នៅចុងសតវត្សទី១៧ ក្រោមរាជ្យរបស់សម្ដេចព្រះកែវហ្វាអង្គជី ប្រទេសកម្ពុជា ត្រូវបែងចែកជាពីរ។ ត្រើយខាងលិចគ្រប់គ្រងដោយស្ដេចសោយរាជ្យ គឺសម្ដេចព្រះកែវហ្វាអង្គជី ឯត្រើយខាងកើត គ្រប់គ្រងដោយព្រះអង្គនន់ ដែលមានយួន ជួយគាំទ្រ។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនលោកអ្នកនាងនូវប្រវត្តិសាស្ត្រខ្មែរនាដំណាក់កាលនោះដូចតទៅ៖
គ.២៣ សម្ដេចព្រះកែវហ្វាអង្គជី (ឆ្នាំ១៦៧៣-ឆ្នាំ១៦៧៥)
ក្រោយពីពេលដែលសម្ដេចព្រះភគវតីព្រះចមក្សត្រី អតីតអគ្គមហេសីរបស់បរមរាជាពញាសូ បញ្ជាឲ្យពួកចាមជ្វា ឲ្យលបលុកធ្វើគតព្រះបទុមរាជាស្រីជ័យជេដ្ឋ បានហើយ ពួកព្រាហ្មណ៍បុរោហិត នាម៉ឺនសព្វមុខមន្ត្រី រាជាគណៈសង្ឃ ព្រះរាជវង្សានុវង្ស ក៏បានថ្វាយរាជ្យសម្បត្តិទៅព្រះអង្គជី ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបរមរាជាពញាសូ ឲ្យឡើងសោយរាជ្យនៅទីក្រុងឧត្តុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា សម្ដេចព្រះកែវហ្វាអង្គជី។
ចំណែកខាងព្រះមហាឧបយោរាជអង្គតន់ ជាព្រះបិតុលា និងព្រះអង្គនន់ ដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គ ដែលបានភៀសខ្លួនទៅប្រទេសយួន ក្នុងពេលដែលព្រះស្រីជ័យជេដ្ឋ ធ្វើគតដណ្ដើមរាជ្យពីព្រះបរមរាជាពញាសូ ជាបិតារបស់ព្រះអង្គនោះ បានសុំទ័ពពីព្រះរាជាយួន ដើម្បីមកវាយព្រះស្រីជ័យជេដ្ឋ សងសឹកវិញ។ ព្រះចៅយួនអណ្ណាមកុក ក៏យល់ព្រមបញ្ជូនទ័ព ១ម៉ឺននាក់មកវាយប្រទេសខ្មែរតាមការស្នើសុំ។ ឯកសារខ្លះបានបញ្ជាក់ថា គឺដោយសារព្រះអង្គតន់ និងព្រះអង្គនន់ ជាមា និងក្មួយ ដែលបានទៅពឹងយួន ឲ្យបោះទីតាំងនៅព្រៃនគរនេះហើយ ដែលនាំឲ្យយួន ចេះតែនាំគ្នាទន្ទ្រានចូលមកកាន់តែច្រើនឡើងៗនៅដែនដីប្រទេសខ្មែរភាគខាងក្រោមនោះ។
ពេលនាំទ័ពយួន មកដល់ប្រទេសខ្មែរហើយ ទើបព្រះមហាឧបយោរាជអង្គតន់ ដឹងថា ព្រះបទុមរាជាស្រីជ័យជេដ្ឋ ជាស្ដេចជ្រែករាជ្យនោះ ត្រូវសុគតដោយសារស្នាដៃពួកចាមជ្វា រួចទៅហើយ។ ឯខាងសម្ដេចព្រះកែវហ្វាអង្គជី ដែលទើបនឹងឡើងសោយរាជ្យវិញនោះ មិនបានដឹងថាព្រះបិតុលាមានបំណងប៉ងសងសឹកឲ្យព្រះបិតាព្រះអង្គឡើយ។ ពេលបានជ្រាបថាមហាឧបយោរាជអង្គតន់ ជាព្រះបិតុលា និងព្រះអង្គនន់ ជាប្អូនជីដូនមួយ នាំទ័ពយួន ចូលមកស្រុកខ្មែរដូច្នោះ ទ្រង់គិតថា ប្រាកដជាមកច្បាំងដណ្ដើមរាជ្យព្រះអង្គ ព្រះអង្គក៏បានទ្រង់កេណ្ឌទ័ពរាយកម្លាំងចាំទទួលធ្វើសង្គ្រាមរួចជាស្រេច។
ដោយមិនបានយល់បំណងពិតប្រាកដទាំងសងខាង និងដោយសារមានការសង្ស័យរវាងគ្នានឹងគ្នា មហាឧបយោរាជអង្គតន់ ជាឪពុកមា បានក្លាយជាសត្រូវស្លាប់រស់របស់ព្រះអង្គជី ជាក្មួយ ហើយសង្គ្រាមដ៏ធំមួយបានកើតឡើងរវាងម្ខាងខ្មែរ និងម្ខាងទៀតដោយមានអន្តរាគមន៍ទ័ពយួន។
ជាដំបូង ទ័ពទាំងពីរនេះបានប៉ះទង្គិចច្បាំងគ្នានៅភ្នំពេញ មិនចាញ់មិនឈ្នះ ប៉ុន្តែទីបំផុត ទ័ពខ្មែរ-យួន របស់មហាឧបយោរាជអង្គតន់ វាយបំបែកបន្ទាយភ្នំពេញ ហើយធ្វើដំណើរជម្រុលទៅវាយបន្ទាយឧត្តុង្គមានជ័យ ទៀត។
ក្នុងដំណើរនេះ មហាឧបយោរាជអង្គតន់ ទ្រង់អាពាធជាទម្ងន់ដោយអហិវាតរោគ គឺរោគខ្យល់ ឬអាសន្នរោគ។ ទ្រង់ផ្ដាំនឹងមេទ័ពយួន ឲ្យខំវាយដណ្ដើមរាជ្យសម្បត្តិយកមកថ្វាយព្រះអង្គនន់ ជាក្មួយរបស់ព្រះអង្គ ដែលត្រូវជាព្រះរាជបុត្រព្រះអង្គអ៊ឹម ដែលទ្រង់បានសោយទិវង្គតក្នុងសង្គ្រាមកាលរាជ្យព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម នោះឲ្យបាន។ ទ្រង់ផ្ដែផ្ដាំរួចក៏សុគតទៅ។
ចំណែកខាងសម្ដេចព្រះកែវហ្វាអង្គជី ជាស្ដេចសោយរាជ្យវិញ កាលបើជ្រាបថាទ័ពខ្មែរ-យួន របស់ព្រះឧបយោរាជ ជម្រុលមកដល់ឧត្តុង្គហើយ ព្រះអង្គក៏ទ្រង់ចាត់ទ័ពឲ្យទៅវាយកម្ចាត់បានដោយជោគជ័យ។ ទ័ពខ្មែរ-យួន ក៏ដកថយ ហើយមកបោះទីតាំងនៅខេត្តស្រីសឈរ។
កាលណោះប្រទេសខ្មែរត្រូវចែកជាពីរ គឺខាងលិចទន្លេមេគង្គ ត្រូវឋិតក្រោមអំណាចរបស់សម្ដេចព្រះកែវហ្វាអង្គជី ជាស្ដេចសោយរាជ្យ និងត្រើយខាងកើតឋិតក្រោមការត្រួតត្រារបស់ព្រះអង្គនន់ ជាប្អូនជីដូនមួយរបស់ព្រះអង្គដែលមានយួន គាំទ្រ ហើយដែលមន្ត្រីខាងកើតថ្វាយព្រះនាមថា សម្ដេចព្រះបទុមរាជាមហាឧបយោរាជ។
មិនយូរប៉ុន្មាន ឧបយោរាជថ្មីនេះបានចម្លងទ័ពខ្មែរ-យួន មកបោះនៅកោះស្លាកែត ខេត្តកៀនស្វាយ ត្រៀមច្បាំងនឹងទ័ពត្រើយខាងលិច។ សម្ដេចព្រះកែវហ្វាអង្គជី ជាស្ដេចផែនដីជ្រាបដូច្នោះ ក៏ចាត់ឲ្យព្រះអង្គស៊ូ ជាព្រះអនុជ កាន់ទ័ពនៅរក្សាការពារព្រះរាជវាំងឧត្តុង្គ។ ចំណែកព្រះអង្គទ្រង់ព្រះរាជដំណើរទៅកេណ្ឌទ័ពនៅខេត្តសំរោងទង ដោយទ្រង់គង់ប្រដាប់នៅស្រុកកណ្ដាលប្រាំតម្លឹង ក្នុងខេត្តសំរោងទង នោះ។
ប៉ុន្តែមិនយូរប៉ុន្មាន ព្រះអង្គក៏ទ្រង់អាពាធដោយអហិវាតរោគ រោគខ្យល់ ឬអាសន្នរោគ ហើយសុគតនៅស្រុកប្រាំតម្លឹងនោះទៅ ទុកកិច្ចការសង្គ្រាមនោះឲ្យព្រះអនុជ គឺព្រះជ័យជេដ្ឋាអង្គស៊ូ ជាអ្នកធ្វើបន្តទៅទៀត។ ព្រះអង្គស៊ូ ក៏ទ្រង់លើកទ័ពពីឧត្តុង្គ ទៅវាយកម្ចាត់ទ័ពមហាឧបយោរាជ ដែលបោះទ័ព នៅស្លាកែត ឲ្យទទួលបរាជ័យយ៉ាងដំណំ ហើយមហាឧបយោរាជ ក៏នាំព្រះញាតិ និងបណ្ដាជាខ្ញុំទាំងប៉ុន្មាន យាងភៀសទៅស្រុកយួនអណ្ណាមកុក ម្ដងទៀត។
សម្ដេចព្រះកែវហ្វាអង្គជី ទ្រង់ឡើងសោយរាជ្យនៅរាជធានីឧត្តុង្គនៅឆ្នាំ១៦៧៣ ហើយទ្រង់សោយទិវង្គតដោយអហិវាតរោគនៅស្រុកប្រាំតម្លឹង ខេត្តសំរោងទង ក្នុងឆ្នាំ១៦៧៥ នៃគ្រិស្តសករាជ៕