កម្មការិនី​ម្នាក់​ទៀត​ស្លាប់ ក្រោយ​ពេល​វះកាត់​សម្រាល​កូន​នៅ​មន្ទីរ ពេទ្យ​ខេត្ត​ស្វាយរៀង

ដោយ ស្ងួន អមរា
2019-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ស៊ឹម សាវី កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​ស្វាយរៀង កាល​នៅ​រស់។
លោកស្រី ស៊ឹម សាវី កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​ស្វាយរៀង កាល​នៅ​រស់។
រូប៖ គ្រួសារ​ផ្ដល់​ឱ្យ

កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់ទៀត បាន​ស្លាប់​ក្រោយ​ការ​វះ​កាត់​ប្រសូត្រ​កូន​នៅ មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បណ្តាល​ឲ្យ​ឈាម​ធ្លាក់​ច្រើន។ ក្រុមគ្រួសារ​ចោទ​ប្រកាន់​ថា ជា​ការ​ធ្វេស ប្រហែស​របស់​គ្រូពេទ្យ។ ចំណែកក្រុមគ្រូពេទ្យ បដិសេធមិននិយាយរឿងនេះ។

កម្មការិនី​រោងចក្រ​កាត់ដេរ អ្នកស្រី ស៊ឹម សាវី និងស្វាមី គឺ​លោក សុខ កាឌី រំពឹង​ថា ការ​ប្រសូត្រ​កូន​ទី៣ របស់​ពួក​គាត់ នឹង​មាន​សុវត្ថិភាព ដោយសារ​ពួក​គេ​បាន​ពិនិត្យ​តាម​ដាន​សុខភាព​យ៉ាង​ទៀងទាត់ និង​ពេល​ឈឺ​ពោះ​សម្រាល​កូន​នោះ ពួក​គាត់​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ភ្លាមៗ។ ប៉ុន្តែ​ជា​អកុសល អ្នកស្រី ស៊ឹម សាវី អាយុ ៣៦ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ក្រោយ​ការ​វះកាត់​សម្រាល​កូន​ក្នុង​មន្ទីរពេទ្យ​នោះ ដែល​បណ្តាល​ឲ្យ​ធ្លាក់​ឈាម​ច្រើន និង​បន្ទាប់​មក​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត (Calmette) ក្នុង​រាជធានី​ភ្នំពេញ។

ស្វាមី​របស់​ជន​រងគ្រោះ លោក សុខ កាឌី នៅ​តែ​មិន​អស់​ចិត្ត ចំពោះ​ការ​ស្លាប់​ភរិយា​របស់​លោក ព្រោះ​នៅ​មុន​ពេល​ឈឺ​ពោះ​សម្រាល​កូន ភរិយា​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា។ លោក​រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ភរិយា​របស់​លោក​បាន​ឈឺ​ពោះ​ចង់​សម្រាល​កូន ហើយ​លោក​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ភ្លាមៗ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី២៩ ខែ​តុលា ភរិយា​របស់​លោក​នៅ​តែ​ឈឺ​ពោះ មិន​អាច​សម្រាល​កូន​បាន​ដដែល។ ស្ថានភាព​សុខភាព​របស់​ប្រពន្ធ​ពេល​នោះ ចេះ​តែ​ខ្សោយ​បន្តិច​ម្តងៗ ប៉ុន្តែ​គ្រូពេទ្យ​នៅ​តែ​ប្រាប់​ថា មិន​អី​ទេ​រហូត។ លោក សុខ កាឌី បន្ត​ថា លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទៀត ទើប​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា កូន​ខ្សោយ​មិន​អាច​កើត​ធម្មតា​បាន ហើយ​សម្រេច​ចិត្ត​វះកាត់​យក​កូន​ចេញ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ។ ក្រោយ​ការ​វះកាត់​ច្រើន​ម៉ោង​នោះ គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា ភរិយា​របស់​លោក​មាន​អាការៈ​ខ្សោយ​ខ្លាំង​ដោយសារ​ធ្លាក់​ឈាម​ច្រើន ដូច្នេះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​កាល់ម៉ែត ប៉ុន្តែ​ទោះ​បី​ជា​ទៅ​ដល់​ពេទ្យ​កាល់ម៉ែត្រ​ក្តី​ ក៏​គ្រូពេទ្យ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ភរិយា​របស់​លោក​បាន ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា៖ «មុន​វះ​កាត់​នេះ​ប្រពន្ធ​ខ្ញុំ​សម្រាល​កូន​ដោយ​ធម្មតា តែ​ដល់​ពេល​សម្រាល​អត់​កើត​ ប្រែ​ទៅជា​ខ្មៅ​សាច់​ ដូច្នេះ​ពេទ្យ​ថា​ មិន​ស្រួល​ទេ​ ទាល់តែ​វះ​កាត់​សង្គ្រោះ​ ម្តាយ​ចោល​កូន។ នៅ​ពេល​ខ្ញុំ​ឃើញ​ប្រពន្ធ​ខ្ញុំ​សន្លប់​ឡើង​ខ្មៅ​សាច់​ហើយ ក៏​ឲ្យ​គាត់​វះ​កាត់​ទៅ​ និង​ជួយ​សង្គ្រោះ​ទៅ។ តែ​ពីមុន​មក​ ពេទ្យ​មិន​ប្រាប់​ថា​ ត្រូវ​វះកាត់​ឬមិន​វះកាត់​ទេ​ គឺ​គាត់​មិន​ ប្រាប់​ខ្ញុំ​សោះ»

មានវ័យ ៣៨ឆ្នាំ ប្ដី​ជន​រង​គ្រោះ​ប្រាប់​ថា ក្នុង​ពេល​វះកាត់​ភរិយា​របស់​លោក​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង គឺ​មាន​គ្រូពេទ្យ​ចំនួន ៣នាក់។ លោក​បន្ទោស​ថា ការ​ស្លាប់​របស់​ភរិយា​លោក​ថា អាច​ដោយសារ​ការ​ធ្វេស​ប្រហែល និង​កំហុស​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ព្រោះ​ទី១ គ្រួពេទ្យ​ជួយ​សង្គ្រោះ​យឺត។ ទី២ គ្រូពេទ្យ​មាន​គ្នា​តិច ខណៈ​ពេល​នោះ​មាន​ស្រ្តី ៣នាក់​ឈឺ​ពោះ​សម្រាល​កូន​ផ្ទួនៗ គ្នា៖ «ខ្ញុំ​យល់ថា​ ពេទ្យ​ធ្វើ​មិនសូវ​ល្អ​ទេ​ ។គាត់​ជួយសង្គ្រោះ​ជួយ​ហើយ​ តែ​ធ្វើ​ទៅ​ប្រហែលជា​មិនល្អ​ភ្លាំងភ្លាត់​កន្លែងណា​មួយ​ហើយ​។បើ​គាត់​(ពេទ្យ​) ធ្វើល្អ​ប្រហែល​ ជា​មិន​អញ្ចឹង​ទេ»

ក្រុម​គ្រួសារ​កំពុង​រៀបចំ​បុណ្យ​សព​ស្ត្រី​រង​គ្រោះ​ជាមួយ​កូន នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា នៅ​ភូមិ​កំណើត​នៅ ភូមិ​ព្រៃក្នៀត ឃុំសំឡី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

បងថ្លៃរបស់ជនរងគ្រោះ លោក ម៉ាញ សាន ដែល​តាម​មើល​ស្ត្រី​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ និយាយ​ថា ប្អូន​ថ្លៃ​របស់​លោក​នៅ​មិន​ទាន់​ស្លាប់​នោះ​ទេ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ប៉ុន្តែ ពេល​បញ្ជូន​ទៅ​ដល់​ភ្លាមៗ គ្រូពេទ្យ​ហាក់​ដូច​ជា​មិន​សូវ​ខ្នះខ្នែង​ជួយ​សង្គ្រោះ​នោះ​ទេ ទាល់​តែ​មាន សាច់​ញាតិ​ទៅ​ជួបជុំ​គ្នា​ច្រើន​ទើប​គ្រួពេទ្យ​ចាត់​ផ្តើម​យក​ចិត្ត​ទុក។ លោក​យល់​ថា ប្អូន​ថ្លៃ​របស់​លោក នឹង​មិន​ស្លាប់​ទេ ប្រសិន​បើ​គ្រូពេទ្យ​ឆាប់​ចាប់​ផ្ដើម​ព្យាបាល៖ «ពេល​ទៅ​ដល់​កាល​ម៉េ​ត្រ​ គេ​យក​ឈាម​មក​ដាក់​ឲ្យ​ឃើញ​ពោះ​គាត់​តែ​ធំ​ទៅៗ​ ខ្ញុំ​សួរ​ពេទ្យ​ថា​ ម៉េច​ចឹង​ ពេទ្យ​ថា​ មិន​អី​ទេ​ ការវះកាត់​វា​មាន​ហើមពោះ​វៀន​ អ៊ីចឹង​ហើយ។ នេះ​តាម​សម្តី​វេជ្ជបណ្ឌិត​ទី​នោះ។ ពេល​បញ្ចូន​ទៅ​ដល់​នោះ​មនុស្ស​កាន់តែ​យ៉ាប់។ ដេក​បាន​មួយ​យប់​ព្រលឹម​ឡើង​ពេទ្យ​ប្រាប់​ថា​ អ្នក​ជំងឺ​មិន​ទៅ​មុខ​ទេ​ មាន​តែ​ធ្លាក់​ចុះ។គេ​ឲ្យ​ជ្រើសរើស​ថា​ បើ​នៅ​ទៀត​ក៏​នៅ​ទៅ​ តែបើ​យក​ទៅ​ផ្ទះ​ក៏​យក​ទៅ។ យើង​ជា​បងប្អូន​ដូច​ប្តី​វា​ មិន​អស់​ចិត្ត​សម្រេច​ដេក​ពេទ្យ​មួយ​យប់​ទៀត។ លុះ​ម៉ោង ៨ព្រឹ​កថ្ងៃ​ទី៣១​ ពេទ្យ​គេ​ប្រាប់​ថា​ អ្នកជំងឺ​ ឈ្មោះ ស៊ឹម សាវី ទៅ​មុខ​លែង​កើត​ហើយ»

នេះគឺជាកូនទី៣​ហើយ​សម្រាប់​ជន​រង​គ្រោះ។ កូន​ប្រុស​ច្បង​របស់​គាត់​មាន​អាយុ ១២ឆ្នាំ ចំណែក​កូន​ស្រី​ទី២ អាយុ ៨ឆ្នាំ។ ជន​រង​គ្រោះ​ធ្លាប់​សម្រាល​កូន​ដោយ​ធម្មជាតិ​មិន​ដែល​វះកាត់​ទេ ពី​មុន​មក។ ជន​រង​គ្រោះ ស៊ឹម សាវី បាន​ធ្វើ​ការ​នៅ​រោងចក្រ​យូលី ក្នុង​ខេត្ត​ស្វាយរៀង​ប្រមាណ ៧ឆ្នាំ​ហើយ។ ទោះ​ជា​មាន​ផ្ទៃ​ពោះ អ្នកស្រី​នៅ​តែ​ធ្វើ​ការ​ជា​ធម្មតា ដើម្បី​រក​ប្រាក់​ចំណូល។

ម្តាយ​មីង​របស់​ជន​រងគ្រោះ ​អ្នកស្រី ច័ន្ទ ដែល​ស្ថិត​នៅ​ជាមួយ​ជន​រង​គ្រោះ​ពេល​កំពុង​ឈឺ​ពោះ​ខ្លាំង ប្រាប់​ថា គ្រួពេទ្យ​ជួយ​សង្គ្រោះ​យឺត។ អ្នក​ស្រី​បន្ត​ថា ដំបូង​ឡើយ គ្រូពេទ្យ​នៅ​តែ​ឆ្លើយ​ថា មិន​អីៗ ទាល់​តែ​ដំណាក់​កាល​ចុង​ក្រោយ គឺ​នៅ​ពេល​ឃើញ​ជន​មុខ​ជន​រង​គ្រោះ​ប្រែ​ជា​ស្លេក​ខ្លាំង និង​បិទ​ភ្នែក ទើប​គ្រូពេទ្យ​ចាប់​ផ្តើម​រត់​ខ្នះខ្នែង៖ «បើ​ពេល​ឈឺ​តិចៗ ហើយ​ពេទ្យ​មក​មើ​លភ្លាមៗ គ្មាន​ទៅ​អី​ទេ។ មនុស្ស​ទៅដេក​ពេទ្យ​ពីរ​យប់​ហើយ​តើ​ មាន​ទៅ​អីណា។ ពេទ្យ​គេ​មើល​ដែរ​ ប៉ុន្តែ​គេ​ទុក​ ទាល់​តែ​យើង​ខ្លាំង​ ចេះ​តែ​ថា​មិន​អីៗ ហើយ​គ្នា​ចេះ​តែ​ឈឺ​ខ្លាំង»

នេះ​គឺ​ជា​ករណី​ទី២​ហើយ ក្នុង​ឆ្នាំ២០១៩ ដែល​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​ស្វាយរៀង​បាន​ស្លាប់​ក្នុង ពេល​ប្រសូត​កូន ទោះ​បី​ជា​ពួក​គាត់​ទៅ​ដល់​មន្ទីរពទ្យ​ទាន់​ពេល​វេលា​ក្តី។ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ប្រាក់ សុដា ជា​កម្មការិនី​កាត់ដេរ អាយុ ២៧ឆ្នាំ បាន​ស្លាប់ ​ក្រោយ​សម្រាល​កូន​ប្រុស​រួច នៅ​មណ្ឌល​សុខភាព​មេ​ស​ថ្ងក ស្រុក​ចន្ទ្រា ហើយប​ន្ទាប់​មក​ពេទ្យឆ្មប​ ចាប់​ផ្តើម​យក​សុក ​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ធ្លាក់​ឈាម​ខ្លាំង។ កាល​ណោះ​គ្រួសារ​ជន​រងគ្រោះ​បាន​ប្ដឹង​ប្រធាន​មណ្ឌល​សុខភាព​មេ​ស​ថ្ងក លោក ហាស់ សុផុន និង​ពេទ្យ​ឆ្មប​នៅ​ទី​នោះ​ថា មាន​ការ​ធ្វេស​ប្រហែស ព្រោះ​ពេល​នោះ មាន​ឆ្មប​តែ​ម្នាក់​គត់​ប្រចាំ​ការ​ក្នុង​មណ្ឌល​សុខភាព​ ហើយ​ពេទ្យ​ឆុ្មប​នោះ មិន​ព្រម​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង លោក កែ រដ្ឋា បានទេ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ប្រជុំ ហើយ​បិទ​ទូរស័ព្ទ​នៅ​ពេល​ដឹង​ថា អាស៊ីសេរី សួរ​នាំ​អំពី​រឿង​នេះ៖ «ខ្ញុំ​ជាប់​ប្រជុំ»

ចំណែក​បុគ្គលិក​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ លោក ជា សុភ័ក្ត្រមុនីរ័ត្ន បានសុំពេល ១៥នាទី សួរ​ថ្នាក់​ដឹក​នាំ​ជា​មុនសិន នៅ​ពេល​អាស៊ី​សេរី​សួរ​នាំ​អំពី​ការ​ស្លាប់​របស់​កម្មការិនី ស៊ឹម សាវី។ នៅ​ពេល​អាស៊ី​សេរី​ទូរស័ព្ទ​ទៅ​សួរ​នាំ​ម្តង​ទៀត បុគ្គលិក​ពេទ្យ​រូប​នេះ បាន​ឆ្លើយ​ថា មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ សុំ​មិន​ឆ្លើយ​តប​ជា​មួយ​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​នោះ​ទេ ហើយ​ប្រសិន​បើ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​មាន​ចម្ងល់​អ្វី ឬ​មាន​បញ្ហា​អ្វី​អាច​សួរ​នាំ​នៅ​មន្ទីរ​ពេទ្យ​ផ្ទាល់​បាន៖ «ខ្ញុំ​យល់​ត្រង់​ចំណុច​នេះ។ អ៊ីចឹង​បាន​ប្រសិនបើ​ក្រុម​គ្រួសារ​គាត់​អាច​ថា ចង់​ដឹង​ច្បាស់​យ៉ាងម៉េច​គឺ​គាត់​អាច​មក​ទាក់ទង​ដល់​មន្ទីរពេទ្យ​ផ្ទាល់​ ដូច្នេះ​ពួក​ខ្ញុំ​អាច​ពន្យល់​បន្ថែម​ទាក់ទង។ ពួក​ខ្ញុំ​អត់​អាច​ពន្យល់​តាម​ទូ​រស័ព្ទ​អ៊ីចឹង​បាន​ទេ។ សុំ​ទោស​ផង

គ្រោះ​ថ្នាក់​ដល់​ជីវិត​សម្រាប់​ស្ត្រី​ជា​មាតា​នៅ​ពេល​សម្រាល​កូន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (នេះ​ជា​ការ​សន្និដ្ឋាន​ ឬ​ទស្សនៈ​យល់​ឃើញ​របស់​យើង។ យក​ល្អ យើង​គួរ​តែ​យោង​លើ​របាយការណ៍​របស់​នរណា​ម្នាក់ ឬ​ស្ថាប័ន​ណា​មួយ) ស្ថិតិ​របស់​អង្គការ​យូនីសេហ្វ ក្នុង​ឆ្នាំ២០១១ បាន​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំៗ មាន​ស្ត្រី​ប្រមាណ ១.៧០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ស្លាប់​ខណៈ​កំពុង​មាន​ផ្ទៃ​ពោះ​ក្នុង​ពេល​សម្រាល​កូន និង​ក្រោយ​ពេល​សម្រាល​កូន​រួច ប៉ុន្តែភាគ​ច្រើន​នៃ​មរណភាព​របស់​មាតា និង​ទារក​ទាំង​នេះ គួរ​តែ​អាច​ការពារ​បាន។ រីឯស្ថិតិ​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ដែរ​ថា អត្រា​មរណភាព​នៃ​មាតា​ក្នុង​ពេល​សម្រាល​កូន​នៅ​តាម​ជនបទ គឺ​មាន​ចំនួន​ច្រើន​លើស​ជាង ៣​ដង នៅ​តាម​ទីក្រុង ហើយ​ថា ចំនួន​មាតា​សម្រាល​កូន​នៅ​កម្ពុជា ជិត ៤០% គឺ​ផ្ដល់​សេវា​ដោយ​ឆ្មប ឬ​គ្រូពេទ្យ​ពុំ​មាន​វិជ្ជាជីវៈ​ជំនាញ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា​នៅ​ពេល​មាន​គ្រោះអាសន្ន​កើត​ឡើង​ក្នុង​ពេល​សម្រាល​កូន​ទេ ដូចជា ​កើត​កូន​មិន​ចេញ ឬ​ធ្លាក់​ឈាម​ខ្លាំង​ជាដើម។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ​ស៊ីណា ដែល​តាម​ដាន​ករណី​នេះ លើក​ឡើង​ថា ជា​រឿង​សោក​ស្តាយ និង​នឹក​ស្មាន​មិន​ដល់ ចំពោះ​ការ​ស្លាប់​របស់​កម្មការិនី ស៊ឹម សាវី។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​សុខាភិបាល​ស៊ើបអង្កេត​ករណី​នេះ និង​ស្នើសុំ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម យកចិត្ត ទុក​ដាក់​ជួយ​គាំពារ​ដល់​គ្រួសារ​ជន​រង​គ្រោះ ជា​ពិសេស កូនៗ របស់​ជន​រង​គ្រោះ៖ «រឿង​ពីរ​នេះ​ដែល​ត្រូវ​ធ្វើ។ មួយ​ទៀត ប្រសិន​បើ​គ្រួសារ​កម្មករ​ គាត់​ចង់​បាន​ជំនួយ​ផ្នែក​ច្បាប់​ផ្សេងៗ ទាក់ទង​នឹង​ការ​មើល​ឃើញ​ថា​ រឿង​នេះ​ជា​រឿង​អយុត្តិធម៌​ ឬមួយ​ក៏​រឿង​ដែល​កំហុស​បច្ចេកទេស​របស់​គ្រូពេទ្យ​មែន​ គឺ​គាត់​អាច​ពឹងពាក់​មក​ យើង​ដែល​ជា​អង្គការ​សហជីព​បាន​ដើម្បី​យើង​គាំទ្រ​គាត់​ជាមួយ​អង្គការ​ដៃគូ​ពិនិត្យ​លើ​រឿង​ នេះ​បន្ត»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ប្ដី​របស់​ជន​រង​គ្រោះ​ អះអាង​ថា​ ភរិយា​របស់​លោក​មាន​សុខភាព​ល្អ និង​មិន​ធ្លាប់​មាន​ជំងឺ​អ្វី​ឡើយ ហើយ​បាន​ទៅ​មណ្ឌល​សុខភាព​បើក​ថ្នាំ​ និង​ពិនិត្យ​ផ្ទៃ​ពោះ​ជា​រៀង​រាល់​ខែ។​ លោក សុខ កាឌី ថ្លែង​ថា លោក​នឹង​ពិចារណា​ប្តឹង​គ្រូពេទ្យ ក្រោយ​ពេល និង​ធ្វើ​បុណ្យ​បូជា​ជូន​ភរិយា និង​កូន​រួចរាល់។

ក្រុម​គ្រួសារ​សាច់​ញាតិ អំពាវនាវ​ដល់​គ្រូពេទ្យទាំងអស់​ឱ្យ​ពង្រឹង​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ ព្រោះ​ជីវិត​មនុស្ស​ម្នាក់ៗ មាន​តម្លៃ មិន​អាច​លែង​សើច​បាន​ទេ ហើយ​ពេល​ព្យាបាល ជីវិត​អ្នក​ជំងឺ​ម្នាក់ៗ តែងតែ​ផ្ញើ​លើ​គ្រូ​ពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល