់មិនសូវមានចំណេះដឹងហើយនិងយល់ដឹង ហើយណាមួយខាងរដ្ឋមន្ត្រីផ្សេងៗដែលបានទៅជួបជាមួយខាងរដ្ឋមន្ត្រីហុងគ្រីហ្នឹង គាត់សុទ្ធតែមានចំណេះដឹង គាត់ត្រូវតែធ្វើជាគំរូមួយសម្រាប់ឲ្យពលរដ្ឋទូទាំងប្រទេស ឬក៏សហគមន៍អីហ្នឹង តែគាត់បែរជាអត់គោរពតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល»។
រីឯប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការធ្វើតេស្តលើកទី០១ ដែលបង្ហាញថា ពុំមានជំងឺកូវីដ-១៩ គឺគ្រាន់តែជាព័ត៌មានបឋមដែលពុំទាន់ច្បាស់លាស់ប៉ុណ្ណោះ។ លោកថា ការធ្វើតេស្តលើកចុងក្រោយអំឡុងពេលធ្វើចត្តាឡឺស័ក ទើបអាចបញ្ជាក់បានថា មន្ត្រីឬអ្នកពាក់ព័ន្ធណាខ្លះ ដែលមាន ឬគ្មានជំងឺកូវីដ-១៩។ លោកបន្តថា រដ្ឋាភិបាលគួរតែធ្វើជាគំរូដល់អ្នកដទៃទៀត ក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដូចជាការពាក់ម៉ាស់ ការលាងដៃ ឬការរក្សាគម្លាតផ្សេងៗ ដើម្បីឲ្យពលរដ្ឋអនុវត្តតាម។
គិតត្រឹមថ្ងៃទី៧ វិច្ឆិកា ចំនួនអ្នកកើតជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសកើនដល់ចំនួន ២៩៥នាក់ ក្នុងនោះអ្នកជាសះស្បើយ ២៨៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។