ស្ដេចដែលឡើងសោយរាជ្យនៅកម្ពុជា បន្ទាប់ពីព្រះបាទជ័យជេដ្ឋាទី២ គឺព្រះរាជសម្ភារពញាតូ ដែលជាបុត្រច្បងរបស់ព្រះអង្គ។ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ១៦២៩ រហូតដល់ព្រះអង្គត្រូវបានទាហានព័រទុយហ្គាល់ បាញ់សម្លាប់ឲ្យធ្លាក់ពីលើចុងត្នោត នៅឆ្នាំ១៦៣៤ ក្រោមបញ្ជារបស់ពូបង្កើតរបស់ព្រះអង្គ គឺព្រះឧទ័យរាជា។ នេះ គឺជាសោកនាដកម្មមួយនៃព្រះរាជវាំងដែលកើតចេញពីទំនាស់ស្នេហារវាងពូ និងក្មួយ ដោយដណ្ដើមគ្នាស្រឡាញ់តែស្រីម្នាក់។
សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះរបស់ លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
គ.១៧ ព្រះរាជសម្ភារពញាតូ (ឆ្នាំ១៦២៩-ឆ្នាំ១៦៣៤) និងសោកនាដកម្មនៃព្រះរាជវាំង
ក្រោយពីព្រះរាជឱង្ការព្រះជ័យចេស្តា ឬជ័យជេដ្ឋាទី២ ទ្រង់សោយទិវង្គតទៅ នៅឆ្នាំ១៦២៨ នោះ រាជ្យសម្បត្តិត្រូវបានទៅចៅពញាតូ ជាព្រះរាជបុត្រច្បងជាអ្នកសោយរាជ្យស្នង។ ប៉ុន្តែនៅពេលនោះ ព្រះពញាតូ ទ្រង់កំពុងនៅបួសជាព្រះភិក្ខុសង្ឃ មិនអាចទាន់ឡើងគ្រងរាជ្យបាននៅឡើយ។ ដោយមិនអាចទុករាជបល្ល័ង្គឲ្យនៅទំនេរបាន នាម៉ឺនសព្វមុខមន្ត្រីក៏យាងព្រះឧទ័យ ជាព្រះអនុជរបស់ព្រះជ័យជេស្តា ឲ្យឡើងគ្រងរាជ្យ តែព្រះអង្គមិនយល់ព្រមទទួលឡើងគ្រងរាជ្យទេ តែទ្រង់យល់ព្រម ទទួលកាន់កិច្ចការរាជការជំនួស ក្នុងពេលដែលព្រះពញាតូ កំពុងសាងផ្នួសនោះ។
ក្នុងឱកាសដែលព្រះឧទ័យ ទ្រង់កាន់កាប់កិច្ចការប្រទេសជាតិជំនួសចៅពញាតូ នោះ ព្រះឧទ័យ ជាមាបានកួចចិត្តស្រឡាញ់ព្រះអង្គច័ន្ទវតី ជាគូដណ្ដឹងរបស់ព្រះពញាតូ ដែលព្រះបិតារបស់ព្រះអង្គបានទ្រង់ផ្សំផ្គុំទុកដាក់តាំងពីព្រះរាជកុមារមកម៉េ្លះនោះ។ ព្រះឧទ័យ ជាមាបានលើកព្រះអង្គច័ន្ទវតី ឲ្យឡើងជាព្រះទេពី (គឺប្រពន្ធ) មានងារជាសម្ដេចព្រះអង្គម៉ែយួរច័ន្ទវតី ថែមទៀតផង។
នៅទីបំផុត ដោយមានការទទូចសុំយាងជាច្រើនសាពីពួកសេនាបតីនាម៉ឺនមន្ត្រី និងព្រះរាជវង្សានុវង្សផង ព្រះពញាតូ ក៏ទ្រង់យល់ព្រមចាកផ្នួស ហើយឡើងសោយរាជ្យនៅរាជធានីឧដុង្គ ក្នុងឆ្នាំ១៦២៩ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះស្រីធម្មរាជារាមាធិបតី ដែលអ្នកប្រវត្តិវិទូនិយមហៅព្រះនាមព្រះអង្គថា ព្រះរាជសម្ភារពញាតូ។
នៅក្នុងរាជ្យព្រះអង្គ ដោយទ្រង់ខ្ញាល់នឹងពួកសៀម ដែលបានចូលមកលុកលុយប្រទេសខ្មែរដល់ទៅបីដងនៅក្នុងរាជ្យព្រះបិតាព្រះអង្គនោះ នៅឆ្នាំ១៦៣០ ឯកសារខ្លះថាឆ្នាំ១៦៣៣ ព្រះរាជសម្ភារពញាតូ ទ្រង់បញ្ជាឲ្យលើកទ័ពទៅវាយយកខេត្តនគររាជ ពីសៀម មកវិញ ប៉ុន្តែយកមិនបាន ក៏ទ្រង់ឲ្យកៀរយកគ្រូសៀម មកជាច្រើន។
ព្រះបាទសម្ដេចព្រះស្រីធម្មរាជាព្រះរាជសម្ភារពញាតូ នេះ ជាព្រះមហាក្សត្រទ្រង់ជក់ព្រះទ័យក្នុងវិស័យអក្សរសាស្ត្រណាស់ ព្រះអង្គបាននិពន្ធស្នាព្រះហស្តជាច្រើនដូចជារាជសព្ទ ច្បាប់រាជសម្ភារ (គ.ស ១៦២២) ហេមន្តមាស (គ.ស ១៦២៩) កាព្យនិរាស (គ.ស ១៦៣០) ហិនលក្ខណ៍សល (គ.ស ១៦៣០) ជាដើម។
ថ្វីត្បិតតែឡើងគ្រងរាជ្យជាស្ដេចផែនដីក៏ដោយ ក៏ព្រះរាជសម្ភារពញាតូ ទ្រង់នៅមានព្រះទ័យយកចិត្តទុកដាក់នឹងការសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរជានិច្ច។ ព្រះអង្គទ្រង់គង់នៅរាជធានីឧដុង្គ តែមួយរយៈខ្លីប៉ុណ្ណោះ ដល់ប្រមាណឆ្នាំ១៦៣១ ព្រះអង្គទ្រង់យាងទៅគង់នៅរាជវាំងកោះឃ្លោក កោះខ្សាច់កណ្ដាល សព្វថ្ងៃ ដើម្បីនឹងបំពេញកិច្ចក្នុងអក្សរសាស្ត្រ ទុកកិច្ចការផែនដីថ្វាយព្រះឧទ័យ ជាមា ក្នុងងារជាមហាឧបយោរាជ ដែលគង់នៅរាជធានីឧដុង្គ មើលកិច្ចការជំនួស។
ព្រឹត្តិការណ៍មួយដែលកើតមានក្នុងរាជ្យព្រះរាជសម្ភារពញាតូ នេះ ជាចំណុចដ៏ជូរចត់បំផុតមួយក្នុងចំណោមចំណុចជូរចត់ជាច្រើននៃប្រវត្តិសាស្ត្រជាតិកម្ពុជា។ នោះ គឺជាទំនាស់ស្នេហាមួយរវាងព្រះឧទ័យ ជាមា និងព្រះរាជសម្ភារពញាតូ ជាក្មួយ ដណ្ដើមគ្នាស្រឡាញ់ស្រីតែម្នាក់ គឺព្រះម៉ែយួរច័ន្ទវតី ដែលពីភាគខាងដើមជាគូកំណាន់ចិត្តរបស់ព្រះរាជសម្ភារ តែក្រោយមកបានក្លាយជាទេពីរបស់ព្រះឧទ័យ ជាមា។ ទំនាស់នេះ បានក្លាយទៅជាសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ រវាងមា និងក្មួយ យ៉ាងកាចសាហាវឃោរឃៅ រហូតដល់ព្រះឧទ័យរាជា ដែលក្ដោបក្ដាប់អំណាចទាំងស្រុងក្នុងកិច្ចការព្រះនគរ ក្នុងនាទីជាឧបយោរាជ ប្រើប្រាស់កម្លាំងបរទេស គឺទាហានព័រទុយហ្គាល់ ក្នុងការតាមកម្ទេចព្រះរាជសម្ភារ ជាក្មួយ ក្រោយពេលដែលព្រះអង្គបានដឹងអំពីរឿងសហាយស្មន់រវាងព្រះទេពី គឺព្រះម៉ែយួរច័ន្ទវតី ជាមួយនឹងព្រះរាជសម្ភារ។
ព្រះម៉ែយួរច័ន្ទវតី ថ្វីត្បិតតែបានក្លាយជាប្រពន្ធរបស់ព្រះឧទ័យ រួចទៅហើយនោះក្តី បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាសាជាថ្មីជាមួយព្រះរាជសម្ភារ អតីតគូដណ្ដឹង ក្រោយពេលដែលទ្រង់បានចាកផ្នួសត្រឡប់មកសោយរាជ្យវិញ។ អ្នកទាំងពីរបានក្លាយជាគូស្នេហ៍លួចលាក់ ហើយតែងរកល្បិចកលជួបគ្នាជារឿយៗ។ ឯកសារខ្លះរៀបរាប់ថា មានពេលខ្លះ ព្រះអង្គម៉ែយួរច័ន្ទវតី បានធ្វើកលជាសុំព្រះឧទ័យ ជាស្វាមី ដង្ហែកឋិនពីរាជធានីឧដុង្គ ទៅនគរវត្ត ដើម្បីបានឱកាសជួបជាមួយព្រះរាជសម្ភារ។
ពេលមួយនោះ ព្រះឧទ័យ ជាមា ទ្រង់ប្រឈួនជាទម្ងន់ ព្រះរាជសម្ភារ ជាក្មួយ ទ្រង់ទៅសួរសុខទុក្ខឪពុកមានៅចំពោះមុខព្រះម៉ែយួរច័ន្ទវតី ជាសង្សារ។ ដោយទ្រង់យល់ច្រឡំថា ព្រះឧទ័យ ជាមាឈឺធ្ងន់ មិនអាចរស់នៅបានយូរទេ ព្រះរាជសម្ភារ ទ្រង់លាន់ព្រះឧស្ឋថា “បាយស្រូវជាភ័ព្វឆ្មា ប្រពន្ធផងមាជាភ័ព្វក្មួយ” តែត្រូវព្រះឧទ័យ ឮ ហើយបើកភ្នែកឡើង រួចឆ្លើយថា “ដំរីសារស្លាប់ជាភ័ព្វក្មួយ ប្រពន្ធផងក្មួយជាភ័ព្វមា”។
ក្រោយមក ព្រះមហាឧបយោរាជព្រះឧទ័យ ក៏បានជាសះស្បើយព្រះរោគឡើងវិញ។ កាលបើបានឃើញថា ព្រះស្វាមីបានជាសះស្បើយហើយ សម្ដេចព្រះម៉ែយួរច័ន្ទវតី បានធ្វើឧបាយកលថាត្រូវដង្ហែយករណ្ដាប់ភស្តុភារ គ្រឿងសក្ការៈ “ផ្កាប្រាសាទដប់” ទៅលាបំណន់ត្បិតព្រះនាងបានបន់ស្រន់ព្រះពុទ្ធនៅវត្តព្រះវិហារសួគ៌ សុំឲ្យព្រះភស្ដាបានជាសះស្បើយ នៅពេលដែលស្វាមីទ្រង់ប្រឈួននោះ។ កាលហែផ្កាចេញពីឧដុង្គមានជ័យហើយ ហើយដោយយកលេសថាយកផ្កាទៅថ្វាយព្រះនៅវត្តមេស ជាមុនសិន សឹមត្រឡប់មកវិហារសួគ៌ ជាក្រោយនោះ ពេលឆ្លងកាត់ព្រះរាជវាំងកោះឃ្លោករបស់ព្រះរាជសម្ភារ នោះ ព្រះម៉ែយួរច័ន្ទវតី ក៏ឡើងទៅជួបព្រះអង្គ ហើយគង់ជាមួយព្រះអង្គក្នុងវាំងនោះទៅ។
ក្រុមមន្ត្រីវាំង និងមន្ត្រីគ្រប់ក្រសួងដែលដង្ហែតាមទៅ ចាំបាត់ដល់ទៅបីថ្ងៃមិនឃើញព្រះម៉ែយួរច័ន្ទវតី យាងត្រឡប់មកវិញ ហើយឃើញនាយទាហានចិន-ខ្មែរ ដែលជាទ័ពរបស់ព្រះរាជសម្ភារ រៀបក្បួនទ័ពជើងទឹក និងជើងគោកផង ហើយរាយកាំភ្លើងធំដាក់លើក្បាលបន្ទាយសព្វប្រការដូច្នោះ ក៏នាំដំណឹងនេះទៅទូលថ្វាយព្រះឧទ័យ ឯក្រុងឧដុង្គ វិញ។ ព្រះមហាឧបយោរាជ ក៏ទ្រង់បញ្ជាឲ្យលើកទ័ពខ្មែរ-ព័រទុយហ្គាល់ ដ៏ធំ ទៅព័ទ្ធបន្ទាយកោះឃ្លោក។
កងទ័ពខ្មែរ-ចិន របស់ព្រះរាជសម្ភារ និងកងទ័ពខ្មែរ-ព័រទុយហ្គាល់ របស់ព្រះឧទ័យ បានច្បាំងគ្នាគគ្រឹកគគ្រេង ស្លាប់ពលទាហានអស់ច្រើនសន្ធឹក។ ទីបំផុត ទ័ពខ្មែរ-ព័រទុយហ្គាល់ របស់ព្រះមហាឧបយោរាជ ព្រះឧទ័យ ក៏ទទួលបានជ័យជម្នះ ដោយវាយបែកបន្ទាយកោះឃ្លោក របស់ស្ដេចផែនដី រួចចាប់ព្រះម៉ែយួរច័ន្ទវតី នាំយកទៅឧដុង្គមានជ័យ ដាក់ទោសប្រហារជីវិតទៅ។ ចំណែកឯព្រះរាជសម្ភារពញាតូ ក៏ទ្រង់ភៀសព្រះអង្គតាមទូករហូតដល់ស្រុកកញ្ជរ ខេត្តក្រចេះ តែត្រូវពួកទាហានព័រទុយហ្គាល់ តាមប្រកិត ហើយទីបំផុត ព្រះអង្គទ្រង់ឡើងទៅពួននៅលើចុងត្នោត។ ទាហានព័រទុយហ្គាល់ ឃើញ ក៏តម្រង់កាំភ្លើងរៀបនឹងបាញ់ព្រះអង្គ តែត្រូវព្រះអង្គរាព្រះហស្ដសុំអនុញ្ញាតទុកពេលថ្វាយព្រះអង្គ ដកកាំបិតស្នៀតកាត់កំពូលត្នោតចារលើស្លឹកត្នោតនូវដំបូន្មានចុងក្រោយរបស់ព្រះអង្គ ជាបណ្ដាំកុំឲ្យជនទាំងឡាយវង្វេងក្នុងកាមតណ្ហាដូចព្រះអង្គទៀត។ លុះចារចប់សព្វគ្រប់ហើយ ទ្រង់បានទម្លាក់ចំណារនោះមកដី ហើយពួកទាហានព័រទុយហ្គាល់ ក៏បាញ់ព្រះអង្គធ្លាក់ពីលើចុងត្នោតសុគតនៅក្នុងឆ្នាំ១៦៣៤ នៃគ.ស នោះទៅ។
ឯកសារខ្លះនិយាយថា ទាំងព្រះរាជសម្ភារពញាតូ ទាំងព្រះម៉ែយួរច័ន្ទវតី ទ្រង់សុគតដោយកាំភ្លើងទាំងពីរអង្គនៅស្រុកកញ្ជរ ខេត្តក្រចេះ នោះ៕