សមាគម​គ្រូបង្រៀន​គ្រោង​ជួបជុំ​សម្ដែង​មតិ​រឿង​សិទ្ធិ​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ហេង រស្មី
2019-09-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​ជួបជុំ​មនុស្ស​ប្រមាណ ១៥០​នាក់ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ដើមខែ​តុលា ខាង​មុខ។ សមាគម​នេះ​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ក្នុង​ទិវា​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​គ្រូបង្រៀន។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​ជួបជុំ​សមាជិក សិស្ស និស្សិត និង​អាណាព្យាបាល ព្រមទាំង​ក្រុម​កម្មករ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា។ បន្ទាប់ពី​ជួបជុំ​សម្ដែង​មតិ​អំពី​កង្វល់ និង​សំណូមពរ​របស់​ក្រុម​គ្រូបង្រៀន​ហើយ សមាគម​មាន​គម្រោង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថែមទៀត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា សមាគម​បាន​ដាក់​លិខិត​ជូនដំណឹង​ស្តី​អំពី​គម្រោង​ជួបជុំគ្នា​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ កាលពី​ថ្ងៃ​ទី​១៦ កញ្ញា។ អ្នកស្រី​បញ្ជាក់​ថា លិខិត​នោះ​ចាត់ទុកជា​ការ​ជូនដំណឹង​ផង និង​ជា​ការ​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផង​ដែរ។ អ្នកស្រី​ពន្យល់​ថា ព្រឹត្តិការណ៍​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ ដូច្នេះ​អ្នកស្រី​រំពឹង​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ឱ្យ​សមាគម​អ្នកស្រី​រៀបចំ​ទិវា​នេះ​ដូច​កាលពី​ឆ្នាំ​មុនៗ​ដែរ៖ «យើង​ធ្វើ​នេះ​មិនមែន​ទាក់ទង​ទៅ​នយោបាយ​ទេ គឺ​វា​ទាក់ទង​នឹង​បច្ចុប្បន្នភាព​វិស័យ​អប់រំ​របស់​យើង ចង់​ឱ្យ​គុណភាព​នៃ​ការអប់រំ​បាន​ប្រសើរ​ឡើង ក៏ដូចជា​ឱ្យ​សិស្សានុសិស្ស​ហ្នឹង​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ»

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា លោក​មិនទាន់​បាន​ឃើញ​លិខិត​នោះ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​មិនទាន់​ដឹង​ថា តើ​អាជ្ញាធរ​នឹង​អនុញ្ញាត ឬ​មិន​អនុញ្ញាត​នោះ​ឡើយ៖ «ខ្ញុំ​អត់​ទាន់​ដឹង​គាត់​ប្រជុំ​រឿង​អ្វី​ផង ព្រោះ​លិខិត​អត់​ទាន់​ដាក់​ឱ្យ​ខ្ញុំ​ផង ចាំ​ទៅដល់​សិន ចាំ​ខ្ញុំ​មើល​ខ្លឹមសារ​នៅ​ក្រោយ​ការ​ជួបជុំ​ហ្នឹង»

គម្រោង​ប្រមូល​ផ្តុំ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នេះ ធ្វើឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​តានតឹង​ខ្លាំង ក្រោយ​ការប្រកាស​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាងមុខ​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​ឃ្លាំមើល និង​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​។ អាជ្ញាធរ​តែង​បាន​បដិសេធ​ជា​ហូរហែ​ចំពោះ​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​តាម​ទី​សាធារណៈ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​ស្នើ​ឡើង​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​បញ្ហា​នយោបាយ។ ជា​ឧទាហរណ៍ កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អង្គការ​ដៃគូ​ដទៃ​ទៀត ជួបជុំ​សម្ដែង​មតិ​អំពី​វិបត្តិ​នយោបាយ និង​កង្វល់​ជុំវិញ​បញ្ហា EBA នោះ​ឡើយ ក្រោម​ហេតុផល​ថា នេះ​ជា​ទង្វើ​ប្រឆាំង​នឹង​អំណាច​តុលាការ។

អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ក៏ដោយ ក៏​ខាង​សមាគម​ប្ដេជ្ញា​រៀបចំ​ទិវា​នេះ​ឱ្យ​បាន​ដែរ​។ អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​ចាំបាច់​ត្រូវតែ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រូបង្រៀន​បាន​ជួប​ជុំ​គ្នា​សម្ដែង​មតិ​អំពី​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់​ពួកគាត់ ព្រោះ​នេះ​ជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ម្យ៉ាងវិញទៀត​ថ្ងៃ​ទី៥ តុលា ក៏​ជា​ថ្ងៃ​ទិវា​គ្រូបង្រៀន​ពិភពលោក​ផង​ដែរ៖ «សូម​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ហើយ​និង​មាតាបិតា​សិស្ស សូម​ឱ្យ​ចូលរួម​ដើម្បី​សម្ដែង​នូវ​ទុក្ខ​កង្វល់ សំណូមពរ​រាល់​បញ្ហា​អប់រំ​របស់​កូនៗ បញ្ហា​ពុករលួយ​ផ្នែក​អប់រំ​នៅ​ប្រទេស​កម្ពុជា​យើង ដើម្បី​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​បាន​យក​ទៅ​កែ​លម្អ ដើម្បី​កូន​ៗ​យើង សិស្សានុសិស្ស​យើង​ជំនាន់​ក្រោយ»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​តែង​រៀបចំ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ជា​រៀងរាល់​ឆ្នាំ មិនដែល​អាក់ខាន​ឡើយ​។ ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ គ្រោង​ប្រារព្ធ​ឡើង​​ក្រោម​ប្រធានបទ “​លើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន​”​។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​សំណើ​មួយ​ចំនួន​ដែល​គ្រោង​ដាក់ជូន​របប​ក្រុងភ្នំពេញ​ដោះ​ស្រាយ​។ ចំណុច​ទាំងនោះ រួមមាន ការ​ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​ជូន​គ្រូបង្រៀន​ចំនួន ២​លាន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់ឧបត្ថម្ភ​បុណ្យជាតិ​នីមួយៗ​ចំនួន​២០ ម៉ឺន​រៀល ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​ករណី​ពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​នៅ​គ្រប់​កម្រិត​។ បន្ថែម​ពីលើ​នេះ សមាគម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សៀវភៅ​សិក្សា និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ​សម្រាប់​ការ​រៀន និង​បង្រៀន​ដល់​សាលា​នីមួយៗ​ឱ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​កំណត់​ចំនួន​សិស្ស​អតិបរមា​ត្រឹម ៤០​នាក់ ក្នុង​មួយ​បន្ទប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល