ក្រសួង​បញ្ជូន​ស្ត្រី​អង់គ្លេស​ដែល​មាន​ជំងឺ​កូវីដ​ទៅ​ភ្នំពេញ និង​តាម​ដាន​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល

ដោយ ម៉ៅ សុធានី
2020-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​នាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ដឹកអ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម។
​នាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ដឹកអ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​សុខាភីបាល

ក្រសួង​សុខាភិបាល សម្រេច​បញ្ជូន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ (Covid-) ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុងភ្នំពេញ  ​ខណៈ​អ្នក​ធ្វើដំណើរ​ជាមួយ​ស្ត្រី​អង់គ្លេស​នោះ​ចំនួន ៥៩​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ចេញពី​នាវា​ទេសចរណ៍​ដែល​កំពុង​ចូល​ចត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​ឡើយ  ​ដើម្បី​រង់ចាំ លទ្ធផល​ធ្វើតេស្ត​រក​មេរោគ និង​តាមដាន​សុខភាព​បន្ត​ទៀត។ ស្រប​ពេល​គ្នា​នេះ ក្រសួង​សុខាភិបាល ប្រកាស​ថា កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ថែម​ទៀត​នោះ​ទេ។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចានដា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្រេច​ផ្ទេរ​ស្ត្រីជន ជាតិ​អង់គ្លេស រូប​នោះ ពី​មន្ទីរពេទ្យ​បង្អែក ខេត្ត​កំពង់ចាម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នោះ ដោយសារ​មន្ទីរពេទ្យ​នោះ មាន​លក្ខណៈ​ទំនើប និង​អាច​ជួយ​សម្រួល ដល់​ការ​ថែទាំ​អ្នកជំងឺ​បាន​ល្អ និង​ធ្វើតាម​យោបល់​របស់​សាម៉ី​ខ្លួន ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ថា មន្ទីរពេទ្យ​នោះ​ឈ្មោះ​អ្វី​នោះ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម លោក​វេជ្ជបណ្ឌិត គឹម សួរភិរុណ  ប្រាប់​អាស៊ីសេរី​ថា ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​វត្ថុ​វិភាគ​របស់​អ្នកដំណើរ លើ​នាវា​មួយគ្រឿង​ឈ្មោះ​លើ​នាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ចំនួន​៥៩​នាក់ ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប៉ុន្តែ​មកដល់​រសៀល ថ្ងៃ​ទី​១១ ខែ​មីនា មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ​។ លោក​បញ្ជាក់​ថា អាជ្ញាធរ ក៏​មិនទាន់​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះ​ចេញពី​នាវា​នោះ​ដែរ ដើម្បី​រង់ចាំ​លទ្ធផល​ធ្វើតេស្ត និង​តាមដាន​សុខ ភាព​បន្ត​ទៀត៖ «យើង​បាន​យក​វត្ថុ​វិភាគ​គាត់​ទៅ​ពិនិត្យមើល​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុង​ភ្នំពេញ ប៉ុន្តែ​យើង​រង់ចាំ​ពិនិត្យមើល​លទ្ធផល​។​លទ្ធផល អាច​ចេញ​នៅ​ថ្ងៃស្អែក»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ក្រសួង បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​៦៥​ឆ្នាំ ដែល​ធ្វើដំណើរ​តាម​នាវា វីគីង គ្រូសជ្យូណី មាន​ផ្ទុក ជំងឺ​កូវីដ​-១៩​។ នាវា​ទេសចរណ៍​មួយ​គ្រឿង​នេះ បាន​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​និង​បុគ្គលិក​នាវា​ចំនួន​៦០​នាក់ ដោយ​ធ្វើដំណើរ​ចេញ​មកពី​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ហើយ​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា និង​បាន​ហួស​ទៅ​ចូល​ចត​នៅ​រួម​ខេត្ត​កំពង់ចាម​។

លោក​វេជ្ជបណ្ឌិត គឹម សួរភិរុណ ឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ អង់គ្លេស​រូប​នោះ នៅ​មាន​សុខភាព​ល្អ​ធម្មតា​នៅ​ឡើយ៖ «មកដល់ពេលនេះ​ស្ថានភាព​សុខភាព​របស់​គាត់​នៅ​ធម្មតា​ទេ អត់​មានអី​ផង​»​។​

ក្រៅពី​ចាត់វិធានការ​ពិនិត្យ​តាមដាន​សុខភាព និង​ហាមឃាត់​មិន​ឱ្យ​អ្នកដំណើរ​លើ​នាវា​ឡើងលើ​គោក មន្ត្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ ក៏បាន​ចាត់វិធានការ​តាម រក​អ្នក​ធ្លាប់​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​អង់គ្លេស​នោះ​ដែរ ព្រោះថា ស្ត្រី​នោះ​ធ្លាប់​ចុះ​ពីលើ​នាវា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ថែមទាំង​បដិសេធ មិន​ឱ្យ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​ទៀត​ផង»

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ បាន​ប្រាប់​គេ​ទំព័រ​ថ្មីៗ​ថា នៅ​ថ្ងៃ​ទី​១១ ខែ​មីនា អាជ្ញាធរ បាន​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​ម្នាក់​ជា​អ្នកបកប្រែ​ភាសា និង​ម្នាក់ទៀត​ជា​អ្នក​រត់​ ឬ​ម៉ក​​ម៉ូតូ​កង់​​បី​ដឹក​ស្ត្រី​អង់គ្លេស​នោះ ហើយ​បាន​ដាក់​ពួកគេ​ឱ្យ​នៅ​ដាច់ដោយឡែក​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី ដើម្បី​ធ្វើតេស្ត​រក​មេរោគ និង​តាមដាន​សុខភាព រយៈពេល​ ១៤​ថ្ងៃ​។ លោក លី សូវ៉ាន់ ក៏​បាន​អះអាង​ថា ក្រៅពី​អ្នកបកប្រែ និង​អ្នក​រត់​រឺម៉ក​ម៉ូតូ​កង​បី​នោះ អាជ្ញាធរ​ក៏បាន​រកឃើញ​អ្នកមាន​ទំនាក់ទំនង​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​អង់គ្លេស​នោះ​មួយ​ចំនួន​ទៀត​ដែរ ប៉ុន្តែ​មិន​បញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​​​ឡើយ​។ លោក​បញ្ជាក់​ថា អ្នកមាន​ទំនាក់ទំនង​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​មិន​ត្រូវ​ដើរ​ហើរ​​ផ្ដេសផ្ដាស​ឡើយ។

មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន​៣​ករណី​ហើយ​។ ករណី​ទី​១​កើត​ឡើងលើ​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៦០​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល ជា​ហើយ​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​។ ករណី​ទី​២ កើត​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ​ ៣៨​ឆ្នាំ កំពុង​ដាក់​ព្យាបាល​ក្នុង​មន្ទីរ​បង្អែក​ខេត្ត​សៀមរាប និង​ករណី​ទី​៣ កើត​លើ​ស្ត្រី​អង់គ្លេ​ស ​អាយុ​ ៦៥​ឆ្នាំ ដែល​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម គឺ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល នៅ​រាជធានី​ភ្នំពេញ ។ ក្រសួង​សុខាភិបាល​អះអាង​ថា មិន​ទាន់​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា មាន​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នៅ​ឡើយ​​ទេ។

ទាក់ទង​នឹង​ស្ថានភាព​របស់​បុរស​ខ្មែរ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​សៀមរាប​នោះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប លោក ក្រុស សារ៉ាត់ បានទេ ដោយ លោក​ប្រាប់​ថា លោក​គ្មាន​តួនាទី​ឆ្លើយ​រឿង​នេះ​ជាមួយ​អ្នកសារព័ត៌មាន។ ការ​ឆ្លើយ​បែបនេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​ក្រសួង​សុខាភិបាល បាន​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​គ្រប់​ខេត្ត​ទាំង អស់ សម្រាប់​ឱ្យ​សាធារណជន​អាច​ទំនាក់ទំនង​សួរនាំ​អំពី​បញ្ហា​សុខភាព និង​បញ្ហា​ជំងឺ​កូវីដ​-១៩​៖ «អត់​បានទេ​! អត់​បានទេ​! ព្រោះ​ខ្ញុំ​អត់​មាន​សិទ្ធិ​ជា​អ្នកឆ្លើយឆ្លង​ជាមួយ​អ្នក​សារ​ព័ត៌មាន​​ទេ សូម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ស្តីពី​ «​សារព័ត៌មាន​ចំពោះ​មុខ​កូ​វីដ​-19 (Covid-19) ​និង​ព័ត៌មាន​ក្លែងក្លាយ​»  នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ថា អ្នកជំងឺ​ជនជាតិ​ខ្មែរ​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​នោះ មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំងអស់ គឺ​មាន​សុខភាព​ធម្មតា​។ ចំណែក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​សមាជិក​គ្រួសារ​របស់​បុរស​ខ្មែរ​នោះ ក៏​មិន​ទាន់​មាន​ការប្រែប្រួល​អ្វី​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​អាច​បណ្ដាល ឱ្យ​មាន​ការ​ឆ្លង​រាល​ដាល​​នៅ​ក្នុង​សហគមន៍។ លោក​បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​កម្ពុជា​នៅតែ​អនុញ្ញាត​ឱ្យ​ជនបរទេស មាន​ទាំង​ជនជាតិ​ចិន​ជាដើម បន្ត​ចេញចូល​កម្ពុជា​រាល់ថ្ងៃ ហើយ​រឿង​សំខាន់​មួយទៀត គឺ​រដ្ឋាភិបាល ទទួល​ស្គាល់​ថា មក​ទល់​ពេល​នេះ មិនទាន់​ប្រមូល​អ្នកមាន​ប្រវត្តិ​ធ្លាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ អស់​នៅឡើយ​ទេ​។ លោក​ស្នើសុំ​ឱ្យ​បន្ត​វិធានការ​ទប់ស្កាត់​និង​បង្ការ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស ​ត្រូវ​ប្រមូល និង​ពិនិត្យ​អ្នកណា​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ ដើម្បី​ធានា​ថា ពួកគេ​គ្មាន​មេរោគ​ក្នុង​ខ្លួន និង​មិនមែន​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យ​រីក​រាលដាល​ក្នុង​សហគមន៍៖ «ករណី​នៅតែ​មាន​មនុស្ស​ចេញ​ចូល​មក​កម្ពុជា ក៏​ជា​ចំណុច​ដែល​ត្រូវ​ពិនិត្យ​ និង​តាមដាន​ឱ្យ​បាន​ហ្មត់ចត់​ដែរ ហើយ​ឥឡូវនេះ សហគមន៍​នីមួយៗ គួរតែ​អនុវត្ត​វិធានការ​​ការពារ​​ទៅ​បរិបទ​សហគមន៍​របស់​ខ្លួន ដូចជា​ការប្រើប្រាស់​តួនាទី​របស់​មេ​សហគមន៍។ ឧទាហរណ៍​ តំបន់​ជនជាតិ​ដើម​ភាគ​តិច​​អ៊ីចឹង គឺ​មាន​មេ​សហគមន៍ មេឃុំ មេភូមិ ផ្សព្វផ្សាយ​ ឬក៏​មាន​នាទី​របស់​វត្ត​អារាម តួនាទី​របស់​សាលារៀន  ​ត្រូវ​វាយ​ជួង​ទូង​ស្គរ ដើម្បី​រំលឹក​ពលរដ្ឋ​មកពី​ធ្វើ​ការងារ វិញ ដូច្នេះ​ទាំងអស់​នេះ វា​អាច​ចូលរួម​បាន​ច្រើន​សម្រាប់​ការ​បង្ការ​កុំ​ឱ្យ​ឆ្លង​ពី​គ្នា​ទៅ​វិញ​ទៅ​មក»

គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​លើ​ពិភពលោក​សរុប​ឡើង​ដល់​ជាង ១១​ម៉ឺន ៩​ពាន់​នាក់ (១១៩. ១៣២​នាក់​) រីឯ​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ​៤​ពាន់ ២​រយ​នាក់ (.២៨៤​នាក់​)​។ មេរោគ​នេះ កំពុង​រីក​រាលដាល​ក្នុង​ដែនដី និង​ប្រទេស​ជាង​១១០ នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ ប្រទេស​ដែល​មាន​សន្ទុះ​ឆ្លង​រាលដាល​ខ្លាំង គឺ​ប្រទេស​ចិន ប្រទេស​អ៊ីតាលី ប្រទេស​អ៊ីរ៉ង់ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល