អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់ខ្លួន​យុវជន​ច្រៀង​រិះគន់​សង្គម​ម្នាក់ទៀត

ដោយ សេក បណ្ឌិត
2020-09-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន ឡុង ពុទ្ធារ៉ា ជា​អ្នក​ចម្រៀង​រ៉ែប (RAP) ដែល​រៀបរាប់​ពី​ការ​ឈឺ​ចាប់​រឿង​អយុត្តិធម៌​សង្គម​សេដ្ឋកិច្ច​ធ្លាក់​ចុះ ពលរដ្ឋ​ចំណាក​ស្រុក និង​សង្គមជាតិ​ធ្លាក់​ទន់​ខ្សោយ។
យុវជន ឡុង ពុទ្ធារ៉ា ជា​អ្នក​ចម្រៀង​រ៉ែប (RAP) ដែល​រៀបរាប់​ពី​ការ​ឈឺ​ចាប់​រឿង​អយុត្តិធម៌​សង្គម​សេដ្ឋកិច្ច​ធ្លាក់​ចុះ ពលរដ្ឋ​ចំណាក​ស្រុក និង​សង្គមជាតិ​ធ្លាក់​ទន់​ខ្សោយ។
រូប៖ ហ្វេសប៊ុក Thxera Kampuchea

តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជូន​យុវជន​ម្នាក់ទៀត គឺ​លោក ឡុង ពុទ្ធារ៉ា ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ ក្រោយ​ពី​យុវជន​រូប​នេះ ច្រៀង​រិះគន់​សង្គម​ក្រោម​ការ​​​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​មាន​ពលរដ្ឋ​ចំណាកស្រុក​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល និង​មិត្តភ័ក្ដិ​យុវជន​រូប​នេះ​យល់​ថា ការ​ចាប់​ខ្លួន​នេះ ជា​ការ​គំរាមកំហែង​សិទ្ធិ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ស្រប​តាមច្បាប់។

អ្នកនាំពាក្យ​តុលាការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក ជួន សុបញ្ញា ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ថា មកទល់​ពេលនេះ​មាន​យុវជន ២នាក់​ហើយ​ ដែល​ព្រះរាជអាជ្ញា​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ​រួម​មាន​យុវជន គា សុគន្ធ និង​យុវជន ឡុង ពុទ្ធារ៉ា។ លោក​ថា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន ធារ៉ា នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប កាល​ពី​សប្ដាហ៍​មុន៖ «មានការ​សម្រេច​ឃុំ​ខ្លួន​ម្នាក់ទៀត​ហើយ មាន​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​ម្នាក់​ហ្នឹង​មក ហើយ​បាន​បញ្ជូន​ទៅ​ចៅក្រម​ហើយ។ បទ​ល្មើស​ជាមួយ​គ្នា ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ ប៉ុន្តែ​ជន​ជាប់​ចោទ គាត់​មាន​សិទ្ធិ​ពឹង​ពាក់​មេធាវី​ចូល​ការពារ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៥ កញ្ញា។

មិត្តភ័ក្ដិ​យុវជន ឡុង ពុទ្ធារ៉ា ថ្លែង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ពួក​គេ​មិន​ទាន់​អាច​ទាក់ទង​ក្រុម​គ្រួសារ​របស់​គាត់​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៥ កញ្ញា​នេះ។

យុវជន ឡុង ពុទ្ធារ៉ា ច្រៀង​ចង្វាក់​រ៉ែប (RAP) រៀបរាប់​ពី​ការ​ឈឺ​ចាប់​រឿង​អយុត្តិធម៌​សង្គម​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ពលរដ្ឋ​ចំណាក​ស្រុក និង​សង្គមជាតិ​ធ្លាក់​ទន់​ខ្សោយ។ វីដេអូ​ដែល​លោក​បង្ហោះ​ក្នុង​យូធូប (Youtube) លើក​ចុង​ក្រោយ​មាន​ចំណង​ជើង​ថា «ខ្មែរ​អើយ» មាន​មនុស្ស​ចូល​ទស្សនា​រាប់​ម៉ឺន​ដង៖ «សូចនាករ​នៃ​ពលករ​ចំណាក​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន ហើយ​នាំ​គ្នា​ប្រុង​សម្រុក GDP ក្នុង​ស្រុក​ក៏​គ្មាន​ប្រសិទ្ធភាព​ខ្មែរ​ខំ​ប្រុង​បន្ត​រស់នៅ​យ៉ាង​ឥត​របៀប​បង​ប្អូន​កសិករ​ខំ​ធ្វើ​ទាំង​ត្រដរ​រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​ហូប​តែ​ទឹក​បបរ ស្រូវ​ក៏​ធ្លាក់​ថ្លៃ​ដំណើរ​មាន​មិន​ល្អ នេះ​ឬ​ជា​ឧបសគ្គ​មួយ​ដ៏​ធ្ងន់ធ្ងរ។ អ្នក​មាន​ស៊ី​រើស​ឯ​អ្នក​ក្រ​រើស​ស៊ី ជីវិត​មាន​តែ​មួយ​តែ​រស់​អន់​ជា​ធូលី»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន និយាយ​ថា សមាគម​អាដហុក​កំពុង​តាមដាន​រឿង​នេះ និង​ត្រៀម​មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ទាំង​នេះ។ លោក​ថា ក្រុម​យុវជន​ច្រៀង​រិះគន់​សង្គម​ឆ្លុះ​បញ្ចាំង​ការ​ពិត​ជា​សិទ្ធិ​សម្ដែង​មតិ​ស្រប​តាម​ច្បាប់ គឺ​គ្មាន​ទោស​ទណ្ឌ​នោះ​ទេ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​តែ​អប់រំ​ណែនាំ​ប្រសើរ​ជាង​ដាក់​ទណ្ឌកម្ម​ច្បាប់៖ «គួរ​តែ​បើក​សេរីភាព​បញ្ចេញ​មតិ ព្រោះ​សេរីភាព​បញ្ចេញមតិ​នេះ វា​សំខាន់​ណាស់​សម្រាប់​ឆ្លុះបញ្ចាំង​ដល់​រដ្ឋាភិបាល​ភាព​អសកម្ម​ក្នុង​សង្គម​ទៅ​វិញ​ទេ ហើយ​បើ​សិន​ជា​ការ​និយាយ​របស់​គាត់​មិន​ល្អ ហើយ​វា​មិន​ត្រឹមត្រូវ​គាត់​ខាត​ដោយ​ខ្លួន​ឯង​វិញ​ទេ។ រិះគន់​ដើម្បី​ស្ថាបនា​ផ្សេងៗ ក្តី ត្រូវ​បាន​គួរ​ឱ្យ​និយាយ​ដើម្បី​យើង​ឆ្លុះ​បញ្ចាំង និង​កែ​លម្អ​ចំណុច​ខ្លះ​ខាត ដើម្បី​ឈាន​ទៅ​រក​ចំណុច​ដែរ​ល្អ»

កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា​កន្លង​ទៅ​តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជូន​យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែប «ដី​ខ្មែរ» ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ ក្រោយ​ពី​យុវជន​រូប​នេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម​រិះគន់​បញ្ហា​សង្គម និង​បញ្ហា​ព្រំដែន។ យុវជន ឡុង ពុទ្ធារ៉ា និង​យុវជន គា សុគន្ធ គឺជា​មិត្តភ័ក្ដិ​នឹងគ្នា​ហើយ​ពួក​គេ​តែង​ច្រៀង​បង្ហោះ​វីដេអូ​រ៉ែប​តាម​យូធូប​រិះគន់​សង្គម​ជាង ១កន្លះ​ឆ្នាំ​ហើយ​រដ្ឋាភិបាល​ទើប​តែ​អនុវត្ត​ច្បាប់។

កាលពី​ឆ្នាំ២០១៩ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ក៏​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ឈុន ឌីម៉ី ដែល​ច្រៀង​រ៉ែ​ប​រិះគន់​សង្គម​ហើយ​ទទួល​បាន​ភាព​ល្បី​ក្នុង​បណ្ដាញ​សង្គម​នោះ យក​ទៅ​គំរាមកំហែង​បង្ខំ​ឱ្យ​លុប​បទ​ចម្រៀង​ចេញពី​បណ្ដាញ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) ផង​ដែរ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល