អាជ្ញាធរ​ថៃ​ប្រឹង​ការពារ​ចំណាត់​ការ​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា មក​កម្ពុជា

ដោយ មួង ណារ៉េត
2018-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

អាជ្ញាធរ​ថៃ ព្យាយាម​ការពារ​ចំណាត់​ការ​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា មក​កម្ពុជា បើ​ទោះ​បី​ជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន។

សារព័ត៌មាន ឌឹ ណេហ្សិន (THE NATION) ដកស្រង់​សម្តី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ អ្នកស្រី ប៊ូសាឌី សាន់ទីពីតាក់ (Busadee Santipitaks) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា ការ​ចាប់​បញ្ជូន​ខ្លួន​នេះ ធ្វើ​ឡើង​អនុលោម​តាមច្បាប់​អន្តោប្រវេសន៍​ថៃ ក្នុង​ស្មារតី​កិច្ច​សហប្រតិបត្តិការ​រវាង​ប៉ូលិស​នៃ​ប្រទេស​ទាំង​ពីរ។ មន្ត្រី​នាំ​ពាក្យ​ដដែល​អះអាង​ថា លោកស្រី សំ សុខា នឹង​មិន​ប្រឈម​គ្រោះថ្នាក់​អ្វី​នោះ​ឡើយ ដោយសារ​តែ​មន្ត្រី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ហ្មត់ចត់​ក្នុង​ករណី​នេះ។

​លោកស្រី សំ សុខា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​ជេរប្រមាថ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពាក់ព័ន្ធ​នឹង​រូបភាព​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ​លោកស្រី​បាន​យក​ស្បែក​ជើង​គប់​ទៅលើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន។

លោកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ តាំង​ពី​ពេល​នោះ​មក ដោយ​អះអាង​ថា លោកស្រី​រង​ការ​គំរាមកំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច។ ក្រោយ​មក​នៅ​ខែ​មករា ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃ បាន​ចាប់ និង​ឃុំ​ខ្លួន​លោកស្រី ដោយសារ​ស្នាក់​នៅ​ប្រទេស​ថៃ ហួស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ។ លោកស្រី​នៅ​ជាប់​មន្ទីរឃុំឃាំង​នៅ​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ចាប់​បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ និង​សព្វថ្ងៃ​កំពុង​ជាប់​ពន្ធនាគារ​នា​ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

LIM MENG HONG

ពី P PENH

ថៃខំយកគាប់គួរលោកហ៊ុនសែនចាប់ទណ្ឌឹតបញ្ជូនមកឲ្យហ៊ុនសែនរីឯ
ហ៊ុនសែនវិញបែរជាខំជួយអ្នកស្រីយីងឡាក់ដែលជាទណ្ឌឹតរបស់ប្រ​ទេសថៃទៅវិញ​ម្យ៉ាងដែរ

Feb 18, 2018 07:23 PM

គេហទំព័រ​ទាំងមូល