មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ចាត់វិធានការ​លើ​មន្ត្រី​យោធា​ដែល​ប្រើ​ហិង្សា​លើ​បុគ្គលិក​អគ្គិសនី​ម្នាក់​ជា​ជន​ពិការ

ដោយ ហេង រស្មី
2020-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​យោធា​ខេត្ត​ប៉ៃលិន (រូប​ពីរនាក់កណ្ដាល) ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជា​ជន​ពិការ​ម្នាក់​។
មន្ត្រី​យោធា​ខេត្ត​ប៉ៃលិន (រូប​ពីរនាក់កណ្ដាល) ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជា​ជន​ពិការ​ម្នាក់​។
រូប​ពី​ហ្វេសប៊ុក

មន្ត្រី​សិទ្ធិមនុស្ស​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ទៅ តុលាការ​ខេត្ត​ប៉ៃលិន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ក្រុម​មន្ត្រី​យោធា​ខេត្ត​ប៉ៃលិន ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជា​ជន​ពិការ​ម្នាក់​។ អ្នកធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​លើកឡើង​ដូច្នេះ ខណៈ​សមត្ថកិច្ច​មិន​បាន​មាន​ចំណាត់​ផ្លូវច្បាប់​លើ​មេបញ្ជាការ​កង​យោធា​ការពារ​ព្រំដែន​លេខ​៥០៤​ខេត្ត​ប៉ៃលិន ជា​អ្នកបញ្ជា​ឱ្យ​មាន​អំពើ​ហិង្សា​នេះ នោះ​ទេ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៣១ ខែ​មីនា​ថា កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​បាន​ចោទប្រកាន់​លើ​មន្ត្រី​យោធា​ពីរ​នាក់​ឈ្មោះ ឈិន ណុប ភេទ​ប្រុស និង ឈ្មោះ អ៊ិន ខ្លឹង ពី​បទ​បាន​ប្រព្រឹត្ត​ហិង្សា​ស្រាល​លើ​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជា​ជន​ពិការ​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ លោក​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​ជនសង្ស័យ​ទាំង​ពីរ​រូប​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រួចហើយ ហើយ​លោក​ក៏​មិនបាន​ដឹង​ថា តុលាការ​នឹង​ចោទប្រកាន់​លើ​បុគ្គល​ទាំងនោះ​ពី​បទ​អ្វី​នោះ​ដែរ​។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា តាម​ការស្រាវជ្រាវ មេបញ្ជាការ​កង​ការពារ​ព្រំដែន​លេខ​៥០៤ ឈ្មោះ យ៉យ ស៊ីដូ មិន​បាន​ប្រើ​កូនចៅ​ឱ្យ​ប្រព្រឹត្ត​ហិង្សា​នោះ​ទេ ប៉ុន្តែ​មេបញ្ជាការ​រូប​នេះ​បាន​ព្យាយាម​ប្រាប់​ទៅ​កូនចៅ​កុំ​ប្រព្រឹត្ត​ហិង្សា៖ «បទល្មើស​នេះ​ជា​បទល្មើស​​ហិង្សា​ស្រាល យើង​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​ដើម្បី​ចាត់ការ​បន្ត លោក យ៉យ ស៊ីដូ គឺ​គាត់​មិន​មាន​ប្រព្រឹត្ត​បទល្មើស​ទេ គាត់​ដឹកនាំ​មែន​គាត់​ដឹក​នាំទៅ​បង់លុយ​តាស តែ​បុគ្គល​ដែល​ជា​កូនចៅ​របស់​គាត់​វាយ​គាត់​បាន​ឃាត់​កុំ​ឱ្យ​ធ្វើអំពើ​អ៊ីចឹង»

ប៉ុន្តែ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក យិន ម៉េងលី សង្កេត​ឃើញ​ថា តាម​ការ​បង្ហោះ​វីដេអូ និង​ថ្លែង​របស់​ជនរងគ្រោះ​បង្ហាញ​ថា មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ ជា​អ្នកបញ្ជា​កូនចៅ​ឱ្យ​ប្រព្រឹត្តិ​ហិង្សា​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​តុលាការ​ខត្ត​ប៉ៃលិន និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​និង​ត្រូវ​មាន​វិធានការ​ច្បាប់​តឹងរ៉ឹង​លើ​ក្រុម​មន្ត្រី​យោធា​ខេត្ត​ប៉ៃលិន​ដែល​បាន​ប្រព្រឹត្ត​ហិង្សា៖ «ពេល​ចាប់​បញ្ជូន​មនុស្ស​ពីរ​នាក់​អត់​មាន​ឈ្មោះ​លោក​មេបញ្ជាការ​ទេ ត្រង់​នេះ​ហើយ​ដែល​សមាគម​ស្នើ​ទៅ​លោក​ព្រះ​រាជអាជ្ញា​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​លើ​ករណី​នេះ ដោយសារតែ​មើល​ឃើញ​ការ​អំណះអំណាង​របស់​ជនរងគ្រោះ​យើង​មើល​ឃើញ​វីដេអូ​មាន​មនុស្ស​ច្រើន​មិនមែន​តែ​ពីរ​នាក់ អ៊ីចឹង​អាច​ពាក់ព័ន្ធ​មនុស្ស​ច្រើន​ទៀត​មិនមែន​ពីរ​នាក់»

អាស៊ីសេរី​មិន​ទាន់​មាន​ប្រភព​ដើម្បី​ឆ្លើយតប​ពី​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ ឈ្មោះ យ៉យ ស៊ីដូ បានទេ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ក្រុម​កង​យោធា​ការពារ​ព្រំដែន​លេខ​៥០៤​ខេត្ត​ប៉ៃលិន​នៃ​ក្រសួងការពារជាតិ​ប្រមាណ​១០​នាក់ ក្នុង​ឯកសណ្ឋាន​ជា​យោធា​បាន​ចូល​ទៅក្នុង​ការិយាល័យ​ក្រុមហ៊ុន​អគ្គិសនី​ហើយ​វាយដំ​លើ​ជនពិការ​ដែល​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​កំពុង​អង្គុយ​ធ្វើការ​លើ​រទេះ​ជនពិការ​ក្រោយ​ក្រុមហ៊ុន​អគ្គិសនី​បាន​ផ្ដាច់​ភ្លើង​អង្គភាព​លេខ ៥០៤ ដោយសារ​មិន​បាន​បង់លុយ​ថ្លៃ​ភ្លើង​អស់​រយៈពេល​៦​ខែ។

ទាក់ទង​ករណី​នេះ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន លោក ថុល គឹមហុង តាម​ទូរស័ព្ទ​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ រីឯ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ា​លីន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​បញ្ចា​ក់​ថា សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

ជនរងគ្រោះ​ជា​ជន​ពិការ​ឈ្មោះ សុខ ទិត្យា ក្រោយ​មាន​ការ​សម្របសម្រួល​ពី​អភិបាលខេត្ត​ប៉ៃលិន និង​អ្នក​ពាក់ព័ន្ធ​លោក​សម្រេច​មិន​ប្ដឹង​ក្រុម​យោធា​ទាំងនោះ ទៅ​ស្ថាប័ន​ណា​ទៀត​ទេ​។ លោក​ឱ្យ​ដឹង​ដែរ​ថា ថៅកែ​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​ផ្ដល់​សំណង​ចំនួន ១៥​លាន​រៀល ដល់​រូបលោក​ព្រោះ​មិន​ចង់​មាន​បញ្ហា​អ្វី​ថែម​ទៀត៖ «និយាយ​រួម​ទៅ​ខ្ញុំ​ដូច​អត់​អ៊ីចឹង និយាយ​វែងឆ្ងាយ​ទៀត ព្រោះ​រឿង​បាន​ចប់​សព្វគ្រប់​ហើយ កុំ​រំខាន​ដល់​អ្នកដទៃ ឬ​មួយ​ក៏​ខ្លួនឯង ឬមួយ​ក៏​អ្នកណា​ទៀត​ដែរ គឺ​សម្រេចចិត្ត​បញ្ចប់​ត្រឹមហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល លោក យិន ម៉េងលី និយាយ​ថា តាមច្បាប់​ករណី​នេះ​បណ្តឹង​អាជ្ញា​មិនទាន់​រលត់​ហើយ​តួអង្គ​សំខាន់​ដែល​អនុវត្ត​បន្ត​គឺ​ព្រះរាជអាជ្ញា។ លោក​ថា បណ្ដឹង​អាច​រំលត់​បាន​លុះ​ត្រា​ណា​ជនល្មើស​បាន​ទទួល​ទណ្ឌ​កម្ម ឬ​ជនល្មើស​បាន​បាត់បង់​ជីវិត ដូច្នេះ​លោក​ថា សមាគម​អាដហុក​នឹង​ផ្ញើ​លិខិត​ទៅ​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​ត្រឹមត្រូវ​។ រីឯ ជន​រងគ្រោះ​ជា​ជន​ពិការ​ឈ្មោះ សុខ ទិត្យា យល់​ថា ព្រះរាជអាជ្ញា​ចាត់ចែង​យ៉ាងណា​សូម​អនុវត្ត​តាម​ផ្លូវច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល