លោក វន់ ពៅ ស្នើ​ក្រសួង​ការងារ​អន្តរាគមន៍​ពន្លឿន​បញ្ចប់​ក្ដីក្ដាំ​របស់​លោក​នៅ​​យ៉ាកជីង

ដោយ ខែ សុណង
2019-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វន់ ពៅ ពេល​ចូល​រួម​ធ្វើ​ពិធី​បង្សុកូល​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង លើក​បង្ហាញ​អាវ​ដែល​មាន​ស្នាម​ឈាម នៅ​ពេល​ដែល​សមត្ថកិច្ច​វាយ​រូប​លោក។
លោក វន់ ពៅ ពេល​ចូល​រួម​ធ្វើ​ពិធី​បង្សុកូល​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង លើក​បង្ហាញ​អាវ​ដែល​មាន​ស្នាម​ឈាម នៅ​ពេល​ដែល​សមត្ថកិច្ច​វាយ​រូប​លោក។
RFA

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​( IDEA)​លោក វន់ ពៅ ស្នើសុំ​ឱ្យ ក្រសួង​ការងារ ជួយ​ពន្លឿន​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​បញ្ចប់​សំណុំរឿង​របស់​លោក ពាក់ព័ន្ធ នឹង​ករណី​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅមុខ​រោងចក្រ​យ៉ាកជីង (Yak Jin Cambodia) កាល​ពី​ដើម​ឆ្នាំ​២០១៤ ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ក្រសួង​ការងារ ទើប​ពិនិត្យមើល​សំណុំរឿង​របស់ លោក ដើម្បី ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​បញ្ចប់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សង្ឃឹម​ថា ក្រសួង​ការងារ និង​តុលាការ នឹង​សហការ​គ្នា​បញ្ចប់​សំណុំរឿង​របស់​លោក​ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​លោក អះអាង​ថា ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​លោក​រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កងឆ័ត្រ​យោង លេខ​៩១១ ស្ទើរ​បាត់បង់​ជីវិត​ទៅ​ហើយ និង​ថែមទាំង​ជាប់​បណ្ដឹង​នៅ​តុលាការ​ទៀត។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក បាន​ជួប​ប្រជុំ​ជាមួយ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា​។ លោក វន់ ពៅ បញ្ជាក់​ថា ក្នុង​ជំនួប​នោះ ក្រសួង​ការងារ បាន​សួរនាំ​លោក​អំពី​សំណុំរឿង និង​បង្គាប់ ឱ្យ​លោក​ដាក់​របាយការណ៍​ជូន​ក្រសួង​បន្ថែម​ទៀត ហើយ​ក្រសួង​សន្យា​ថា នឹង​ជួយ​ជំរុញ​ឱ្យ​តុលាការ ពិចារណា​សម្រេច​បិទ​បញ្ចប់​សំណុំរឿង​របស់​លោក៖ «សំណុំរឿង​របស់ខ្ញុំ​មើល​ទៅ​ដូចជា​យឺតយ៉ាវ​ដែរ ព្រោះ​ខ្ញុំ​ដាក់​លិខិត​ទៅ​ក្រសួង តាំង​ថ្ងៃ​ទី​៧ ខែ​១២ ឆ្នាំ​២០១៨ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទើប​ក្រសួង​ស្រាវជ្រាវ​ជួយ​ដោះ ស្រាយ​រឿង​របស់ខ្ញុំ។ វា​យឺត​ពេល​ដែរ​ជិត ១​ហើយ។ ក្រៅ​ពី​នេះ​រឿង​លោក អាត់ ធន់ រឿង​លោកគ្រូ រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​រឿង​នៅ​ផ្លូវ​វេងស្រេង​អី​ទាំង​៦​នាក់​នោះ គេ​ទម្លាក់​បទ​ចោទ​អស់ហើយ​នៅ​សល់​តែ​ខ្ញុំ។ នេះ​ទាក់ទង​នឹង​សំណុំរឿង​ធំៗ​។ ខ្ញុំ​សង្ឃឹមថា ក្រសួង​នឹង​អន្តរាគមន៍​ទៅ​តុលាការ​ដើម្បី​ទម្លាក់​ការ ចោទប្រកាន់​មក​លើ​ខ្ញុំ​ដោយសារ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អី​ខុស​ផង»

លោក វន់ ពៅ រម្លឹក​ថា សំណុំរឿង​របស់​លោក​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចូលរួម​ឃ្លាំមើល បាតុកម្ម​អហិង្សា​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ របស់​កម្មករ​នៅមុខ​រោងចក្រ យ៉ាក ជីន ឋិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ លោក​បន្ត​ថា បាតុកម្ម​កាល ណោះ កងទ័ព​ឆ័ត្រ​យោង​លេខ​៩១១ របស់​លោក ចាប ភក្តី បាន​បង្ក្រាប ដ៏​ហិង្សា និង​បាន ចាប់ខ្លួន លោក​រួម​ជាមួយ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​កម្មករ​៩​នាក់​ផ្សេងទៀត​។ បន្ទាប់​ពី​ចាប់ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​យក​លោក និង​អ្នក​ផ្សេងទៀត​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។ ប៉ុន្តែ​ក្រោយ​មក តុលាការ​បាន​ដោះលែង​ពួក​លោក​វិញ បន្ទាប់​ពី​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បាន​៥​ខែ ដោយសារ​មាន​ការ​រិះគន់​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​។ ប្រធាន​សមាគម​រូប​នេះ និយាយ​ថា ទាហាន​ឆត្រ​យោង គឺជា អ្នក​វាយដំ​លោក និង​កម្មករ​ដែល​តវ៉ា​ស្ទើរ​បាត់បង់​ជីវិត ប៉ុន្តែ​ផ្ទុយ ទៅវិញ​អង្គភាព កងទ័ព​ឆត្រ​យោង បែរ​ជា​អ្នក​ប្ដឹង​ពួក​លោក​ជា​ជនរងគ្រោះ​ទៅវិញ៖ «វា​ជា​រឿង​អយុត្តិធម៌​ណាស់​ដែល​គេវាយ​ខ្ញុំ​ស្ទើរ​តែ​បាត់បង់​ជីវិត​ហើយ គេ​ចាប់​យើង​ដាក់​ពន្ធនាគារ​ហើយ គេ​ដោះលែង​ឱ្យ​នៅ​ក្រោះ​ឃុំ​បណ្ដោះអាសន្ន មាន​ន័យថា ក្រៅ​ពី​នេះ គេ​ព្យួរទោស ហើយ​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​ទៀត។ វា​ជា​អយុត្តិធម៌​ហើយ​សម្រាប់​ខ្ញុំ។ ក្រោយ​មក​ខ្ញុំ​​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​ក្រសួង​អន្តរាគមន៍​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​ពួក​ខ្ញុំ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ដាក់​លិខិត​ទៅ​ក្រសួង​ហើយ​ទើបតែ​ក្រសួង​ហៅ​នេះឯង»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ រីឯ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ក្រសួង ធ្លាប់​បាន​ធ្វើ​លិខិត​ជូន​ជន​រងគ្រោះ​រួចហើយ ដើម្បី​ពិនិត្យមើល​និង​ពន្លឿន សំណុំរឿង មេ​សហជីព និង​សមាជិក​ទៅតាម​នីតិវិធី​ច្បាប់​ដែរ ប៉ុន្តែ​លោក​មិន​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​ការ​វិវឌ្ឍ​បែប​ណា​ឡើយ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​ការងារ បាន​បង្គាប់​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដាក់​របាយការណ៍​សំណុំ​រឿងក្ដី​រៀងខ្លួន ទៅ​ក្រសួង​ការងារ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដើម្បី​ឱ្យ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ឈាន​ទៅ​ពន្លឿន និង​បញ្ចប់​សំណុំរឿង​ឱ្យ​បាន​ឆាប់រហ័ស តាម​បញ្ជា​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន។

ទោះបីជា​មេដឹកនាំ​សហជីព​ទាំងនោះ បាន​ដាក់​របាយការណ៍​តាម​ការ​បង្គាប់​របស់​ក្រសួង​ការងារ​រួច ហើយ​ក្ដី ប៉ុន្តែ​មក​ទល់​ពេល​នេះ​មាន​មេដឹកនាំ​សហជីព​ចំនួន ៦​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ សម្រេច​លើកលែង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រឹត្តិការណ៍​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០១៣ និង​ដើម​ឆ្នាំ ២០១៤​។ មេដឹកនាំ​សហជីព ទាំង​៦​រូប​នោះ រួម​មាន អតីត​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ អ្នកស្រី ម៉ម ញឹម និង​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ។ ទោះ​យ៉ាង​ណា​ក្តី មេដឹកនាំ​សហជីព​ទាំងនេះ នៅ​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ជាច្រើន​ទៀត ដោយសារ តែ​សកម្មភាព​ចូលរួម​តវ៉ា និង​ការពារ​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា សកម្មភាព​របស់​មេដឹកនាំ​សហជីព​ដែល​ជាប់​បណ្ដឹង កន្លង​មក រួម​ទាំង​លោក វន់ ពៅ ផង គឺ​មិនមែន​ជា​បទល្មើស​នោះ​ទេ។ លោក​វាយតម្លៃ​ថា ក្រុម​មេដឹកនាំ​សហជីព​ទាំងនេះ បាន​បំពេញការងារ​ដោយ​ឯករាជ្យ និង​ស្របតាម​ច្បាប់​ក្នុង​ការ​តវ៉ា​ដោយ អហិង្សា​ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ជាពិសេស​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​វិស័យ កាត់ដេរ​។ លោក ឃុន ថារ៉ូ យល់​ថា ការ​ចោទប្រកាន់​ទាំងនោះ គឺជា​រឿង​អយុត្តិធម៌​បំផុត ដូច្នេះ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ គួរតែ​ដោះស្រាយ​ឱ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌​ឡើងវិញ៖ «ខ្ញុំ​ចង់​ឱ្យ​ទម្លាក់​ចោទ​ការចោទប្រកាន់​ទាំងអស់​នេះ ដើម្បី​ឱ្យ​គាត់​មានលទ្ធភាព​ស្ដារ​ឡើងវិញ​នូវ​តួនាទី និង​សិទ្ធិ​សេរីភាព​របស់​គាត់​ពេញលេញ​ក្នុង​ការ​តំណាង​ឱ្យ​កម្មករ​និយោជិក»

សង្គម​ស៊ីវិល យល់ថា ចំណាត់​ការ​របប​ក្រុងភ្នំពេញ​នេះ កើតឡើង​ដោយសារ ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​បាន​ដាស់តឿន​ឱ្យ​របប​នេះ​គោរព​សិទ្ធិ​ការងារ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​សហជីព ប្រសិនបើ​ចង់​ឱ្យ​ពួកគេ​បន្ត​ការ​វិនិយោគ​នៅ​កម្ពុជា​។ ចំណាត់​ការ​នេះ​ក៏​នៅ​ស្រប​ពេល​របប​ក្រុង​កំពុង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​តាមរយៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ​EBA​ដែល​ជា​វិធានការ​ឆ្លើយតប​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល