អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​​លោក សុវណ្ណ រិទ្ធី ជា​បន្ទាន់

ដោយ មាន ឫទ្ធិ
2020-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន​អនឡាន TVFB។
​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន​អនឡាន TVFB។
រូប​ពី​ហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders (RSF) ទាមទារ​ឱ្យ​អាជ្ញាធរ ដោះលែង​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន​អនឡាន TVFB ជាបន្ទាន់​។ អង្គការ​នេះ ក៏​អំពាវនាវ​ឱ្យ​ក្រសួង​ព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​ព័ត៌មាន ដល់​ស្ថាប័ន​ព័ត៌មាន​អនឡាញ​របស់​លោក សុវណ្ណ រិទ្ធី នេះ​ឡើងវិញ។

ការ​ទាមទារ និង​អំពាវនាវ​នេះ កើត​មាន​ឡើង​ក្រោយ​សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី កាលពី​យប់​ថ្ងៃ​ទី​៧ មេសា ដោយ​ចោទ​ថា លោក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ចរិត​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ផ្អែក​តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រោយ​ការ​ចាប់​ខ្លួន​អគ្គនាយក​ព័ត៌មាន​រូប​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ទី៨ មេសា បាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក ដោយ​មិន​អនុញ្ញាត​ឱ្យ​គេហទំព័រ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ឈ្មោះ TVFB បើក​ដំណើរការ​តទៅ​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បញ្ជាក់​ថា ការ​សម្រេច​លុបចោល​អាជ្ញាប័ណ្ឌ​នេះ គឺ​ដោយសារតែ​និពន្ធ​នាយក​សារព័ត៌មាន​រូប​នេះ បាន​ផុស​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អត្ថន័យ​ដើម​ថា «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»

នាយក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​៨ មេសា​ថា ការ​ចាប់​អ្នកកាសែត​ដាក់គុក ដោយសារតែ​បាន​ស្រង់​ប្រសាសន៍​ដើម​របស់​នាយករដ្ឋមន្ត្រី គឺជា​រឿង​ចម្លែក​។ លោក​បន្ត​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ មិន​គួរ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា យក​មក​ប្រើ​ប្រាស់​ធ្វើជា​លេស ដើម្បី​កម្ចាត់​ក្រុម​អ្នកកាសែត ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ​ទេ។

ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​កាន់តែ​អាក្រក់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មក​នៅ​លេខ ១៤៣ ក្នុងចំណោម​១៨០​ប្រទេស ក្នុង​ឆ្នាំ​២០១៩ ស្រប​ពេល​ដែល​មានការ​រឹតត្បិត​កាន់តែ​ខ្លាំង​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល