ពិភពលោក​ប្ដេជ្ញា​វាយ​តម្លៃ​ដោយ​អព្យាក្រឹត្យ ឯករាជ្យ និង​ទូលំទូលាយ​មួយ ទៅ​លើ​ការ​ឆ្លើយ​តប​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩

ដោយ មាន ឫទ្ធិ
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មហា​សន្និបាត​សុខភាព​ពិភព​លោក​លើក​ទី៧៣ (World Health Assembly) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) តាម​រយៈ​វីដេអូ​ពី​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០២០។
មហា​សន្និបាត​សុខភាព​ពិភព​លោក​លើក​ទី៧៣ (World Health Assembly) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) តាម​រយៈ​វីដេអូ​ពី​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​អង្គការ​សុខភាព​ពិភពលោក (WHO)

មហា​សន្និបាត​សុខភាព​ពិភព​លោក​លើក​ទី៧៣ (World Health Assembly) រយៈ​ពេល​ពីរ​ថ្ងៃ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បិទ​បញ្ចប់​ហើយ កាល​ពី​ថ្ងៃ​ទី១៩ ឧសភា ដោយ​អនុម័ត​សេចក្ដី​សម្រេច​មួយ បើក​ឲ្យ​មាន​ការ​វាយ​តម្លៃ ដោយ​អព្យាក្រឹត្យ ឯករាជ្យ និង​ទូលំទូលាយ ទៅ​លើ​ការ​ឆ្លើយ​តប​ជា​សាកល ជុំវិញ​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩។

សេចក្ដី​សម្រេច​ដែល​ទើប​នឹង​អនុម័ត​ដោយ​ស្ថាប័ន​កំពូល​ផ្នែក​សុខភាព​ពិភព​លោក​នេះ ពុំ​បាន​ចង្អុល​ចំ​ឈ្មោះ​ប្រទេស​ចិន​ឡើយ។ ក៏ប៉ុន្តែ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ដោយ អព្យាក្រឹត្យ ឯករាជ្យ និង​ទូលំទូលាយ ក្នុង​ពេល​វេលា​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជុំវិញ​ការ​ឆ្លើយ​តប​ជា​សាកល​របស់​អង្គការ​សុខភាព​ពិភពលោក WHO ទៅ​លើ​ជំងឺ​កូវីដ១៩។

សេចក្ដីសម្រេច​នេះ ធ្វើ​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី ដែល​ដំបូង​ឡើយ ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ប្រភព​ចម្លង​ដើម​ពិត​ប្រាកដ​នៃ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ចិន។ សេចក្តី​សម្រេច​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជាង ១៣០ ក្នុងចំណោម រដ្ឋ​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក​សរុប​ចំនួន ១៩៤ប្រទេស ដែល​បាន​ចូលរួម នៅ​ក្នុង​មហា​សន្និបាត​សុខភាព​ពិភពលោក​លើក​ទី៧៣ ធ្វើ​ឡើង​តាម​វីដេអូ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង កាល​ពី​ថ្ងៃ​ទី១៩ ឧសភា បដិសេធ​បញ្ជាក់​អំពី​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ចំពោះ​សេចក្តី​សម្រេច​នេះ ដោយ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។ រីឯ អ្នក​នាំ​ពាក្យ​ក្រសួង សុខាភិបាល អ្នកស្រី វណ្ណឌីន មិន​ឆ្លើយ​តប​សំណួរ​អាស៊ី​សេរី ជុំវិញ​ជំហរ​របស់​កម្ពុជា នៅ​ក្នុង​មហា​សន្និបាត​សុខភាព​ពិភពលោក​នេះ​ឡើយ ដោយ​អ្នកស្រី​ឲ្យ​ទៅ​មើល សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​សុខាភិបាល ដែល​ពុំ​មាន​បញ្ជាក់​បញ្ហា​នេះ។

យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដែល​បាន​ចូលរួម​ក្នុង​មហា​សន្និបាត​នេះ​តាម​វីដេអូ បញ្ជាក់​ជំហរ​គាំទ្រ​មហា​មិត្ត​ចិន​ថា កម្ពុជា​គោរព​ការ​សម្រេច​ចិត្ត​របស់​ចិន ឈរ​លើ​គោលការណ៍​ចិន​តែ​មួយ។ គោលការណ៍​ចិន​តែ​មួយ​នេះ លោក ម៉ម ប៊ុនហេង ចង់​សំដៅ​លើ​តៃវ៉ាន់ ដែល​ថ្វី​ត្បិត​តែ ជំងឺ​កូវីដ១៩ ជា​ជំងឺ​រាតត្បាត​សាកល តែ​តៃវ៉ាន់​ពុំ​អាច​ចូលរួម​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់ អង្គការ​សុខភាព​ពិភពលោក​នេះ​បាន​ទេ ដោយសារ​តៃវ៉ាន់​ពុំ​មែន​ជា​រដ្ឋ​សមាជិក​របស់​អង្គការ​នេះ ហើយ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន។ ផ្ទុយ​គ្នា​ទៅ​នឹង​ជំហរ​គាំទ្រ​ចិន​តែ​មួយ របស់​កម្ពុជា ដែល​ផាត់​ចោល​តៃវ៉ាន់ លោក ម៉ម ប៊ុនហេង បែរ​ជា​ថា ប្រទេស​តែ​មួយ​មិន​អាច​ទប់​ស្កាត់ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​បាន​ទេ។ ដូច្នេះ​ហើយ កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ទាំង​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ។

 

ថ្លែងក្នុងមហាសន្និបាត​កាល​ពី​ថ្ងៃ​ទី១៨ ឧសភា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បាន​ហៅ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ ថា​ជា «សោកនាដកម្ម»។ លោក​ព្រមាន​ថា លុះ​ត្រា​ណា​តែ​ពិភពលោក​អាច​គ្រប់គ្រង​វីរ៉ុស​នេះ​បាន បើ​ពុំ​នោះ​សោត​ទេ សេដ្ឋកិច្ច​ពិភព​លោក នឹង​មិន​អាច​វិល​ត្រឡប់​មក​រក​ភាព​ដូច​ដើម​វិញ​បាន​នោះ​ទេ។ លោក​ថា ការ​គំរាម​កំហែង​ជា​សាកល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​នេះ តម្រូវ​ឲ្យ​មាន​ការ​ឯកភាព និង​ការ​សាមគ្គី​ជា​សាកល។ លោក​ជំរុញ​ឲ្យ​ប្រទេស​នានា ក្នុង​ពិភពលោក ត្រូវ​ផ្ដោត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​នេះ និង​ក្នុង​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស រំឮក​ថា នៅ​ពេល​ដែល​ពិភព​លោក អាច​ទប់​ស្កាត់​ជំងឺ​រាតត្បាត​ជា​សាកល​នេះ​បាន នោះ​គេ​ត្រូវ​ចំណាយ​ពេល​ក្រឡេក​មើល​អតីត​កាល​វិញ ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ជំងឺ​នេះ កើត​ឡើង​ដំបូង​ដោយ​របៀប​ណា ហើយ​វា​អាច​ឆ្លង​បង្ក​គ្រោះថ្នាក់ យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​សាកល​លោក​ដោយ​របៀប​ណា ព្រម​ទាំង​ថា តើ​ភាគី​ពាក់ព័ន្ធ បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទៅ​នឹង​វិបត្តិ​មួយ​នេះ។ លោក​ថា មេរៀន​ដែល​រៀន​សូត្រ ពី​បញ្ហា​នេះ នឹង​មាន​សារ​សំខាន់ ក្នុង​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះ​បញ្ហា ប្រឈម​ស្រដៀង​គ្នា​នេះ ប្រសិន​បើ​វា​កើត​ឡើង​ម្តង​ទៀត​នា​ពេល​អនាគត។

 

ក្រៅ​តែ​ពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ឡើង​វិញ​លើ​ការ​ឆ្លើយ​តប​ជា​សាកល​ចំពោះ​ជំងឺ កូវីដ១៩ និង​ការ​ចង់​ឃើញ​ឲ្យ​មាន​ការ​កែ​ទម្រង់​អង្គការ​សុខភាព​ពិភព​លោក ចំណុច​សំខាន់​មួយ​ដែល​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​សុខភាព​ពិភព​លោក បាន​លើក​ឡើង គឺ​ការ​ចាត់​ទុក​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូវីដ១៩ ជា​សម្បត្តិ​សាធារណៈ សាកល ដែល​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​នៅ​ទូទាំង​ពិភព​លោក​អាច​ប្រើប្រាស់​បាន។ សេចក្ដី​សម្រេច អំពាវនាវ​ឲ្យ​មាន​ការ​ចែកចាយ​ជា​សាកល ទាន់​ពេល​វេលា និង​លទ្ធភាព​ទទួល​បាន​ស្មើភាព​គ្នា នៃ​ផលិតផល​វ៉ាក់សាំង និង​បច្ចេកវិជ្ជា​សុខាភិបាល​ចាំបាច់ ប្រកប​ដោយ​សុវត្ថិភាព និង​មាន​តម្លៃ​សម​ស្រប នៅ​ពេល​ដែល​វ៉ាក់សាំង​ព្យាបាល​ជំងឺ​នេះ ត្រូវ​ពិភព​លោក​រក​ឃើញ។

 

មហា​សន្និបាត​សុខភាព​ពិភពលោក World Health Assembly (WHA) ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា នៅ´´​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ក៏ប៉ុន្តែ សម្រាប់​ឆ្នាំ២០២០ នេះ ដោយសារ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩ មហា​សន្និបាត​នេះ ត្រូវ​ធ្វើ​ឡើង​តាម​វីដេអូ។ មហា​សន្និបាត​នេះ ជា​យន្តការ​សម្រេច​ចិត្ត​កំពូល​របស់​អង្គការ​សុខភាព​ពិភព​លោក ដោយ​ប្រើ​សំឡេង ២ ភាគ ៣។

 

មហាសន្និបាតសុខភាព​ពិភព​លោក​ឆ្នាំ២០២០ នេះ បាន​ប្រព្រឹត្តិ​ទៅ​ចំ​ពេល​ដែល​ប្រទេស​ចិន កំពុង​រង​ការ​ចោទ​ប្រកាន់​ថា បាន​លាក់​បាំង​ព័ត៌មាន និង​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩ ក្លាយ​ជា​ជំងឺ​រាតត្បាត​សាកល​បង្ក​វិនាសកម្ម​ដល់​ពិភព​លោក។ ប្រទេស​ចិន​បាន​ព្យាយាម ទប់​ស្កាត់​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ប្រទេស​ខ្លួន​ឡើយ និង​ថា ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អាច​ធ្វើ​ទៅ​បាន តែ​នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​ជា​សាកល​នេះ បាន​បិទ​បញ្ចប់​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភព​លោក កំពុង​ធ្វើ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ព្រមាន​ថា លោក​នឹង​បង្កក​ការ​ផ្ដល់​មូលនិធិ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក ជា​រៀង​រហូត ហើយ​ពិចារណា​ឡើង​វិញ​ពី​សមាជិកភាព​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អង្គការ​នេះ ប្រសិន​បើ​អង្គការ​សុខភាព​ពិភពលោក មិន​ព្រម​ធ្វើ​ការ​កែ​លម្អ គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល ៣០ថ្ងៃ​ខាង​មុខ​នេះ​ទេ។ លោក​ថា អង្គការ​សុខភាព​ពិភព​លោក បាន​បរាជ័យ មិន​បាន​អំពាវនាវ​ឲ្យ​ចិន បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅ​លើ​ប្រភព​ដើម​នៃ​វីរ៉ុស ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩ នេះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល