អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ឈប់​ការ​បំភិតបំភ័យ​ប្រឆាំង​នឹង​អ្នក​ធ្វើ​ការ​ជាមួយ UN

ដោយ វ៉ែន សុមេធ
2020-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
រូប៖ UN

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ប្រទេស​នានា​ រួម​ទាំង​កម្ពុជា​ផង ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​ និង​ការ​ប្រឆាំង​រារាំង​ក្រុម​អ្នកចូលរួម​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ។ រីឯ​មន្ត្រី​រដ្ឋាភិបាល ​លើក​ឡើង​ថា ​​រដ្ឋាភិបាល​ នឹង​ទទួល​យក​អនុសាសន៍​ណា​ដែល​មាន​ចេតនា​លើក​កម្ពស់​សិទ្ធិមនុស្ស​ ប៉ុន្តែ​បដិសេធ​ដាច់ខាត​ចំពោះ​អនុសាសន៍​ណា​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា ​និង​មិន​ឆ្លុះ​បញ្ចាំ​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា អគ្គលេខាធិការ អង្គការ​សហ​ប្រជាជាតិ ​នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក​ ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ស្តីពី​ការ​បំភិតបំភ័យ និង​ការសងសឹក​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ្នក​ដែល​បាន​សហការ​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ ​តំណាង និង​យន្តការ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ ដែល​កើត​មាន នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រួម​ទាំង​កម្ពុជា​ផង​ដែរ។

នៅ​ប្រទេស​កម្ពុជា ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា មាន​ការ​សងសឹក​ ការ​បំភិតបំភ័យ ​និង​ការ​ជ្រៀតជ្រែក​សកម្មភាព បំពេញ​ការងារ​ជាច្រើន​របស់​អង្គការសហប្រជាជាតិ​ ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​សន្តិសុខ និង​ប៉ូលិស នៅ​ក្នុង​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០។ របាយការណ៍​នោះ បង្ហាញ​ថា ការសងសឹក ការ​បំភិតបំភ័យ​និង​ការ​ជ្រៀតជ្រែក​ទាំង​នោះ មាន​ដូចជា មន្ត្រី​ប៉ូលិស​រដ្ឋាភិបាល​កម្ពុជា បាន​ចូល​ទៅ​ក្នុង​កម្មវិធី នានា ដោយ​គ្មាន​ការ​អញ្ជើញ ដូច​ជា កម្មវិធី​កិច្ចប្រជុំ និង​វគ្គ​បណ្ដុះបណ្ដាល ផ្សេងៗ ហើយ​ប៉ូលិស​ទាំង​នោះ បាន​ចូល​ថត​រូប និង​សួរ​នាំ​ជា​ច្រើន​អំពី​អ្នក​រៀបចំ និង​អ្នក​ចូលរួម​កម្មវិធី ព្រមទាំង​ទាមទារ​ព័ត៌មាន​និង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ជា​ដើម។ ទន្ទឹមគ្នា​នេះ តំណាង​អង្គការសង្គម​ស៊ីវិល​ជា​ច្រើន រួម​ទាំង ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​តាមដាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់​បំផុត។ លើស​ពី​នេះ សូម្បី តែ​អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី ​បាន​ជួប​សម្ភាសន៍​សម្ងាត់​ជាមួយ​អ្នក​ជាប់​ឃុំ​នោះ​ឡើយ។ អ្នកស្រី ​រ៉ូណា​ ស្មីត ​បញ្ជាក់​ថា តាម​ពិត​ទៅ​ អ្នកស្រី ​គួរ​តែ​អាច​ទៅ​ទស្សនា​កន្លែង​ឃុំឃាំង​ណា​មួយ​ និង​ជួប​ជាមួយ​នរណា​ម្នាក់​ដោយ គ្មាន​ការរារាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​អាណត្តិ​ការងារ​របស់​អ្នកស្រី។

ក្នុង​របាយការណ៍ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​ បាន​បង្ហាញ​នូវ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​លើ​ករណី​ដែល​ត្រូវ​បាន​ចោទប្រកាន់​អំពី​ការ​សងសឹក​ និង​ការ​បំភិតបំភ័យ​សម្រាប់​ក្រុម​អ្នក​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អង្គការ​សហប្រជាជាតិ។

ជា​ថ្មី​ម្ដង​ទៀត ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លើក​ទឹក​ចិត្ត​ដល់​រដ្ឋ​ជា​សមាជិក​ទាំង​ឡាយ​ឲ្យ​សម្ដែង​ជា​សាធារណៈ​នូវ​ការ​គាំទ្រ​ដោយ​ច្បាស់លាស់ ចំពោះ​សិទ្ធិ និង​ការ​ប្រាស្រ័យ​ទាក់ទង​ទាំង​អស់​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដោយ​មិន​មាន​ការ​រារាំង។ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​មន្ត្រី​សាធារណៈ និង​តួអង្គ​រដ្ឋ​ដទៃ​ទៀត​អំពី​ការសងសឹក និង​ការ​បំភិតបំភ័យ តាម​រយៈ​ការ​បណ្ដុះបណ្ដាល និង​ចេញ​សេចក្ដី​ណែនាំ​ផ្ទៃក្នុង។

ឆ្លើយតប​ចំពោះ​ករណី​នេះ​ សមាជិក​ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​លោក ​កត្តា អ៊ន មាន​ប្រសាសន៍​ថា​ អ្នកស្រី រ៉ូណា ស្មីត មាន​តួនាទី​រាយ​ការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​​ទៅតាម​អាណត្តិ​របស់​ខ្លួន ​ប៉ុន្តែ​​លោក​ យល់ថា ​នៅ​ក្នុង​របាយការណ៍​នោះ ​អាច​មានការ​យល់​ច្រឡំ​ និង​មិន​មាន​តម្លាភាព​ ដោយសារ​ផ្អែក​លើ​ព័ត៌មាន និង​យោបល់​របស់​ភាគី​មួយ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​សហការ​ស្រាវជ្រាវ​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន ​និង​អង្គហេតុ​នោះ​ទេ។ លោក​បន្ត​ការពារ​ថា រដ្ឋាភិបាល ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖ «ដូច្នេះ​ហើយ​តំណាង​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ​នឹង​ចូលរួម​ស្ដាប់ ​និង មាន​ប្រតិកម្ម​តប​វិញ​នៅ​ពេល​នោះ ​តែ​ខ្ញុំ​យល់​ថា រាល់​ការ​លើក​ឡើង​គឺ​យើង​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់ យើង​ត្រូវ​មាន​ឯករាជភាព​នៅ​ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​ ហើយ​ត្រូវ​និយាយ​អំពី​ការពិត ហើយ​ការ​ពិត​នេះ ​វា​ត្រូវ​ឲ្យ​មានការ​ប្រមូល​ទិន្នន័យ ​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ធ្វើ​ការ​ស៊ើប អង្កេត ​ការ​ថ្លឹងថ្លែង​ត្រឹមត្រូវ​ ប៉ុន្តែ​បើ​សន្និដ្ឋាន​ដោយ​តក់​ក្រហល់​ដោយ​គ្មាន​មូលដ្ឋាន​នោះ គឺ​មិន​បាន​ផ្តល់​តម្លៃ​ដល់​រដ្ឋ​ឯករាជ្យ​មួយ​ត្រឹមត្រូវ​ទេ»

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ​ស៊ឹង ​សែនករុណា ​ជឿជាក់ និង​គាំទ្រ​ចំពោះ​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ព្រោះ​ឈរ​លើ​គោល​ការណ៍​សិទ្ធិមនុស្ស និង​មាន​មូលដ្ឋាន​ច្បាស់លាស់ ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ដោយសារ​អង្គការ​សហប្រជាជាតិ​មាន​ការិយាល័យ​តំណាង​និង​មាន​មន្ត្រី​ជំនាញ​ជា​ច្រើន​នៅ​កម្ពុជា។ លោក​បន្ត​​ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ក៏​មើល​ឃើញ និង​លើក​ឡើង​​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ជា​រឿង​សោកស្ដាយ​ដែល​រដ្ឋាភិបាល ​នៅ​តែ​មិន​ទទួល​ស្គាល់​ការ​ពិត៖ «មិន​ត្រឹមតែ​ខាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទេ ​សូម្បីតែ​ខាង អង្គការ​សង្គម​ស៊ីវិល​ជាតិ​យើង​ទាំង​សកម្មជន​ រួម​ទាំង​សហគមន៍​មួយ​ចំនួន​ ក៏​ប្រឈម​ដូច​មានការ លើកឡើង​ពី​អង្គការ​សហប្រជាជាតិ​ដូច្នេះ​ដែរ ។យើង​មាន​តឹកតាង​យ៉ាង​ច្បាស់​បញ្ជាក់​អំពី​ស្ថានភាព សិទ្ធិមនុស្ស ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​ហើយ​ចំពោះ​បញ្ហា​ដែល​យើង​ព្រួយបារម្ភ​វិញ​នោះ ​គឺ​យើង​ឃើញ​ថា​ រដ្ឋាភិបាល​ទៅ​វិញ​ទេ​ ដែល​តែងតែ​ច្រានចោល​ជាបន្តបន្ទាប់​ ទោះ​បី​ថា​របាយការណ៍​ទាំង​អស់នោះ​បាន​ធ្វើ​ឡើយ​ដោយមាន​អ្នក​ជំនាញ​ច្បាស់លាស់​ពី​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ក៏​ដោយ»

លោក ​បន្ត​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ នៅតែ​បន្ត​រក​លេស​ដោះសា​ដោយ​មិន​ព្រម​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ទេ ​គឺ​គ្មាន​ផល​ចំណេញ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ឡើយ។ លោក ​យល់​ថា ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​តាម​អនុសាសន៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បើ​ពុំ​នោះ​ទេ ​លោក​ព្រួយ​បារម្ភ​ថា ​កម្ពុជា​ នឹង​អាច​ទទួល​រង​ទណ្ឌកម្ម​ផ្សេងៗ ជាបន្តបន្ទាប់​ទៀត​ពី​ប្រទេស​សេរី​ធំៗ ​ដោយសារ​អង្គការ​សហប្រជាជាតិ ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រទេស​ជា​សមាជិក​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល