កម្ពុជា​បិទ​ក្រុមហ៊ុន​កូរ៉េខាងជើង និង​បញ្ជូន​ពលករ​ចេញ​ពី​ប្រទេស

ដោយ ម៉ៅ សុធានី
2020-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។
Photo Screenshot

រដ្ឋាភិបាល​បាន​បិទទ្វារ​ក្រុមហ៊ុន​របស់​កូរ៉េខាងជើង ព្រមទាំង​បញ្ជូន​ពលករ​ជនជាតិ​នេះ​ចេញពី​ប្រទេស ដោយ​អនុវត្ត​ទៅតាម​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ (UNSC) កាលពី​ចុង​ឆ្នាំ​២០១៩។

ក្នុង​របាយការណ៍​ផ្ញើ​ជូន ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ (UNSC) កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២០ ហើយ​ដែល​UNSC ទើប​ចេញផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ បាន​បង្ហាញ​ថា កម្ពុជា បានសម្រេច​បិទ​ក្រុមហ៊ុន​របស់​កូរ៉េខាងជើង​ចំនួន​១២ បិទ​គ្រប់​គណនី​ធនាគារ ភោជនីយដ្ឋាន​៨ និង​សារមន្ទីរ​ល្បីល្បាញ​មួយ​ឈ្មោះ អង្គរ​ប៉ាណូរ៉ាម៉ា ក៏​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​យក​មក​គ្រប់គ្រង​វិញ ក្នុង​នោះ​រាប់ទាំង​អគារ​និង​សម្ភារៈ​បច្ចេកទេស នានា​ផង​ដែរ​។ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏បាន បញ្ជូន​បុគ្គលិក​និង​កម្មករ​កូរ៉េខាងជើង ១១៥​នាក់ ចេញពី​ប្រទេស​កម្ពុជា​អស់​ហើយ។

របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ថា មន្ត្រី​អនុព័ន្ធ​នៃ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​កម្ពុជា ឈ្មោះ ស៊ិន ជុល (Sin Chol) បើក​ធនាគារ​ដាក់ឈ្មោះ​ខ្លួន​ចំនួន​៧ ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​២​ខុសគ្នា​។ បន្ថែម​ពី​នេះ មន្ត្រី​ទូត​រូប​នេះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ សាន់រៃស ហូរីហ្សុន (Sunrise Horizon) ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១២​ដែល​បាន​បិទ​ដំណើរការ នោះ​ដែរ​។ រដ្ឋាភិបាល​កូរ៉េខាងជើង រង​ការ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​មន្ត្រី​ស្ថានទូត​និង​ពលករ ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​បញ្ជូន​ប្រាក់​សម្រាប់​ប្រទេស​ខ្លួន។

ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បាន​អនុម័ត​ទៅលើ​ដំណោះស្រាយ​មួយ (UNSCR) កាលពី​ឆ្នាំ​២០១៦ ដោយ​តម្រូវ​ឱ្យ​សមាជិក​ប្រទេស​ទាំងអស់​បញ្ឈប់​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​។ វិធានការ​តឹងរ៉ឹង​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ គឺ​សំដៅ​រឹត​បន្តឹង​ក្រុង​ព្យុងយ៉ាង ដើម្បី​កាត់​ផ្តាច់​ដង្ហើម​ហិរញ្ញវត្ថុ របស់​ប្រទេស​នេះ ដែល​បាន​ពឹងផ្អែក​ជា​យូរ​មក​ហើយ​លើ​កម្មាភិបាល​កម្មករ​របស់​ខ្លួន​ធ្វើការ​នៅ​បរទេស សម្រាប់​លំហូរ​រូបិយប័ណ្ណ​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល