សមាជិកសភាអូស្រ្តាលី ថា ពិភពលោក​នឹង​ធ្វើ​ជា​សាក្សី​នៃ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី

លោក មួង ណារ៉េត
2019-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិសភាអូស្រ្តាលីលោក ម៉ាក បាត់ល័រ (Mark Butler) (រូបទី២ពីឆ្វេងដៃ ជាប់លោក សម រង្ស៊ី) នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។  រាប់ពីស្តាំដៃជាប់លោក សម រង្ស៊ី គឺសមាជិកព្រឹទ្ធសភាអ្នកស្រី ផិននី វង់ (Penny Wong)។ ក្រៅពីនោះ គឺតំណាងរាស្រ្តអូស្រ្តាលីមួយរូបទៀត គឺលោក និក ឆែមភាន (Nick Champion) (រូបទី ១ ពីឆ្វេងដៃ)។
សមាជិសភាអូស្រ្តាលីលោក ម៉ាក បាត់ល័រ (Mark Butler) (រូបទី២ពីឆ្វេងដៃ ជាប់លោក សម រង្ស៊ី) នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។ រាប់ពីស្តាំដៃជាប់លោក សម រង្ស៊ី គឺសមាជិកព្រឹទ្ធសភាអ្នកស្រី ផិននី វង់ (Penny Wong)។ ក្រៅពីនោះ គឺតំណាងរាស្រ្តអូស្រ្តាលីមួយរូបទៀត គឺលោក និក ឆែមភាន (Nick Champion) (រូបទី ១ ពីឆ្វេងដៃ)។
រូបថតពីហ្វេសប៊ុកលោក សម រង្ស៊ី

សមាជិកសភាអូស្រ្តាលីលោក ម៉ាក បាត់ល័រ (Mark Butler) ថ្លែង​ថា ពិភពលោកនឹងធ្វើជាសាក្សី នៃ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ របស់លោក សម រង្ស៊ី និង មន្រ្តីគណៈបក្សសង្គ្រោះជាតិដទៃទៀត នៅថ្ងៃទី៩ ខែ​វិច្ឆិកា​ខាង​មុខ​នោះ ប្រសិន​​របប​លោក ហ៊ុន សែន ហ៊ាន​ប្រព្រឹត្តអំពើហិង្សាណាមួយលើលោក សម រង្ស៊ី និង​មន្រ្តីបក្សប្រឆាំង។

មួង ណារ៉េត៖ លោកយល់យ៉ាងណា ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ នៅកម្ពុជាសព្វថ្ងៃ?

ម៉ាក បាត់ល័រ៖ ដើមខែ​កញ្ញានេះ គឺជាគម្រប់ខួប ២ ឆ្នាំ​នៃការ​ឃុំ​ខ្លួន​ប្រធានគណបក្សសង្គ្រោះជាតិ​​លោក កឹម សុខា តាំង​​ពី​​ឃុំ​​ខ្លួន​​​នៅ​​ក្នុង​​ពន្ធនាគារ រហូត​ដល់​ឃុំ​​ខ្លួន​​ក្នុង​ផ្ទះ។ ចំណាត់ការ​បែបនេះ ធ្វើ​ឲ្យ​របបលោក ហ៊ុន សែន លែង​មាន​លេសអ្វី មក​អួត​​ប្រាប់​​ពិភពលោក​​ថា ​កម្ពុជា​ក្រោម​មេ​ដឹក​នាំ​ផ្តាច់ការ​ មាន​ប្រជាធិបតេយ្យ​។ នេះរឹតតែបង្ហាញ​ថា លោក ហ៊ុន សែន មិន​​ចង់​​ឲ្យ​​ប្រជាពលរដ្ឋខ្មែរ​មាន​សិទ្ធិសេរីភាព ក្នុងការ​ធ្វើនយោបាយទេ។ លោក ហ៊ុន សែន កំពុង​ប្រឹងប្តូរ​ផ្តាច់​ ដើម្បី​ក្រាញ​អំណាច និង​​បន្ត​​ទាយាទ​​ទៅ​កូន​ប្រុស​​របស់​​គាត់។ ស្ថានការណ៍សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ កំពុង​​តែ​​យ៉ាប់​យ៉ឺន​ខ្លាំង​​នៅ​កម្ពុជា។ សេរីភាព​សំឡេង​​ប្រឆាំង រង​ការ​​ធ្វើ​ទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ គណបក្សប្រឆាំង​នៅតែមិនទាន់ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​​​ឡើង​​វិញ។ មន្រ្តី​បក្ស​ប្រឆាំង​ជា​ច្រើន នៅតែបន្តរស់នៅ​និរទ្ទេស​ខ្លួន​នៅក្រៅប្រទេស។ ស្ថានភាព​​​បែប​​នេះ ទាមទារ​​​ឲ្យ​​​សហគមន៍​អន្តរជាតិ​​យក​​ចិត្ត​​ទុក​ដាក់​បំផុត។​

មួង ណារ៉េត៖ តើប្រទេស​អូស្រ្តាលី មាន​ករណីយកិច្ច​អ្វីខ្លះ ជុំវិញវិបត្តិ​នយោបាយ​ នៅប្រទេស​កម្ពុជានេះ?

ម៉ាក បាត់ល័រ៖ ប្រទេសអូស្រ្តាលីតូចមែនពិត ប៉ុន្តែ យើង​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន ក្នុងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។ យើង​មាន​ការទទួល​ខុសត្រូវ​មួយ ក្នុងការ​ក្រោកឈរ ដើម្បីតតាំងនឹង​របបផ្តាច់ការ​នៅកម្ពុជា ព្រោះ​កម្ពុជា​ជាប់​កាតព្វកិច្ច​​អនុវត្ត​ឲ្យ​បាន​ទៅតាម​ស្មារតី​នៃកិច្ចព្រៀង​នោះ។ កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស មិន​មែន​និយាយ​តែ​សុខសន្តិភាព​មួយ​មុខ​នោះទេ គឺនិយាយអំពី​សិទ្ធិប្រជា​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យផងដែរ។ ខ្ញុំ​ក្នុងនាមជាតំណាងរាស្រ្តមួយរូប ខ្ញុំ​តែ​ងតែ​លើកអំ​ពីបញ្ហា​នេះ នៅចំពោះ​មុខ​រដ្ឋសភា​អូស្រ្តាលី។ តំណាងរាស្រ្តដទៃទៀត ដែលជាសហការីរបស់​ខ្ញុំ ក៏​មានជំហរដូចខ្ញុំដែរ។ យើង​តែ​ងតែស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ធ្វើ​យ៉ាង​ណា​ដាក់សម្ពាធ​របបលោក ហ៊ុន​ សែន ឲ្យ​ងាក​មក​រងគន្លង​ត្រឹមត្រូវ នៃ​ប្រជាធិបតេយ្យ​វិញ។ ក្នុង​ពេលនេះ ខ្ញុំនិង​តំណាង​រាស្រ្ត​ឯទៀត ក៏កំពុង​តែ​តាម​ដាន និង​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់ នូវ​ជំហរ​របស់​សហភាព​អឺរ៉ុប រឿងព្យួរ​ការអនុគ្រោះពន្ធ EBA និង សហរដ្ឋអាមេរិក រឿង​ច្បាប់ H.R 526 ​ដែល​ដាក់​ទណ្ឌកម្ម​មន្រ្តី​របបលោក ហ៊ុន សែន។ នៅពេលសហភាព​អឺរ៉ុប ចាត់​ការ​ព្យួរ​ការ​អនុគ្រោះពន្ធ និង សហរដ្ឋអាមេរិក​ចាប់​ផ្តើម ដាក់ទណ្ឌកម្មលើ​​មន្រ្តី​របបលោក ហ៊ុន សែន ពេលនោះឯង ​ដែលយើង​នឹង​ស្នើឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ចាត់វិធានការ​ស្រដៀង​គ្នាដែរ។

មួង ណារ៉េត៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និង មន្រ្តីគណបក្សប្រឆាំង​ឯទៀត ប្តេជ្ញា​វិលទៅស្រុកខ្មែរវិញ នៅខែ​វិច្ឆិកា។ តើ​លោក​យល់យ៉ាងណាដែរ ចំពោះការ​ប្តេជ្ញានេះ?

ម៉ាក បាត់ល័រ៖ ខ្ញុំ​យល់អំពីភាព​អន្ទះសារ​របស់​លោក សម រង្ស៊ី និង​មន្រ្តី​បក្សប្រឆាំង​ឯទៀត ដែលទន្ទឹង​រង់ចាំ​ឱកាស​វិលចូល​ប្រទេសវិញ ព្រោះគណបក្ស​ប្រឆាំង​បាន​តស៊ូនយោបាយជាច្រើនឆ្នាំ​ណាស់​មកហើយ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​វិជ្ជាមាន​នៅ​កម្ពុជា។ ជាងនេះទៅទៀត ពីរឆ្នាំចុងក្រោយនេះ ស្ថានភាពប្រជាធិបតេយ្យ​នៅកម្ពុជា បាន​ដើរ​ថយក្រោយ​។ ពេលលោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ប្រទេស​ខ្មែរ​វិញ ពេលនោះ​ពិភពលោក​នឹង​ធ្វើ​ជាសាក្សី និង​តាម​ដានរឿងនេះ។ បើលោក សម រង្ស៊ី រង​អំពើ​ហិង្សា​ពី​សំណាក់​របបលោក ហ៊ុន សែន ពេលនោះសហគមន៍អន្តរជាតិ ច្បាស់​ជា​មិននៅ​ស្ងៀម​នោះឡើយ។ ពួកគេនឹង​ចាត់វិធានការតបទៅ​របបលោក ហ៊ុន សែន​ វិញ។

មួង ណារ៉េត៖ តើ​លោកយល់ថា អ្វីទៅ​គួរ​តែជាដំណោះស្រាយ​សមស្រប​ ដើម្បី​ឲ្យ​កម្ពុជា​រួចផុត​ពីវិបត្តិ​នយោបាយ​បច្ចុប្បន្ននេះ?

ម៉ាក បាត់ល័រ៖ ដំណោះស្រាយ​តែមួយគត់ សម្រាប់​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នៅកម្ពុជា គឺ​មាន​តែ​​សហគមន៍​អន្តរជាតិ​ ដាក់សម្ពាធ​ឲ្យ​ខ្លាំង​លើ​របបលោក ហ៊ុន សែន ឲ្យ​​គោរព​​ឆន្ទៈ​រាស្រ្ត​​ខ្មែរ និង​​ជា​ពិសេស​​គោរព​តាម​​ស្មារតី​​នៃ​​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស។ មានន័យថារបប​លោក ហ៊ុន សែន ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ប្រជាពលដ្ឋខ្មែរ គ្រប់​និន្នាការ​​នយោបាយ មាន​សិទ្ធិសម្រេច​ជោគវាសនាអនាគត​​ប្រទេសជាតិរបស់ខ្លួន​ ដោយ​ខ្លួន​ឯង មិន​មែន​រម្លាយ​គណបក្សប្រឆាំង មិនមែន​ចាប់​មេ​គណ​បក្ស​​ប្រឆាំង​​ដាក់​គុក រួច​​ហើយ​​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​មន្រ្តីគណបក្សប្រឆាំងឥតឈប់​ឈ​របែប​​នោះ​ទេ។ របប​លោក ហ៊ុន សែន ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋខ្មែរម្ចាស់​ឆ្នោត ជា​អ្នកសម្រេច​រឿងនេះ ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចែង​ច្បាស់ណាស់​​​អំពី​​រឿង​នេះ។ ពេលនេះ សម្ពាធអន្តរជាតិ​​ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​​​ធ្វើ​​​ឲ្យ​​​របប​​លោក ហ៊ុន សែន ផ្លាស់​​ប្តូរ​ឥរិយាបទ។ ដូច្នេះហើយ ទើប​ជាការ​សំខាន់ណាស់ ដែលប្រទេសប្រជាធិបតេយ្យ​ក្នុង​ពិភពលោក រួមទាំង​ប្រទេស​អូស្រ្តាលី​ផង តាម​​ដាន​ដោយ​​យក​ចិត្ត​​ទុក​ដាក់ មើល​អ្វី​ដែលសភា​សហភាពអឺរ៉ុប និង​សភា​​សហរដ្ឋ​អាមេរិក​កំពុង​​ចាត់ការ រឿង​​ស្រុក​​ខ្មែរ​នេះ។

មួង ណារ៉េត៖ សូមអរគុណលោក ម៉ាក បាត់ល័រ ចំពោះបទសម្ភាសន៍នេះ។

ម៉ាក បាត់​ល័រ៖ សូមអរគុណ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល