ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ម៉ាឡេស៊ី ស្នើសុំ​អាជ្ញាធរ​កម្ពុជា​ជួយ​បញ្ជូន​ពួកគេ​មក​កម្ពុជា

ដោយ វ៉ែន សុមេធ
2020-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ពលករ​លើ​ទូក​នេសាទ​ម្នាក់ គឺ​លោក ជា វណ្ណៈ កាល​នៅ​ស្រុក​ខ្មែរ។
រូប​ពលករ​លើ​ទូក​នេសាទ​ម្នាក់ គឺ​លោក ជា វណ្ណៈ កាល​នៅ​ស្រុក​ខ្មែរ។
photo provided

ពលករ​ខ្មែរ​ចំនួន​១២​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ជួយ​សម្របសម្រួល​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ។ ពួកគេ​ចង់​វិល​មក​កម្ពុជា​វិញ​នេះ ដោយសារតែ​ថៅកែ​ទូក​នេសាទ បាន​ផ្អាក​ការងារ​មួយ​រយៈ​ហើយ ក្រោយ​ផ្ទុះ​រីករាល​ដាល ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា រដ្ឋាភិបាល មាន​កាតព្វកិច្ច​ដោះស្រាយ​ចំពោះ​សំណើ​របស់​ពលករ​ទាំង​នេះ។

ពលករ​១២​នាក់ អះអាង​ថា ពួកគេ កំពុង​រស់នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពុំ​មាន​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់ខែ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដូច​មុន​ឡើយ ដូច្នេះ​ហើយ​ទើប​ពួកគេ ចង់​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ស្វែងរក​ការងារ ក្រែង​បាន​ប្រាក់ចំណូល​ខ្លះ​សម្រាប់​ជួយ​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​ខ្វះខាត។

ពលករ​លើ​ទូក​នេសាទ​ម្នាក់ គឺ​លោក ជា វណ្ណៈ អាយុ​៣៥ ឆ្នាំ រៀបរាប់​ថា ថៅកែ​ទូក​នេសាទ​របស់​លោក បាន​ផ្អាក​ការងារ​មួយ​រយៈ ហើយ​លោក​មិន​ដឹង​ថា ថៅកែ​នឹង បើក​ដំណើរការ​វិញ​ពេលណា​នោះ​ទេ​។ ពលករ​រូប​នេះ បន្ត​ថា ពួក​លោក​ចង់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​ពួក​លោក មិន​អាច​ចាកចេញ​ពី​ម៉ាឡេស៊ី ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ខ្លួនឯង​បានទេ ដោយសារ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បិទ​ប្រទេស​បណ្តោះអាសន្ន​ដើម្បី​បង្ការ​ជំងឺឆ្លង​កូវីត​១៩​។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​បញ្ជូន​ពួក​លោក​ទាំង​១២​នាក់ ត្រឡប់​ទៅ​កម្ពុជា​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​បាន​ទៅផ្ទះ​វិញ​ឆាប់ៗ​នេះ ព្រោះ​ឥលូវ​គេ​បិទ​អស់ហើយ​។ គេ​លែង​ទិញ​ត្រី​អស់ហើយ គេ​ផ្អាក​មួយ​រយៈ​ពេល​។ យើង​អត់​មានការ​ងារ​ធ្វើ​ហើយ​យើង​នៅ​ដេក តែ​ថៅកែ​ឲ្យ​អង្ករ បាយទឹក​អី​ហូប​រហូត​ដែរ​។ គ្រួសារ​យើង​នៅ​ស្រុក​ខ្វះខាត​ច្រើន ដូច្នេះ​យើង​មិន​អាច​នៅ​ទីនេះ​បាន​ទេ»

ពលករ​ខ្មែរ​ទាំងពីរ​១២ នាក់ គឺជា​អ្នក​រស់នៅ​ក្នុង​ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។ ពួកគេ​ទើបតែ​ចាក​ចេញពី​ស្រុកកំណើត ធ្វើដំណើរ​តាម​រថយន្តឈ្នួល​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ទៅ​ធ្វើ​ការ​ជា​កម្មករ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០​។ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ទៅ​ដល់​ថៅកែ​ទូក​នេសាទ បាន​ផ្អាក​ការ​នេសាទ​តែម្ដង​។ ពួកគេ​ធ្លាប់​ធ្វើជា​កម្មករ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ឆ្នាំ​មក​ហើយ។

កម្មករ​លើ​ទូក​នេសាទ​ម៉ាឡេស៊ី​ម្នាក់​ទៀត និយាយ​ថា ពួក​លោក គឺ​សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ​ខ្វះខាត​ក្នុង​ជីវភាព ហើយ​ប្រសិនបើ​ពួកគាត់​ខំ​ចំណាកស្រុក ប៉ុន្តែ​គ្មាន​ការងារ​ធ្វើ​ដដែល គឺ​កាន់តែ​ធ្វើ​ឲ្យ​ពួកគាត់ ជួប​ការ​លំបាក​ក្នុង​ជីវភាព​បន្ថែម​ទៀត៖ «យើង​នៅ​ក៏​មិន​ដឹង​ធ្វើ​អី​ដែរ ខាត​តែ​ពេលវេលា។ យើង​នៅ​នេះ​មានតែ​គ្នា​យើង​ប៉ុន្មាន​នាក់​នេះ គ្មាន​ការ​ព្រួយ​បា​រម​ភ​រឿង​ឆ្លង​ជំងឺ​កូវីដ​អី​ទេ ប៉ុន្តែ​យើង​នៅ​ទី​គ្មាន​ការងារ​ធ្វើ ដូច្នេះ​វិល​ទៅ​ជួប​គ្រួសារ​វិញ​ក៏​ល្អ​ដែរ​។​សំណូមពរ​ចង់​ឲ្យ​គេ​ជួយ​រក​ផ្លូវ​ចេញទៅ​ផ្ទះ​វិញ»

កម្មករ​លើ​ទូក​នេសាទ​ទាំងនេះ មិនទាន់​ដឹង​ថា ត្រូវ​ទាក់ទង​ទៅ​អាជ្ញាធរ​តាម​ប្រភព​ណា​នៅឡើយ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​បី​ខ្សែ សម្រាប់​កិច្ចការ​កុងស៊ុល និង​កិច្ចការ​ពលករ របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​នោះ​ទេ នៅ​ថ្ងៃ​ទី​២៨ ខែមីនា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ការងារ​ចុះទូក​នេសាទ​គឺជា​ប្រភេទ​ការងារ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​ក្នុងចំណោម​ការងារ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ខណៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស ហាក់​មិនសូវ​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ​។ លោក​បន្ត​ថា ចំពោះ​សំណើ​សុំ​អន្តរាគមន៍​របស់​ក្រុម​ពលករ​ទាំងនោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​ដោះស្រាយ​ជា​បន្ទាន់៖ «វា​គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ដែល​ត្រូវ​ការពារ​ផលប្រយោជន៍ និង​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​នៅ​ខាងក្រៅ យើង​ស្តាប់​ទៅ​ហាក់​ដូចជា​គេ យកចិត្តទុកដាក់​ល្អ​ណាស់ ប៉ុន្តែ​អ្នក​ដែល​ធ្វើការ​ផ្ទាល់ និង​អ្នក​ជួប​រឿង​ផ្ទាល់​លើ​រឿង​នេះ ហើយ​ទៅ​សុំ​អន្តរាគមន៍​គឺ​ពិបាក​ណាស់ គេ​មិន​អើពើ គេ​មិន​ឲ្យ​តម្លៃ​លើ​អាយុជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យើង​ទេ ។ តែ​ជា​កាតព្វកិច្ច​ក្នុងនាម​ជា​រដ្ឋាភិបាល ត្រូវតែ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា​បែបនេះ គួរតែ​ត្រូវ​មាន​វិធានការ​ហើយ ទោះបីជា​ក្នុង​កាលៈទេសៈ​នេះ ប្រទេស​ម៉ាឡេស៊ី បិទ​បម្រាម​គោចរ​ក្ដី ព្រោះ​បើ​យើង​មើល​ទៅលើ​ជាតិ​សាសន៍​ដទៃ នៅ​ពេល​ដែល​ជាតិ​សាសន៍​គេ​មាន​បញ្ហា​កន្លែង​ណាមួយ គឺ​គេ​ត្រៀម​នឹង​ជួយសង្គ្រោះ​រហូតដល់​បញ្ជូន​យន្តហោះ​ទៅ​យក​មក​ទៀត​ផង»

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ប្រកាស​បិទ​ប្រទេស​មិន​ឲ្យ​មានការ​ចេញចូល​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា រដ្ឋាភិបាល​ម៉ាឡេស៊ី ទើបតែ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​មក​ទទួល​ពលរដ្ឋ​របស់​ខ្លួន ដែល​ជាប់​នៅ​កម្ពុជា​ចំនួន ១១១ នាក់ ទៅ​ម៉ាឡេស៊ី​វិញ​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ថា តើ​រដ្ឋាភិបាល កម្ពុជា​នឹង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។

មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ចំណែក​មាត្រា​៣៥ ចែងថា សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល