មន្ត្រី​កសិកម្ម​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​ចូលរួម​ទប់​ស្កាត់​បទ​ល្មើស​នាំ​សត្វ​ឆ្លង​ដែន និង​ត្រួត​ពិនិត្យ​សុខភាព​សត្វ​ចិញ្ចឹម​មុន​នាំ​ចូល​មក​ប្រទេស​កម្ពុជា

ដោយ សេក បណ្ឌិត
2020-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៤-មីនា-២០១០: សត្វ​មាន់​ដែល​ត្រូវ​បាន​ឈ្មួញ​ដឹក​ពី​ខេត្ត​ស្វាយរៀង នាំ​ចូល​មក​រាជធានី​ភ្នំពេញ
២៤-មីនា-២០១០: សត្វ​មាន់​ដែល​ត្រូវ​បាន​ឈ្មួញ​ដឹក​ពី​ខេត្ត​ស្វាយរៀង នាំ​ចូល​មក​រាជធានី​ភ្នំពេញ
Photo: RFA

អ្នក​ជំនាញ​បសុពេទ្យ​ និង​ជា​មន្ត្រី​កសិកម្ម​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​ចូលរួម​សហការ​ជាមួយ​ក្រុម​ជំនាញ​បសុពេទ្យ ក្នុង​ការ​ត្រួត​ពិនិត្យ​សត្វ​ចិញ្ចឹម ​មុននឹង​អនុញ្ញាត​ឲ្យ​នាំចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​វិធានការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​លើ​សត្វ​មាន​ប្រសិទ្ធភាព។

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង ដែល​ជា​ខេត្ត​មួយ​នៅ​ជាប់​ព្រំដែន​វៀតណាម បាន​បញ្ជាក់​ថា​នៅ​ខេត្ត​ស្វាយរៀង​នៅ​មិន​មាន​រោគ​សញ្ញា​ណា​មួយ​លើ​សត្វ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។

ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង លោក ប៉ែន ចន្ទី មាន​សាសន៍​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ថា ទោះ​បី​កន្លង​មក​នៅ​តំបន់​ខ្លះ​នៃ​នេះ​មាន​សត្វ​មាន់​ងាប់​ខ្លះ​ក៏​ដោយ ក៏​ប៉ុន្តែ​មិន​រីក​រាល​ដាល​គួរ​ឲ្យ​បារម្ភ និង​កើត​មាន​តែ​ចំពោះ​សត្វ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។

ការ​បញ្ជាក់​នេះ គឺ​ក្រោយ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ បាន​ចេញ​សារាចរ​ណែនាំ ស្ដីពី​វិធានការ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី ក្រោយ​ប្រទេស​វៀតណាម ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​បង្ក​ឡើង ដោយ​វីរុស​ប្រភេទA/H5N1

សារព័ត៌មាន​វៀតណាម (Vietnam News Agency) ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ​ថា ជំងឺ​ផ្ដាសាយ​បក្សី​ត្រូវ​មន្ត្រី​កសិកម្ម​រក​ឃើញ ក្នុង​ផ្ទះ​ពី​កន្លែង​នៅ​ខេត្ត ត្រាវិញ (Tra Vinh)។ អាជ្ញាធរ​វៀតណាម បាន​សម្លាប់​មាន់​ចំនួន ១ម៉ឺន៥ពាន់ក្បាល ក្រោយ​ពិនិត្យ​ឃើញ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ។ យ៉ាង​ហោច​ណាស់ ក៏​មាន​ករណី​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ​រក​ឃើញ ១៦ករណី​ក្នុង​រយៈ​ពេល ២១ថ្ងៃ​កន្លង​នេះ។

លោក ប៉ែន ចន្ទី មាន ប្រសាសន៍​ថា ទោះ​បី​នៅ​ពេល​នេះ មិន​ទាន់​មាន​ជំងឺ​ផ្ដាសាយ​បក្សី កើត​មាន​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​លោក​គាំទ្រ ចំពោះ​វិធានការ​ទុក​ជា​មុន​របស់​ក្រសួង​កសិកម្ម។ ជា​មួយ​គ្នា​នេះ ដើម្បី​ឲ្យ​មាន​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នោះ លោក​ចង់​មន្ត្រី​តាម​ច្រក​ព្រំដែន​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ការ​ចរាចរ​សាច់​សត្វ ឬ​សត្វ​រស់​ឆ្លងដែន ដោយ​មាន​កិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពេទ្យ​សត្វ​ជា​ប្រចាំ៖ «សំខាន់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន​ហ្នឹង​សំណូមពរ​ឲ្យ​ទប់​ស្កាត់​បទ​ល្មើស​តាម​ព្រំដែន ដូច​ជា នាំ​សត្វ​មាន់​ទា​ឆ្លង​ដែន​ត្រូវ​សហការ​គ្នា​ទប់​ស្កាត់»

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​សូម​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​ម្ចាស់​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ពេទ្យ​សត្វ ភូមិ ឃុំ ស្រុក ជាដើម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​បន្ទាន់​មក​មន្ទីរ ក្រសួង​កសិកម្ម បើ​សិន​មាន​ករណី​សត្វ​ឈឺ​ចម្លែក​ខុស​ពី​ធម្មតា​នោះ៖ «តាម​ស្រុក​តាម​ភូមិ​ខ្ញុំ​ឲ្យ​ពេទ្យ​សត្វ​ភូមិ ស្រុក អាជ្ញាធរ​ភូមិ ឃុំ ពេល​មាន​សត្វ​ឈឺ​ត្រូវ​រាយការណ៍​មក​ជា​បន្ទាន់ ដើម្បី​យក​ជា​សំណាក​មក​ចូល​ឡាបូ (Laboratory) បើ​សិន​មាន​បញ្ហា​យើង​នឹង​ប្រកាស​ឥឡូវ​យើង​កំពុង​រៀបចំ»

ក្រសួង​កសិកម្ម បាន​ជូន​ដំណឹង​ដល់​កសិករ​ចិញ្ចឹម​សត្វ អ្នក​ធ្វើ​អាជីវកម្ម​សត្វ និង​ផលិត​ផល​សត្វ ជាពិសេស​សត្វ​បក្សី ឬ​ផលិតផល​បក្សី ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​ផ្ដាសាយ​បក្សី ស្រប​ពេល​ដែល​បច្ចុប្បន្ន កម្ពុជា​មាន​អាកាសធាតុ​ប្រែប្រួល។

សារាចរ​ណែនាំ​ដដែល​​បន្ត​ថា ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​បាន​ដាក់​ចេញ​វិធានការ ៩ចំណុច ក្នុង​នោះ​ក្រសួង​បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី-ខេត្ត ជា​ពិសេស ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​វៀតណាម ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ប្រកប​ដោយ​តម្លាភាព​ខ្ពស់ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​ត្រូវ​អនុវត្ត​វិធានការ​ម៉ឺង​ម៉ាត់។

ក្នុង​នោះ​រួម​មាន ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​បក្សី និង​ផលិតផល​ពី​បក្សី​ខុស​ច្បាប់ ដែល​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន តាម​អាកាស​យានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស សមត្ថកិច្ច​ច្រក​ចេញ-ចូល​តាម​ព្រំដែន។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម​ទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី-ខេត្ត អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ក្នុង​ការ​ចិញ្ចឹម​បក្សី ពេល​ចរាចរ​ដឹក​ជញ្ជូន​បក្សី និង​ផលិតផល​ពី​បក្សី សកម្មភាព​ពិឃាដ​បក្សី និង​កន្លែង​តាំង​លក់​នៅ​ទីផ្សារ ជា​ពិសេស ផល​ប៉ះពាល់​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​វិធានការ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី។

ចំណុច​ចុង​ក្រោយ​នៃ​សារាចរ​ណែនាំ​បាន​ឲ្យ​ដឹង​ថា ករណី​មាន​ការ​សង្ស័យ​ជំងឺ​ផ្ដាសាយ​បក្សី សូម​ទំនាក់ទំនង​ទៅ​កន្លែង​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​មាន​ទូរស័ព្ទ​លេខ៖ ០១២ ២១៤ ៩៧០។

ការ​ចេញ​វិធានការ​នេះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​សំដែង​ក្ដី​បារម្ភ​អំពី​ជំងឺ​ជំងឺ​ផ្ដាសាយ​បក្សី​ កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ និង​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់​ស្កាត​ជា​មុន៖ «អ៊ីចឹង​ទេ​យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង ប្រយ័ត្ន​អា​រឿង​ជំងឺ​មាន់​កើត​នៅ​វៀតណាម បែរ​ជា​ខាង​នោះ​ខ្លាច​គេ​សម្លាប់​មាន់ ប្រឹង​លក់​មាន់​មក​ខាង​កម្ពុជា ដូច​បញ្ជូន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​មក​ខាង​កម្ពុជា»

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា លោក​មិន​មាន​ក្តី​បារម្ភ​អំពី ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​១៩ (Covid-19) ដែល​ពិភព​លោក​កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល