អ្នក​ទោស​នយោបាយ ១៤​រូប​បន្ថែម​ទៀត ត្រូវ​បាន​ដោះលែង ស្រប​ពេល​របប​ថ្មី​ឯកបក្ស​កំពុង​ស្វះ​ស្វែងរក​ភាព​ស្រប​ច្បាប់

មួង ណារ៉េត
2018-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

អ្នក​ទោស​នយោបាយ ១៤​រូប​បន្ថែម​ទៀត ត្រូវ​បាន​ដោះលែង​កាលពី​យប់​ម៉ោង១ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៨ សីហា ស្រប​ពេល​របប​ថ្មី​ឯក​បក្ស​របស់​របប​លោក ហ៊ុន សែន កំពុង​ស្វះ​ស្វែងរក​ភាព​ស្របច្បាប់ ក្រោយ​រង​ការ​ថ្កោលទោស​ជុំ​ទិស ពី​អន្តរជាតិ ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ។ ទោះជា​ការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ពួកគាត់ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ និង​យ៉ាង​អយុត្តិធម៌​យ៉ាង​ណា​ក្តី ក៏​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ ត្រេកអរ​នឹង​ការ​ដោះលែង​នេះ។

ភរិយា​លោក មាជ សុវណ្ណារ៉ា គឺ​លោកស្រី មាជ ជេមី ថ្លែង​ទាំង​អារម្មណ៍​ក្ដុកក្ដួល​រំជួលចិត្ត ដ្បិត​រំភើប​ឥតឧបមា ប្រាប់​អាស៊ីសេរី នៅ​ពេល​ឮ​ដំណឹង ថា​ស្វាមី​របស់​លោក​ស្រី ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប រក​អ្វី​និយាយ​មិនបាន​...។ ពេល​ដែល​ប្តី​ជាប់គុក ក៏​យើង​យំ ពេល​ដែល​ចេញ ក៏​យើង​យំ។ មនុស្ស​ស្រី​យើង ទោះបី​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​យើង​រំជួលចិត្ត​ទប់​មិនបាន ព្រោះ​ក្តី​ស្រមៃ​ដែល​យើង​រង់ចាំ​រយៈពេល​ជិត​បួន​ឆ្នាំ មក​ដល់​រក​ស្មាន​មិន​ដល់ ព្រោះ​គាត់​ជាប់ទោស​រហូតដល់​ទៅ ២០ឆ្នាំ»

លោកស្រី និង កូនៗ​មិនបាន​ទៅ​ទទួល​ស្វាមី​ដោយ​ផ្ទាល់​ទេ ដោយសារ​លោកស្រី​កំពុង​រស់​នៅ​ឯ​អាមេរិក​ឯណេះ។ ប៉ុន្តែ​លោកស្រី និង​កូនៗ ដែល​រស់នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា និង​ខាន​ជួប​មុខ​គ្នា​ជាង​បី​ឆ្នាំ​មក​ហើយ បាន​ភ្ញាក់​តាំងពី​យប់ រួច​ដាស់​កូនៗ ឲ្យ​រង់ចាំ​តាមដាន ការ​ដោះលែង​របស់​ស្វាមី និង​ឪពុក​របស់​ពួកគេ។

ចំណែក​ឯ​ភរិយា​របស់​លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន្ទ ដែល​បាន​អង្គុយ​ចាំ​ទទួល​ស្វាមី​ចេញពី​គុក តាំង​ពី​ថ្ងៃ​រហូតដល់​យប់​ជ្រៅ ដែល​មិន​ទាន់​បាន​អាហារ​ចូល​ពោះ ទាំង​ជីដូន ទាំង​ចៅស្រី​តូច ដែល​គេង​លង់លក់​លើ​ភ្លៅ​លោកស្រី រៀបរាប់​ទាំង​ទឹកមុខ​ហេវ​ហត់ ប៉ុន្តែ​ត្រេកអរ​ក្នុង​ការ​រង់ចាំ​ស្វាមី។ ថ្លែងប្រាប់​វិទ្យុ​វីអូឌី ប្រហែល​ពីរ​ម៉ោង​មុន​ការ​ដោះលែង​ស្វាមី​លោកស្រី លោកស្រី​ប្រាថ្នា​ចង់​ឃើញ​ការ​ដោះលែង​ស្វាមី​លោកស្រី​យូរ​ណាស់​ហើយ ព្រោះ​លោក អ៊ុក ពេជ្រសំណាង ជា​បង្គោល​គ្រួសារ។ ពេល​លោក​ជាប់​ពន្ធនាគារ គ្រួសារ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ខ្លាំង៖ «ខ្ញុំ​ត្រេកអរ រំភើប​ពេក សង្ឃឹមថា​គាត់​បាន​ជួបជុំ​គ្រួសារ និង​ជួបជុំ​ចៅ​របស់​គាត់ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ជាងគេ។ ខ្ញុំ​សព្វថ្ងៃ​ហ្នឹង កំពុង​ជួប​ការ​លំបាក ដោយ​បញ្ហា​សុខភាព​ផង និង ជីវភាព​ផង​។ គេ​ដោះលែង​គាត់ ត្រេកអរ ព្រោះ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ផង ចិញ្ចឹម​គាត់​នៅ​ក្នុង​ព្រៃ​ស​ផង និង​ចៅ​ដែល​ឪពុក​ម្ដាយ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស។ ជួប​ការ​លំបាក​មែន​ទែន។ លំបាក​ណាស់»

ការ​ដោះលែង​អ្នក​ទោស​នយោបាយ ជា​ទ្រង់ទ្រាយ​ធំ​បែបនេះ ត្រូវ​បាន​អ្នកវិភាគ យល់​ឃើញ​ថា មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ព្រោះ​របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​អន្តរជាតិ ជុំវិញ​ភាព​ស្របច្បាប់​នៃ​របប​ថ្មី​ឯក​បក្ស និង​សម្ពាធ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដែល​របប​លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ យ៉ាងហោចណាស់ ក៏​ឲ្យ​បាន​មុន​ការប្រជុំ​សភា​ថ្មី និង​នៅ​មុន​ដំណើរ​ទៅ​ចូលរួម​ប្រជុំ នៅ​អង្គការ​សហប្រជាជាតិ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី ការ​ដោះលែង​នេះ ធ្វើឡើង​ក្រោយ​ពី​អ្នក​ទាំង១៤ បាន​សរសេរ​លិខិត​សុំទោស ទៅ​លោក ហ៊ុន សែន។ មុន​ដោះលែង​នេះ លោក ហ៊ុន សែន មាន​លក្ខខណ្ឌ​មួយ ដោយ​លោក​បាន​គំរាម​ថា បើ​អ្នកណា​ហ៊ាន​រិះគន់​លោក ថា​ការ​ដោះលែង​នេះ គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ នោះ​លោក​នឹង​មិន​ទាន់​ដោះលែង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​ព្រមាន​បង្ខំ​ឲ្យ​អ្នក​ជាប់ឃុំ​ទាំងនោះ សរសេរ​លិខិត​ថ្កោលទោស ឬ​ឲ្យ​អ្នក​ខាងក្រៅ​សុំ​ទោស បើ​សិន​នៅតែ​មាត់​អត់​គម្រប។

ភ្លាមៗ​ក្រោយ​ការព្រមាន​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បង្ហោះ​សារ​មួយ​ភ្លាម ដោយ​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​ទាល់ច្រក និង​រង​សម្ពាធ​អន្តរជាតិ​យ៉ាង​ខ្លាំង ដែល​ចៀស​មិន​ផុត​ពី​ការ​ដោះលែង អ្នក​ទោស​នយោបាយ​ទាំងអស់​នោះ​ឡើយ។ លោក សម រង្ស៊ី ថែមទាំង​តប​ទៅ​លោក ហ៊ុន សែន វិញ​ថា លោក ហ៊ុន សែន អាច​យក​នរណា​ផ្សេង​ជា​ចំណាប់ខ្មាំង តែ​មិន​អាច​យក​រូបលោក​ធ្វើជា​ចំណាប់ខ្មាំង​បាន​ឡើយ៖ «គាត់​ចាប់​នរណាៗ​ធ្វើជា​ចំណាប់ខ្មាំង​បាន ប៉ុន្តែ មិន​អាច​ចាប់​ខ្ញុំ​ធ្វើជា​ចំណាប់ខ្មាំង ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ទឹកចិត្ត​របស់ខ្ញុំ​ទេ។ ខ្ញុំ​នៅតែ​និយាយ​ការពិត។ គ្មាន​នរណា​អាច​បិទមាត់​ខ្ញុំ មិន​ឲ្យ​និយាយ​ការពិត។ ការពិត​គឺ​លោក ហ៊ុន សែន ទទួល​សម្ពាធ​យ៉ាង​ខ្លាំង​ណាស់ ដែល​គាត់​សម្រេច​លើកលែងទោស អ្នក​ដែល​ជាប់​ពន្ធនាគារ​សព្វ​ថ្ងៃ គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ មិនមែន​ដោយសារ​ចិត្តល្អ​របស់​គាត់​ទេ។ បើ​គាត់​ចិត្តល្អ ម៉េច​ក៏​មិន​ចិត្តល្អ​ពី​យូរយារ​ណាស់​មក​ហើយ។ ម៉េច​ក៏​ចាំតែ​ពេលនេះ​? ម៉េច​ក៏​ចៃដន្យ​អ្វី​ពិសេស​ម្ល៉េះ?»

រហូតមកដល់​ពេលនេះ មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​លោក ហ៊ុន សែន យ៉ាងណា​នៅឡើយ​ទេ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន បាន​អះអាង​ថា មិន​ខ្វល់​នឹង​សំដី​លោក សម រង្ស៊ី ទេ។

ទោះជា​មាន​សារ​ឌឺដង​ឡង​សំដី​គ្នា រវាង​អ្នកនយោបាយ​ចាស់​វស្សា​ទាំងពីរ​យ៉ាង​នេះ​ក្តី ក៏​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ត្រូវ​បាន​ដោះលែង រួចហើយ​ក៏​មាន​ការ​ដោះលែង អ្នក​ទោស​នយោបាយ​ទាំង ១៤ រូប​នេះ​បន្ថែម​ទៀត ក្នុង​ពេល​តែមួយ កាលពី​កណ្ដាល​អធ្រាត្រ​មុន​នេះ។

អ្នកវិភាគ​នយោបាយ​កម្ពុជា យល់ស្រប​គ្នា​ថា របប​លោក ហ៊ុន សែន កំពុង​ស្វះ​ស្វែងរក​ភាព​ស្របច្បាប់ ក្រោយ​ការរៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​រង​ការ​ថ្កោលទោស​ជុំ​ទិស ជាពិសេស​ពី​សហគមន៍​អន្តរជាតិ។ មិនតែប៉ុណ្ណោះ សហគមន៍​អន្តរជាតិ ថែមទាំង​ដាក់ទណ្ឌកម្ម​ជា​បណ្តើរៗ​តាំង​ពី​ក្រោយ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ជាដើម។ ជា​បន្ត​បន្ទាប់​មក​ទៀត រហូតដល់​ក្រោយ​បោះឆ្នោត សហគមន៍​អន្តរជាតិ ក៏បាន​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម លើ​របប​លោក ហ៊ុន សែន ដែល​អាច​រហូតដល់​ការ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ថែម​ទៀត​ផង បើ​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា​ជា​ការ​ពិត គឺ​របប​លោក ហ៊ុន សែន រង​សម្ពាធ​អន្តរជាតិ​នេះ យូរ​ណាស់​ដែរ​ហើយ ព្រោះ​ចំណាត់ការ​របស់​របប​នេះ មក​លើ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ត្រូវ​បាន​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ដំណំ៖ «គេ​ដក​ជំនួយ​របស់​គេ​ទៅដល់​គ..ប និង​មិន​ចូលរួម​ការបោះឆ្នោត​ជាដើម គឺ​បាន​បង្ហាញ​ជំហរ​គេ​ទៅ​ហើយ​ដែរ ជា​បណ្តើរៗ​មក។ ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​ជា​លេស​មួយ ដែល​គេ​ថា​វា​ខុស​នឹង​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ការ​រួច​ពន្ធ EBA។ គេ​មាន​លក្ខខណ្ឌ​របស់​គេ ព្រោះ​បើ​គេ​ជួយ គឺ​ទាល់តែ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ គេ​ព្រមាន​យូរ​ដែរ​ហើយ​តើ​!»

ចំណែក​ឯ​លោក រ៉ុង ឈុន ដែល​ទៅ​ចាំ​ទទួល​អ្នក​ទាំងនោះ​ពី​ថ្ងៃ ប៉ុន្តែ​សម្រេច​វិលត្រឡប់​ទៅផ្ទះ​ព្រោះ​ចាំ​យូរ​ពេក នៅតែ​មិន​ឃើញ​ដោះលែង ក៏​ចូលរួម​អបអរសាទរ នូវ​ដំណឹង​ដោះលែង​នេះ​ដែរ ទោះបីជា​អ្នក​ទាំងនោះ ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ទាំង​អយុត្តិធម៌​អស់​ជាច្រើន​ឆ្នាំ​យ៉ាង​ក្តី។ អតីត​សមាជិក គ..ប និង​បច្ចុប្បន្ន ជា​ប្រធាន​សហភាពសហជីព​កម្ពុជា​រូប​នេះ បន្ថែម​ថា ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ជា​ការ​ល្អ​ប្រសើរ ប៉ុន្តែ ដើម្បី​ឲ្យ​របប​លោក ហ៊ុន សែន រួច​ផុត​ពី​សម្ពាធ និង​ទណ្ឌកម្ម​អន្តរជាតិ គឺ​ទាល់តែ​របប​នេះ ផ្ដល់​នីតិសម្បទា​ឲ្យ​តំណាងរាស្ត្រ ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ និង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​ផង​ដែរ។ លោក​ព្យាករណ៍​ទុក​មុន​ថា បើ​លក្ខខណ្ឌ​ទាំងនេះ មិន​បាន​បំពេញ នោះ​របប​លោក ហ៊ុន សែន នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទុក​លំបាក​របស់​កម្មករ ក្រោយ​ការ​ដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ៖ «បើសិន​គាត់​មិន​គិត​គូ​អំពី​ផលប្រយោជន៍ ការបាត់បង់​ការងារ​របស់​កម្មករ​ទេ ហើយ​គាត់​គិតតែ​ផលប្រយោជន៍​ក្រុម​បក្សពួក ហើយ​មិន​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ នោះ​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​ទៅដល់​ការបាត់បង់​ការងារ​របស់​បង​ប្អូន​កម្មករ។ ដូច្នេះ​អ្នកដឹកនាំ​រដ្ឋាភិបាល ត្រូវ​ពិចារណា​ឡើងវិញ ជុំវិញ​បញ្ហា​ទាំងអស់​នេះ»

លោក សម រង្ស៊ី ឯណោះ ក៏បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក របស់​លោក កាលពី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី២៨ ខែ សីហា នេះ​ដែរ ថា​លោក​សូម​អបអរសាទរ ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។ លោក​សូម​គោរព​ចំពោះ​វីរភាព របស់​មន្ត្រី និង​សកម្មជន នៃ​គណបក្ស​សង្គ្រោះជាតិ ទាំងអស់​នោះ ដែល​បាន​បង្ហាញ​ភាព​ក្លាហាន ភាព​អត់ធ្មត់ និង​ភាព​ស្មោះត្រង់ របស់​ពួកគាត់ ចំពោះ​គណបក្ស​សង្គ្រោះជាតិ និង​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ដែល​ទាមទារ​ឲ្យ​បញ្ចប់​របប​ផ្ដាច់ការ សព្វថ្ងៃ។

ទោះបី​អ្នក​ទោស​នយោបាយ​ត្រូវ​បាន​ដោះលែង​ជា​បណ្តើរៗ ក៏​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​រងគ្រោះ​ដោយសារតែ​ហេតុផល​នយោបាយ​នេះ នៅ​ជាប់​ពន្ធនាគារ នៅ​ទី​ផ្សេងៗ​នៅឡើយ​។ ភរិយា​លោក មាជ សុវណ្ណារ៉ា លោកស្រី មាជ ជេមី អំពាវនាវ​សុំ​ឲ្យ​មានការ​ដោះលែង អ្នក​ទាំងនោះ​ថែមទៀត រួម​ទាំង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ផង ដើម្បី​ឲ្យ​ពួកគាត់​បាន​វិល​មក​ជួបជុំ ក្រុម​គ្រួសារ​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មី និង​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថលេខា ដោះលែង​ទោស​ឯកឧត្ដម កឹម សុខា ដើម្បី​គាត់​ជួបជុំ​ក្រុម​គ្រួសារ និង​ម្តាយ​ចាស់ជរា​របស់​គាត់ ដើម្បី​គាត់​មាន​ឱកាស​ព្យាបាល​ជំងឺ និង​សកម្មជន មេឃុំ ចៅសង្កាត់ និង អ្នក​ផ្សេងៗ​ទៀត ទាំង​យុវជន​ដែល​មកពី​បាងកក ដែល​គេ​ចាប់​នៅ​ស្វាយរៀង។ ខ្ញុំ​ចង់​ឲ្យ​មាន​ឯកភាព​ជាតិ និង​ដោះលែង​ទាំងអស់​គ្នា ដើម្បី​ពួកគាត់​មាន​សេចក្តី​សុខ និង​ជួបជុំ​ក្រុម​គ្រួសារ​ដូច​ពួក​ខ្ញុំ​នៅ​ពេល​នេះ​ដែរ»

អ្នកទោស​នយោបាយ​ដែល​ជា​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​ទទួល​បាន​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះ​មហាក្សត្រ ទាំង​១៤​នាក់​នោះ ហើយ​ត្រូវ​បាន​ដោះលែង ចេញ​ពី​ពន្ធនាគារ​កាលពី​យប់មិញ មាន​ឈ្មោះ​ដូចតទៅ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ លោក ឃិន រឿន ហៅ ឃិន ជំរឿន លោក នាង សុឃុន លោក សាន គឹមហេង លោក ស៊ុំ ពុទ្ធី លោក កែ ឃីម ហៅ វិន ឌី លោក ទេព ណារិន លោក អាន បឋម ហៅ សុខុម លោក សាន សីហៈ លោក អ៊ុក ពេជ្រសំណាង លោក រឿន ចិត្ត្រា លោក យន់ គឹមហួរ និង លោក យា ថុង ដែល​ត្រូវ​បាន​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​បទ​ដឹកនាំ​កុបកម្ម ឬ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ (ក្បែរ​ស្ពាន​នាគ ជិត​វត្តភ្នំ​) កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤។ ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​ត្រូវ​ជាប់ទោស ៧ ឆ្នាំ អ្នក​ខ្លះ​ទៀត​ជាប់​រហូតដល់ ២០ ឆ្នាំ។

ទោះបីជា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ អាច​ជា​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​ផ្នែក​នយោបាយ បាន​មួយ​កម្រិត​ក្តី អ្នកវិភាគ​យល់​ឃើញ​ថា របប​លោក ហ៊ុន សែន នៅតែ​ប្រឈម​នឹង​ការ​ខ្វះ​ភាព​ស្របច្បាប់​ដដែល ទាល់តែ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទាំងស្រុង រួម​ទាំង​ការរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ ដែល​មិន​ដូច​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែ កក្កដា ដែល​ត្រូវ​គេ​ចាត់ទុកថា ធ្វើ​បែប​ក្លែងក្លាយ និង​បង្គ្រប់​កិច្ច​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

All Cambodian pple and all political parties must gather around UN headquarter to demmand Hun Sen must setup a new pm reelection once again...or dictator must step down if not reelection or call unoficial pm or govm't...

Be aware dictator Hun Sen's playing tricks and threat after it calls unofficial election,unofficial govm't"outlaw govm't/facing world sanctions ahead"on July 29,2018.Why dictator Hun Sen try to release all those political hostages before tmil Hun Sen comes to meeting the UN headquarter in New York,and what this horrible man gonna say or report to the UN assembly members...there he would be says after unofficial election on July 29,2018-his rogue ccp won 100% to overall 17 small parties"won without big top opposition party CNRP who abolished before election coming by tmil Hun Sen"who gotten financial aids from him and created them in a few months as his liberal parties in easier to prove or foolishly to the world or international community that national pm election under apartheid rule is everything went smoothly and fair to all political party,so now he became next pm again in the last 4 decades brutal regime after the killing fields era ended.Dictator Hun Sen rogue govm't try to bullying to the UN members and the world or international community to get back to support his fascist commie regime and stay longer in power as he wanted.Or,he'll be says to the UN that no more political prisoners under his fascist regime and then he makes a false claim that he has been selected by voters to lead the country"sicken man/shamelessly".But,we the Cambodian pple wants the UN and international community have to learn more about this badass dictator tactics with its alliances who supported this horrible dictator as their puppet govm't"China/nvc",and we want the UN,superpowers and international community to pressuring more dictator Hun Sen to setup a new reelection once again under the UN,world superpowers,international community controller or management with fair vote to all pple and all political parties by without fear or threat from any political party.

Aug 28, 2018 01:26 PM

គេហទំព័រ​ទាំងមូល