រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ដោយ ម៉ៅ សុធានី
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន ចាក​ចេញពី​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី​៧៤ ចាប់ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក។

ប្រធានបទ​សំខាន់ នៅ​ឆ្នាំនេះ គឺ​ផ្ដោត​អំពី «កិច្ចប្រឹងប្រែង​ពហុភាគី សម្រាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ ការ​អប់រំ​ប្រកប​ដោយ​គុណភាព ការប្រែប្រួល​អាកាសធាតុ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត»

វត្តមាន​លោក ប្រាក់ សុខុន នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំនេះ គឺ​ជំនួស​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខកខាន​មិន​បាន​មក​ចូលរួម​ក្នុង​ឆ្នាំ​នេះ។ ក៏ប៉ុន្តែ កាល​ពី​ឆ្នាំ​២០១៨ ក្រោយ​ការ​បោះឆ្នោត ដែល​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ លោក ហ៊ុន សែន បាន​ដឹកនាំ​គណបក្ស​ប្រតិភូ​លោក​ប្រមាណ ៤០ នាក់​ផ្សេងទៀត រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ផង បាន​មក​ចូលរួម ក្នុង​មហា​សន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយក។

កាសែត​ក្នុងស្រុក ផ្សាយ​កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឱ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក លោក ប្រាក់ សុខុន នឹង​ធ្វើ​សេចក្ដី​ថ្លែងការណ៍ ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម សមិទ្ធផល​សំខាន់ៗ​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្ស និង​កិច្ចប្រឹងប្រែង​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចិរភាព​របស់​កម្ពុជា និង​សារៈសំខាន់​នៃ​កិច្ចប្រឹងប្រែង​រួម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ភេរវកម្ម ជា​ដើម។ លោក​គ្រោង​នឹង​ថ្លែង​នៅ​មុខ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ចុង​សប្តាហ៍​នេះ​។​

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធ​រុស្ស៉ី និង​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​ឆេកូ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា​រំពឹង​ថា នឹង​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល