ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អ.ស.ប​បារម្ភ​ពី​ការ​គាបសង្កត់​​សេរីភាព​បញ្ចេញមតិ​ទាក់ទង​នឹង​កូវីដ១៩

ដោយ ទីន ហ្សាការីយ៉ា
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។
ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។
AFP

ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ..ប លើកឡើង​ថា ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិច (Asia-Pacific) រួម​ទាំង​កម្ពុជា​ផង បាន​ប្រើ​លេស​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ក្រាប​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ និង​សារព័ត៌មាន រហូត​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ ហើយ​អះអាង​ថា អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​កន្លង​មក គឺ​ជា​ការអនុវត្ត​តាមច្បាប់​របស់​កម្ពុជា ដើម្បី​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ..ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ (GENVA) ប្រទេស​ស្វី​ស (Switzeland) ថា រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កម្ពុជា​ផង បាន​ប្រើប្រាស់​វិធានការ​គាបសង្កត់ ដើម្បី​រារាំង​ការ​និយាយ​ស្ដី​ស្របច្បាប់ រួម​ទាំង​ចាប់ខ្លួន​មនុស្ស​ផង ក្រោម​ហេតុផល​ថា ការពារ​ពី​ភាព​ចលាចល​សង្គម ក្នុង​ពេល​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត។

អ្នកស្រី​បន្ថែម​ថា សម្រាប់​នៅ​ប្រទេស​កម្ពុជា ការិយាល័យ​នៃ​ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់ រាប់ទាំង​ស្ត្រី​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ដោយសារតែ​ការ​និយាយ​អធិប្បាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩។ អ្នកស្រី​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល“ ។ មក​ទល់​ពេល​នេះ​មនុស្ស​ចំនួន​១៤​នាក់ កំពុង​ជាប់ពន្ធនាគារ​នៅ​ឡើយ ក្នុង​នោះ​១០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

ឆ្លើយ​បទ​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា តុលាការ​ចាប់ខ្លួន​មនុស្ស​កន្លងមក គឺ​អនុវត្ត​តាមច្បាប់ មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស​អ្វី​ឡើយ​៖ «រដ្ឋាភិបាល​​ដូចជា​មិនដែល​ចាប់ខ្លួន​អ្នក​រិះគន់​រឿង​កូវីដ​នោះ​ទេ ហើយ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​តែប៉ុណ្ណោះ ដែល​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម»

ទោះបីជា​យ៉ាង​នេះ ភរិយា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ធន គឺ​អ្នកស្រី សេង ចាន់ថា អះអាង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​អ្នកស្រី​ទាំង​គ្មាន​ដីកា​ពី​តុលាការ ហើយ​ថា លោក ស៊ុន ធន តាំង​ពី​របប​ឯក​បក្ស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មិន​ដែល​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ​។ អ្នកស្រី​ថា ការ​ចាប់​ខ្លួន​ស្វាមី​ជា​រឿង​អយុត្តិធម៌៖ «ការ​ចាប់ខ្លួន​ប្ដី​ខ្ញុំ​អយុត្តិធម៌​បំផុត ព្រោះ​ប្ដី​ខ្ញុំ​មិនបាន​ទៅ​បំផ្លាញ​ជាតិ លក់​ជាតិ​នោះ​ទេ កាលពីមុន​ប្ដី​ខ្ញុំ​ធ្វើ​នយោបាយ​បាន​ជួយ​ពលរដ្ឋ​ច្រើន ជួយ​សង្គម​ច្រើន មិន​បាន​ទៅ​បំផ្លាញ​ជាតិ​ដូច​ការចោទប្រកាន់​ឡើយ ខ្ញុំ​ចង់​ឱ្យ​គេ​ដោះលែង​គាត់​វិញ»

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​មនុស្ស​នេះ អ្នកស្រី មីស្សែល បាស្សេឡេត បន្ថែម​ថា នៅ​ក្នុង​គ្រា​លំបាក​ដែល​មិន​ច្បាស់លាស់​ដោយសារតែ​ជំងឺ​កូវីដ​១៩​នេះ “ អាជ្ញាធរ​រដ្ឋ​គួរតែ​បើកទូលាយ​ឱ្យ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សាធារណជន​ទូទៅ ឱ្យ​បញ្ចេញ​មតិយោបល់​លើ​ប្រធានបទ​សំខាន់ៗ ដែល​ជា​ផលប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ ដូចជា ការ​ផ្តល់​កិច្ច​គាំពារ​សុខភាព ការ​គ្រប់គ្រង​វិបត្តិ​សុខភាព វិបត្តិ​សេដ្ឋកិច្ច​-​សង្គម និង​ការចែក​ជំនួយ​សង្គ្រោះ​បន្ទាន់​ជាដើម​”។

ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ត្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ..ប នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត ចំពោះ​បុគ្គល​ណា​ដែល​លោក​ចោទ​ថា ធ្វើការ​តាម​បញ្ជា​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក ហ៊ុន សែន អះអាង​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​៖ «អាហ្អែង​កុំអាល​មើលស្រាល​អញ​ពេក​ហា អញ​សូម​ប្រាប់​ហែង​ថា ហែង​កុំ​ភ្លេច​ណា ហែង​ចង្អុល​ប្រាប់​អ្នកណា​ធ្វើ​សកម្មភាព​ខាងក្នុង​អញ​ចាប់​ខ្លួន​ទាំងអស់ អញ​សូម​ប្រាប់​ហែង​តែ​ប៉ុណ្ណឹង​ទេ»

នៅ​ក្នុង​កំឡុង​ពេល​ជំងឺ​កូវីដ-១៩ រាតត្បាត​នេះ ក្រៅពី​អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកកាសែត​ដាក់​ពន្ធនាគារ​នោះ របប​ឯក​បក្ស​ក៏​ធ្វើ​ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ដែរ ដែល​ច្បាប់​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​ចាត់ទុកថា ជា​ច្បាប់​ដើម្បី​គាបសង្កត់ និង​បិទ​សិទ្ធិ ពលរដ្ឋ អង្គការ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន។

ជាក់ស្ដែង​ដូចជា​បទល្មើស​មាន​ចែង​នៅ​ក្នុង​មាត្រា​មាត្រា​៥ ផ្ដល់​អំណាច​លើសលប់​ឱ្យ​ទៅ​រដ្ឋាភិបាល ហើយ​មាត្រា ៧ មាត្រា ៨ និង មាត្រា​៩ សក្ដានុពល​នៃ​ការប្រើប្រាស់​ច្បាប់​នេះ ដើម្បី​តម្រង់​គោលដៅ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ គឺ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ដាក់​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​សភាព​ធ្ងន់ធ្ងរ ចំពោះ​ការ​មិន​គោរព​តាម​វិធានការ​សម្រាប់​ទាំង​បុគ្គល និង​នីតិបុគ្គល។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​បន្ត​ថា ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ រដ្ឋាភិបាល​មិន​គួរ​បន្តឹង​មតិ​ប្រឆាំង ឬ​លំហូរ​ដោយ​សេរី នៃ​ព័ត៌មាន និង​ការ​ជជែក​ដេញដោល​ឡើយ ពី​ព្រោះ​ថា ទស្សនៈ​ចម្រុះ នឹង​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​ថែមទៀត អំពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ពលរដ្ឋ​កំពុង​ប្រឈម និង​ជួយ​ពលរដ្ឋ ឱ្យ​រឹត​តែ​ជម្នះ​បាន​នូវ​បញ្ហា​ទាំងនោះ​។​ការ​ជជែក​ដេញដោល ឬ​លំហូរ​សេរីភាព​បញ្ចេញមតិ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងឡាយ​ក្នុង​ការ​កសាង​ស្តារ​ឡើង​វិញ បន្ទាប់ពី​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩​បាន​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល