សមាគម​គ្រូបង្រៀន​បង្ខំ​ចិត្ត​ទទួល​យក​លក្ខខណ្ឌ​រឹតត្បិត​របស់​អាជ្ញាធរ​ក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន

ដោយ ម៉ៅ សុធានី
2020-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ
អ្នកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ
រូប៖ ហ្វេសប៊ុក

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បង្ខំចិត្ត​ទទួល​យក​លក្ខខណ្ឌ​បែប​រឹតត្បិត​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​អាច​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី៥ តុលា ដើម​សប្ដាហ៍​ក្រោយនេះ​បាន​។ អាជ្ញាធរ​បាន​កំណត់​លក្ខខណ្ឌ ចំនួន​អ្នកចូលរួម ៥០​នាក់ ក្នុង​ទិវា​នោះ និង​ហាម​ការ​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ ក្រោម​ហេតុផល ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ពេញ​ចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាធរ​នេះ​ទេ ប៉ុន្តែ​សមាគម​ត្រូវតែ​បង្ខំចិត្ត​ទទួល​យក ដើម្បី​អាច​ប្រារព្ធ​ពិធី​នេះ​បាន​ដូច​ការ​គ្រោងទុក។

អ្នកស្រី អ៊ុក ឆាយ៉ាវី នៅតែ​អះអាង​ថា សមាគម​មិន​អាច​កំណត់​ចំនួន​អ្នកចូលរួម​ឱ្យ​បាន​ជាក់លាក់​ត្រឹម​៥០ នាក់​ដូច​ការកំណត់​នោះ​ទេ ព្រោះ​រឿង​នេះ​អាស្រ័យ​លើទឹក​ចិត្ត​គ្រូបង្រៀន មាតាបិតា​សិស្ស និង​ពលរដ្ឋ​ដែល​ចង់​ចូលរួម៖ «សាលាក្រុង​បាន​អនុញ្ញាត​ហើយ ទោះបី​លើស​តិចតួច​យ៉ាង​ណា​ក្តី ខ្ញុំ​ជឿជាក់​ថា នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ចំពោះ​លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ដែល​ជា​មាតាបិតា​សិស្ស​ទេ។ ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​នឹង​មាន​ឆន្ទៈ​មក​(​ចូលរួម​) ព្រោះ​គាត់​ក៏​ចង់​ឃើញ​ដែរ​ថា ការដែល​គាត់​ចូលរួម​ហ្នឹង​មាន​អ្វី​កើតឡើង ព្រោះ​បើ​យើង​និយាយ​ពី​ដាវ​អាជ្ញាសឹក បាន​ឱ្យ​ដាវ​អាជ្ញា​សឹក​យើង​ហើយ»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​ជួបជុំ​ជាមួយ​គ្រូបង្រៀន សិស្ស និស្សិត អាណាព្យាបាល​សិស្ស និង​យុវជន យ៉ាងហោចណាស់​ចំនួន​១៥០ នាក់ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា​។ តាម​គម្រោង ក្រោយ​ការ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​គ្រូបង្រៀន​នឹង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ។

អ្នកស្រី អ៊ុក ឆាយ៉ាវី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទុកជាមុន​នោះ​ទេ អំពី​របៀបវារៈ​នៃ​កម្មវិធី មតិ​ដែល​នឹង​លើកឡើង និង​ខ្លឹមសារ​ញត្តិ​ដែល​ត្រូវ​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០២ តុលា អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន រៀបចំ​ប្រារព្ធ​ទិវា​នេះ ប៉ុន្តែ​អាជ្ញាធរ​កំណត់​ចំនួន​អ្នកចូលរួម​ត្រឹម​៥០ នាក់ ហើយ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត ថ្នាក់ដឹកនាំ​សមាគម​គ្រូបង្រៀន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។ ជាពិសេស កម្មវិធី​នេះ​ត្រូវតែ​ប្រព្រឹត្តទៅ​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដូចជា ហាម​ថ្លែង​សារ​វាយប្រហារ​រដ្ឋាភិបាល ហាម​លើក​ករណី​លោក រ៉ុង ឈុន មក​និយាយ​ក្នុង​កម្មវិធី និង​អនុវត្ត​ស្តង់ដារ​អនាម័យ​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ជាដើម។

អ្នកស្រី អ៊ុក ឆាយ៉ាវី រិះគន់​ថា លក្ខខណ្ឌ​របស់​អាជ្ញាធរ​នេះ រឹតត្បិត​ជ្រុល​ហួសហេតុ​លើ​សេរីភាព​របស់​ពលរដ្ឋ និង​អង្គការ​-​សមាគម ដែល​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​។ ទោះជា​យ៉ាងណា អ្នកស្រី​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​សមាគម​គ្រូបង្រៀន​នៅតែ​ប្ដេជ្ញា​រៀបចំ​កម្មវិធី​នេះ និង​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ដទៃ​ទៀត ដោយ​មិន​ព្រួយបារម្ភ​អំពី​ការ​ចាប់ខ្លួន ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នោះ​ឡើយ។

ចំណែក នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ពិនិត្យ​ឃើញ​ថា ការសម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ហាក់ដូចជា​ធ្វើឡើង​ឱ្យ​តែ​ល្អ​មើល ព្រោះ​លក្ខខណ្ឌ​ទាំងឡាយ​គាបសង្កត់​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​រួច​ទៅ​ហើយ៖ «ការ​លើកឡើង​ពី​ភាព​កង្វល់ ឬក៏​បញ្ហា​ដែល​កើតឡើង វា​មិនមែន​ជា​បទល្មើស​ទេ។ វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។ បើ​គាត់​ជួបជុំ សម្ដែង​មតិ ហើយ​លើក​ពី​កង្វល់​មិនបាន អា​ហ្នឹង​គេ​មិនមែន​ហៅថា សេរីភាព​ក្នុង​ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នោះ​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ លោក ម៉េ​ត មាសភក្តី ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​០៣ តុលា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ថ្វីបើ​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ក្រោម​គាបសង្កត់​របស់​អាជ្ញាធរ​យ៉ាងណាក្តី ក៏​គ្រូបង្រៀន​មួយ​ចំនួន​តាំងចិត្ត​ថា នឹង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យ​ខាង​តែ​បាន ដើម្បី​សម្ដែង​ទុក្ខ​កង្វល់ និង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

គ្រូបង្រៀន​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក គៀត សុគន្ធ ថ្លែង​ថា លោក​បាន​ចូលរួម​ទិវា​នេះ​ជាមួយ​សមាគម​គ្រូបង្រៀន​ចំនួន ៥​ឆ្នាំ​រួច​មក​ហើយ ហើយ​ឆ្នាំនេះ លោក​នឹង​ទៅ​ចូលរួម​ដូច​លើក​មុនៗ​ដែរ​។ ទោះជា​យ៉ាងណា លោក​សោកស្ដាយ​ដែល​អតីត​ប្រធាន​សមាគម គឺ​លោក រ៉ុង ឈុន ខកខាន​មិនបាន​ចូលរួម និង​ថ្លែង​សារ​នៅ​ក្នុង​កម្មវិធី​នៅ​ឆ្នាំនេះ ដោយសារ​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដោយ​អយុត្តិធម៌។ គ្រូបង្រៀន​រូប​នេះ​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ និង​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ឡើង​វិញ៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ពិសេស​អង្គការ​អប់រំ​អន្តជាតិ ជួយ​ដល់​គ្រូបង្រៀន​ដែល​បាត់បង់​ក្របខ័ណ្ឌ​ដោយ​ភាព​អយុត្តិធម៌ ហើយ​ជាពិសេស​ជួយ​ទៅដល់​លោកគ្រូ រ៉ុង ឈុន ដែល​គាត់​ជាប់​ឃុំឃាំង​រយៈពេល​ជាង​២ ខែ​នេះ​។ សូម​ឱ្យ​មានការ​ដោះលែង​គាត់​ជាបន្ទាន់ ហើយ​សូម​ឱ្យ​អង្គការ​ទាំងអស់​ហ្នឹង​ធ្វើ​អន្តរាគមន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»

កាល​ពី​ដើម​ឆ្នាំ​២០១៨ ក្រសួង​អប់រំ​បាន​លុបឈ្មោះ​គ្រូបង្រៀន​ចំនួន​១៣ នាក់ ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល ពួកគាត់​បោះបង់​ការងារ និង​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ទោះជា​យ៉ាងណា ក្រុម​គ្រូបង្រៀន​អះអាង​ថា ពួកគាត់​បាន​បំពេញ​នីតិវិធី​ត្រឹមត្រូវ​មុននឹង​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគាត់​ជឿ​ថា ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​នេះ គឺ​ដោយសារ​ពួកគាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

ក្នុងចំណោម​គ្រូបង្រៀន​ដែល​ត្រូវ​បាន​លុបឈ្មោះ​ពី​ក្របខ័ណ្ឌ​នោះ មាន​៣ នាក់ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​ដាក់​ពន្ធនាគារ រួមមាន លោក រ៉ុង ឈុន លោក ពៀត ម៉ាប់ និង​លោក ជុំ ចាន់។ ចំណែក គ្រូបង្រៀន​ពីរ​នាក់​ផ្សេងទៀត​នៅ​មាន​ក្របខ័ណ្ឌ​នៅឡើយ តែ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដែរ នោះ​គឺ​លោក កែវ ថៃ និង​លោក ស៊ុន ធន់។ គ្រូ​បង្រៀន​ទាំងនោះ សុទ្ធតែ​រង​ការ​ចោទប្រកាន់​ដូចៗ​គ្នា ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ លើកលែងតែ​លោក រ៉ុង ឈុន ម្នាក់ ដែល​ជាប់​ត្រឹម​បទ​ញុះញង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល