ឪពុក​បុរស​ម្នាក់នៅ​ក្រុងប៉ោយប៉ែត ដែល​​ត្រូវ​ប៉ូលីស​បាញ់​របួសធ្ងន់​រកជំនួយ ពី​អង្គការសិទ្ធិមនុស្ស​ស្វែង​​រកយុត្តិធម៌

ដោយ សុជីវី
2020-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របួស​ធ្លុះខ្នង លោក នាង មករា ដោយសារគ្រាប់កាំភ្លើងរបស់​ប៉ូលីសសង្កាត់និមត្តិ កាលពីថ្ងៃទី២៧ ខែ​សីហា ​ឆ្នាំ២០២០។
របួស​ធ្លុះខ្នង លោក នាង មករា ដោយសារគ្រាប់កាំភ្លើងរបស់​ប៉ូលីសសង្កាត់និមត្តិ កាលពីថ្ងៃទី២៧ ខែ​សីហា ​ឆ្នាំ២០២០។
រូបថតផ្ដល់ដោយសមាគម​ADHOC

ឪពុក​របស់​បុរស​ម្នាក់​នៅ​ក្រុងប៉ោយប៉ែត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ​ឱ្យ​ជួយ​ប្ដឹង​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​កូនប្រុស​របស់​លោក​អោយ​ធ្លាយពោះ កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែសីហា។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​រឿង​នេះ​ថា ជាអំពើ​មនុស្សឃាត​ដោយ​ចេតនា ដែល​ជនល្មើស​ត្រូវ​តែបាននាំទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។

ឪពុក​ជនរងគ្រោះ​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត លោក នួន វរ៍ ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី៣០ សីហា​ថា​មូលហេតុ​ដែល​លោក​រក​អន្តរាគមន៍​ពី​មន្ត្រី​សង្គម​ស៊ីវិល ដោយសារ​លោក​អស់​ជំនឿ​នឹង​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់​ពី​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត​ គឺ​លោក ឫទ្ធី ពិសិដ្ឋ បាន​បាញ់​កូន​ប្រុស​របស់​លោក គឺ​ លោក នាង មករា បណ្ដាល​ឱ្យ​ធ្លាយ​ពោះ​ដោយ​អយុត្តិធម៌​អស់​ជា​ច្រើនថ្ងៃ​មក​ហើយ ប៉ុន្តែ​សមត្ថកិច្ច ​នៅ​មិន​ទាន់​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។ លោក​ប្រាប់​ថា​នៅ​​ថ្ងៃ​កើត​ហេតុ​កូន​របស់​លោក​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​នៅ​សង្កាត់​និមិត្ត​ជាមួយ​មិត្តភក្ដិ ដោយ​មន្ត្រី​ប៉ូលិស​បាន​ឃាត់​ម៉ូតូ​របស់​មិត្តភក្ដិ​កូន​របស់​លោក។ លោក​បន្ត​ថា​នៅ​ពេល​នោះ​កូន​របស់​លោក​ធ្វើ​ដំណើរ​ទៅ​ហួស​ហើយ ក៏​ប៉ុន្តែ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​សួរ​មន្ត្រី​ប៉ូលិស​ថា មាន​រឿង​អ្វី​បាន​ជា​ឃាត់​ម៉ូតូ​មិត្រភក្ដិ​ខ្ញុំ? ស្រាប់​តែ​មន្ត្រី​ប៉ូលិស​ឈ្មោះ លោក ឫទ្ធី ពិសិដ្ឋ បាន​ដក​កាំភ្លើងខ្លី​បាញ់​ចំ​ពី​ក្រោយខ្នង​កូន​របស់​លោក​ធ្លាយ​ពោះ​តែម្ដង៖ «បាទ​សាហាវ​ណាស់​ គ្មាន​រឿង​អី​ផង​គ្រាន់​តែ​សួរ​វា​កាក់​ម៉ូតូ​ក៏​វា​ថា ឯង​ចង់​ខ្លាំង​ចុះ​មក ។​គ្នា​ក៏​ថា​ខ្ញុំ​ខ្លាំង​អី​បង​ខ្ញុំ​ងុយ​ដេក​ខ្ញុំ​ទៅ​ដេក​ហើយ ខ្ញុំ​ខ្លាំង​អី​ជាមួយ​បង​ឯង ដក​កាំ​ភ្លើង​បាញ់ផូង​បណ្ដោយ​គ្នា​អង្គុយ​នៅ​លើ​ម៉ូតូ​ហ្នឹង។ បាញ់​ហើយ​ទៅ​តាម​ដល់​ផ្ទះ​ទៀត​ បាញ់​ដូច​បាញ់​សត្វ​លលក​ងាប់​ហើយ​តាម​រើស​អីចឹង។ លេង​សុទ្ធតែ​បាញ់​ចោល​អីចឹង​ឱ្យ​ប្រជាជន​ទៅ​ពឹង​អ្នកណា​គ្នា​ទន់​ខ្សោយ​ហ្នឹង។ ខ្ញុំ​នឹក​ឃើញ​វា​ហួសហេតុ​ពេក​លើស​សត្វធាតុ​ទៀត ធ្វើ​បាប​គ្នា​អាង​តែ​ខ្លួន​សមត្ថកិច្ច​មក​បាញ់រះ​ដោយ​មិន​ដឹង​ហេតុផលអី​ខ្ញុំ​សូម​ឱ្យ​តុលាការ​ដាក់ទោស​តាម​ផ្លូវ​ច្បាប់។»

លោក​ឱ្យ​ដឹង​ថា​ក្រោយ​ពី​កូន​របស់​លោក​ត្រូវ​គ្រាប់​កាំភ្លើង​គឺ​សាច់ញាតិ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកមង្គលបូរី ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី៣០ សីហា​មិនទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ។ ចំណែក​មន្ត្រី​ប៉ូលិស​ដែល​បាន​បាញ់​ជនរងគ្រោះ​នៅ​ក្រៅ​សំណាញ់​ច្បាប់​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចាត់​វិធានការ​នោះ​ឡើយ។

លោក​ នាង មករា ​ដែល​ប៉ូលិស​សង្កាត់​និមិត្ត​បាញ់​ឱ្យ​របួស​​ កំពុង​ព្យាបាល​​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកមង្គលបូរី កាល​ពីថ្ងៃទី២៩​ សីហា ឆ្នាំ២០២០។
លោក​ នាង មករា ​ដែល​ប៉ូលិស​សង្កាត់​និមិត្ត​បាញ់​ឱ្យ​របួស​​ កំពុង​ព្យាបាល​​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកមង្គលបូរី កាល​ពីថ្ងៃទី២៩​ សីហា ឆ្នាំ២០២០។ រូបផ្ដល់ដោយសមាគមADHOC

ទាក់ទង​នឹង​បញ្ហានេះ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​និមិត្ត លោក ម៉ា រិន ប្រាប់​អាស៊ីសេរី​យ៉ាងខ្លី​ថា លោក​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​ការចោទ​ប្រកាន់​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្នាក់​លើ​អស់​ហើយ៖ «ខ្ញុំ​រាយការណ៍​ទៅ​ខាង​អធិការ​អី​អស់​ហើយ​អីចឹង​បាន​ថា​ខ្ញុំ​ឱ្យ​គាត់សួរ​ទៅ​លោក​អធិការ​គាត់​បំភ្លឺ​ទៅ​ព្រោះ​ខ្ញុំ​រៀបរាប់​ដំណើរ​រឿង​ហ្នឹង​ទៅ​អស់​ហើយ។ ទេ​ត្រង់​ថា​គេ​ចោទ​ប្រកាន់​វា​ចោទ​ចោទ​ប្រកាន់​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​រៀបរាប់​ហេតុការណ៍​ហ្នឹង​ទៅ​មេកោយ​ខ្ញុំ​ហើយ។»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ និង​អធិការ​នគរបាល​បាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា​ដោយទូរស័ព្ទ​ចូល​ជា​ច្រើនដង​ត្រូវ​បាន​ចុច​ផ្ដាច់​វិញ។

មន្ត្រីសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​មាន​ប្រសាសន៍​ថា ការបាញ់​ប្រជាពលរដ្ឋ​បែបនេះ​ជា​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា​ក៏​ប៉ុន្តែ​ជា​សំណាង​ល្អ​ដែល​យុវជន​រួប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ទាន់​ពេល​វេលា​មិន​បណ្តាល​ឲ្យ​ស្លាប់ ។ លោក ​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ចាត់​វិធាន​រឿងនេះ​តាម​ច្បាប់​ជា​បន្ទាន់​ ដោយ​មិនអាច​លើកលែង​បាន​ឡើយ។ លោក​បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​រឿង​នេះ​ទេ​គឺ​ជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ២ ដោយផ្ដន្ទាទោស​ចំពោះ​តែ​ជនក្រីក្រ និង​គ្មាន​អំណាច ចំណែក​​អ្នកមាន​លុយ និង​មាន​អំណាច​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់៖ « អីចឹង​បាញ់​ចំពី​ក្រោយ​ទៀត​អីចឹង​ចេតនា​គឺ​ចង់​បាន​លទ្ធផល​គឺ​ជនរងគ្រោះ​ស្លាប់។ អីចឹង​បើ​ជនរងគ្រោះ​ស្លាប់ ឬ​របួស​ធ្ងន់ធ្ងរ​ណា​មួយ​នេះ​គឺ​ជា​ការផ្ដើម​ចេញ​អំពី​អំពើ​ទុច្ចរិត​របស់​សមត្ថកិច្ច។ អីចឹង​ទាំង​អស់​នេះ​ហើយ​ដែល​ខាង​សមាគម​អាដហុក​​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​គាត់​ហើយ​ ហើយ​បាន​ស៊ើបអង្កេត​ទៅ​លើ​រឿង​ហ្នឹង​ ហើយ​ក៏​បាន​អន្តរាគមន៍​ខ្លះៗ​ទៅ​តាម​តេឡេក្រាម​ជាមួយ​ព្រះរាជអាជ្ញា​ដែរ ដើម្បី​ឱ្យ​ជួយ​ចាត់ការ​រឿងនេះ ដើម្បី​កុំ​ឱ្យ​ជនប្រព្រឹត្ត​ដែល​ជា​សមត្ថកិច្ច​ហ្នឹង​រួច​ខ្លួន ចេះ​តែ​សុខ​ផុត​ពី​សំណាញ់​ច្បាប់។»

ក្រមព្រហ្មទណ្ឌ​មាត្រា១៩៩​ចែង​ថា​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ។ សាច់ញាតិ​គ្រោង​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី៣១​សីហា​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ។

មន្ត្រី​សិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ឱ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ២០២០ យ៉ាងហោច​ណាស់​មាន​២ករណី​ហើយ​ដែល​ប៉ូលិស​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាញ់​ពលរដ្ឋ​ឱ្យ​រងរបួស និង​ស្លាប់ ដោយ​ពុំ​មាន​ការចាត់​វិធានការ​ផ្លូវច្បាប់។ កាលពី​ដើម​ឆ្នាំ២០២០ មាន​ពលរដ្ឋ​ម្នាក់​នៅ​ក្រុងប៉ោយប៉ែត​ត្រូវ​បាន​ប៉ូលិស​ក្រុងនេះ​បាញ់​ស្លាប់​ក្នុង​រឿងជម្លោះ​ផ្ទាល់ខ្លួន​ទាំង​កណ្ដាល​យប់ និង​ចុង​ក្រោយ​កើត​ឡើង​នៅ​សង្កាត់​និមិត្ត។ លោក​អះអាងថា​ករណី​ទាំងពីរ​នេះ​អាជ្ញាធរ​មិន​ទាន់​ចាប់​ជនដៃដល់​ទាំង​នោះ​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល