សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​បាត់​ដំណឹង​ជិត​ពីរ​សប្ដាហ៍ គ្រួសារ​សង្ស័យ​សមត្ថកិច្ច​ចាប់ខ្លួន

ដោយ មួង ណារ៉េត
2020-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង អះអាង​ដោយ​ការ​សង្ស័យ​ថា ប្តី​របស់​លោកស្រី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រយៈពេល​ពីរ​សប្តាហ៍​ហើយ ប៉ុន្តែ​សមត្ថកិច្ចបាន​លាក់បាំង​មិន​ឱ្យ​លោកស្រី​ដឹង​ថា ប្តី​កំពុង​ជាប់ឃុំ​នៅ​ទី​ណា​ឡើយ​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា មានចំណាត់​ការ​របស់​សមត្ថកិច្ច​បែបនេះ គឺជា​ការ​រំលោភ​បំពាន​ច្បាប់ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង លោកស្រី កែវ នី ប្រាប់​អាស៊ីសេរី​ថា ប្តី​របស់​លោកស្រី ឈ្មោះ មុំ នឿន បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មេសាមក ដោយ​មិន​ដឹង​ថា ស្លាប់​ឬ​នៅ​រស់ ឬ​កំពុង​ជាប់​ឃុំឃាំង​នៅ​ទី​ណា​ឡើយ។

លោកស្រីរៀបរាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ប្តី​លោកស្រីបាន​ឱ្យ​កូនប្រុស​ជូន​ទៅ​ពេទ្យ​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន បន្ទាប់មក​គាត់​បាន​ឱ្យ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ប្រាប់​ថា មាន​អ្នក​ស្គាល់​គ្នា​ណាត់​គាត់​ទៅ​ជួប​។ លុះ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ប្តី​បាន​ទូរស័ព្ទ​ប្រាប់​លោកស្រី​ទាំង​ទួញ​សោក​ថា ឱ្យ​ជួយ​គាត់​ផង ព្រោះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​គាត់ និង​សម្រាត​ខោអាវ​នៅ​សល់​តែ​ខោ​លី​អូ​ប៉ុណ្ណោះ ហើយ​មិន​ដឹង​ថា ស្ថិត​នៅ​ទីណា​នោះ​ទេ៖ «ពេល​ឡើង​ដេក ស្រាប់តែ​គាត់​តេ​មក​ប្រាប់​ខ្ញុំ​យំ​ផង​អី​ផងថា យាយ​អើយ​ជួយ​ខ្ញុំ​ផង ខ្ញុំ​ចាញ់បោក​គេ​ហើយ គេ​ចាប់​គាត់​ចង​ហើយ​ដាក់​បោះ​លើ​ឡាន​។ ខ្ញុំ​សួរ​ថា គេ​ចាប់​នៅ​ទី​ណា ចាំ​ព្រឹក​ខ្ញុំ​ទៅ​រក។ គាត់​ប្រាប់​ថា មិន​ដឹង​ទេ​យាយ​អើយ​វង្វេង​អស់ហើយ។ គាត់​ថា អ្នក​ចាប់​ជា​ឡាន​ប៉ូលិស​ជា​ក្រុម​ប៉ូលិស ហើយ​ខ្ញុំ​សួរ​ថា គេ​ចាប់​រឿង​អី​? គាត់​ថា រឿង​នយោបាយ ហើយ​ដាច់​ទូរស័ព្ទ​ទៅ»

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្តឹង​ទៅ​អាជ្ញាធរ​ភូមិ​-​ឃុំ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋានឆ្លើយ​ថា មិន​បាន​ដឹង​ដំណឹង​ប្តី​លោកស្រី​នោះ​ទេ។

លោកស្រី កែវ នី បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសាកន្លង​ទៅ ប្តី​លោកស្រីបាន​ទូរស័ព្ទ​មក​លោកស្រីម្តង​ទៀត​ដោយ​ប្រាប់​ថា គាត់​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ឬ​''​ម​៣'' ស្ថិត​ក្នុង ខេត្ត​ត្បូងឃ្មុំ ហើយ​អ្នក​ចាប់​គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​។ ពេល​បាន​ដំណឹង​នេះ លោកស្រី និង​កូនៗ បាន​ជិះ​ម៉ូតូ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ ប្រាប់​ថា ពុំ​មាន​ឈ្មោះ​ប្តី​លោកស្រី​នៅ​ក្នុង​ពន្ធនាគារ​នេះ​ទេ។ បន្ទាប់មក​លោកស្រី បាន​ជិះ​ម៉ូតូ​តាម​រក​ប្តី តាម​ពន្ធនាគារ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា​ពន្ធនាគារ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម​ជាដើម ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ទាំងនោះ បាន​ឆ្លើយតប​ដូចៗ​ គ្នា​ថា ពុំ​មាន​ឈ្មោះ​ប្តី​លោកស្រី​ក្នុង​ពន្ធនាគារ​នោះ​ទេ​។ លោកស្រី​និយាយ​ទាំង​ក្ដុកក្ដួល​ថា ប្តី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ ហើយក៏​មិនបាន​ធ្វើ​សកម្ម​នយោបាយ​អ្វី​ដែរ ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ដូច្នេះ​លោកស្រី​មិន​យល់​ឡើយ ហេតុអ្វី​សមត្ថកិច្ច ចាប់​ប្តី​លោកស្រី​ទៅ​ឃុំឃាំង​ទាំង​អាថ៌កំបាំង បែបនេះ៖ «ខ្ញុំ​បារម្ភ​មែនទែន​ហ្មង ព្រោះ​រក​មិន​ឃើញ​។ កូនៗ​រក​ឡើង​អស់​ចិត្ត​ហើយ រក​ឡើង​ឆ្អែត​មាន​ទាំង​បងប្អូន​ជួយ​រក​ទៀត ក៏​រក​មិន​ឃើញ​។ បើ​គេ​ចាប់​មែន​ដូចជា អាក្រក់​ណាស់ មិន​ឱ្យ​ប្រពន្ធ​កូន​ដឹង​សោះ ទោះ​ដាក់​ពាក្យ​បណ្តឹង​អស់ហើយ​នៅតែ​រក​មិន​ឃើញ​។ ខ្ញុំ​ខ្លាច​តែ​គេ​វាយ​ធ្វើបាប​អី​ទៅ ហើយ​គាត់​ឈឺ​ផង ក្រែង​គាត់​ស្លាប់​អី​ទៅ​គេ​យក​ទៅ​បោះ​ចោល អ៊ីចឹង​ហា»

លោក មុំ នឿន មាន​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រកៀបក្តាម ឃុំ​ត្រពាំងស្តៅ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។ លោក មុំ នឿន គឺជា​មន្ត្រី​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ស្វាយរៀង ​កាលពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ទាន់​រំលាយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​បុគ្គល​ឈ្មោះ មុំ នឿន នេះ​នៅឡើយ​ទេ ហើយ​លោក ក៏​មិន​សុំ​បកស្រាយ​ដែរ​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ដែល​មិន​បាន​ជូនដំណឹង​ទៅ​ក្រុម​គ្រួសារ​បែបនេះ​។ លោក​បញ្ជាក់​ថា លោក​នឹង​ស្រាវជ្រាវ​ករណី​នេះ ប្រសិនបើ​មាន​បណ្ដឹង ពី​គ្រួសារ​ជនសង្ស័យ ប៉ុន្តែ​លោក នឹង​មិន​ស្រាវជ្រាវ​ករណី​នេះ តាម​ការ​សួរនាំ​របស់​អាស៊ីសេរី​ឡើយ៖ «អនុវត្ត​ច្បាប់ ខ្ញុំ​អត់​ទៅ​បំភ្លឺ​អីចឹង​ទេ ។​ធម្មតា​ទេ បើសិនជា​គ្រួសារ ខ្ញុំ​មានរឿង​អ៊ីចឹង គឺ​ពិបាកចិត្ត​ដូចគ្នា តែ​ឱ្យ​សមត្ថកិច្ច ទោស គេ​ប្រាប់​អស់ហើយ ម៉េច​បានតែ​ដល់​ពេល គេ​ចាប់​ខ្លួន​គេ​អនុវត្ត​ដីកា​គេ​អូស​មក​ហើយ។ ឥឡូវ​ប្តី​ខ្លួនឯង ប្រាប់ថា នៅ​''​ម​៣'' ហើយ​ទៅ​រក​មិន​ឃើញ ចាំ​គិត​គួរ​ទៀត​ទៅ ចាំ​មើលៗ​។ គាត់​ត្រូវ​ទៅ​ប្តឹង​សមត្ថកិច្ច​ណា ដែល​ចាប់ខ្លួន​ប្តី​របស់​គាត់ ហើយ​បើ​ថា នៅ​''​ម​៣'' អត់​ឃើញ​ទេ សុំ​ឆែក​ឡើងវិញ​ទៅ ដូចជា​សុំ​ទៅ​ខាង​តុលាការ​អីចឹង​ទៅ»

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ថ្លែង​ថា លោក ក៏​មិនទាន់​បាន​ដឹង​ព័ត៌មាន​នេះ​ដែរ ហើយ​លោក​ណែនាំ​ឱ្យ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ដាក់​ពាក្យ​សួរនាំ​ខាង​អង្គភាព​កងរាជអាវុធហត្ថ ប្រសិនបើ​ពិតជា​មាន​មន្ត្រី​កងរាជអាវុធហត្ថ ឃាត់ខ្លួន​មែន៖ «មិនមែន​ទៅ​ឃាត់​ខ្លួន​គេ​ហើយ​បញ្ជូន​ទៅ​ស្រេច​តែ​ចិត្ត​ទេ ហើយ​គឺ​ទាល់​តែ​មាន​បទល្មើស ហើយ​បើ​មាន​បទល្មើស គឺ​ត្រូវ​ឃាត់​ហើយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ឱ្យ​តុលាការ​ចោទ។ នៅ​ពេល​ចោទ​ហើយ​បើសិន​ជា​តុលាការ ចេញ​ដីកា​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​ទើប​បញ្ជូន​ចេញទៅ​ឃុំ​។ យើង​មិន​ដឹង​ថា អ្នកណា​ឃាត់​គាត់​ពិតប្រាកដ ហើយ​គាត់​ចេះ តែ​ឆ្លើយ​របៀប​ម៉េច​ក៏​យើង​មិន​ទាន់​ដឹង​ដែរ»

ចំណែក​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវនា សន្យា​ថា លោក​នឹង​ស្រាវជ្រាវ​រក​ជន​ជាប់ឃុំ​ឈ្មោះ មុំ នឿន នេះ ហើយ​នឹង​ឆ្លើយតប​ជាមួយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​។​

យុទ្ធនាការ​ចាប់​ចង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះជាតិ បាន​កម្រើក​ឡើងវិញ ស្រប​ពេល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ គិត​ពី​ខែ​មករា មក​ដល់​ថ្ងៃ​ទី​២២ មេសា អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣​នាក់​ហើយ បើ​រាប់បញ្ចូល​ទាំង​ករណី​លោក មុំ នឿន ម្នាក់ទៀត​។ ក្នុង​ចំណោម​១៣​នាក់​នេះ មាន​១២​នាក់ កំពុង​ជាប់ពន្ធនាគារ ហើយ​ម្នាក់ទៀត​ស្ថិត នៅ​ក្រៅ​ឃុំ ដោយសារ​សកម្មជន​រូប​នោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​ប៉ូលិស​ចាប់ខ្លួន​គាត់​ទាំង​កម្រោល​។ ភាគច្រើន​នៃ​ករណី​ចាប់ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ឡើយ ហើយ​ករណី​ខ្លះ​ទៀត​សមត្ថកិច្ច​បាន​ប្រើ​ល្បិច​បញ្ឆោត​ឱ្យ​ពួកគេ​ទៅ​ជួប​អ្នក​នេះ ឬ​អ្នក​នោះ រួច​ក៏​ចាប់ខ្លួន​តែម្ដង​។ ករណី​មួយ​ចំនួន​ទៀត ប៉ូលិស​ចាប់​មនុស្ស​ទៅ​បាត់​ដោយ​គ្មាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គេ​នោះ​ទេ ទាល់តែ​សកម្មជន​ទាំងនោះ​ទូរស័ព្ទ​មក​ប្រាប់​វិញ ទើប​គ្រួសារ​ដឹង​ថា ពួកគាត់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​ក្រុម​មន្ត្រី និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ប្រហាក់ប្រហែល​គ្នា​ពី​បទ​រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ដែល​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដល់​ផ្ទះ​គ្រួសារ​លោក មុំ នឿន មាន​ប្រសាសន៍​ថា បើមាន​ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​បែប​នេះមែន គឺជា​ការ រំលោភបំពាន​ច្បាប់ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក ស៊ឹង សែន​ករុណា ពន្យល់​ថា តាមផ្លូវ​ច្បាប់ ជន​ណា​ក៏​ដោយ​ដែល​ត្រូវ​បាន​មន្ត្រី​នគរបាល ចាប់ខ្លួន ឬ​ឃាត់ខ្លួន គឺ​ពួកគេ ត្រូវមាន​សិទ្ធិ​មួយ​ចំនួន​ដើម្បី​ការពារ​ខ្លួន ដែល​សិទ្ធិ​ទាំងនោះ​ជា​សិទ្ធិ សំខាន់ និង​មិន​ត្រូវ​បាន​បំពាន ឬ​ដកហូត​បានឡើយ​។ សិទ្ធិ​ទាំងនោះ គឺ​រួមមាន​សិទ្ធិ​ដឹង​ពី​មូលហេតុ​ចាប់ ឬ​ឃាត់ខ្លួន សិទ្ធិ​មាន​ជំនួយ​មេធាវី និង​ជួប​ក្រុម​គ្រួសារ ក្រោយ​ការ​ចាប់​ខ្លួន​ឬ​ឃាត់ខ្លួន រយៈ ពេល​២៤​ម៉ោង សិទ្ធិ​មាន​ជំនួយ​ពី​គ្រូពេទ្យ និង​សិទ្ធិ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ហួសកំណត់​រយៈពេល ៤៨​ម៉ោង​ជាដើម៖ «ត្រូវ​មាន​វិធានការ​ទៅលើ​មន្ត្រី​រូប​ណា ដែល​អនុវត្ត​ច្បាប់​ដែល​មិន​គោរព​ទៅតាម​នីតិវិធី​ច្បាប់​បែបនេះ ដើម្បី​ជៀសវាង​នាំ​ឱ្យ​មានការ​ថ្កោលទោស និង​មាន ការ​បាត់​បត់​ជំនឿ​ទុកចិត្ត​ពី​មហាជន​បន្ត​ទៀត ព្រោះ​យើង​ឃើញ​ថា រឿង​ទាំងអស់​នេះ ហាក់ដូចជា​ធ្វើឡើង​មិន​ត្រឹមត្រូវ ហើយ​នៅតែ​បន្ត​កើតឡើង​ទៅទៀត​។ នា​ពេល​កន្លងមក យើង​ក៏​ឃើញ​ដែរ​ថា មានការ​ចាប់ខ្លួន​សកម្មជន​ជំទាស់​នេះ​ដូចជា​នៅ​ព្រៃវែង​ជាដើម គឺ​ទម្រាំ​តែ​ក្រុម​គ្រួសារ​គាត់​បាន​ដឹង​អំពី​វត្តមាន​របស់​គាត់ នេះ​គឺ​ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​អំពី​សុខទុក្ខ​របស់ គ្រូ​សារ​គាត់​ដោយ​មិន​ដឹង​ថា នៅ​ទី​ណា​។ នេះ​ជា​របៀប ធ្វើការ​មួយ​ដែល​មិន​គោរព​ទៅតាម​ច្បាប់​។ អ្នក​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​សូម​មេត្តា​ត្រួត​រឿង​នេះ ឡើងវិញ»

លោក ស៊ឹង សែន​ករុណា ព្រួយបារម្ភ​ថា បន្ត​យាយី និង​ការ​ចាប់ចង​មន្ត្រី​បក្ស​ប្រឆាំង​បែបនេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់ និង​ដាក់​សម្ពាធ​លើ​កម្ពុជា​បន្ថែម​ទៀត ព្រោះ​ពួកគេ យល់ថា ទង្វើ​ទាំងនេះ ផ្ទុយ​ពី​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ​ដែល មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទមាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​ជំងឺ​ថ្មី​នេះ ព្រមទាំង​អ្នក​ហ៊ាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​។ អង្គការ​អន្តរជាតិ​មួយ​នេះ បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​ទង្វើ​រំលោភ បំពាន​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​តាម​ទំនើងចិត្ត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល