លោក អាឡិច ថា ហ្វេសប៊ុក​ប្រគល់​ផេក​ផ្លូវការ​របស់​ចលនា​មាតា​ធម្មជាតិ​ឲ្យ​ម្ចាស់​ដើម​គ្រប់គ្រង​វិញ

ដោយ មាន ឫទ្ធិ
2020-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន
Photo​ courtesy of Mother Nature

ក្រុមហ៊ុន​ហ្វេសប៊ុក ប្រគល់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ​មាតា​ធម្មជាតិ ឲ្យ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ដែល​ជា​ម្ចាស់​ដើម ជា​អ្នកគ្រប់គ្រង​ឡើងវិញ​ហើយ​។

នេះ​បើ​តាម​ការ​សរសេរ​របស់​លោក អា​ឡិច នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​៧ តុលា​។ លោក អា​ឡិច សរសេរ​ក្នុង​ខ្លឹមសារ​ដើម​ថា អំពើ​ចោរកម្ម​លួច​ហ្វេសប៊ុក​របស់​ចលនា​មាតា​ធម្មជាតិ​ពី​សំណាក់​របប​លោក ហ៊ុន សែន បាន​បរាជ័យ​ទាំងស្រុង​។ លោក​ថា បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​ក្រុម​របស់​លោក និង​អង្គការ​ដៃគូ​ក្នុង និង​ក្រៅ​ស្រុក​ដទៃ​ទៀត​ជាច្រើន ក្រុមហ៊ុន​ហ្វេសប៊ុក​បានសម្រេច​ប្រគល់​ទំព័រ ឬ​ផេក​មាតា​ធម្មជាតិ​មក​ឲ្យ​លោក​វិញ​ហើយ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​សមត្ថកិច្ច​របប​លោក ហ៊ុន សែន យក​ទៅ​គ្រប់គ្រង បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​រួចមក​។ លោក អា​ឡិច បន្ត​ថា ក្រុម​ចលនា​មាតា​ធម្មជាតិ​នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ​ជា​បន្ត​ទៅ​ទៀត​ដោយ​ឥត​រួញរា។

យ៉ាងហោចណាស់ មាន​សកម្មជន​ជា​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​មិន​តិច​ជាង ៥​នាក់​ទេ បច្ចុប្បន្ន​កំពុង​ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុង​នោះ​មាន យុវជន ថុន រដ្ឋា កញ្ញា ឡុង គ​ន្ធា កញ្ញា ភួង កែវរស្មី លោក ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ាវី ជាដើម។ ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នេះ គឺ​ដោយសារតែ​ពួកគេ​​​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន និង​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ក្រុងភ្នំពេញ​។ អង្គការ​លើកលែងទោស​អន្តរជាតិ ចាត់​ទុក​អ្នក​ទាំងនោះ​ថា ជា «​អ្នក​ទោស​មនសិការ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល