ពលរដ្ឋ​នៅ​ពោធិ៍សាត់​ថា អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​សុំ​ការ​អនុញ្ញាត បើ​ចង់​ឱ្យ​មនុស្ស​ប្លែក​មុខ​ស្នាក់​នៅ

ដោយ សេក បណ្ឌិត
2019-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ខេត្ត​ពោធិ៍សាត់។ រូបថត​ឯកសារ
សាលា​ខេត្ត​ពោធិ៍សាត់។ រូបថត​ឯកសារ
RFA/Chin Chetha

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ពោធិ៍សាត់​មិន​ពេញចិត្ត ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ប្រកាស​ឱ្យ​ពួកគេ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ​ជា​មុន​សិន បើ​មាន​មនុស្ស​ប្លែក​មុខ សុំ​ស្នាក់​នៅផ្ទះ​របស់​អ្នកភូមិ​ណាមួយ​នោះ​។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

ពលរដ្ឋ​រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទីអង្គារ៍ ទី១ ខែ​តុលា ថា មេភូមិ​ក្រឡាញ់ លោក ធូ សាមុត បាន​ប្រកាស​តាម​មេក្រូ ក្នុង​វត្ត​ក្រឡាញ់​ជា​សាធារណៈ កាល​ពី​ចុងខែ​កញ្ញា ដោយ​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ​ជាមុន​សិន ប្រសិនបើ​មាន​មនុស្ស​មកពី​ខាងក្រៅ​មក​ស្នាក់​នៅផ្ទះ​របស់​អ្នកភូមិ​ណាមួយ​នោះ ក្រោម​ហេតុផល ការពារ​សន្តិសុខ និង​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​។ មេភូមិ​អះអាង​ថា នេះ​ជា​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​ចាត់​ទុក​វិធានការ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ ជាពិសេស​ សកម្មជន​គណបក្ស​ប្រឆាំង​មួយ​កម្រិត​ទៀត។ លោក​ថា មេភូមិ​បាន​បញ្ជា​ឱ្យ​ប្រជា​ការពារ​ភូមិ តាមដាន​ពលរដ្ឋ​ណា ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ខាងក្រៅ​ស្នាក់​នៅផ្ទះ​របស់​ខ្លួន ហើយ​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជា​បន្ទាន់​។ លោក​​កត់​សម្គាល់​​ថា សូម្បីតែ​ពលរដ្ឋ​រស់នៅ​ភូមិ​ជាប់​គ្នា​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​​​ពី​​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន​ដែរ៖ «អាជ្ញាធរ​ភូមិ​ប្រកាស​តាម​មេក្រូ​ថា ឱ្យ​ប្រជា​ការពារ​តាមដាន​ឱ្យ​ច្បាស់ និង​ត្រូវ​រាយការណ៍​ឱ្យ​គេ បាន​គេ​ឱ្យ​ស្នាក់​នៅ​​អ៊ីចឹង​។ ទាល់តែ​ប្រាប់​គេ សុំ​ការអនុញ្ញាត​ពី​គេ​។ ភូមិ​ហ្នឹង​មានការ​រឹត​បន្តឹង​ខ្លាំង​មែនទែន សូម្បី​មាន​អ្នក​ចំណូល​មកពី​ខាង​ណា អង្គការ​ក៏ដោយ បងប្អូន​ក៏​ដោយ ​ដែល​យើង​ជួបជុំគ្នា​ផឹកស៊ី មានការ​តាមដាន​រហូត។ គេ​អត់​ឱ្យ​យើង​ជួបជុំ​គ្នា​​ច្រើន​​បាន​ទេ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ក្រឡាញ់​ថ្លែង ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព មើល​ឃើញ​ថា ក្រុម​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង កំពុង​ទទួលរង​ការ​គំរាមកំហែង និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់តែ​ខ្លាំង​ឡើង ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន បណ្ដាល​ឱ្យ​ពួកគេ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព និង​មិន​ហ៊ាន​បញ្ចេញមតិ​ទូលំទូលាយ​ឡើយ។ លោក​អះអាង​ថា ពលរដ្ឋ​ភាគច្រើន​មិន​សប្បាយចិត្ត​ចំពោះ វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ៖ «ពីមុន​គេ​អត់​មាន​ដាក់​មេក្រូ​ទេ គ្រាន់តែ​ថា យើង​ទៅ​ណា​មក​ណា ត្រូវ​ជម្រាប​គេ​អ៊ីចឹង​ណា។ តែ​ដល់​ពេល​នេះ យើង​ដាក់​មេក្រូ ប្រកាស​ថ្ងៃ​យើង​ឆ្លង​ភ្ជុំ​ហ្នឹង។ ថ្ងៃស្អែក​ប្អូន​មក​ពី​ណា ត្រូវ​សុំ​គេ​ម្តង​ទៀត​វា ពិបាក​ហ្នឹង ។ ថ្ងៃនេះ​ម៉ែ​ខ្ញុំ​មក​សម្រាន្ត​ផ្ទះ​ខ្ញុំ ចុះ​ស្អែក​ឡើង​ប្អូន​ខ្ញុំ​ទៅ​ប្រាប់​គេ​ទៀត វា​ដាច់ខ្យល់​ហើយ ផ្ទះ​មេភូមិ​ជិត​មានអី ដល់​ផ្ទះ​មេភូមិ​ឆ្ងាយ​ទៀត»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មេភូមិ​ក្រឡាញ់ លោក ធូ សាមុត ដើម្បី​សុំ​ការ​បំភ្លឺ​ពី​រឿងនេះ​ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១ តុលា។

ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិន​លើក​ទូរស័ព្ទ និង​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

ដោយឡែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​ភូមិ គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។ លោក​បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ហើយក៏​ពុំ​មែន​ជា​ការ​គំរាមកំហែង​លើ​ពលរដ្ឋ​ណា​ម្នាក់​ដែរ៖ «បើ​យើង​ជា​បងប្អូន​ធ្លាប់​ទៅ ម្តង​ទៅ​ពីរ​ដង​មានអី​ទេ​។ តែ​មនុស្ស​ប្លែក​គេ​ត្រូវ​រាយការណ៍​ជូន​មេភូមិ និង​មេឃុំ​ហើយ ភូមិ​នីមួយៗ​មាន​នគរបាល​គេ​ប្រចាំ។ នេះ​ជា​ក្នុង​កម្មវិធី​សុវត្ថិភាព​ភូមិ និង​ឃុំ​។ នេះ​ជា​គោលការណ៍​ចាស់​ទេ​ពុំ​មាន​អ្វី​ប្លែក​ថ្មី​ទេ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា យល់ឃើញ​ថា ប្រសិនបើ​អាជ្ញាធរ​ពិតជា​បង្គាប់​ឱ្យ​ពលរដ្ឋ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន ទើប​មាន​សិទ្ធិ​ឱ្យ​អ្នក​ខាងក្រៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​បាន​មែន នោះ​គឺជា​ទង្វើ​ល្មើសច្បាប់​ជាតិ និង​អន្តរជាតិ៖ «ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​សិទ្ធិ​ក្នុង​ការ​ដើរហើរ សិទ្ធិ​ក្នុង​ការ​ជួបជុំ​អី​ហ្នឹង​ដែរ។ ប្រសិនជា​យើង​ធ្វើ​អ៊ីចឹង វា​ជា​ការ​រំលោភ​គោលការណ៍​ធ្ងន់ធ្ងរ ហើយ​ខ្ញុំ​គិត​ថា សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ពិចារណា និង​ពិនិត្យ​ពី​សិទ្ធិ​សេរីភាព​ឡើងវិញ ហើយ​ប្រទេស​កម្ពុជា​ក៏​មិនបាន​ទាន់​ប្រកាស​ថា ប្រទេស​អាសន្ន​នៅឡើយ​ក៏​មិន​ទាន់​មាន​ដែរ បើ​យើង​រឹតត្បិត​សិទ្ធិ​សេរីភាព ទាល់តែ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន»

អ្នកភូមិ​ក្រឡាញ់​ឱ្យ​ដឹង​ថា កាលពី​អំឡុង​ខែ សីហា​កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ធ្លាប់​បាន​រារាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេងទៀត​ដែល​មក​រៀន​ពី​វិធីសាស្ត្រ​ចិញ្ចឹម​មាន់ នៅ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ។ លើស​ពី​នេះ ប្រជា​ការពារ​ភូមិ​បាន​ឃ្លាំមើល គ្រប់​សកម្មភាព សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន នៅ​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិភាព និង​បរិយាកាស​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Samy

ពី U.S.A.

the stay permit of visitor is exactly the same as Pol Pot regime. We do not need village chief (me kromm), group, district chief..If this policies are used The exact Pol Pot regime is there NOW. Is it Pol Pot regime or Hun Sen regime or free world. If you do stop using U.S. Dollars

Oct 01, 2019 06:29 PM

គេហទំព័រ​ទាំងមូល