ចំនួន​អ្នក​ផ្ទុក​កើន​ឡើង​ដល់ ៥១​នាក់ ដោយ​មិនទាន់​រាប់ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស

ដោយ មួង ណារ៉េត និង ហេង រស្មី
2020-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

ប្រទេស​កម្ពុជា គិត​មក​ត្រឹម​ពេលនេះ មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ បួន​ករណី​បន្ថែម​ទៀត កើន​ឡើង​ដល់​៥១​នាក់ ក្រោយ​ក្រសួង​សុខាភិបាល ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី២០ ខែ មីនា រក​ឃើញ​ជនជាតិ​ម៉ាឡេស៊ី ១​នាក់ រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ជនជាតិ​ខ្មែរ​ចំនួន ៣​នាក់​ផ្សេងទៀត​រស់នៅ​ក្រុងភ្នំពេញ និង​ខេត្ត​បាត់ដំបង មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

បុរស​ជនជាតិ​ម៉ាឡេស៊ី នោះ​មាន​អាយុ​៣៩ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម។ ចំណែក​ឯ​បុរស​ជនជាតិ​ខ្មែរ​០៣​នាក់​ផ្សេងទៀត​នោះ មាន​អាយុ​ចាប់ពី​៣៣ ឆ្នាំ​ដល់​អាយុ​៤៨​ឆ្នាំ​។ អ្នក​ទាំង​បួន សុទ្ធតែ​អ្នក​បាន​វិលត្រឡប់​មកពី​ចូលរួម​ពិធី​តាម​បែប​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ទោះជា​ក្រសួងសុខាភិបាល​ប្រកាស​ថា មាន​ករណី​អ្នក​ផ្ទុក​ជំងឺ​នេះ ៥១ នាក់​នៅ​ពេល​នេះ ក៏ដោយ ក៏​ចំនួន​នៅ​មិនទាន់​រាប់បញ្ចូល​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួងការបរទេស ដែល​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​និយាយ​ក្នុង​សារ​បែក​ធ្លាយ​មួយ​កាលពីដើម​សប្ដាហ៍​នេះ​។ សារ​សំឡេង​នោះ ត្រូវ​បាន​លោក ហ៊ុន ម៉ានិត បញ្ជាក់​ប្រាប់​អាស៊ីសេរី ថា​ពិតជា​សំឡេង​របស់​លោក​មែន៖ «អគ្គនាយក​ម្នាក់​នៅ​ក្រសួងការបរទេស​បាន​ឆ្លង ហើយ​មុន​គាត់​មក​ហ្នឹង គាត់​ជួប​ជាមួយ​ទូត​យើង​និង​បាយ​ជាមួយគ្នា បន្ទាប់មក​គាត់​ជួយ​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​ម្នាក់​ដែល​គាត់​ការងារ​សកម្ម​ដែរ​។ ដូច្នេះ​ការ​រាលដាល​ច្រើន​ដែរ​។ ការ​រាលដាល​ច្រើន»

លោក ហ៊ុន ម៉ានិត អះអាង​ថា គ្មានអ្វី​ចម្លែក​ទេ ដែល​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​ឱពុក​របស់​លោក​ឆ្លង​ជំងឺ​នេះ ព្រោះ​នៅ​ប្រទេសក្រៅ​ក៏​មិន​ខ្វះ​មន្ត្រី​ជាន់​ខ្ពស់​ឆ្លង​ដូច​តែ​គ្នា​ដែរ។

ទោះជា​លោក ហ៊ុន ម៉ានិត ដែល​មាន​តួនាទី​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស ថា​រឿង​នេះ​គ្មាន​អ្វី​ចម្លែក​ក៏ដោយ អ្វី​ដែល​ចម្លែក​គឺ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​បរទេស ដែល​មាន​ផ្ទុក​ជំងឺ​នេះ ដូចជា​នៅ​សហរដ្ឋអាមេរិក កាណាដា និង​អង់គ្លេស​ជាដើម សុទ្ធតែ​ប្រកាសប្រាប់​ជា​សាធារណៈ ថា​ខ្លួន​ពិត​ជា​មាន​ផ្ទុក​មេរោគ​នេះ​មែន។

ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ានិត ធ្លោយ​មាត់​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​ផ្ទុក​ជំងឺ​នេះ លោក​ក៏បាន​រិះគន់​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ដែល​ឪពុក​លោក​ប្រឹង​ការពារ​នោះ​ដែរ៖ «ក្រសួងសុខាភិបាល​របស់​យើង អត់​ទាន់​មាន​ផែនការ​រួម​ទេ​។ មាន​ការ​ប្រជុំ​បន្ទាន់​មួយ​ដែរ ប៉ុន្តែ​អត់​មាន​ធ្វើ​អ្វី​ផង​។ ទម្លាក់​មក​ឲ្យ​ខាង​សន្តិសុខ​វិញ​។ បញ្ហា​ក្រសួង​ដែល​យើង​ហៅ​មក​លើក​មុន មកដល់ពេលនេះ គាត់​ខំ​ប្រឹងប្រែង ប៉ុន្តែ​នៅ​មិនទាន់​គ្រប់​ជ្រុងជ្រោយ នៅ​មាន​ការ​ខ្វះខាត​ច្រើន ហើយ​ខ្វះ​ធនធានមនុស្ស​។ ចំនួន​មនុស្ស​ដែល​ថា ២០០០ នាក់​ហ្នឹង​អត់​មាន ដូច​ការ​បាន​ត្រៀម​ទេ​។ អ្នក​ដែល​ធ្វើការ​នៅ​សល់​តែ​ប៉ុន្មាន​នាក់​ដដែល»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជុំវិញ​រឿង​មិន​បញ្ចូល​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ទៅ​ក្នុង​បញ្ជី​អ្នក​ផ្ទុក​ជំងឺ​នេះ​នៅ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី ២០ ខែ មីនា ដោយ​អ្នកស្រី​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល