អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ទូលំទូលាយ

ដោយ មួង ណារ៉េត
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ កាល​ពី​ថ្ងៃទី៣ ខែ​មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​បន្ថែម ឱ្យ​លើស​ពី​ការ​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ។

សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​លោក កើត រិទ្ធិ ប្រកាស​ផែនការ​ដោះស្រាយ​សំណុំរឿង​ដែល​គរ​ច្រើន មិន​ទាន់​ចាត់ការ ដែល​អាច​ជា​វិធានការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ ធ្វើឡើង​ក្រោយ​កម្ពុជា រង​ការរិះគន់​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ផ្ទុក​អ្នក​ជាប់ឃុំ​លើស​ចំណុះ នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ​ថា ការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​មើល​ឱ្យ​ស៊ីជម្រៅ ដល់​ដើមចម​នៃ​បញ្ហា​ដែល​នាំ​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនេះ​។ ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ពិនិត្យ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​ដើមហេតុ នាំ​ឱ្យ​មានការ​ចាប់​មនុស្ស​តាមតែ​អំពើ​ចិត្ត និង​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន រួម​ទាំង​ការ​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​នេះ​ផង។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ បន្ថែម​ទៀត​ថា នៅ​មាន​ចំណុច​សំខាន់​ជាច្រើន​ទៀត ដែល​នៅ​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​។ ចំណុច​ទាំងនោះ រួមមាន នីតិវិធី​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​អ្នក​ជាប់ឃុំ និង​ការ​បន្ធូរបន្ថយ និង​ព្យួរទោស​ជាដើម។

ជាង​នេះ​ទៅ​ទៀត សេចក្តី​ថ្លែងការណ៍​ដដែល សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ទាន់​មាន់​ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់​ដែល​មិន​យក​ប្រាក់​កម្រៃ ដើម្បី​ជួយ​ដល់​ជនជាប់ចោទ ដែល​ជា​អ្នក​ក្រីក្រ​ខ្វះខាត នៅឡើយ​។​

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល