អាស៊ីសេរី​ស្វាគមន៍​ការ​ដោះលែង​អតីត​បុគ្គលិក​ ប៉ុន្តែ​នៅ​ចាត់ទុកថា ជា​​ការ​រំលោភ​សេរីភាព​សារព័ត៌មាន

មួង ណារ៉េត
2018-08-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ស្ថាប័ន​អាស៊ីសេរី ស្វាគមន៍​ការ​ដោះលែង​អតីត​បុគ្គលិក​ពីរ​នាក់​របស់​ខ្លួន ប៉ុន្តែ​នៅតែ​ចាត់ទុកថា របប​លោក ហ៊ុន សែន រំលោភ​សេរីភាព​សារព័ត៌មាន ដោយសារ​ការ​ចាប់ និង​ឃុំខ្លួន​អ្នក​ទាំងពីរ​ទាំង​អយុត្តិធម៌ ដែល​របប​នេះ មិន​គួរ​ធ្វើ​តាំងពី​ដំបូង។

នាយក​របស់​ស្ថាប័ន​អាស៊ីសេរី​ទាំងមូល ដែល​គ្រប់គ្រង​ការផ្សាយ​ជា ៩​ភាសា រួម​ទាំង​វិទ្យុ​អាស៊ីសេរី​ជា​ភាសាខ្មែរ​ផង អ្នកស្រី លីប៊ី លូ (Libby Liu) គាំទ្រ​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ជា​ភាសា​ខ្មែរ​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ប៉ុន្តែ អ្នកស្រី​នៅតែ​ចាត់ទុកថា អ្នក​ទាំងពីរ​មិន​ទទួល​បាន​យុត្តិធម៌ តាំងពី​ដំបូង​មក​ម្ល៉េះ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី២១ ខែ​សីហា អ្នកស្រី លីប៊ី លូ បង្ហាញ​ការ​សាទរ លាយឡំ​នឹង​ការ​ខកចិត្ត ជុំវិញ​ការ​ចាប់ខ្លួន​អ្នក​ទាំងពីរ​នេះ៖ «យើង​ស្វាគមន៍​ការ​ដោះលែង​អ្នក​ទាំងពីរ ប៉ុន្តែ យើង​ក៏​ត្រូវ​ទទួលស្គាល់​ដែរ ថា អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​នេះ មិន​គួរ​ណា​គេ​ចាប់​ឃុំ​ខ្លួន តាំងពី​ដំបូង​មក​ម្ល៉េះ។ អ្នក​ទាំងពីរ ត្រូវ​គេ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ជាច្រើន​ខែ ដោយ​រស់​យ៉ាង​លំបាក​វេទនា គ្មាន​គ្រួសារ​នៅ​ក្បែរ គ្មាន​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​គ្រប់គ្រាន់ គ្មាន​ប្រាក់ចំណូល និង​រស់នៅ​ក្នុង​ស្ថានភាព​អស់សង្ឃឹម​យ៉ាង​យូរ។ ការ​យក​នរណា​ម្នាក់ ដែល​ធ្វើ​ការ​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា មក​ធ្វើជា​មុខសញ្ញា ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ វា​គឺជា​ការ​រំលោភបំពាន ដល់​សិទ្ធិ​សេរីភាព ផ្នែក​សារព័ត៌មាន យ៉ាង​ច្បាស់​ក្រឡែត។ បើ​ផ្អែក​ទៅ​តាម​អ្វី​ដែល​កំពុង​វិវត្ត​ចុងក្រោយ​នេះ យើង​សង្ឃឹមថា រាល់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ នឹង​ត្រូវ​ទម្លាក់​ចោល និង​លើកលែង​ការ​ចោទប្រកាន់​ពួកគាត់​ជាបន្ទាន់»

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ កាល​ពី​យប់​ថ្ងៃទី២១ ខែ​សីហា ក្រោយ​ពី​ត្រូវ​បាន​ដោះលែង នៅ​ល្ងាច​ថ្ងៃ​ដដែល។

ទោះបីជា​អ្នក​ទាំងពីរ ត្រូវ​បាន​តុលាការ​ដោះលែង​មែន ប៉ុន្តែ​ការ​ដោះលែង​នេះ គឺ​ជា​ការអនុញ្ញាត ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ បទ​ចោទ​ប្រឆាំង​ពួកគាត់ ទាំង​ប៉ុន្មាន គឺ​នៅ​ដដែល។ ពេលនេះ អ្នក​ទាំងពីរ ត្រូវ​បាន​តុលាការ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ ដែល​មាន​ន័យថា ពួកគាត់​នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាច្រើន រួម​ទាំង​ការ​មិន​អនុញ្ញាត ឲ្យ​ផ្លាស់​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត ពី​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ចេញទៅ​ក្រៅ​ប្រទេស ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី​១ ជា​រៀងរាល់​ខែ នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹងមានជ័យ​ជាដើម។ ក្នុង​ករណី​អ្នក​ទាំងពីរ មិន​បាន​អនុវត្ត​តាម​ការ​បង្គាប់​នេះ ពួកគាត់​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ឡើងវិញ។

គិត​ត្រឹម​ថ្ងៃ​ដែល​ត្រូវ​បាន​ដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ អ្នក​ទាំងពីរ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល ២៨០​ថ្ងៃ ឬ​ជាង​៩​ខែ ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ។ ម្យ៉ាងទៀត ក្នុង​រយៈពេល​ឃុំខ្លួន​យ៉ាង​យូរ​នេះ តុលាការ​គ្មាន​បង្ហាញ​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំងពីរ ប៉ុន្តែ នៅតែ​មិន​ព្រម​ទម្លាក់​ចោល​ការចោទប្រកាន់។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​បទចោទប្រកាន់​ទាំងស្រុង ដើម្បី​ឲ្យ​អ្នក​ទាំងពីរ មាន​សេរីភាព​ពេញលេញ​ដូចដើម​វិញ។ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​ទី២២ ខែ​សីហា ថា​ការ​ដោះលែង លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឲ្យ​បាន​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ទាំងពីរ ពិតជា​គ្មាន​កំហុស​អ្វី​ទាំងអស់។ ដូច្នេះ​អ្នក​ទាំងពីរ គួរតែ​ត្រូវ​បាន​លើកលែង​ការចោទប្រកាន់ ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដូចជា​ពលរដ្ឋ​ទូទៅ​ឡើង​វិញ។

ចំណែក​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចូលរួម​ត្រេកអរ​ជាមួយ​ក្រុម​គ្រួសារ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដែល​បាន​ជួបជុំគ្នា​វិញ។ ប៉ុន្តែ លោក​ខកចិត្ត ចំពោះ​ការ​ឃុំខ្លួន និង​ចោទប្រកាន់​អ្នក​ទាំងពីរ ទាំង​អយុត្តិធម៌​បែបនេះ។ លោក ប្រ៊ែដ អាដាម នៅតែ​ប្រកាន់​ជំហរ​ថា គ្មាន​រឿង​អ្វី ដែល​ត្រូវ​គេ​ចាប់ខ្លួន អ្នក​ទាំងពីរ តាំងពី​ដំបូង​មក​ម្ល៉េះ ព្រោះ​ពួកគាត់​គ្មាន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទាំងអស់ ហើយ​ការចោទប្រកាន់​លើ​ពួកគាត់​ទៀតសោត គឺជា​ការ​ប្រឌិត​ឡើង ដើម្បី​ធ្វើបាប​ពួកគាត់​ប៉ុណ្ណោះ។ លោក​បន្ត​ថា គ្រាន់តែ​ធ្វើជា​អ្នកកាសែត និង​រាយការណ៍​ព័ត៌មាន​ពិត តើ​មាន​កំហុស​អី​? ដូច្នេះ ចំពោះ​លោក ហ៊ុន សែន ឲ្យ​តែ​នរណា ធ្វើជា​អ្នករាយការណ៍​ព័ត៌មាន ឲ្យ​អាស៊ីសេរី នៅ​ស្រុក​ខ្មែរ គឺ​ដឹង​តែ​មានទោស​ទាំងអស់ ឲ្យ​គាត់​ចង់​ចាប់។

លោក ប្រ៊ែដ អាដាម ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់ ដែល​លោក​បញ្ជាក់​ថា ជា​ការ​ចោទ​ក្លែងក្លាយ និង​គ្មាន​មូលដ្ឋាន មក​លើ​អ្នក​ទាំងពីរ នេះ​ដែរ៖ «ការ​ដោះលែង​អ្នក​ទាំងពីរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គឺជា​ល្បែង​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​លេង ដើម្បី​ជា​ការ​គំរាមកំហែង ដល់​អ្នក​ទាំងពីរ និង​អ្នកសារព័ត៌មាន​ឯទៀត ឲ្យ​នៅ​បន្ត​ភ័យខ្លាច​រហូត។ នៅ​ពេល​ណា​ដែល​លោក ហ៊ុន សែន មិន​សប្បាយចិត្ត គាត់​ច្បាស់​ជា​ឲ្យ​គេ​ចាប់ខ្លួន​អ្នក​ទាំងពីរ​ម្ដងទៀត​ភ្លាម តាមតែ​អំពើ​ចិត្ត»

របប​លោក ហ៊ុន សែន រង​ការរិះគន់​យ៉ាង​ខ្លាំង ថា​បាន​យក​ប្រព័ន្ធ​តុលាការ មក​ធ្វើជា​ឧបករណ៍​នយោបាយ ដើម្បី​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង គណបក្ស​ប្រឆាំង ដើម្បី​លោក ហ៊ុន សែន អាច​បន្ត​ក្រាញ​អំណាច បាន​យូរ​ត​ទៀត។

ភ្លាមៗ​ក្រោយ​របប​នេះ រង​ការ​ថ្កោលទោស និង​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម ពី​សហគមន៍​អន្តរជាតិ ដោយសារ​ការ​រៀប​ចំកា​របោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស និង​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ គ្រាន់តែ​បង្គ្រប់​កិច្ច​នោះ របប​នេះ​ចាប់ផ្ដើម​ដោះលែង​អ្នក​ជាប់ឃុំ​ជា​បណ្តើរៗ ដែល​អ្នកវិភាគ​យល់ថា របប​នេះ ប្រហែលជា​ចង់​បន្ធូរ​ស្ថានការណ៍​តានតឹង និង​សម្ពាធ​អន្តរជាតិ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៃ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន អះអាង​ថា ការ​ដោះលែង​អ្នក​ជាប់ឃុំ​ណាមួយ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ និង​គ្មាន​ការ​លូកលាន់ ពី​ស្ថាប័ន​នីតិប្រតិបត្តិ​នោះ​ឡើយ។ លោក ផៃ ស៊ីផាន បន្ថែម​ថា របប​នេះ​គ្មាន​រង​ឥទ្ធិពល​អ្វី​ទាំងអស់ ពី​សហគមន៍​អន្តរជាតិ។

ប៉ុន្តែ លោក ប្រ៊ែដ អាដាម ហៅ​ការ​ចាប់ខ្លួន និង​ដោះលែង​មនុស្ស​តាមតែ​អំពើ​ចិត្ត​បែបនេះ មិន​អាច​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ព្រម​ជឿ​តាម​ល្បិចកល​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក​ថា សហគមន៍​អន្តរជាតិ ស្គាល់​លោក ហ៊ុន សែន ច្បាស់​ណាស់ ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​អាក្រក់​។ លោក​ថា អ្វី​ដែល​របប​លោក​ហ៊ុន សែន ត្រូវ​ធ្វើ គឺ​ត្រូវ​ឈប់​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ដែល​តវ៉ា និង​រិះគន់​តាម​បែប​ប្រជាធិបតេយ្យ និង​មិន​ត្រូវ​ចាប់​គេ​ដាក់គុក ដោយ​គ្រាន់តែ​ប្រើ​សេរីភាព​បញ្ចេញមតិ ដែល​ធានា​ដោយ​ច្បាប់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល