មេ​សហជីព​ស្នើ​តុលាការ​ពន្លឿន​នីតិវិធី​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ជាង ១​រយ​ករណី​ទៀត

ដោយ ជាតិ ចំណាន
2019-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង​ជួរ​លើ) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (ពី​ឆ្វេង​ជួរ​ក្រោម) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
(ពី​ឆ្វេង​ជួរ​លើ) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (ពី​ឆ្វេង​ជួរ​ក្រោម) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ប្រធាន​សហភាព​ការងារ​កម្ពុជា ឱ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ញុះញង់ នៅ​រោងចក្រ អេស.អិល (SL) ក្នុង​ខណ្ឌ​មានជ័យ កាល​ពី​ឆ្នាំ​២០១៣។ សង្គម​ស៊ីវិល​ឃ្លាំមើល​ផ្នែក​សិទ្ធិ​ការងារ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។

ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង គឹមឡាក់ បង្គាប់​ឱ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា បន្ទាប់​មេដឹកនាំ​សហជីព​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ "​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​" ដែល​ប្រព្រឹត្ត​នៅ​រោងចក្រ អេស.អិល (SL) ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​រង​បណ្ដឹង​ជាង ១​រយ​ករណី​ពី​ក្រុម​ថៅកែ​រោងចក្រ និង​ក្រសួង​ការងារ​ថា លោក​ងឿងឆ្ងល់ ទាក់ទង​នឹង​ដីកា​កោះហៅ​នេះ ព្រោះ​ថា ភាគី​រោងចក្រ​បាន​ដក​ពាក្យបណ្ដឹង​ពី​តុលាការ​វិញ​ហើយ ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជា​ទិញ កាល​ពី​ឆ្នាំ​២០១៧។

លោក អាត់ ធន់ ឱ្យ​ដឹង​ថា កាលពី​កំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នោះ មានការ​ទង្គិច​គ្នា​រវាង​ក្រុម​កម្មករ ជាមួយ​ខាង​ភាគី​ថៅកែ​រោងចក្រ អេស.អិល (SL) ក្រោយពី​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ភាគី​ថៅកែ​គោរព​លក្ខខណ្ឌ​។ លោក​បន្ត​ថា ក្រោយ​ហេតុការណ៍​នោះ ស្រាប់តែ​ថៅកែ​ប្ដឹង​លោក​ទៅ​តុលាការ ខណៈ​ដែល​លោក​មិន​មាន​វត្ត​មាននៅ​កន្លែង​កើត​ហេតុ។

មេដឹកនាំ​សហជីព​រូប​នេះ ស្នើ​ដល់​តុលាការ​ពិនិត្យ​សំណុំរឿង​ឡើងវិញ ដោយ​ឯករាជ្យ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​រូបលោក៖ «ខ្ញុំ​អាច​គិត​ថា ជា​រឿង​ពីរ​។ រឿង​ទី​១ គេ​បន្ត​ដោះស្រាយ​ទៅតាម​សំណើ​ដែល​យើង​ស្នើ​ទៅ​ក្រសួង​ការងារ កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​ដោះស្រាយ​បញ្ចប់​។ ប៉ុន្តែ​រឿង​មួយទៀត​យើង​ក៏​បារម្ភ​ដែរ ដែល​វា​កើតឡើង​ពេល​ហ្នឹង​។ យើង​បារម្ភ​ខ្លាចក្រែង​ជា​ការ​ដាក់​សម្ពាធ កុំ​ឱ្យ​មានការ​តវ៉ា​អី​អ៊ីចឹង​ទៅ​ណា៎​។ ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ឥឡូវនេះ ខ្ញុំ​កំពុងតែ​ឆែក​ជាមួយ​មេធាវី​មើល​សំណុំរឿង​ហ្នឹង ហើយ​មេធាវី​ក៏​អត់​អី​បាន​ដឹង​ក្រៅពី​ដីកា​ឱ្យ​ចូលរួម​សវនាការ​ហ្នឹង​ដែរ»

លោក អាត់ ធន់ បញ្ជាក់​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​រឿង​នេះ​ទេ ដោយសារ​ជាប់រវល់​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី រហូត​ដល់​ខែ​ដើម​វិច្ឆិកា ទើប​លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​។ លោក​នឹង​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី ចូលរួម​សវនាការ នា​ពេល​ខាង​មុខ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​នូវ​ទិដ្ឋភាព ២​យ៉ាង ទាក់ទង​នឹង​រឿង​កោះហៅ​មេដឹកនាំ​សហជីព​ឱ្យ​ចូលខ្លួន​ទៅ​តុលាការ​ជា​ថ្មី​ទៀត​នេះ។ លោក​ថា ចំណុច​ទី​១ ទំនងជា​រដ្ឋាភិបាល​កម្ពុជា​ចង់​បញ្ចប់​រាល់​នីតិវិធី ចំពោះ​មេដឹកនាំ​សហជីព​ធំ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ឱ្យ​ឆាប់ ដើម្បី​ឆ្លើយតប​នឹង​ការ​ចង់​បាន​ពី​សហភាព​អឺរ៉ុប ក្នុង ការ​រក្សា​ឱ្យ​បានការ​អនុគ្រោះ EBA ដល់​កម្ពុជា​តទៅទៀត​។ ចំណែក​ចំណុច​ទី​២​វិញ លោក​យល់ថា អាច​ជា​ការ​ដាក់​សម្ពាធ​ដល់​មេដឹកនាំ​សហជីព​ទាំងនោះ កុំ​ឱ្យ​មានការ​ប្រមូលផ្ដុំ​កម្មករ​ធ្វើការ​តវ៉ា​ណាមួយ ខណៈ​កម្ដៅ​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​នៅ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

មន្ត្រី​ឃ្លាំមើល​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ ស្នើ​ដល់​តុលាការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​ទម្លាក់​ចោល​រាល់​បទ​ចោទ ដែល​ប្រឆាំង​នឹង​មេ​សហជីព​ធំៗ ដែល​សកម្ម​ចុះ​ជួយ​កម្មករ៖ «ខ្ញុំ​មើល​ឃើញ​ថា​រាជរដ្ឋាភិបាល​គួរ​មាន​វិធានការណ៍​ហ្នឹង​តាំងពី​ដើម​ឆ្នាំ​ម្ល៉េះ ហើយ​ក្រសួង​យុត្តិធម៌ និង​តុលាការ​ហ្នឹង គួរតែ​មាន​វិធានការណ៍​នៅ​ក្នុង​ការ​សើរើ​រឿង​ហ្នឹង​ឡើងវិញ ហើយ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​។ មក​ដល់​ពេល​នេះ យើង​មិនទាន់​ឃើញ​បណ្ដឹង​ជំទាស់ ហើយ​ករណី​ព្រហ្មទណ្ឌ​ដែល​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ហ្នឹង ត្រូវ​បាន​ទម្លាក់​ចោល​នៅ​ឡើយ​ទេ។ មាន​សំណុំរឿង​ធំៗ​កន្លង​មក ដូច​នៅ​ផ្លូវ​វេងស្រេង​អីហ្នឹង មាន​ការ​ទម្លាក់​ចោល​។ ប៉ុន្តែ​រឿង​នេះ ក៏​ជា​រឿង​ព្រហ្មទណ្ឌ​មួយ​ដែរ ដែល​កន្លងមក ទោះបីជា​មានការ​រុញ​ពី​សំណាក់​អ្នកបញ្ជា​ទិញ​ឱ្យ​ទម្លាក់​ចោល​ពី​ភាគី​រោងចក្រ ប៉ុន្តែ​រឿង​ហ្នឹង​នៅ​បន្ត​ក្នុង​នីតិវិធី​របស់​តុលាការ​អ៊ីចឹង»

កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ សាលាឧទ្ធរណ៍​សម្រេច​លើក​លើកលែង​ការចោទប្រកាន់​លើ​ប្រធាន​សហជីព ៦​រូប ឱ្យ​រួច​ផុត​ពី​ការ​បទចោទប្រកាន់​ទាក់ទង​នឹង​អំពើ​ហិង្សា​នៅ​ផ្លូវ វេងស្រេង កាល​ដើម​ឆ្នាំ​២០១៤​។ ក្នុង​នោះ​មាន​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។

ការសម្រេច​លើកលែងទោស​ពី​ប្រព័ន្ធ​តុលាការ​កម្ពុជា នៅ​ពេល​នោះ ធ្វើឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​នីតិវិធី​រយៈពេល ១៨​ខែ ដើម្បី​ពិនិត្យ​ដក​កម្ពុជា​ជា​បណ្ដោះអាសន្ន ចេញពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ «​អ្វីៗ ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅថា EBA ក្រោយពី​កម្ពុជា​ដើរ​ចេញពី​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​មិន​មាន​ការ​គោរព​សិទ្ធិមនុស្ស។

គិត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រហូតដល់​ខែ​មករា ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប នឹង​បន្ត​ដំណាក់កាល​ទី​៣ ដោយ​បិទ​បញ្ចប់​នីតិវិធី​រយៈពេល ១២​ខែ​កន្លង​មក​នេះ ហើយ​ចេញ​សេចក្ដី​សម្រេច​ស្ថាពរ​មួយ​ថា តើ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ចំពោះ​ប្រទេស​កម្ពុជា ដែរ​ឬ​យ៉ាងណា។

បើ​គណៈកម្មការ​នេះ សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​២០២០ ប្រាកដ​មែន​នោះ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត ត្រូវ​រង់ចាំ​ប្រាំ​មួយ​ខែ​បន្ទាប់​ទៀត មាន​ន័យថា ការ​ដក​ការ​អនុគ្រោះ​ពន្ធ នឹង​ចាប់ផ្ដើម នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០។

ក្នុង​រយៈពេល​ជាង ៣​ខែ​ទៅ​មុខ​ទៀត​នេះ អង្គការ​សង្គម​ស៊ីវិល​យល់​ថា គឺជា​ពេល​សម​ល្មម សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ពោល​គឺ​ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ និង​ស្ថាប័ន​តុលាការ ដើម្បី​ពន្លឿន​នីតិវិធី ទម្លាក់​ចោល​បទ​ចោទ​ជាង ១​រយ​ករណី​ទៀត លើ​មេ​សហជីព​ធំៗ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល