HRWស្នើ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​សកម្មជន​នយោបាយ​ថៃ​ដែល​ត្រូវ​គេ​ចាប់​ពង្រត់​​នៅ​ភ្នំពេញ

ដោយ មាន ឫទ្ធិ
2020-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ស៊ើបអង្កេត​ជាបន្ទាន់​ករណី​ចាប់​ពង្រត់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​។ សកម្មជន​នយោបាយ​គាំទ្រ​ក្រុម​អាវ​ក្រហម​ថៃ​រូប​នេះ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​បញ្ចូល​ទៅ​ក្នុង​ឡាន រួច​បើក​ចេញទៅ​បាត់ កាលពី​ថ្ងៃ​ទី៤ មិថុនា។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​រឿង​នេះ​ជា​សាធារណៈ ព្រោះ​អង្គការ​នេះ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព​របស់​សកម្ម​ជន​នយោបាយ​ថៃ​រូប​នោះ។

នាយក​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​០៥ មិថុនា ថា ការ​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​រូប​នោះ នៅ​លើ​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជាបន្ទាន់​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រញាប់​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ធានា​សុវត្ថិភាព​ចំពោះ​រូបគេ។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ មិថុនា ពេល​ដែល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ នៅមុខ​កន្លែង​ស្នាក់នៅ​របស់​លោក​។ អង្គការ​សិទ្ធិមនុស្ស​ថា យោង​តាម​សាក្សី​មួយ​ចំនួន និង​កាមេរ៉ា​សុវត្ថិភាព លោក​ត្រូវ​បាន​គេ​ចាប់​បញ្ចូល​ទៅ​ក្នុង​ឡាន​ពណ៌​ខ្មៅ​មួយ​គ្រឿង រួច​ឡាន​នោះ​បាន​បើក​ចេញទៅ​បាត់​។ សហការី​ម្នាក់​របស់​លោក វ៉ាន់ឆាឡឺម ដែល​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​នៅ​ពេល​ហេតុការណ៍​ចាប់​ពង្រត់​នោះ​កើតឡើង បាន​លឺ​លោក វ៉ាន់ឆាឡឺម ស្រែក​ថា “​មិន​អាច​ដកដង្ហើម​” បាន​ទេ រួច​ទូរស័ព្ទ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ជឿ​ថា សមត្ថកិច្ច​កម្ពុជា​កំពុង​ស៊ើបអង្កេត​រឿង​នេះ ហើយ​លោក​ថា អង្គការ​សិទ្ធិមនុស្ស​មិន​គួរ​វិនិច្ឆ័យ​ទុកជាមុន​អំពី​ករណី​នេះ​ឡើយ៖ «ខ្ញុំ​គិត​ថា សមត្ថកិច្ច​គេ​កំពុង​ធ្វើ​ការ​ងារ​ស៊ើបអង្កេត​ទៅលើ​ករណី​នេះ​ហើយ ហើយ​ស្ថាប័ន​សិទ្ធិមនុស្ស​មិនគួរ​ណា​ប្រញាប់ប្រញាល់​ធ្វើ​បុរេនិច្ឆ័យ​ជាមុន​នោះ​ទេ ទៅលើ​ព្រឹត្តិការណ៍​ដែល​មិន​មាន​ព័ត៌មាន មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ជាច្រើន​ដង ដើម្បី​សាកសួរ​អំពី​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា នៅ​ថ្ងៃ​ទី​៥ មិថុនា។

ទោះជា​យ៉ាងណា មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​ចាប់ខ្លួន ឬ​ឃុំខ្លួន​លោក វ៉ាន់ឆាឡឺម នោះ​ទេ ហើយ​ប៉ូលិស​ក៏​នឹង​មិន​ស៊ើបអង្កេត​រឿង​នេះ​ដែរ ព្រោះ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់។

រីឯ​ខាង​ភាគី​អាជ្ញាធរ​ថៃ​វិញ បញ្ជាក់​ថា អាជ្ញាធរ​ថៃ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​នេះ​ទេ។ អ្នកនាំពាក្យ​រង​ការិយាល័យ​នគរបាល​ជាតិ នៃ​ប្រទេស​ថៃ លោក គ្រីសាណា ប៉ាតាណាចារឿន (Krissana Pattanacharoeun) ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ប៊ែរណាញ៉ូស៍ (BernaNews) របស់​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​ថា អ្នកណា​ជា​អ្នក​ចាប់​ពង្រត់​លោក វ៉ាន់ឆាឡឺម នោះ​ទេ ក៏ប៉ុន្តែ​លោក​ថា ប្រទេស​ថៃ មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​ទេ​។ លោក​ថា លោក វ៉ាន់ឆាឡឺម ត្រូវ​បាន​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា តាំងពី​ឆ្នាំ​២០១៨​មក។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ អាយុ​៣៧ ឆ្នាំ គឺជា​សកម្មជន​ដ៏​លេចធ្លោ​ម្នាក់ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra)​។ លោក​បាន​ភៀសខ្លួន​មក​កម្ពុជា នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤​។ លោក​បាន​បន្ត​សកម្មភាព​នយោបាយ​យ៉ាងសកម្ម​អំឡុង​ពេល​និរទេស​ខ្លួន​នេះ ដោយ​ជា​ញឹកញាប់​លោក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ថៃ​ឥត​សំចៃ​មាត់​តាម​បណ្ដាញ​សង្គម​។ វីដេអូ​ចុងក្រោយ​របស់​លោក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុ​ក កាលពី​ថ្ងៃ​ទី​០៣ មិថុនា ដោយ​លោក​បាន​រិះគន់​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-cha)​

អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់ខ្លួន លោក វ៉ាន់ឆាឡឺម កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ហើយ​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​របស់​ថៃ​បាន​ប្ដេជ្ញា​ថា នឹង​ចាប់ខ្លួន​សកម្មជន​រូប​នេះ​យក​ទៅ​ប្រទេស​ថៃ​វិញ​ឱ្យ​ខាង​តែ​បាន ទោះ​តាម​មធ្យោបាយ​អ្វី​ក៏ដោយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញ​ថា ជាច្រើន​ឆ្នាំ​មកនេះ រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​សហការ​គ្នា​យ៉ាង​ស្អិត​រមួត ដើម្បី​យាយី​ចាប់​ខ្លួន​តាម​ទំនើងចិត្ត និង​បញ្ជូន​ក្រុម​អ្នកប្រឆាំង​ត្រឡប់​ទៅវិញ​ទាំង​បង្ខំ បំពាន​លើ​ច្បាប់​អន្តរជាតិ​។ កិច្ចសហការ​នេះ ក៏​ធ្វើឡើង​ចំពោះ​អ្នក​ដែល​ទទួល​បានការ​គាំពារ​ពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន​ផង​ដែរ។

អាស៊ីសេរី​បាន​ផ្ញើ​សំណួរ​តាម​អ៊ីមែល​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) ដើម្បី​សាកសួរ​ថា តើ​លោក វ៉ាន់ឆាឡឺម ទទួល​បាន​កិច្ច​គាំពារ ឬ​មាន​ឋានៈ​ជនភៀសខ្លួន​ពី​ស្ថាប័ន​មួយ​នេះ ដែរ​ឬក៏​អត់ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវតែ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​រឿង​ហេតុ​កើត​លើ​ទឹកដី​កម្ពុជា ហើយ​ម្យ៉ាងទៀត នេះ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «នេះ​ជា​ករណី​មួយ​ដែល​ផ្អើល​ស្ទើរតែ​ពេញ​ពិភពលោក​ហើយ ព្រោះ​យើង​ឃើញ​ថា អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​គេ​មានការ​ចាប់​អារម្មណ៍​ទៅលើ​បញ្ហា​នេះ​។ អ៊ីចឹង​ខ្ញុំ​គិត​ថា អាជ្ញាធរ​កម្ពុជា​ធ្វើ​យ៉ាងណា​ប្រាកដប្រជា​ថា ករណី​ទាំងអស់​នេះ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់»

ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក អាជ្ញាធរ​ថៃ​បាន​តាម​ចាប់ខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ភៀសខ្លួន​ទៅ​ប្រទេសជិតខាង យ៉ាង​កម្រោល​។ រដ្ឋាភិបាល​ថៃ​បាន​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ប្រទេស​ឡាវ វៀតណាម និង​កម្ពុជា បញ្ជូន​សកម្មជន​ដែល​កំពុង​និរទេស​ខ្លួន​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។ យ៉ាងហោចណាស់ មាន​សកម្មជន​៨ នាក់ បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការ​បាត់​ដំណឹង​សូន្យឈឹង។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ស៊ើបអង្កេត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើងលើ​លោក វ៉ាន់ឆាឡឺម ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ចាប់​ពង្រត់​នៅ​រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​ត្រូវតែ​ធានា​ថា គាត់​មាន​សុវត្ថិភាព​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម បើ​ពុំ​ដូច្នេះ​ទេ រដ្ឋាភិបាល​នឹង​ត្រូវ​គេ​ចោទ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ពង្រត់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល