សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​រក​ការ​គាំទ្រ​ក្នុង​ការ​ធ្វើ​​ច្បាប់​ដាក់​ទណ្ឌកម្ម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ

ដោយ ខែ សុណង
2020-06-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​លោក ហុង លីម អតីត​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។
​លោក ហុង លីម អតីត​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។
RFA/Chun Chanboth

មេដឹកនាំ​អង្គការ និង​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី កំពុង​ធ្វើ​ការងារ​ការ​ទូត ដើម្បី​ជំរុញ​ទៅ​រដ្ឋសភា​អូស្ត្រាលី​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ អ្នក​វិភាគ​ថា អូស្ត្រាលី ដែល​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នឹង​យក​គំរូ​តាម​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ច្បាប់​ដាក់​ទណ្ឌ​លើ​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​មួយ​ចំនួន នា​ពេល​កន្លង​មក។

តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី រួម​មាន មេធាវី  តំណាង​រាស្ត្រ រដ្ឋ​វិកតូរីយ៉ា (Victoria) ប្រធាន​សមាគម និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាដើម កំពុង​ជំរុញ​ទៅ​អ្នកនយោបាយ និង​តំណាង​រាស្ត្រ​អូស្ត្រាលី​ចូលរួម​គាំទ្រ ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ។

អតីត​តំណាងរាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដើម​កំណើត​ខ្មែរ លោក ហុង លីម ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៦ ខែ​មិថុនា ចាប់​តាំង​ពី​មាន​សំណើ​ធ្វើ​ច្បាប់​នេះ​មក​លោក​បាន​ជួប​ជាមួយ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយ​ចំនួន ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​កន្លង​មក ដើម្បី​ជំរុញ​ទៅ​អ្នក​ទាំង​នោះ​ឱ្យ​យល់​ពី​សារសំខាន់ ដែល​ប្រទេស​អូស្ត្រាលី​ត្រូវ​តែ​មាន​ច្បាប់​នេះ។ លោក​បន្ត​ថា សមាជិក​សភា ដែល​ជួប​បាន​ពួក​គេ​បង្ហាញ​ឆន្ទៈ​គាំទ្រ និង​ចង់​ឱ្យ​មាន​ច្បាប់​នេះ៖ «រដ្ឋសភា​មែនទែន​ទៅ គេ​អត់​ធ្វើ​ការ ប៉ុន្តែ​សមាជិក​សភា​គេ​មិន​ស្រុក​វិញ​យើង​មាន​ឱកាស​តាម​បញ្ឆេះ​គេ ដូច​ជា​ព្រឹក​មិញ​ជា​ដើម​យើង​បាន​ជួប​សមាជិក​សភា»

អតីត​សមាជិក​សភា​រូប​នេះ ឱ្យ​ដឹង​ថា ពេល​នេះ​សំណើ​នៃ​ការ​ធ្វើ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​អ្នក​ទាំង​នោះ​កំពុង​រៀបចំ​ធ្វើ និង​ចងក្រង។ ប៉ុន្តែ​លោក​ថា ពេល​នេះ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ហើយ​សភា​កំពុង​សម្រាក (វ៉ាកង) ដូច្នេះ​មិន​ទាន់​អាច​បញ្ជូន​សំណើ​ច្បាប់​នេះ​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​សង្ឃឹម​ថា នៅ​ពេល​សមាជិក​សភា​ចូល​ធ្វើ​ការងារ​រដ្ឋសភា និង​អនុម័ត​ច្បាប់​នេះ៖ «ខ្ញុំ​សង្ឃឹម​ថា រឿង​ហ្នឹង​ចេះ​តែ​ទៅ​មុខ​ហើយ​ព្រោះ​យើង​ចេះ​តែ​ទាមទារ»

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការ​សម្រេច​ធ្វើ​ច្បាប់​ណា​មួយ​របស់​អូស្ត្រាលី គឺ​សិទ្ធិ​របស់​ប្រទេស​នេះ។ លោក​ថា សព្វថ្ងៃ​នេះ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ«ជា​សិទ្ធិ​សេរីភាព ហើយនិង​អធិបតេយ្យ​របស់​អូស្ត្រាលី​យើង​មិន​ហ៊ាន​លូក​កកូរកកាយ​រឿង​ហ្នឹង​ទេ»

សហរដ្ឋអាមេរិក​បាន​ឈាន​មុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​បុគ្គល​ពីរ​នាក់​នៅ​កម្ពុជា​គឺ មន្រ្តី​ជំនិត​របស់​លោក ហ៊ុន សែន រួម​មាន​មេ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេស​រដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ ​កម្ពុជា​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា រដ្ឋាភិបាល​រដ្ឋាភិបាល​អូស្ត្រាលី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​ប្រទេស ដែល​ត្រូវ​ធ្វើ​ច្បាប់​នេះ។ លោក​ពន្យល់​ថា ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កិច្ច​ព្រមព្រៀង​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ លោក គឹម សុខ យល់​ថា​បើ ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផ្សេង​ទៀត រួម​គ្នា​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ឱ្យ​របប​នេះ​វិល​មក​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ជា​ដំបង​ដ៏​ធំ​មួយ​ទៀត ដែល​ត្រូវ​វាយ​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ហើយ​បើ​ដំបង​នេះ​ពី​សហគមន៍​អន្តរជាតិ និង​ពី​សម្ព័ន្ធមិត្ត​ប្រទេស​ប្រជាធិបតេយ្យ ជា​ពិសេស ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាន់​តែ​ច្រើន វាយ​លើ​ក្រុម​លោក ហ៊ុន សែន បើ​ទោះ​បី​ក្រុម​លោក ហ៊ុន សែន នៅ​តែ​មានៈ​រក្សា​អំណាច​ទំនើង​ចិត្ត​បែប​សព្វថ្ងៃ​ក៏​មិន​បាន​រលូន​ដែរ»

កាល​ពី​ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ដែល​មាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​នា​សម័យ​នោះ គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

ខ្មែរ​នៅ​អូស្ត្រាលី និង​អ្នក​វិភាគ រំពឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​ និង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​ដែល​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល