អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ពង្រាយ​កម្លាំង​​មុខ​ផ្ទះ​លោក ឌិន ពុទ្ធី ដើម្បី​គំរាម​កុំ​ឱ្យ​នាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​ច្រក​ទ្វារ​ព្រំដែន

ដោយ វ៉ែន សុមេធ
2020-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​នគរបាល​ជា​ច្រើន​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ព័ទ្ធ​ផ្ទះ​លោក ឌិន ពុទ្ធី ប្រធានសមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ ហៅកាត់ថា អាយឌា (IDEA) នៅ​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២០។
កម្លាំង​នគរបាល​ជា​ច្រើន​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ព័ទ្ធ​ផ្ទះ​លោក ឌិន ពុទ្ធី ប្រធានសមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ ហៅកាត់ថា អាយឌា (IDEA) នៅ​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដាក់​ពង្រាយ​កម្លាំង​​ប៉ូលិស​និង​ប្រជា​ការពារ​ភូមិ​ជា​ច្រើន​នាក់​​នៅ​ផ្លូវ​ច្រក​ចូល​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ និង​នៅ​​មុខ​​ផ្ទះ​​​របស់​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័​កម្ពុជា​ លោក ឌិន ពុទ្ធី​។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​​​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ចូល​រួម​ធ្វើ​បាតុកម្ម​​​ទាមទារ​ឱ្យ​​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​ពេល​ខាង​មុខ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ លោក ឌិន ពុទ្ធី ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ឧសភា​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ពង្រាយកម្លាំង​​ប្រមាណ​២៥​នាក់​នៅ​ផ្លូវ​​មុខ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត។ ចំណែក​នៅ​ផ្ទះ​ចាស់​របស់​លោក​ក្នុង​ភូមិ​​សាមគ្គីមានជ័យ លោក​ថា ក៏​មាន​ប្រជា​ការពារ​ភូមិ​ជា​ច្រើន​នាក់​បណ្ដាក់​គ្នា​ជិះ​ម៉ូតូ​ឃ្លាំមើល​​​តាំង​ពី​ម៉ោង​៦​​ព្រឹក​រហូត​មក«កន្លង​មក​​មិន​ដែល​មាន​ដាក់​កម្លាំង​មុខ​ផ្ទះ​ខ្ញុំ​បែប​នេះ​ទេ នេះ​ជា​ការ​គំរាមកំហែង​ពាក់​ព័ន្ធ​នឹង​សតិអារម្មណ៍​ស្មារតី​​ហើយ​មួយ​ទៀត​ធ្វើ​ហ្នឹង​​គឺ​ជា​រូបភាព​មួយ​បំបាក់​ស្មារតី​​កុំ​ឱ្យ​មាន​ការ​តស៊ូ​មតិ​ជា​ពិសេស​ខ្ញុំ​តែ​ម្ដង​គឺ​គេ​ចល័ត​កម្លាំង​ហ្នឹង​ក្នុង​គោលបំណង​​ដើរ​រក​ខ្ញុំ​ចេញ​ចូល​ទៅ​ណា​​វា​ហាក់​ដូច​ជា​រឹតត្បិត​សិទ្ធ​សេរីភាព​​ធ្ងន់ធ្ងរ​មែន​ទែន​សម្រាប់​ខ្ញុំ។ សូម្បី​តែ​សមាជិក​កម្មករ​​ដែល​រក​មក​ជួប​ខ្ញុំ​នៅ​ផ្ទះ​ក៏​គាត់​មិន​ហ៊ាន​​ចូល​ផ្ទះ​ខ្ញុំ​ដែរ»

​​កាល​ពី​ថ្ងៃ​ទី​២៥​ឧសភា​ លោក ឌិន ពុទ្ធី ​​បាន​ឈរ​ជា​តំណាង​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​​​ដាក់​លិខិត​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ស្នើ​សុំ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឡើង​វិញ នៅ​ចុង​ខែ​ឧសភា។ នៅ​ក្នុង​លិខិត​ស្នើ​សុំ​នោះ មាន​ប្រជាពលរដ្ឋ ១.៥០០​នាក់ គ្រោង​ចូល​រួម​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ចាប់​ពី​ម៉ោង ៦ព្រឹក​ដល់​ម៉ោង ៦ល្ងាច ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២០ មិថុនា ក៏​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បដិសេធ។

ទាក់​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​លោក វង្ស ប្រាថ្នា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​​ដឹង​​ជុំវិញ​​​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​និង​ប្រជា​ការពារ​ភូមិ​នោះ​ទេ៖ «បាទ​ខ្ញុំ​នៅ​ខេត្ត​ទេ​មិន​ដឹង​ខាង​ក្រុង​ការងារ​ជំនាញ​របស់​គេ​មិន​ដឹង​គេ​​ធ្វើ​អី​ទេ​សូម​បង​​សួរ​ទៅ​ខាង​ក្រុង​ប៉ោយប៉ែត​​បាន​ដឹង​។ខ្ញុំ​ក្ដាប់​អត់​បាន​ទេ​សូម​អធ្យាស្រ័យ​ព្រោះ​ការងារ​ជំនាញ​ខុស​ៗ​គ្នា​»

អាស៊ី​សេរី​ក៏​បាន​ព្យាយាម​ទាក់​ទង​​​អភិបាល​​រង​ខេត្ត​បន្ទាយមានជ័យ​ លោក ង៉ោ ម៉េងជ្រួន​ និង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ព្រម​ទាំង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បី​សុំ​​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​​​ដែរ តែ​​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ​មាន​ប្រសាសន៍​ថា ​ការ​ដាក់​ពង្រាយ​កម្លាំង​នេះ ​ជា​ការ​​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​​​ ដើម្បី​រាំង​ខ្ទប់​កុំ​ឱ្យ​ពួកគាត់​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​និង​ថៃ​​នៅ​ពេល​ខាង​មុខ។​លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ ថា ជា​ការ​​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ«បាទ​ជា​ការ​ភិតភ័យ​បែរ​ទៅ​ជា​​ព្រួយ​ខ្លាច​លោក​ឌិន ពុទ្ធី​ធ្វើ​បាតុកម្ម​​នាំ​ឱ្យ​បាក់មុខ​បាក់​មាត់​នៅ​កន្លែង​ហ្នឹង​​គេ​ស្រែក​គេ​ថា​អីចឹង​​ទៅ​​ធ្វើ​ឱ្យ​ខ្លួន​ឯង​ហ្នឹង​បាក់​មុខ​បាក់​មាត់​​ក្នុង​រដូវ​ជំងឺ​កូវិដ​១៩។ ប៉ុន្តែ​​តើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប៉ុណ្ណា? កន្លង​មក​យើង​ឃើញ​​ក្រុម​សប្បុរសជន​ជួយ​ដោះស្រាយ​ចុះ​អ្នក​ផ្សេង​​មាន​តួនាទី​របស់​រដ្ឋ​​ដែល​ត្រូវ​បំពេញ​បន្ថែម​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បាន​ធ្វើ​ហើយ​រួច​នៅ​ឬ​ក៏​បំបិទ​មិន​ឱ្យ​គាត់​ចេញ​ទេ​​​នៅ​ហ្នឹង​ទៅ​​ដេក​ផ្ទះ​មិន​ឆ្លង​រោគ​​ចុះ​បាន​អី​ស៊ី​ឥឡូវ​ហ្នឹង»

អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២ ​តាំង​ពី​ថ្ងៃ​ទី​២៣ ​មីនា​មក​ ដើម្បី​បង្ការ​កុំ​ឱ្យ​រាលដាល​ជំងឺ​កូវិដ​១៩​ ហើយ​រហូត​ទល់​ពេល​នេះ​ព្រំដែន​ប្រទេស​ទាំង​២​ មិន​ទាន់​បើក​​​​ដំណើរការ​វិញ​​នៅ​ឡើយ​ទេ។ លោក​ឌិន ពុទ្ធី ឱ្យ​ដឹង​ថា ការ​​បិទ​ច្រក​ទ្វារ​ព្រំដែន​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ ដូច​ជា​អ្នក​រត់​ម៉ូតូឌុប កម្មករ​អូស​រទេះ ​និង​អ្នក​ស៊ីឈ្នួល​លីសែង​​នៅ​ក្នុង​ទឹក​ដី​ថៃ បាត់​បង់​ប្រាក់​ចំណូល​ទាំង​ស្រុង ហើយ​មាន​ពលរដ្ឋ​ខ្លះ​​ដាច់​ស្បៀង​​រហូត​ដល់​ថ្នាក់​​នាំ​គ្នា​ដើរ​បេះ​ត្រកួន និង​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ទិញ​អង្ក​ច្រក​ឆ្នាំង​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល