សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ទាមទារ​ឱ្យ​ដោះលែង​លោក សុវណ្ណ រិទ្ធី

ដោយ ហេង រស្មី
2020-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន​អនឡាន TVFB។
​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន​អនឡាន TVFB។
រូប​ពី​ហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី

អង្គការ​ផ្នែក​សារព័ត៌មាន ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​និពន្ធ​នាយក​នៃ​សារព័ត៌មាន​អន​ឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថា ការ​ស្នើ​សុំ​នេះ មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា (CamboJa) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស នៅ​កម្ពុជា​(OPCC) បង្ហាញ​ការ​ព្រួយ​បារម្ភ​រួមគ្នា​ជុំវិញ​ការ​ចាប់ខ្លួន​និពន្ធ​នាយក​នៃ​សារព័ត៌មាន​អន ឡាយ​ធី​.​វី​.​អេ​ហ្វ​.​ប៊ី (TVFB) លោក សុវណ្ណ រិទ្ធី នា​ពេល​ថ្មីៗ​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ស្ថាប័ន​ទាំងពីរ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ដោះលែង និង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក សុវណ្ណ រិទ្ធី ព្រោះ​ពួកគេ​យល់ថា ការ​ដកស្រង់​សម្តី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​គួរ​ត្រូវ​បាន​ចាត់ទុកថា ជា​បទឧក្រិដ្ឋ​នោះ​ទេ។

លោក សុវណ្ណ រិទ្ធី គឺជា​អ្នកយកព័ត៌មាន​ទាន់​ហេតុការណ៍​ផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ចំនួន​ចុច​ឡៃ (Likes ) ឬ​ចូលចិត្ត​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដល់​ទៅ​ជាង ៦៦​ម៉ឺន​ដង។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​៧ ខែ​មេសា ក្រោយ​ពេល​លោក បាន​សរសេរ​និង​បង្ហោះ​លើ​ហ្វេសប៊ុក​នូវ​ពាក្យ​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​និយាយ​ថា «​បើ​អ្នក​រត់​ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ​។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ចំពោះ​មុខ​មន្ត្រី រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ ហើយ​ថែមទាំង​បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ របស់​លោក​ផង​ដែរ។

ក្រោយ​ចាប់​ខ្លួន តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក សុវណ្ណ រិទ្ធី ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ហើយ​បាន​ឃុំខ្លួន​លោក​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ)

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ លើកឡើង​ថា ក្រសួង​មិន​អាច​ជួយ​អន្តរាគមន៍​បានទេ ព្រោះ​សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ហើយ​ម្យ៉ាងទៀត លោក​អះអាង​ថា លោក សុវណ្ណ រិទ្ធី មិនមែន​ជា​អ្នកសារព័ត៌មាន​ឡើយ គឺ​គ្រាន់តែ​ជា​អ្នកលេង​ហ្វេសប៊ុក​ធម្មតា ព្រោះ​ក្រសួង​មិន​ដែល​ចេញ​ប័ណ្ណ​សម្គាល់​អ្នក​សារព័ត៌មាន​ឱ្យ​បុគ្គល​នេះ​ទេ។ លោក ផុស សុវណ្ណ បញ្ជាក់​ថា ចំណាត់​ការ លើ​លោក សុវណ្ណ រិទ្ធី គឺជា​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​។ ចំណែក​ការ​ដក​អាជ្ញាប័ណ្ណ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​អនឡាញ​TVFB របស់​លោក សុវណ្ណ សុខា ដែល​ជា​ឪពុក​របស់​លោក សុវណ្ណ រិទ្ធី គឺជា​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​។ លោក​អះអាង​ថា ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួងមហាផ្ទៃ​លើ​ឪពុក​កូន​ទាំងពីរ​នាក់​នេះ គឺ​ដោយសារតែ​ពួកគេ​ដកស្រង់​សម្ដី​របស់ នាយករដ្ឋមន្ត្រី ទៅ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ដោយ​បង្កប់​នូវ​ចរិត​ញុះញង់៖ «ខ្ញុំ​មើល​ទៅ​ឃើញ​អត្ថបទ​របស់​គាត់​ដែល​គេ​លើក​ចោទ​មក គឺ​គាត់​បង្ហោះ​ទៅ​នោះ​គឺ​សម្ដី​គាត់​ស្រង់​សម្ដី​របស់​នាយករដ្ឋមន្ត្រី ប៉ុន្តែ​គាត់​មាន​បង្កប់​នូវ​ចរិត​ញុះញង់ ។ នេះ​អត្ថបទ​របស់​TVFB ហើយ​ខ្ញុំ​អត់​និយាយ​អត្ថបទ​របស់​លោក សុវណ្ណ រិទ្ធី ទេ ដែល​គេ​បង្ហោះ អ៊ីចឹង ខ្ញុំ​បាន​ទុក​នឹង​គឺ​មាន​ចរិត​អ៊ីចឹង ត្រង់​ថា គាត់​ភ្ជាប់​ជាមួយ​រូបភាព ភ្ជាប់​ជាមួយ​អត្ថបទ របស់​គាត់​នេះ គឺ​កាត់​យក​សម្តី​ហើយ​សម្ដី​នោះ​គឺ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ពិត ប៉ុន្តែ​លោក​និយាយ​វែង​ជាង​នឹង​បន្តិច ប៉ុន្តែ​គាត់​កាត់​ច្បិច​យក​តែ​ចំណុច​នឹង យក​បញ្ហា​នឹង​ធ្វើ​ជា​ចំណងជើង​អត្ថបទ មួយ​ដែល​យើង​មើល​ទៅ​មាន​ចរិត​ញុះញង់»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ឪពុក​របស់​​លោក សុវណ្ណ រិទ្ធី គឺ​លោក សុវណ្ណ សុខា ប្រាប់​អាស៊ីសេរី​ថា កូនប្រុស​របស់​លោក គឺជា​អ្នកសារព័ត៌មាន​ពិតប្រាកដ ដោយមាន​ប័ណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ចេញ​ដោយ​ក្រសួង​ព័ត៌មាន​។ ទោះជា​យ៉ាងណា លោក សុវណ្ណ សុខា សុំ​មិន​ឆ្លើយតប​ច្រើន​ឡើយ ដោយ​អះអាង​ថា លោក​កំពុង​ពិបាកចិត្ត និង​នៅ​ស្នើសុំ​ឱ្យ​មានការ​អនុគ្រោះ​ពី​រដ្ឋាភិបាល៖ «គាត់​ជា​អ្នកកាសែត មាន​កាត​កាសែត​ចេញ​ដោយ​ក្រសួង​ព័ត៌មាន»

មាត្រា​៤ នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ចែងថា ការ​បោះ​ពុម្ពផ្សាយ​នូវ​ព័ត៌មាន​ផ្លូវការ ដូចជា​សេចក្តី​ថ្លែងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​ណាមួយ​។​ល​។ មិន​អាច​ផ្ដន្ទាទោស​បានទេ ប្រសិន​បើ​ការផ្សាយ​នោះ មាន​លក្ខណៈ​សមស្រប​តាម​សភាព​ពិត ពេញលេញ ឬ​សេចក្ដី​សង្ខេប​ត្រឹមត្រូវ តាម​រឿង​ពិត។ រីឯ​មាត្រា​១០​ចែងថា ជន​ណា​ម្នាក់​ដែល​យល់ថា អត្ថបទ​ណា ទោះជា​សរសេរ​បញ្ឆិត បញ្ឆៀង​ក៏ដោយ រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ ដែល​មាន​លក្ខណៈ​ខុស​ពី​ការ ពិត ធ្វើ​ឱ្យ​ខូចខាត​កត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ មាន​សិទ្ធិ​ទាមទារ​ឱ្យ​កែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​ឱ្យ​កែតម្រូវ និង​សង់​ជំងឺចិត្ត ប៉ុន្តែ​មិន​អាច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​បានទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទូទៅ មាន​សិទ្ធិ​ដកស្រង់ និង​សរសេរ​ឬ​និយាយ​តាម​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ជា​សាធារណៈ ដូច្នេះ​មានន័យថា បើ​ទោះ​បី​ជា​លោក សុវណ្ណ រិទ្ធី មិនមែន​ជា​អ្នកសារព័ត៌មាន​ក៏​ដោយ​ចុះ ក៏​មិន​គួរ​ហេតុផល​នេះ លោក​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ​។ លោក ណុប វី បន្ត​ថា ក្រសួង​ព័ត៌មាន ក៏​មិន​គួរ​ប្រញាប់​ដកហូត​អាជ្ញាប័ណ្ណ​ផ្សាយ​របស់​អង្គភាព​TVFB នោះ​ដែរ ព្រោះ​តុលាការ មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ជា​ស្ថាពរ​នៅ​ឡើយ៖ «ក្នុង​ករណី​នៃ​កំហុស​ឆ្គង​ដូច​ករណី​ដែល​គាត់​ត្រូវ​បាន​ចោទប្រកាន់​នេះ​ដោយសារតែ​គាត់​ដកស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​មក​បង្ហោះ​ដាក់​នៅ​លើ​ហ្វេសប៊ុកផេក ដែល​គាត់​កំពុង​ប្រតិបត្តិ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ខ្ញុំ​គិត​ថា វា​ផ្នែក​មួយ​ដែល​គួរតែ​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ហើយ​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​យើង​ចែង​ការពារ​អំពី​សិទ្ធិ​សេរីភាព សារព័ត៌មាន ហើយ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ មាន​ចែង​ទៅទៀត​ថា បើ​ក្នុង​ករណី​នៃ​ការ​ប្រពឹត្ត​របស់​អ្នកសារព័ត៌មាន ត្រូវ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ។​មួយវិញទៀត ខ្ញុំ​មិនមែន​ជា តុលាការ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​មើល​ឃើញ​អ្វី​ដែល​លោក សុវណ្ណ រិទ្ធី គាត់​ធ្វើ​នេះ ក៏​វា​មិន​ទាន់​ធ្វើ​ឱ្យ​មាន​ចលាចល ឬ​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ជាតិ​យើង​អី​ទេ»

ក្រៅពី​ស្នើសុំ​ឱ្យ​ដោះលែង​លោក សុវណ្ណ រិទ្ធី នោះ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ធានា​ថា អ្នក​សារព័ត៌មាន អាច​បន្ត​បំពេញ​ការងារ​របស់​ពួកគេ​បាន​ដោយ​សេរី ទោះបី​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល ដាក់​កំហិត​ការ​ធ្វើ​ដំណើរ ក្នុង​ប្រទេស​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល