វៀតណាម​បិទ​ច្រក​ព្រំដែន​នៅ​ខេត្ត​មួយ​ចំនួន ដើម្បី​ទប់ទល់​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នា​ច្រក​ជ្រៃធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០២០ មាន​សភាព​ស្ងប់ស្ងាត់​មិន​សូវ​ឃើញ​មាន​មនុស្ស​ឆ្លង​កាត់ ព្រោះ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ព្រំដែន​បណ្ដោះអាសន្ន។
ទិដ្ឋភាព​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នា​ច្រក​ជ្រៃធំ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០២០ មាន​សភាព​ស្ងប់ស្ងាត់​មិន​សូវ​ឃើញ​មាន​មនុស្ស​ឆ្លង​កាត់ ព្រោះ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ព្រំដែន​បណ្ដោះអាសន្ន។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​វៀតណាម បាន​បិទ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​ទប់ទល់ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា អាជ្ញាធរ​វៀតណាម​ប្រកាស​ថា នឹង​​បិទ​​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ច្បាស់​ថា មាន​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​ណា​ខ្លះ​នោះ​ទេ ដែល​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ហើយ​នោះ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ មីនា​ថា វៀតណាម​បាន​ប្រកាស​ថា នឹង​បិទ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​ទាំង​អស់ បណ្ដាល​ឱ្យ​ទំនិញ​ចេញ​ចូល​រវាង​ប្រទេស​ទាំង​ពីរ រាំង​ស្ទះ​ជា​បណ្ដោះអាសន្ន។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា មក​ទល់​ពេល​នេះ មាន​ច្រក​ព្រំដែន​ណា​ខ្លះ​នោះ​ទេ ដែល​វៀតណាម​បិទ​ជា​បណ្ដោះអាសន្ន។ លោក​រុញ​ឱ្យ​អាស៊ី​សេរី​សួរ​ទៅ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​វិញ៖ «បិទ​មួយ​ចំនួន​មែន តែ​តាម​ការ​ប្រកាស​របស់​វៀតណាម គឺ​វៀតណាម​គេ​បិទ​ទាំង​អស់ គេ​បិទ​ច្រក​ព្រំដែន ហើយ​មនុស្ស​ចូល​មិន​បាន ទំនិញ​ក៏​ចូល​មិន​បាន​ដូច​គ្នា​ដែរ។ ទំនិញ​មក មិនមែន​ទំនិញ​ចេះ​ហោះ​មក​ទេ ទាល់​មាន​មនុស្ស​នាំ​មក សូម​បញ្ជាក់​ទៅ​អន្តោប្រវេសន៍​ច្បាស់​ជាង​ខ្ញុំ ព្រោះ​គេ​គ្រប់គ្រង​ខាង​ព្រំដែន»។

អាស៊ី​សេរី​បាន​ព្យាយាម ទាក់ទង​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ លោក ឌឹម រ៉ា  និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៨ មីនា។

ចំណែក​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ និង​អភិបាល​ខេត្ត​ស្វាយ​រឿង លោក ម៉ែន វិបុល ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយសារ​ពួក​លោក មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

នៅ​ពី​ព្រឹក​ថ្ងៃ​ពុធ ទី១៨ មីនា អាជ្ញាធរ​វៀតណាម បាន​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ត្រពាំងផ្លុង ក្នុង​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ បណ្ដាល​ឱ្យ ទំនិញ​គ្រប់​ប្រភេទ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​រាំង​ស្ទះ​ទាំង​អស់។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ការងារ ១០០រាត្រី ឱ្យ​ដឹង​ថា ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង មាន​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម ដូច​ជា ដំឡូង គ្រាប់​ស្វាយ​ចន្ទី កៅស៊ូ ស្រូវ ឈើ និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ ទៀត។ រីឯ​វៀតណាម​បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​រួមមាន បន្លែ ផ្លែ​ឈើ ឆ្នាំង ចាន និង​គ្រឿង​អគ្គិសនី​ជា​ដើម។ ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ត្បូង​ឃ្មុំ​មួយ​ចំនួន ធ្វើ​កសិកម្ម​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម ដើម្បី​ទទួល​ទិញ​ទំនិញ​របស់​ពួក​គេ។

ប្រធាន​ក្រុម​ការងារ ១០០រាត្រី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី និយាយ​ថា ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​ជា​ច្រក​សំខាន់ ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម ក៏​ប៉ុន្តែ​នៅ​គ្រា​ដែល​វៀតណាម​បិទ​ច្រក​នេះ នឹង​បង្ក​ឱ្យ​រាំង​ខ្ទប់​ទំនិញ​របស់​កសិករ​ខ្មែរ លំបាក​រក​ទីផ្សារ​កសិផល។ លោក​សង្កេត​ឃើញ​ថា ច្រក​សំខាន់ៗ ដែល​វៀតណាម​ដឹក​ទំនិញ​ចូល​មក​កម្ពុជា រួម​មាន ច្រក​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ច្រក​កោះ​ធំ ច្រក​អន្លង់ជ្រៃ ក្នុង​ខេត្ត​កណ្ដាល  និង​ច្រក​ភ្នំដិន នៅ​ខេត្ត​តាកែវ។ ច្រក​ព្រំដែន​ទាំង​នេះ វៀតណាម​នាំ​ទំនិញ​ចូល​កម្ពុជា រួមមាន  បន្លែ ផ្លែឈើ ត្រី​សាច់ និង​គ្រឿង​បរិភោគ​ពី​វៀតណាម ហើយ​ប្រសិន​បើ​វៀតណាម បិទ​ច្រក​ទាំង​នេះ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​វៀតណាម ធំ​ជាង​កម្ពុជា៖ «យើង​អត់​មាន​រោងចក្រ កសិឧស្សាហកម្ម​ច្រើន ដែល​អាច​ធានា​ការ​ប្រមូល​ផល ទំនិញ​កសិឧស្សាហកម្ម​យក​មក​ផលិត​កែច្នៃ យក​មក​លក់​នៅ​ក្រៅ​ប្រទេស​ដូច​វៀតណាម​ទេ។ ប្រសិន​ជា​ពលរដ្ឋ​គាត់​ដឹង​លក់​នៅ​ថៃ ឆ្ងាយ​អាច​ខាត ហើយ​ទំនិញ​ខ្លះ​ដូច​ដំឡូង បើ​ស្តុក​ទុក​អាច​ខូច​ខាត​ជា​ដើម។ រដ្ឋាភិបាល​ត្រូវ​ចរចា​ជាមួយ​វៀតណាម ដើម្បី​សម្រួល​ធ្វើ​យ៉ាង​ណា ឱ្យ​ទំនិញ​នៅ​កម្ពុជា​យើង​លក់​នៅ​វៀតណាម។ បើ​វៀតណាម​មិន​ឯកភាព​ទេ អា​ហ្នឹង​គួរ​បិទ​ច្រក​ខ្លះ​ដែរ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់ថា ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម គឺ​ជា​ឱកាស​ដ៏​មាន​តម្លៃ ធ្វើ​ឱ្យ​កសិករ​ខ្មែរ មាន​ទីផ្សារ​កសិផល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ តែ​យ៉ាង​ណា​លោក​ថា ឱកាស​នេះ​ក៏​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ដែរ។

លោក​ថា ប្រសិន​បើ​វៀតណាម បិទ​ច្រក​ព្រំដែន​កម្ពុជា​ទាំង​អស់ ភាគី​វៀតណាម នឹង​ខាត​សេដ្ឋកិច្ច​ធំ​ជាង​កម្ពុជា ព្រោះ​ទំនិញ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​មាន​តិចតួច ​ផ្ទុយ​ពី​វៀតណាម​នាំ​ទំនិញ​ចូល​មក​កម្ពុជា។

លោក​បញ្ជាក់​ថា ទំនិញ​របស់​វៀតណាម រង​ការ​រិះគន់​ថា ផ្ទុក​សារធាតុ​គីមី​កម្រិត​ខ្ពស់ ហេតុ​នេះ​ការ​បិទ​ច្រក​ព្រំដែន​ទាំង​នេះ នឹង​រាំង​ខ្ទប់​ការ​នាំ​ទំនិញ​ខូច​គុណភាព​របស់​វៀតណាម ចូល​មក​កម្ពុជា​ដែរ៖ «ចំណុច​មួយ​ម្យ៉ាង​ដែរ ព្រោះ​បិទ​អ៊ីចឹង​ទៅ អត់​អាច​នាំ​ទំនិញ​បន្លែ​គីមី​ចូល​តាម​ច្រក​ព្រំដែន​បាន។ មិន​ចាំ​វិភាគ​ច្រើន​ទេ មើល​តែ​ផ្សារ​ដើម​គ ទំនិញ​ពី​វៀតណាម​មក​រាប់​តោន​មួយ​ថ្ងៃៗ បន្លែ​ត្រី​សាច់​ភាគ​ច្រើន​ចូល​តាម​ច្រក​វៀតណាម​មក។ ខ្ញុំ​គិត​ថា ខាត​ច្រើន គឺ​ខាត​ខាង​វៀតណាម​ទៅ​វិញ​ទេ»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៩ ក្រុម​យុវជន ១០០​រាត្រី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​អសមត្ថភាព​ទប់ស្កាត់​បន្លែ ផ្លែឈើ និង​ចំណី​អាហារ​ផ្ទុក​សារធាតុ​គីមី នាំចូល​ពី​ប្រទេស​វៀតណាម។ របាយការណ៍​បង្ហាញ​ថា មាន​គុណវិបត្តិ​ជា​ច្រើន ទាក់ទិន​ចំណី​អាហារ​លក់ដូរ ដោយ​សេរី​ក្នុង​ទីផ្សារ ក្នុង​ប្រទេស​កម្ពុជា​ផ្ទុក​ធាតុគីមី និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​​ពី​​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល។ លើស​ពី​នេះ ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ ជាទី​តាំង​ចែកចាយ ចំណី​អាហារ​ខ្នាត​ធំ នាំចូល​ពី​ប្រទេស​វៀតណាម។ ទំនិញ និង​ចំណី​អាហារ​​ទាំងនោះ​រួម​មាន ត្រី សាច់ បន្លែ ផ្លែឈើ និង​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ទៀត នាំចូល​ពី​ប្រទេស​វៀតណាម ផ្ទុក​សារធាតុ​គីមី​កម្រិត​ខ្ពស់។

កាល​ពី​ឆ្នាំ២០១៨ ប្រទេស​វៀតណាម​បាន​នាំ​ទំនិញ និង​ចំណី​អាហារ ចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា គិត​ជា​ប្រាក់ ៣.៧០០​ពាន់​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូលមតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល