អ្នក​ជំនាញ​អ.ស.ប​ព្រមាន​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​មាន​អាសន្ន​បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស

ដោយ ហេង រស្មី
2020-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
Photo courtesy of Special Rapporteur Cambodia

ក្រុម​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន​នឹង​អាច​ត្រូវ​អាជ្ញាធរ ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​ឯកជន រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​សេរី និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ ចំណែក​គណបក្សប្រឆាំង​វិញ​ថា សេចក្ដី​ព្រាង​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ច្បាប់​នេះ​គឺ​ដើម្បី​ការពារ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

អ្នករាយការណ៍​ពិសេស ស្ដីពី​ស្ថានភាព​សិទ្ធី​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា វិធានការ​នានា​ដែល​ដាក់​ចេញ​ក្នុង​ស្ថានភាព​មាន​អាសន្ន​ត្រូវតែ​ជា​ការ​ចាំបាច់​នឹង​សមាមាត្រ​ទៅ​នឹង​វិបត្តិ​នានា​ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ។

អ្នកស្រី​បារម្ភ​ថា ច្បាប់​នឹង​អាច​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស​ឯកជន រឹតត្បិត​ដោយ​មិន​ចាំបាច់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ មេសា នេះ បាន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​មាន​អាសន្ន​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​ការពារ​ផលប្រយោជន៍ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំងមូល។

គណបក្សប្រឆាំង​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន​ថា ការណ៍​ដែល​លោក ហ៊ុន សែន យក​លេស​ថា បង្កើត​សេចក្តី​ព្រាងច្បាប់​នេះ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ គ្រាន់តែ​ជា​លេស​បិទបាំង​បំណង​ទុច្ចរិត​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​ចេតនា​ពិតប្រាកដ​ច្បាប់​នេះ​គឺ​ដើម្បី​បង្ក្រាប​ការ​តវ៉ា​នានា​ក្នុងពេលដែល​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ក្នុង​ពេល​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ដើម្បី​បណ្ដេញ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ចេញពី​មុខ​ដំណែង​លោក ហ៊ុន សែន មិនដែល​ធ្វើ​ច្បាប់​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​ទេ។ ប៉ុន្តែ​ពេលនេះ ច្បាប់​នេះ​គឺ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត៖ «គាត់​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​កំពុង​រីករាល​ដាល​នៃ​ជំងឺ​នេះ គឺ​គាត់​ត្រូវតែ​ជំរុញ​ឱ្យ​ធ្វើ​ច្បាប់​នេះ​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ដែល​អ្នកណា​ហ៊ាន​ប្រឆាំង​នឹង​គាត់​ពេល​ដែល​គាត់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​គាត់​តែ​ប៉ុណ្ណោះ»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ការពារ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ប្រទេសជាតិ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ដល់​សាធារណៈ និង​សមស្រប​ទៅតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។​លោក ជិន ម៉ាលីន ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​បក្ស​ប្រឆាំង​ថា គឺជា​ការរិះគន់​យ៉ាង​ងងឹត​ងងុល ហើយ​ខុស​ពី​ខ្លឹមសារ​នៃ​គោលបំណង​ដើម​នៃ​ច្បាប់​ដែល​កម្ពុជា​កំពុងតែ​ធ្វើ​នេះ៖ «ជា​គោលការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​គេ​អនុញ្ញាត​ឱ្យ​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ហើយ​ការ​រៀបចំ​ច្បាប់​របស់​កម្ពុជា​គឺ​បំពេញ​ទៅតាម​លក្ខខណ្ឌ​និង​គោលការណ៍​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ទាំងអស់​នោះ»

មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ាណែត និង​ជា​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រង​ការ​ចោទប្រកាន់​ថា អាច​នឹង​ក្លាយ​ជា​អ្នកទទួល​អំណាច​ពី​លោក ហ៊ុន សែន នា​ពេល​ខាងមុខ​បាន​បដិសេធ​មិន​ឆ្លើយ​សំនួរ​ជាមួយ​អាស៊ីសេរី​តាម​ទូរស័ព្ទ៖ «ហើយ​បើ​សួរ​អី​ទៀត​មិន​បាច់​សួរ​ទេ សួរ​ម៉ាត់​ហ្នឹង​ចុះ អរគុណ»

សមាជិក​ព្រឹទ្ធសភា​នៃ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ មេសា បាន​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ព្រឹទ្ធសភា​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព មុននឹង​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា ជា​ជា​ច្បាប់។ ទោះ​បី​យ៉ាងណា​ព្រះមហាក្សត្រ​ដែល​កំពុង​ពិនិត្យ​សុខភាព​នៅ​ចិន នឹង​មិន​ចុះ​ព្រះ​ហត្ថលេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ គី​ទុក​ឱ្យ​ប្រមុខរដ្ឋ ជា​ប្រធាន​ព្រឹទ្ធសភា និង​អនុប្រធាន​គណបក្ស​ប្រជាជាតិ​កម្ពុជា ជា​អ្នកធ្វើ​ជំនួស។ គណបក្ស​សង្គ្រោះជាតិ បាន​ថ្វាយ​ព្រះមហាក្សត្រ​រួច​ហើយ កុំ​ឱ្យ​ចុះ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល